អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​នៅ​កំពង់ចាម​តវ៉ា​សុំ​សិទ្ធិ​កាន់កាប់​ដី​ធ្លី

ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុង​ភូមិ​អូរប្រាំ​ទី​មួយ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា បាន​នាំ​គ្នា​ផ្ដិត​មេ​ដៃ​លើ​ពាក្យ​តវ៉ា​សុំ​សិទ្ធិ​កាន់កាប់​ដី​ធ្លី​លើ​ភូមិ​ឋាន​ចាស់​របស់​ខ្លួន ដែល​បាន​កាន់កាប់​ជា​យូរ​មក​ហើយ។
ដោយ ឱ ភារិទ្ធ
2010.05.27

លោក សួស សេងឡាំ តំណាង​ប្រជា​ពលរដ្ឋ​ភូមិ​អូរប្រាំ​ទី​មួយ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ហេង ឡុង មាន​គម្រោង​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ទី​នោះ ដោយ​ប្ដូរ​ដី​ឲ្យ​នៅ​កន្លែង​ផ្សេង ដើម្បី​យក​ដី​ចាស់​ដាំ​ដំណាំ​កៅស៊ូ ប៉ុន្តែ​លោក​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​នឹង​មិន​ចាក​ចេញ​ឡើយ។

លោក សួស សេងឡាំ បាន​បញ្ជាក់​ថា ៖ «កំពុង​តែ​ចុះ​ឈ្មោះ​ផ្ដិត​មេ​ដៃ​តវ៉ា ចង់​បាន​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន! គឺ​មិន​ទៅ មិន​ចេញ! ចេញ​ទៅ ឧបមា​ថា ផ្ទះ​សម្បែង​ឲ្យ​រុះរើ ចុះ​រុះរើ​ស្អី បើ​ដី​ហ្នឹង​មាន​ឲ្យ​នៅ! យក​ដី​ហ្នឹង​ដាំ​កៅស៊ូ​ទៅ ចាំ​ឲ្យ​រុះរើ​ធ្វើ​អី! ងាយ​រើ​អី! ៦០០​(ដុល្លារ) ថ្លៃ​ដឹក​មិន​គ្រាន់​ផង! បើ​សិន​អ្នក​ឯង​មាន​គោល​នយោបាយ​ថា ផ្លាស់​ប្ដូរ​ដី​លំនៅ​ឋាន​ហ្នឹង​ឲ្យ​នៅ​ហ្នឹង ដី​ហ្នឹង​ទុក​ទៅ! ដាំ​កៅស៊ូ​វិញ​ទៅ ចាំ​ឲ្យ​គ្នា​រុះ​ធ្វើ​អី!»

ទាក់ទង​នឹង​បញ្ហា​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​អំពី​រឿង​ដី​ធ្លី​នេះ តំណាង​ក្រុមហ៊ុន ហេង ឡុង បាន​បញ្ជាក់​ថា នោះ​គឺ​ជា​ការ​វាស់វែង​ពី​ផ្នែក​សុរិយោដី និង​មាន​ប្លង់​យ៉ាង​ត្រឹមត្រូវ ដូច្នេះ​ចំពោះ​ដី​ប្រជា​ពលរដ្ឋ ដែល​ប៉ះ​ពាល់​ក្នុង​ប្លង់​ដី​របស់​ក្រុមហ៊ុន​នោះ នឹង​មិន​អាច​តវ៉ា​បាន​ឡើយ។

តំណាង​ក្រុមហ៊ុន ហេង ឡុង បាន​អះអាង​ថា ៖ «អ្នក​ដែល​ធ្លាប់​ធ្វើ​មក... មក​តវ៉ា​ម៉េច​នឹង​កើត! ព្រោះ​រឿង​ការ​ប្រកាស​ហ្នឹង វា​ព្រំ​ប្រទល់​ត្រឹមត្រូវ! មិន​មែន​ព្រំ​ប្រទល់​ចេះ​តែ​ថា​ៗ​ទេ​ណា៎! ព្រំ​ប្រទល់​ជីក​ប្រឡាយ​ត្រឹមត្រូវ។ ដល់​ពេល​កន្លង​មក គេ​អនុគ្រោះ​ឲ្យ​ធ្វើ​ៗ​ទៅ មាន​កម្មសិទ្ធិ​មាន​អី! ដល់​ពេល​ក្រោយ​មក ដល់​ពេល​វាស់​នេះ វាស់​ទៅ​វា​ចូល​ដី​ក្រុមហ៊ុន។ រួច​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ពួក​អ្នក​ហ្នឹង​ទៅ​ធ្វើ រួច​ក្រុមហ៊ុន​ឃាត់​មិន​ឲ្យ​ធ្វើ!»

ប៉ុន្តែ​តំណាង​ប្រជា​ពលរដ្ឋ លោក សួស សេងឡាំ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ប្រមាណ ៦៥​គ្រួសារ បាន​បញ្ជូន​ពាក្យ​តវ៉ា​ទៅ​ដល់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ឲ្យ​ជួយ​អន្តរាគមន៍​ហើយ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​បាន​ចុះ​ភ្ជួរ​រាស់​ដី​ស្រែ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នោះ​មក៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។