ជន​ជាប់​ចោទ នួន ជា ចោទ​តុលាការ​ថា​លំអៀង​ដោយ​មិន​កោះ​ហៅ​លោក ហេង សំរិន

ដោយ ឡេង ម៉ាលី
2015.11.17
នួន ជា ៦២០ ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​រដ្ឋ​សភា និង​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នៃ​​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥។
Photo courtesy of ECCC

ជនជាប់ចោទ​ក្នុង​សំណុំរឿង ០០២ វគ្គ ១ គឺ​លោក នួន ជា ចោទ​ប្រកាន់​សាលាក្ដី​ខ្មែរ​ក្រហម​ថា លំអៀង គ្មាន​ឯករាជ្យ និង​រំលោភ​បំពាន​សិទ្ធិ​លោក។ ទន្ទឹម​នឹង​ការ​ចោទ​នេះ ជនជាប់ចោទ​ក៏​បង្គាប់​មេធាវី​ឱ្យ​ដក​ខ្លួន​ចេញ​ពី​សវនាការ​ដែរ ដែល​ធ្វើ​ឱ្យ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល ផ្អាក​សវនាការ​មុន​ពេល​កំណត់។

ការ​ចោទ​ប្រកាន់​សាលាក្ដី​ខ្មែរក្រហម​ថា លំអៀង ខ្វះ​ឯករាជភាព និង​រំលោភ​សិទ្ធិ គឺ​ចាប់​ផ្ដើម​ឡើង​នៅ​ពេល​ដែល​ជនជាប់ចោទ នួន ជា ឡើង​ថ្លែងការណ៍​ពី​មូលដ្ឋាន​បណ្ដឹង​សាទុក្ខ​របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា។

ជនជាប់ចោទ នួន ជា បញ្ជាក់​ថា បណ្ដឹង​សាទុក្ខ​របស់​លោក គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ខ្វះ​គុណភាព​របស់​សាលក្រម និង​អង្គ​ជំនុំជម្រះ​សាលាដំបូង​ដែល​មាន​មិន​តិច​ជាង ២២៣ មូលដ្ឋាន​ទេ។ ជន​ជាប់​ចោទ នួន ជា បន្ត​ថា មូលដ្ឋាន​ខ្លះ គឺ​ទាក់ទង​នឹង​ចៅក្រម​ជំនុំជម្រះ និង​ចៅក្រម​ស៊ើបអង្កេត​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​របស់​លោក ក្នុង​ការ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ ព្រោះ​មិន​ពិចារណា​លើ​ភស្តុតាង និង​កោះហៅ​សាក្សី ដែល​លោក​ស្នើសុំ។

ជនជាប់ចោទ នួន ជា៖ «ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ លើក​ឡើង​អំពី​ការ​រំលោភ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ គឺ​ការ​បដិសេធ​របស់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង មិន​កោះហៅ​សាក្សី​របស់​ខ្ញុំ គឺ​លោក ហេង សំរិន។ លោក ហេង សំរិន គឺ​ពិត​ជា​សាក្សី​សំខាន់​ណាស់ សម្រាប់​សវនាការ​លើក​ទី​មួយ​របស់​ខ្ញុំ។ មេធាវី​ខ្ញុំ​បាន​ស្នើ​សុំ​ជា​ច្រើន​ដង ឱ្យ​កោះ​ហៅ​គាត់​មក​ធ្វើ​ជា​សាក្សី​នៅ​គ្រប់​ដំណើរ​ការ​សវនាការ។ ក្នុង​ឋានៈ​ជា​មេបញ្ជាការ​កង​កងវរសេនាធំ និង​ជា​អនុ​មេបញ្ជាការ​របស់​កងពល​មួយ ដែល​ដឹក​នាំ​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ភ្នំពេញ លោក ហេង សំរិន ជា​បុគ្គល​សំខាន់​មួយ​រូប ដែល​នៅ​រស់រាន​មាន​ជីវិត ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​ជម្លៀស​ប្រជាជន ដោយសារ​គាត់​ជា​បុគ្គល​ដៃ​ស្ដាំ​របស់ សោ ភឹម នៅ​ក្នុង​ស្ថាប័ន​យោធា​របស់​ភូមិភាគ​បូព៌ា គាត់​អាច​ផ្ដល់​សក្ខីកម្ម​យ៉ាង​ទូលំទូលាយ​អំពី​ការ​ជម្លៀស​ប្រជាជន»

ជនជាប់ចោទ​ចោទ នួន ជា រិះគន់​ចៅក្រម​សាលាដំបូង​ថា បង្ហាញ​ភាព​លំអៀង​ហួស​ហេតុ​លើ​រូប​លោក ទាំង​នៅ​បន្ទប់​សវនាការ និង​ក្នុង​សាលក្រម ព្រោះ​មិន​បាន​គិតគូរ​អ្វី​ទាល់​តែ​សោះ​ពី​សារណា និង​ភស្តុតាង​សំខាន់ៗ របស់​មេធាវី​លោក​ដាក់​ជូន​តុលាការ​ដើម្បី​ស្វែងរក​ការពិត​ទេ៖ «ការ​លាក់​បាំង​ការ​ពិត ដូច​ដែល​បាន​ធ្វើ​ឡើង​ដោយ​ចៅក្រម​សាលាដំបូង គឺ​គ្មាន​បម្រើ​នរណា​ក្រៅ​តែ​ពី​ឧបាយកល​វៀតណាម នោះ​ទេ។ វា​មិន​បាន​ផ្ដល់​យុត្តិធម៌ និង​បង្កើន​ការ​យល់​ដឹង​ទាល់​តែ​សោះ។ វា​គ្រាន់​តែ​គំរាម​កំហែង​ដល់​ការ​កាត់​បន្ថយ​តម្លៃ​តុលាការ​នេះ ឱ្យ​ទៅ​តុលាការ​មួយ​គ្មាន​តម្លៃ ដោយ​ចំណាយ​ពេល និង​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ប្រយោជន៍»

ជនជាប់ចោទ នួន ជា បញ្ជាក់​ថា លោក​អស់​សង្ឃឹម​នឹង​ចៅក្រម​សាលា​ដំបូង និង​ចៅក្រម​ស៊ើបអង្កេត​ដែល​បាន​ធ្វើ​កន្លង​មក ប៉ុន្តែ​ដោយសារ​តែ​លោក​នៅ​គិត​ថា រឿងរ៉ាវ​នឹង​ផ្លាស់​ប្ដូរ​នៅ​តុលាការ​កំពូល ទើប​លោក​ឱ្យ​មេធាវី​ធ្វើ​បណ្ដឹង​សាទុក្ខ។ លោក​ថា តុលាការ​កំពូល​ក៏​បាន​បដិសេធ​ការ​កោះហៅ​លោក ហេង សំរិន ដែល​លោក​ស្នើសុំ​ធ្វើ​ជា​សាក្សី​ដែរ ហើយ​លោក​ប្រាប់​មេធាវី​របស់​លោក​មិន​ឱ្យ​ចូលរួម​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ទេ។

នៅ​មុន​ពេល​សម្រាក ប្រធាន​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល លោក គង់ ស៊្រីម បញ្ជា​ទៅ​មេធាវី​ការពារ​ជនជាប់ចោទ នួន ជា គឺ​លោក សុន អរុណ ឱ្យ​នៅ​ចូលរួម​សវនាការ ដោយ​លើក​ឡើង​ថា នេះ​ជា​កាតព្វកិច្ច​ក្នុង​ច្បាប់​ដែល​ថា នៅ​ក្នុង​រឿង​ក្ដី​ឧក្រិដ្ឋកម្ម​ចាំបាច់​ត្រូវ​តែ​មាន​មេធាវី​នៅ​ក្នុង​សវនាការ។

ឆ្លើយតប​ប្រធាន​អង្គ​ជំនុំជម្រះ លោក សុន អរុណ ថ្លែង​ថា លោក​ត្រូវ​តែ​ធ្វើ​តាម​ការ​បង្គាប់​របស់​កូនក្ដី​លោក គឺ​មិន​ចូលរួម​សវនាការ បើ​ទោះ​ជា​ចៅក្រម​ចាត់​ទុក​ថា អវត្តមាន​នេះ​ជា​ការ​មាក់ងាយ​តុលាការ​ក៏​ដោយ។

បន្ទាប់​ពី​អវត្តមាន​របស់​សហ​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា ទាំង​មេធាវី​ជាតិ និង​មេធាវី​អន្តរជាតិ ប្រធាន​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល លោក​ចៅក្រម គង់ ស៊្រីម ប្រកាស​ផ្អាក​សវនាការ ហើយ​ព្រមាន​ចាត់​វិធានការ​ដាក់​វិន័យ ចំពោះ​សហ​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា៖ «អង្គ​ជំនុំជម្រះ​ពិចារណា​ឃើញ​ថា ការ​ប្រព្រឹត្ត​របស់​សហ​មេធាវី​ជាតិ និង​អន្តរជាតិ​ការពារ​ក្ដី នួន ជា ត្រូវ​បាន​ចាត់​ទុក​ថា ជា​កំហុស​វិជ្ជាជីវៈ ដែល​អាច​នាំ​ទៅ​ដល់​ទណ្ឌកម្ម​ខាង​វិន័យ។ អង្គ​ជំនុំជម្រះ​នឹង​ចេញ​សេចក្ដី​សម្រេច​លើ​បញ្ហា​នេះ​តាម​ពេល​វេលា​សម​ស្រប។ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​នៅ​ក្នុង​កាលៈទេសៈ​នេះ ស្រប​តាម​ក្របខ័ណ្ឌ​ច្បាប់​ជា​ធរមាន និង​ដើម្បី​ធានា​ថា ការ​ការពារ​ក្ដី​សម​ស្រប​សម្រាប់​ជនជាប់ចោទ​ក្នុង​អំឡុង​ពេល​សវនាការ​បណ្ដឹង​សាទុក្ខ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​សម្រេច​ថា ផ្អាក​សវនាការ​បណ្ដឹង​សាទុក្ខ និង​បង្គាប់​មក​អង្គភាព​គាំពារ​ក្ដី​ឱ្យ​ចាត់​តាំង​សហ​មេធាវី​ត្រៀម​បម្រុង​សម្រាប់ នួន ជា និង​ត្រូវ​រាយការណ៍​មក​អង្គ​ជំនុំជម្រះ​អំពី​ការ​ចាត់​តាំង​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»

ការ​​ធ្វើ​ពហិការ​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា នេះ គឺ​ជា​លើក​ទី​២ ហើយ បន្ទាប់ពី​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន ធ្លាប់​ធ្វើ​ពហិការ​ម្ដង​កាល​ពី​ប៉ុន្មាន​ខែ​មុន។ ​ក្រោយពី​ការ​ប្រកាស​ផ្អាក​សវនាការ​នេះ លោក​ចៅក្រម គង់ ស៊្រីម ប្រកាស​បន្ថែម​ថា អង្គ​ជំនុំជម្រះ​នឹង​ចេញ​ដីកា​កំណត់​កាលបរិច្ឆេទ​ថ្មី តាម​ពេល​វេលា​សមស្រប​ដែល​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៅ​ឡើយ​សម្រាប់​ការ​បើក​សវនាការ​ជា​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។