មន្រ្តី​សង្គម​ស៊ីវិល​នៅ​ក្រចេះ​សំណូមពរ​ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​បាន​ឆាប់

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​ក្រចេះ បាន​សំណូមពរ​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី​ដែល​កើត​មាន​កន្លង​មក​ឲ្យ​បាន​ឆាប់​និង​ឲ្យ​មាន​ប្រសិទ្ធភាព​ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន។
ដោយ ឱ ភារិទ្ធ
2010-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សំណូម​ពរ​បែប​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​អ្នកស្រី ធីម ណារីន មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ដែល​បាន​ឃ្លាំមើល​រាល់​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​និង​ធ្លាប់​បាន​ធ្វើការ​អន្តរាគមន៍​លើ​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​បាន​សង្កេត​ឃើញ​ថា ក្រោយ​ការ​ដោះស្រាយ​ការ​តវ៉ា​នៅ​តែ​មាន​ដដែល ដែល​កាល​ពី​ថ្ងៃ​ទី​១៩ មករា អ្នកស្រី​បាន​ទទួល​លិខិត​របស់​តំណាង​សហគមន៍​ស្រែចា បាន​សុំ​ឲ្យ​អង្គការ​អាដហុក បន្ត​ជួយ​ការ​អន្តរាគមន៍​ទៀត។

អ្នកស្រី ធីម ណារីន បាន​សំណូមពរ​ដូច្នេះ ៖ «សូម​សំណូមពរ​ទៅ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បាន​ឆាប់​រហ័ស ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធភាព​អាច​ទទួល​យក​បាន​ពី​ប្រជាពលរដ្ឋ»

លោក សារ៉ែន កែត តំណាង​ជនជាតិ​ស្ទៀង នៅ​ភូមិ​មានជ័យ ឃុំ​ស្រែចា បាន​ឲ្យ​ដឹង​ថា ពួកគេ​អស់​ជំនឿ​ទៅ​លើ​ការ​ដោះស្រាយ​ដោយ​គ្រាន់​តែ​សន្យា​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពួកគេ​នឹង​ចូល​ជួប​អាជ្ញាធរ​ខេត្ត​ផ្ទាល់​ដោយ​សុំ​ឲ្យ​បញ្ចប់​វិវាទ​នេះ​ដើម្បី​យក​ពេល​បង្ក​បង្កើន​ផល។

លោក សារ៉ែន កែត បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «កាល​ពី​ថ្ងៃ​៧ ខែ​៧ ឆ្នាំ​២០០៨​នេះ គាត់​បាន​ត្រឹមតែ​សន្យា​កុហក​ថា ឲ្យ​ទៅ​បោះ​ឆ្នោត​គណបក្ស​ខាង​ប្រជាជន​ហ្នឹង គាត់​ថា គាត់​នឹង​ដោះស្រាយ ប៉ុន្តែ​គាត់​មិន​ដោះស្រាយ​ផង​ហ្នឹង។ ពួកខ្ញុំ​លែង​ជឿ​ហើយ ឥឡូវ​ពួក​ខ្ញុំ​គិត​នាំ​គ្នា​ទៅ​តវ៉ា​ដើម្បី​កុំ​ឲ្យ​ប្រើ​ពាក្យ​កុហក​អ៊ីចឹង ឲ្យ​អភិបាល​ខេត្ត​វាយ​លិខិត ក្រដាស​ស្នាម វាយ​ត្រា​អី​ត្រឹមត្រូវ​ថា បាន​កាត់​ឲ្យ​ពួកខ្ញុំ​ត្រឹម​ណាៗ​អី​ត្រឹមត្រូវ ហ្នឹង​បាន​ពួកខ្ញុំ​ព្រម​ព្រៀង»

លោក សារ៉ែន កែត បន្ថែម​ថា មាន​ការ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​លក់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ដោយ​កំណត់​តម្លៃ​ទៅ​លើ​ដី​មាន​ដំណាំ​មួយ​ហិកតា​១៥០​ដុល្លារ ដី​កាប់​ឆ្ការ​គ្មាន​ដំណាំ​មួយ​ហិកតា​១០០​ដុល្លារ ដី​ព្រៃ​មួយ​ហិកតា​៥០​ដុល្លារ ដែល​តាម​ការ​បញ្ជាក់​របស់​លោក គឺ​មិន​និយាយ​ពី​រឿង​លក់​ដូរ​នោះ​ឡើយ គឺ​ចង់​បាន​ដី​ដែល​អាជ្ញាធរ​កំណត់​ជូន​ជា​លាយល័ក្ខណ៍​អក្សរ​ច្បាស់​លាស់។

លោក ធុន គ្រី អភិបាល​រង​ខេត្ត​និង​ជា​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​ឆ្លើយ​តប​ថា លោក​មិន​ព្រងើយ​កន្តើយ​ក្នុង​ការ​ដោះស្រាយ​ឡើយ តែ​កំពុង​ជាប់​រវល់។

លោក ធុន គ្រី មាន​ប្រសាសន៍​ដូច្នេះ ៖ «ខុទ្ទកាល័យ​ចេញ​ទៅ​ដោះ​ម្ដង​ជាមួយ​នឹង​ក្រុមហ៊ុន សម្រប​សម្រួល​រឿង​ថ្លៃ ប៉ុន្តែ​មិន​ទាន់​ត្រូវ​គ្នា មិន​មែន​ថា​មិន​ដោះ​ទេ។ យើង​ពិបាក គាត់​ចាប់​ដី​ព្រៃ​របស់​រដ្ឋ​ហ្នឹង ហើយ​គាត់​ចង់​មក​ទារ​ផល​ប្រយោជន៍។ ច្បាប់​វា​អត់​មាន យើង​មិន​មែន​ទៅ​ការពារ​ក្រុមហ៊ុន​ទាំង​ស្រុង ហើយ​យើង​ក៏​មិន​មែន​ទៅ​ការពារ​ប្រជាជន​ខុស​ច្បាប់​បាន​ដែរ ប៉ុន្តែ​យើង​រក​វិធី​ណា​មួយ​ដើម្បី​ឲ្យ​ដំណើរ​ទៅ​បាន»

តំណាង​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ដី​ប្រមាណ​ជាង​១.០០០​ហិកតា​នៅ​ភូមិ​មានជ័យ​និង​ភូមិ​ក្របីចូលរូង ឃុំ​ស្រែចា ត្រូវ​បាន​អាជ្ញាធរ​ដាក់​បញ្ចូល​ទៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុនCIV អភិវឌ្ឍន៍ រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ការ​សិក្សា​ដើម្បី​កាត់​ចេញ​នៅ​ឡើយ ដែល​ពួកគេ​អះអាង​ថា នឹង​នាំ​គ្នា​ឡើង​ជួប​អាជ្ញាធរ​ខេត្ត​បន្ទាប់​ពី​មន្ត្រី​នៃ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​ហើយ​មិន​បាន​សម្រេច​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល