អ្នក​ភូមិ​១០​គ្រួសារ​នៅ​រតនគិរី​ប្រឈម​នឹង​ការ​បាត់បង់​ដី

អ្នក​ភូមិ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១០​ថា អ្នក​ភូមិ​ជាង ១០​គ្រួសារ​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ដី​ជាង ១០០​ហិកតា​បន្ថែម​ទៀត ដោយសារ​ក្រុម​យោធា​ស្រុក​ទាមទារ​យក​ដី​នោះ។
ដោយ រដ្ឋា វីសាល
2010-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​ភូមិ​ឈ្មោះ ឡា នីន មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា កន្លង​ទៅ​នេះ ក្រុម​យោធា​ស្រុក​មាន​គ្នា ៨​នាក់ រួម​ដំណើរ​ដោយ​ចៅក្រម​ម្នាក់​នៃ​តុលាការ​ខេត្ត​រតនគិរី បាន​មក​ដល់​ភូមិ ហើយ​ប្រាប់​ឲ្យ​អ្នក​ភូមិ​បញ្ឈប់​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​ដែល​អ្នក​ភូមិ​ធ្លាប់​ដាំ​ដុះ​នោះ​ត​ទៅ​ទៀត ៖ «គេ​ថា ចេញ​ទៅ! ដី​ទាហាន ហើយ​ភូមិ​ឃុំ​អត់​ប្រាប់​ទេ»

គាត់​បន្ត​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​យោធា​ស្រុក​លំផាត់ បាន​មក​ប្រាប់​ឲ្យ​អ្នក​ភូមិ​ប្រគល់​ដី ដែល​ករណី​ដូច​គ្នា​នេះ​ក្រុម​យោធា​ស្រុក​នេះ​ធ្លាប់​បាន​គំរាម​ឈូស​ឆាយ​ស្រូវ​ស្រែ​អ្នក​ភូមិ​ម្ដង​រួច​ហើយ កាល​ពី​ខែ​សីហា ឆ្នាំ​២០១០។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​មេ​បញ្ជាការ​យោធា​ស្រុក​លំផាត់ លោក ឈុន រេន ដើម្បី​អធិប្បាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១០ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។ ចំណែក​មេ​បញ្ជាការ​យោធា​ខេត្ត​រតនគិរី លោក ម៉ុង ថែន មិន​អាច​ទាក់ទង​បាន។

យ៉ាង​នេះ​ក្តី​អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​បញ្ជាក់​ថា តាម​លោក​ដឹង ដី​នៅ​តំបន់​នោះ​អតីត​អាជ្ញាធរ​ស្រុក​លំផាត់ បាន​ប្រគល់​ដី​ប្រមាណ ៧០​ហិកតា​ឲ្យ​កង​យោធា​ស្រុក ដើម្បី​ធ្វើការ​សន្និដ្ឋាន ប៉ុន្តែ​លោក​មិន​ដឹង​ប្រាកដ​ថា ដី​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ដី​ស្រែ​អ្នក​ភូមិ ឬ​យ៉ាង​ណា។

លោក​បន្ត​ថា អ្នក​ភូមិ​អាច​ផ្ដល់​ភស្តុតាង​ដែល​បញ្ជាក់​ថា ជា​ដី​ស្រែ​គ្រប់គ្រង​របស់​អ្នក​ភូមិ​មក​អាជ្ញាធរ​ស្រុក​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ ៖ «ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​ឮ​ពាក្យ​ថា មូលដ្ឋាន​នៅ​ស្រុក​ប្រដាប់​អាវុធ​រំលោភ​សិទ្ធិ​ទៅ​លើ​ដីធ្លី​ប្រជាពលរដ្ឋ ខ្ញុំ​មិន​ចង់​ឲ្យ​ឮ​អ៊ីចឹង​ទេ»

អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​កង​យោធា​ទាមទារ គឺ​ជា​ដី​ដែល​អ្នក​ភូមិ​បាន​ធ្វើ​ស្រែ​ច្រើន​ឆ្នាំ​មុន អាជ្ញាធរ​ស្រុក​ប្រគល់​ឲ្យ​ក្រុម​យោធា។ លោក​បន្ត​ថា តាម​ប្រសាសន៍​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ក្រុម​យោធា​គួរ​កុំ​ចូល​ពាក់ព័ន្ធ​ដណ្ដើម​ដី​ជាមួយ​ប្រជាពលរដ្ឋ ពីព្រោះ​ក្រុម​យោធា​បាន​សុំ​ដី ប៉ុន្តែ​មិន​បាន​មក​ធ្វើការ​ដាំ​ដុះ​អ្វី​ទេ ៖ «យើង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដ៏​ម៉ត់ចត់​មួយ»

របាយការណ៍​របស់​មន្ត្រី​សមាគម​អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ដី​ដែល​អ្នក​ភូមិ​អះអាង​ថា ត្រូវ​កង ​យោធា​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​នោះ​ស្ថិត​នៅ​ចម្ងាយ ៥០០​ម៉ែត្រ ខាង​ត្បូង​ភូមិ​ប៉ាតាង ជា​ដី​តំបន់​ព្រៃឈើ ដែល​អ្នក​ភូមិ​ជន​ជាតិ​ដើម​នៅ​ភូមិ​នោះ​កាប់​រាន ខ្លះ​ពីរ​បី​ហិកតា ខ្លះ​ទៀត​ប្រាំ​ហិកតា ដើម្បី​ធ្វើ​ស្រែ។ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨ មាន​ជនជាតិ​ចាម​ពី​ខេត្ត​ផ្សេង​ចូល​មក​កាប់​រាន​ព្រៃ​បន្ថែម ដើម្បី​យក​ដី​តំបន់​នោះ​មួយ​ផ្នែក ដោយ​សំអាង​ថា ដី​នោះ​ពួកគេ​បាន​ទិញ និង​មាន​អាជ្ញាធរ​ភូមិ​ឃុំ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ផ្ទេរ​ដី​នោះ។

យ៉ាង​នេះ​ក្តី អ្នក​ភូមិ​ប៉ាតាង ឲ្យ​ដឹង​ថា ពួកគាត់​នឹង​ធ្វើ​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​អ្នក​ភូមិ ដើម្បី​បាន​បន្ត​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នោះ​ទៅ​មុខ​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល