ជនជាតិ​ដើម​ព្នង​៣៥​គ្រួសារ​ស្នើ​ឱ្យ​អាជ្ញាធរ​មណ្ឌលគិរី​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុនមេ​ឲ្យ​បាន​ឆាប់

ដោយ ហ៊ុំ ចំរើន
2024.09.10
ជនជាតិ​ដើម​ព្នង​៣៥​គ្រួសារ​ស្នើ​ឱ្យ​អាជ្ញាធរ​មណ្ឌលគិរី​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុនមេ​ឲ្យ​បាន​ឆាប់ កន្លែង​ក្រុមហ៊ុន មេហ្គា ហ្វើស (Mega First Corporation Berhad) ឈូស​ឆាយ​ដី​ត្រៀម​បម្រុង​របស់​សហគមន៍​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧។
រូបថត​សហគមន៍រូបថត​សហគមន៍

ជនជាតិ​ដើម​ភាគតិច​ព្នង រស់​នៅ​តំបន់​សហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍ CLV(DTA) ក្នុង​ខេត្ត​មណ្ឌលគិរី​៣៥​គ្រួសារ ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុនមេ​ហ្គាហ្វើស (Mega First Corporation Berhad) ឲ្យ​បាន​ឆាប់។

ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ក្នុង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនមេហ្គាហ្វើស ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រញាប់​ដោះស្រាយ​បញ្ហា​ដីធ្លី និង​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​វិល​ជុំ​របស់​ពួកគាត់​ចេញពី​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​មួយ​នេះ។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ឃុំ​ដាក់​ដាំ លោក ចស ឆ្វង់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០៩ ខែ​កញ្ញា​ថា រហូតមកដល់​ពេលនេះ​គឺ​មាន​រយៈពេល​២​ខែ​ហើយ ដែល​អាជ្ញាធរ​នៅ​មិនទាន់​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ ។ លោក​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ និង​កាត់​ឆ្វៀល​ដី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឆាប់ ពីព្រោះ​បច្ចុប្បន្ន​តុលាការ​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រាវជ្រាវ​រក​ពលរដ្ឋ​៣៥​គ្រួសារ ហើយ​គ្រោង​ប្ដឹង​ពលរដ្ឋ​ទាំងនោះ​ថា​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់ ខណៈ​ពលរដ្ឋ​អាស្រ័យ​ផល​លើ​ដី​នោះ​តាំងពី​ឆ្នាំ​១៩៩៧​មក។

លោក ចស ឆ្វង់៖ «ទីមួយ​ពួក​ខ្ញុំ​សុំ​ដីចម្ការ​មក​វិញ ទី​ពីរ​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​កត់សម្គាល់​ព្រំ​ដី​ឲ្យ​ច្បាស់​ផែនទី​ពួកគាត់​ឲ្យ​បង្ហាញ​ហៅ​ប្រជាពលរដ្ឋ​មើល​ដាក់​ព្រំ​ត្រឹម​នឹង ទី​បី​ខ្ញុំ​អត់​ខុស​ចិត្ត​ដោយសារ​គាត់​បំផ្លិចបំផ្លាញ​ដំណាំ​ដែល​ពួក​ខ្ញុំ​ដាំ​វា​ត្រូវ​ប្រមូល​ផល ហើយ​គាត់​បំផ្លាញ​អស់រលីង របៀប​ពួកគាត់​ចង់​សម្លាប់​មនុស្ស​ទាំង​រស់»

ពលរដ្ឋ​អះអាង​ថា កន្លងទៅ​ក្រុមហ៊ុន​មេហ្គាហ្វើស បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ចោល ហើយ​ពលរដ្ឋ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ត្រូវ ប៉ះប៉ូវ​ការខូចខាត​ផលដំណាំ និង​ត្រូវ​ផ្ដល់​សំណង​ឲ្យ​បាន​សមរម្យ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក ស៊ុន សារុន និង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក មាស ប្រុស ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់ឃើញ​ថា អាជ្ញាធរ​គួរតែ​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ឆាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​លើ​ដី​ចម្ការ​វិញ​ជុំ​របស់​ពួកគាត់ ។ លោក​បន្ថែម​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​ត្រូវតែ​យក​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ ដើម្បី​ផល​ប្រយោជន៍​ដល់​ជនជាតិ​ដើម​ភាគតិច។

លោក ប៊ី វ៉ាន់នី៖ «ការអភិវឌ្ឍន៍​មានន័យថា​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នឹង​គាត់​មាន​សេដ្ឋកិច្ច​រីកចម្រើន ហើយ​ក្រុមហ៊ុន​ទទួល​ការ​រីកចម្រើន ហើយ​រដ្ឋាភិបាល​ក៏​ទទួល​បាន​ពន្ធ​ពី​ការ​វិនិយោគ និង​ពី​ការ​រីក​ចម្រើន​ប្រជាពលរដ្ឋ​នឹង​ដែរ»

ជនជាតិ​ដើម​ភាគតិច​ព្នង បាន​ធ្វើ​ស្រែចម្ការ បែប​ប្រពៃណី​នៅ​លើ​ដី​នោះ ចាប់តាំងពី​ឆ្នាំ ១៩៩៧ ដោយ​មាន ដំណាំ​ស្រូវ ដំឡូង កាហ្វេ និង​ដំណាំ​ផ្សេងៗ​ទៀត ។​ប៉ុន្តែ​នៅ​ឆ្នាំ​២០១២​រដ្ឋាភិបាល​បាន​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន មេ​ហ្គាហ្វើស​(Mega First Corporation Berhad) របស់​ប្រទេស​ម៉ាឡេស៊ី លើ​ផ្ទៃដី​ជាង ៩​ពាន់​ហិកតារ នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។ ការ​វិនិយោគ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រងទុក្ខ​វេទនា ដោយសារតែ​បាត់បង់​ដីធ្លី ស្រែចម្ការ​វិល​ជុំ​ធ្លាប់​អាស្រ័យ​ផល​កន្លងមក និង​អ្នក​ខ្លះទៀត​ប្រឈម​នឹង​បណ្ដឹង​របស់​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។