អ្នក​ភូមិ​ជាង​៣០០​នាក់​នៅ​ស្វាយរៀង​ទាមទារ​ឲ្យ​ដោះលែង​តំណាង

ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ប្រមាណ​ជាង ៣០០​នាក់​បាន​នាំ​គ្នា​តវ៉ា​នៅ​សាលា​ស្រុក ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ឧសភា​នេះ ដោយ​ចោទ​ពី​បទ​ញុះញង់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ឲ្យ​នាំ​គ្នា​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​ដែល​ធ្វើ​ការ​ឈូស​ឆាយ​ប៉ះ​ពារ​ដី​ចម្ការ​អ្នក​ភូមិ និង​ជីក​កាត់​ផ្តាច់​ផ្លូវ​សាធារណៈ។
ដោយ សេក បណ្ឌិត
2010.05.04

លោក ម៉ៅ ស្តើង ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ដែល​កំពុង​នាំ​គ្នា​តវ៉ា បាន​ប្រាប់​ថា យៀង យ៉េង អាយុ​ប្រមាណ​ជាង ២០​ឆ្នាំ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​បន្ទាប់​ពី​គេ​បាន​ចូលរួម​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២ ឧសភា តវ៉ា​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​គេ​ស្គាល់​ឈ្មោះ​មិន​ច្បាស់​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ឈូស​ឆាយ​ដី​ចម្ការ​របស់​ពួក​គាត់ និង​ប្រើ​គ្រឿង​ចក្រ​ជីក​កាត់​ផ្តាច់​ផ្លូវ​ដែល​អ្នក​ស្រុក​ធា្លប់​ធ្វើ​ដំណើរ​ដឹក​កសិ​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

លោក ម៉ៅ ស្តើង បាន​បញ្ជាក់​ថា ៖ «ប្រជា​ពលរដ្ឋ​កំពុង​តែ​ធ្វើ​បាតុកម្ម ទាំង​ម៉ូតូ ទាំង​ឡាន មក​ខាប់​ទឹក​ខាប់​ដី! គេ​ចាប់​សកម្មជន​របស់​យើង​យក​ទៅ​ឃុំ​ឃាំង​នៅ​កន្លែង​អធិការ។ ឥឡូវ​ប្រជា​ពលរដ្ឋ​កំពុង​តែ​ស្រែក​ថ្ងូរ​យំ​ពេញ​សាលា​ស្រុក»

ពលរដ្ឋ​ម្នាក់​ទៀត​បាន​ប្រាប់​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ដែរ​ថា ៖ «មាន​គេ​ឈូស​ដំឡូង​ប្រជា​ពលរដ្ឋ​ហើយ គេ​កាត់​ផ្លូវ​ផ្ដាច់​តែម្ដង! ដល់​អ៊ីចឹង​ប្រជា​ពលរដ្ឋ​ទៅ​សុំ​សំណូមពរ​ពី​ម្សិលមិញ​ហ្នឹង ប្រាប់​ថា ឲ្យ​លុប​ផ្លូវ​វិញ ព្រោះ​ដំឡូង​ប្រជា​ពលរដ្ឋ​ហ្នឹង​ដក​នៅ​រាប់​រយ​តោន។ គិត​ទៅ​គ្នា​ខំ​លក់​គោ លក់​ក្របី ដាំ​ហ្នឹង បើ​គិត​ជា​សាច់​លុយ​ប្រហែល​ជា ២​ម៉ឺន​ដុល្លារ​ដែល​នៅ​ស្អុយ​ចោល​ក្នុង​ព្រៃ​ហ្នឹង គេ​កាត់​ផ្លូវ​ផ្ដាច់ អត់​ឲ្យ​ឆ្លង​កាត់​រួច។ ក្របី​នៅ​ចំនួន​ប្រហែល​ជា ៣០០​-​៤០០​ក្បាល​នៅ​ហ្នឹង មក​អត់​រួច!»

វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចាប់​ខ្លួន យៀង យ៉េង ពី​មន្ត្រី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បាន​ទេ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។