អ្នក​ភូមិ​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រំលោភ​កាន់​កាប់​ដីធ្លី​នៅ​ប៉ៃលិន

ដោយ សួន សុផលមុន្នី
2014.03.31

សមត្ថកិច្ច​ប៉ូលិស​ខេត្ត​ប៉ៃលិន បាន​ចុះ​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ​បី​នាក់​​​ ដោយ​ចោទ​ប្រកាន់​បទ​រំលោភ​ចូល​ទៅ​កាន់កាប់​លើ​កម្មសិទ្ធិ​ដីធ្លី​របស់​អ្នក​ដទៃ ​នៅ​ភូមិ​ភ្នំក្រិញ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។

មន្ត្រី​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​ប៉ៃលិន ​លោក ឃឹម ប៉ុន ថ្លែង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​មីនា​ ថា ការ​ចាប់​ខ្លួន​បាន​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ មីនា។ សមត្ថកិច្ច​ប៉ូលិស​បាន​ប្រើ​រថយន្ត​ពីរ​គ្រឿង និង​កង​កម្លាំង​ជា​ច្រើន​នាក់​ ចុះ​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ​ទាំង​នោះ​តាម​ដីការ​របស់​តុលាការ​ខេត្ត​ប៉ៃលិន។

លោក ឃឹម ប៉ុន៖ «គេ​មាន​ដីកា​ចាប់​ខ្លួន​ហ្នឹង ៧​នាក់ ហើយ​គេ​ចាប់​បាន​បី​រត់​រួច ៤ នៅ​លើ​ដី​ទំនាស់ ១៩​គ្រួសារ ដែល​មាន​យូរ​ហើយ គេ​ចោទ​ពួកគាត់​ហ្នឹង​ថា រំលោភ​កម្មសិទ្ធិ​ដីធ្លី ព្រោះ​ដី​ហ្នឹង​គេ​បាន​ប្រគល់​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ពី​ប៉ុន្មាន​ឆ្នាំ​មុន គាត់​ធ្លាប់​ចាប់​ដាក់​គុក​ពីរ​នាក់​ម្ដង​ហើយ​ដាក់​គុក​ជាង​ពីរ​ឆ្នាំ ហើយ​ពួកគាត់​នៅ​តែ​ងើប​ឡើង​តវ៉ា​ទៀត​ហ្នឹង ហើយ​ឥឡូវ​ហ្នឹង​ គាត់​ទាមទារ​ដី​គាត់​ទៀត»

អ្នក​ភូមិ​ទាំង​បី​នាក់​ដែល​គេ​ចាប់​ខ្លួន​នោះ មាន​ឈ្មោះ ពេជ្រ​ សុធា ឈ្មោះ ឱម សំអាត ​និង​ឈ្មោះ ឱម សំអុល។ អ្នក​ទាំង​បី​នាក់​ត្រូវ​គេ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន។ ចំណែក​អ្នក​ភូមិ ៤​នាក់​ ដែល​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​នោះ ​មាន​ឈ្មោះ ថោង ថន ឈ្មោះ ស៊ឹម គី ឈ្មោះ ប្រាក់ សុធី និង​ឈ្មោះ ​ទួត ម៉ាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។