បញ្ចាំង​ខ្សែ​វីដេអូ​ស្ដីពី​សវនាការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​នា​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2014.03.28
ជន​រង​គ្រោះ​ ខ្មែរ​ក្រហម ៣០៥ ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​មក​ពី​ខេត្ត​កំពត និង​ខេត្ត​កំពង់ចាម ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម នៅ​សាល​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០។
RFA

គម្រោង​យុត្តិធម៌​សាលា​ក្តី​ខ្មែរ​ក្រហម​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) បាន​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​ខ្នាត​ខ្លី ស្ដីពី​សវនាការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លើក​ដំបូង​នៅ​ខេត្ត​ប៉ែក​ឦសាន​ប្រទេស ដើម្បី​ផ្សព្វផ្សាយ​ពី​ចំណុច​សង្ខេប​សំខាន់ៗ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​ទី​១ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម។

មនុស្ស​ប្រមាណ ១០០​នាក់​រស់​នៅ​ខេត្ត​រតនគិរី ត្រូវ​បាន​អញ្ជើញ​មក​ទស្សនា​ខ្សែ​វីដេអូ​មាន​រយៈពេល ២៨​នាទី ស្ដីពី​សវនាការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ឯ​សាលា​បុណ្យ​ភូមិ​សីល សង្កាត់​យក្សឡោម ក្រុង​បានលុង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​មីនា និង​នៅ​វត្ត​ភ្នំស្វាយ សង្កាត់​បឹងកន្សែង នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា។

ខ្សែ​វីដេអូ​នេះ​ផលិត​ឡើង​ដោយ​អង្គការ​មេគង្គ​ហ្វៀម (Mekong Film) នៃ​កម្មវិធី​សំឡេង​នៃ​ការ​ផ្សះផ្សា ហើយ​ធ្លាប់​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) កន្លង​ទៅ។

មន្ត្រី​សម្រប​សម្រួល​គម្រោង​យុត្តិធម៌​សាលា​ក្តី​ខ្មែរ​ក្រហម​ប្រចាំ​តំបន់​ក្រចេះ លោក ហេង ភារៈ រៀប​រាប់​ថា ការ​ចាក់​ផ្សាយ​វីដេអូ​នេះ​ធ្វើ​ឡើង​នៅ​គ្រប់​ខេត្ត​ក្រុង ចាប់​ពី​ដើម​ខែ​មីនា នេះ ជាពិសេស​នៅ​ខេត្ត​ភាគ​ឦសាន​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​ជនជាតិ​ដើម​ភាគ​តិច​ឃើញ​ជាក់ស្តែង​ពី​ការ​កាត់​ក្តី​នេះ ដើម្បី​ផ្សះផ្សា​ផ្លូវ​ចិត្ត​ប្រជាពលរដ្ឋ​អ្នក​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម និង​រំលែក​បទ​ពិសោធន៍​ទុក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ចេះ​ស្វែង​រក​យុត្តិធម៌​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​សង្គម​ជាតិ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ទស្សនា​ខ្សែ​វីដេអូ​នេះ ៣០​ភាគរយ ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​ខេត្ត និង ៧០​ភាគរយ​ជា​ប្រជា​សហគមន៍​មូលដ្ឋាន៖ «ទី​មួយ គឺ​ពាំនាំ​យក​ដំណើរ​ការ​ក្តី​នៅ​ក្នុង​តុលាការ​ជូន​ប្រជាពលរដ្ឋ​យក​បទ​ពិសោធន៍។ បង្ក​ឱកាស​ដល់​តំណាង​បណ្ដឹង​រដ្ឋប្បវេណី​ដែល​បាន​ដាក់​ពាក្យ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​ក្នុង​តុលាការ ចែក​រំលែក​បទ​ពិសោធន៍​ស្វែង​រក​យុត្តិធម៌​នៅ​ក្នុង​តុលាការ​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច នៅ​ពេល​សហគមន៍​មាន​បញ្ហា​កើត​ឡើង»

ខ្សែ​វីដេអូ​នេះ​មាន​ឈ្មោះ​ថា ប្រឈម​មុខ​នឹង​យុត្តិធម៌ (facing Justice) បាន​សង្ខេប​ពី​ចំណុច​សំខាន់ៗ​នៃ​សវនាការ​សំណុំ​រឿង​០០២​វគ្គ​ទី​មួយ ទាក់ទិន​ជន​ជាប់​ចោទ​ជា​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម គឺ​លោក ខៀវ សំផន ប្រធាន​រដ្ឋ លោក នួន ជា ប្រធាន​រដ្ឋសភា លោក អៀង សារី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស បាន​ស្លាប់​ក្នុង​ដំណើរ​ការ​សវនាការ និង​លោកស្រី អៀង ធីរិទ្ធ រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច បច្ចុប្បន្ន​មាន​ជំងឺ​វង្វេងវង្វាន់ ត្រូវ​បាន​តុលាការ​ដាក់​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ហើយ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

ចំណុច​សំខាន់​ក្នុង​ខ្សែ​វីដេអូ​បង្ហាញ​ពី​អារម្មណ៍​របស់​ជន​ជាប់​ចោទ ថ្លែង​ក្នុង​អង្គ​សវនាការ​ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ភាព​មិន​យុត្តិធម៌ ដែល​តុលាការ​ផ្តល់​ដល់​ជន​ជាប់​ចោទ បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ការ​ជម្លៀស​ប្រជាពលរដ្ឋ ហើយ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ​លើ​បរទេស មាន​វៀតណាម និង​អាមេរិក៖ «ខ្ញុំ​គិត​ថា តុលាការ​នេះ​មាន​ភាព​មិន​យុត្តិធម៌​សម្រាប់​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​មក​ម្ល៉េះ ដោយ​ហេតុ​ថា យក​តែ​បញ្ហា​មួយ​ចំណែក​ប៉ុណ្ណោះ​មក​ជំនុំ​ជម្រះ។ខ្ញុំ​សូម​និយាយ​ថា សត្វ​ក្រពើ​មួយ​ទាំង​មូល គេ​យក​តែ​ខ្លួន​មក​និយាយ តែ​មិន​យក​ក្បាល និង​កន្ទុយ។ខ្ញុំ​នៅ​តែ​និយាយ​ថា មិន​ដែល​បាន​ចូល​រួម​សម្រេច​កិច្ចការ​អ្វី​ធំ​ដុំ​សោះ»

ចំណែក​ការ​ថ្លែង​របស់​សហ​ព្រះរាជ​អាជ្ញា​ដែល​បាន​អះអាង​តប​វិញ​ថា លោក ខៀវ សំផន និង​លោក នួន ជា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​របប​ខ្មែរ​ក្រហម ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ច្រើន​នាក់​ស្លាប់ តាម​រយៈ​ការ​ជម្លៀស​ដោយ​បង្ខំ ភាព​អត់​ឃ្លាន និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ក្នុង​ជំរំ​ពលកម្ម​រហូត​ដល់​ស្លាប់។ ចំណែក​ជន​ជាប់​ចោទ​ទាំង​ពីរ ក៏​មិន​មែន​ត្រឹម​តែ​ជា​អ្នក​សង្កេត​ការណ៍​ដ៏​គ្មាន​អំណាច​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ជា​ចំណុច​កណ្ដាល​នៃ​ប្រព័ន្ធ​ឃោរឃៅ ដែល​មិន​អាច​ប្រៀប​ប្រដូច​បាន​នៅ​សម័យ​ទំនើប​នេះ៖ «ចំនួន​មនុស្ស​ស្លាប់​ធ្វើ​ឲ្យ​យើង​រន្ធត់​ណាស់។ ចំនួន​នេះ គឺ​ប្រហែល​ជា​ប្រជាជន​ម្នាក់​ក្នុង​ចំណោម ៤​នាក់ បាន​បាត់​បង់​ជីវិត​ដោយ​របប​នេះ។ ការ​ធ្វើ​ពលកម្ម​ហួស​កម្លាំង ចំណី​អាហារ​មិន​គ្រប់គ្រាន់ និង​ស្ថានភាព​អនាម័យ​គួរ​ឲ្យ​តក់ស្លុត បាន​នាំ​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​រាល​ដាល»

ចូល​រួម​ក្នុង​សវនាការ​នោះ​ដែរ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជាច្រើន បាន​ថ្លែង​ពី​ទុក្ខសោក និង​ការ​លំបាក​ចំពោះ​ហេតុការណ៍​អាក្រក់​កើត​មាន​ចំពោះ​ពួក​គេ និង​ក្រុម​គ្រួសារ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម៖ «ប្អូន​ស្រី​ចុង​ក្រោយ​គេ​ស្លាប់​ពេល​ថ្ងៃ​ម៉ោង​បាយ ពេល​ដែល​គេ​ឲ្យ​បបរ​កន្ទក់​មក​ហូប​អត់​កើត។ ស្រែក​សុំ​បាយ​មួយ​ម៉ាត់ មក​ស្រែក​រហូត​ដល់​ដាច់​ខ្យល់​ស្លាប់។ នេះ គឺ​ជា​សោកនាដកម្ម​មួយ​ដ៏​ព្រៃផ្សៃ​នៃ​របប ប៉ុល ពត ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន»

អតីត​ប្រធាន​ពន្ធនាគារ​ស២១ ឬ​គុក​ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ត្រូវ​បាន​សាលា​ក្តី​ខ្មែរ​ក្រហម កាត់​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត ក្នុង​សំណុំ​រឿង​០០១ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ក៏​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​ផ្តល់​សក្ខីកម្ម​សំខាន់ៗ​របស់ លោក នួន ជា និង​លោក ខៀវ សំផន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ដែរ។ លោក​និយាយ​ថា លោក ខៀវ សំផន និង​លោក នួន ជា ជា​បង​ធំ​ទី​១ និង​ទី​២ ហើយ​ការ​សម្រេច​នានា គឺ​បង​ធំ​ទាំង​ពីរ​ជា​អ្នក​មាន​អំណាច​សម្រេច បន្ទាប់​ពី ប៉ុល ពត ជា​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា៖ «បង​ទី​មួយ ប៉ុល ពត និង​បង​ទី​២ នួន ជា គ្រប់គ្រង​ទូទាំង​ប្រទេស ហើយ​បន្ទាប់​មក​បង​ទី​២ នួន ជា យ៉ាង​ម៉េចៗ​ចាប់​អ្នក​ណា​មិន​ចាប់​អ្នក​ណា គាត់​ជា​អ្នក​សម្រេច​ពី​ខាង​លើ»

ខ្សែ​វីដេអូ​បាន​បង្ហាញ​ផង​ដែរ​ពី​ការ​លើក​ឡើង​របស់​សហ​មេធាវី​ការពារ​ក្តី​ជន​រងគ្រោះ។ សហ​មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ និង​អ្នក​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ក្នុង​រឿង​ក្តី​០០២ វគ្គ​ទី​២ នេះ។ ចុង​បញ្ចប់​នៃ​អង្គ​សវនាការ សហ​ព្រះរាជ​អាជ្ញាធរ​បាន​ស្នើសុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ ខៀវ សំផន និង នួន ជា ជាប់​ទោស​មួយ​ជីវិត។ ផ្ទុយ​ទៅ​វិញ មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ បាន​ស្នើសុំ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់ ហើយ​ដោះ​លែង​ជន​ជាប់​ចោទ​ឲ្យ​មាន​សេរីភាព​វិញ។

ចាប់​អារម្មណ៍​ជុំវិញ​ការ​បញ្ចាំង​ខ្សែ​វីដេអូ​នេះ ដើម​បណ្ដឹង​រដ្ឋប្បវេណី​សំណុំ​រឿង​០០២ រស់​នៅ​ខេត្ត​រតនគិរី លោក សេង ថង់ ថ្លែង​ថា លោក​ចង់​បាន​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ សាច់ញាតិ​បង​ប្អូន​លោក ដែល​បាន​ស្លាប់​ក្នុង​របប​វាល​ពិឃាត​ខ្មែរ​ក្រហម។ លោក​អះអាង​ថា មាន​សក្ខីកម្ម​ជាច្រើន​ដែល​លោក​បាន​ឃើញ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ មក​លើ​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា៖ «អ្វី​ដែល​គេ​ធ្វើ​បាប​បង​ប្អូន ខ្ញុំ​ឃើញ​ដោយ​ផ្ទាល់ ខ្ញុំ​មាន​សិទ្ធិ​ទៅ​ប្រាប់​ទៅ​បំភ្លឺ​ធ្វើ​ជា​សាក្សី ផ្តល់​សក្ខីកម្ម​ដល់​តុលាការ»

ចំណែក​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង សង្កាត់​យក្សឡោម លោក តិល កាត កត់​សម្គាល់​ថា ការ​បង្កើត​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ ធ្វើ​ឡើង​មាន​លក្ខណៈ​សមរម្យ អាច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​យក​បាន។ លោក​អំពាវនាវ​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ និង​ផ្តល់​សំណង​ជួសជុល​ផ្លូវ​ចិត្ត ចំពោះ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ៖ «ខ្ញុំ​ឃើញ​គេ​កាត់​ទោស​ហ្នឹង ចំណុច​ល្អៗ​ម៉្យាង​ដែរ ព្រោះ​សមស្រប​តាម​គំនិត​ប្រជាជន​ពលរដ្ឋ​ទូទៅ​គេ​ពេញ​ចិត្ត។ ចំណុច​គេ​ដែល​ឃុំឃាំង ដែល​គេ​ចាប់​បាន ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ គឺ​ពេញ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ។ សំណូមពរ​កាត់​ក្តី​របស់​ខ្ញុំ គឺ​សំណង​ឲ្យ​ប្រជាពលរដ្ឋ​ពេញ​ចិត្ត និង​ពេញ​ថ្លើម​របស់​ប្រជាជន​ដែល​រងគ្រោះ»

កាល​ពី​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​មីនា កម្មវិធី​បញ្ចាំង​ខ្សែ​វីដេអូ​នេះ​បាន​ធ្វើ​នៅ​ខេត្ត​ក្រចេះ។ កម្មវិធី​ដូច​គ្នា​នេះ នឹង​ធ្វើ​នៅ​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​៣១ និង​ខេត្ត​ស្ទឹងត្រែង ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​មេសា។

លោក ខៀវ សំផង និង​លោក នួន ជា រង​បទ​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាច្រើន ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ជាពិសេស​ការ​បង្ខំ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ក្រុង​ភ្នំពេញ និង​តំបន់​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ រួម​ទាំង​ការ​សម្លាប់​មន្ត្រី និង​ទាហាន​របប លន់ ណុល នៅ​ទួល​ពោធិ៍ជ័យ ខេត្ត​ពោធិ៍សាត់ ផង​ដែរ។

តាម​ការ​គ្រោង​ទុក សាលា​ក្តី​ខ្មែរ​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​០០២ វគ្គ​ទី​១ នេះ នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។