តុលាការ​កំពូល​សម្រេច​ផ្ដន្ទាទោស នួន ជា និង ខៀវ សំផន ដាក់​ពន្ធនាគារ​មួយ​ជីវិត

ដោយ ឡេង ម៉ាលី
2016-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ នួន ជា (ឆ្វេង) និង ខៀវ សំផន នៅ​ក្នុង​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ជន​ជាប់​ចោទ នួន ជា (ឆ្វេង) និង ខៀវ សំផន នៅ​ក្នុង​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo courtesy of ECCC

តុលាការ​កំពូល​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ចេញ​សាល​ដីកា​សម្រេច​ដាក់​គុក​ទណ្ឌិត នួន ជា និង ខៀវ សំផន អស់​មួយ​ជីវិត នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា។ សាល​ដីកា​នេះ គឺ​ជា​ការ​ប្រកាស​លទ្ធផល​លើ​បណ្ដឹង​សាទុក្ខ​របស់​ជន​ជាប់​ចោទ​ជា​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ទាំង​ពីរ ក្នុង​សំណុំ​រឿង​០០២ វគ្គ​ទី​១។

ការ​ប្រកាស​សាល​ដីកា​សម្រេច​ដាក់​គុក​ទណ្ឌិត នួន ជា និង ខៀវ សំផន អស់​មួយ​ជីវិត គឺ​ធ្វើ​ឡើង​ដោយ​ប្រធាន​តុលាការ​កំពូល លោក​ចៅក្រម គង់ ស៊្រីម ក្រោយ​ពេល​បញ្ចប់​ការ​អាន​សាល​ដីកា​សង្ខេប​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា៖ «តម្កល់​ការ​ប្រកាស​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​លើ នួន ជា និង ខៀវ សំផន របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង»

ថ្វី​បើ​តុលាការ​កំពូល តម្កល់​សាលក្រម​របស់​សាលា​ដំបូង​បែប​នេះ​ក្ដី ក៏​មាន​ចំណុច​ខ្លះ​នៃ​បទ​ចោទ​ប្រកាន់​ក្នុង​សាលក្រម​នោះ ត្រូវ​បាន​តុលាការ​កំពូល​បដិសេធ​ដែរ ជាពិសេស​បទ​ចោទ​អំពី​ការ​សម្លាប់​រង្គាល​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទួល​ពោធិ៍​ជ្រៃ ខេត្ត​ពោធិ៍សាត់៖ «»

សាល​ដីកា​របស់​តុលាការ​កំពូល ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​លេខ​០០២ វគ្គ​១ យល់​ឃើញ​ខុសៗ​គ្នា​រវាង​ភាគី​ជន​រងគ្រោះ គឺ​ដើម​បណ្ដឹង​រដ្ឋប្បវេណី សហ​ព្រះរាជអាជ្ញា និង​ភាគី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។

ភាគី​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ដែល​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជាង ១០០​នាក់ ពេញ​ចិត្ត​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល​នេះ ព្រោះ​ពួក​គាត់​រង់ចាំ​យុត្តិធម៌ ១០​ឆ្នាំ​ហើយ។

រីឯ​ភាគី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល លើ​សាលក្រម​ផ្ដន្ទាទោស​របស់​សាលា​ដំបូង។ មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ ចាត់​ទុក​ថា​មាន​ភាព​លម្អៀង​ដូច​ចំណុច​ដែល​លោក​លើក​ក្នុង​បណ្ដឹង​សាទុក្ខ៖ «»

ភាគី​សហ​ព្រះរាជអាជ្ញា​ខក​ចិត្ត ពេល​ដែល​តុលាការ​កំពូល​បដិសេធ​ការ​ដាក់​ពិរុទ្ធភាព​លើ នួន ជា ពី​បទ​សម្លាប់​រង្គាល បទ​មនុស្ស​ឃាត​ពាក់ព័ន្ធ​ទៅ​នឹង​អង្គ​ហេតុ​កើត​ឡើង​នៅ​ទួល​ពោធិ៍​ជ្រៃ ប៉ុន្តែ​សហ​ព្រះរាជអាជ្ញា​ជាតិ គឺ​អ្នកស្រី ជា លាង ចាត់​ទុក​ថា​ជា​ជោគជ័យ និង​យុត្តិធម៌៖ «»

ភាគី​សហ​ព្រះរាជអាជ្ញា​ជឿជាក់​ថា ភស្តុតាង​សម្រាប់​បទ​សម្លាប់​រង្គាល បទ​មនុស្ស​ឃាត​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ នឹង​មាន​ហួស​ពី​វិមតិ​សង្ស័យ ដែល​អាច​ជឿ​បាន។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ថ្លែង​ថា លោក នួន ជា និង​លោក ខៀវ សំផន នឹង​បន្ត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ទៀត៖ «»

ទោះ​ជា​ត្រូវ​តុលាការ​កំពូល​ប្រកាស​ផ្ដន្ទាទោស​អស់​មួយ​ជីវិត​ក្ដី យើង​សង្កេត​ឃើញ​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន មិន​មាន​ប្រតិកម្ម​អ្វី​ទាល់​តែ​សោះ។ ជន​ជាប់​ចោទ​ទាំង​ពីរ​នៅ​តែ​រក្សា​សិទ្ធិ​នៅ​ស្ងៀម​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល