អ្នកបឹងកក់៣នាក់រងរបួសដោយសារបិទផ្លូវតវ៉ារឿងទឹកលិច
2014.09.28
អ្នកភូមិនៅតំបន់បឹងកក់ ៣នាក់ ក្នុងចំណោមអ្នកភូមិជិត ២០នាក់ ត្រូវក្រុមសន្តិសុខខណ្ឌដូនពេញ វាយឲ្យរងរបួសស្រាល នៅព្រឹកថ្ងៃអាទិត្យ ទី២៨ កញ្ញា នៅពេលដែលពួកគេព្យាយាមបិទផ្លូវព្រះមុនីវង្ស ខាងមុខសាលាក្រុងភ្នំពេញ ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរបើកច្រកលូបង្ហូរទឹកសម្អុយចេញពីតំបន់បឹងកក់។
នៅថ្ងៃអាទិត្យនេះ នៅរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ច្រើនស្ទើរគ្រប់ទីកន្លែង ធ្វើឲ្យលិចចំណុចជាច្រើនក្នុងទីក្រុង។
តំណាងអ្នកភូមិបឹងកក់ លោកស្រី យ៉ោម បុប្ឆា ឲ្យដឹងថា ទឹកភ្លៀងច្រើនបានដក់នៅតំបន់បឹងកក់ ធ្វើឲ្យជន់លិចផ្ទះ និងលិចស្បៀងរបស់អ្នកភូមិបឹងកក់។ លោកស្រីបន្តថា ជាធម្មតាពេលភ្លៀងធ្លាក់ បើអាជ្ញាធរមិនបិទច្រកមាត់លូមិនឲ្យហូរទឹកសម្អុយចេញទេនោះ នៅតំបន់បឹងកក់ មិនលិចទេ។ អ្នកភូមិបឹងកក់ សង្ស័យថា អាជ្ញាធររាជធានីភ្នំពេញ មានចេតនាបិទច្រកលូទឹកស្អុយដើម្បីពន្លិចផ្ទះអ្នកបឹងកក់ និងបង្ខំឲ្យពួកគេរើចេញពីតំបន់កំពុងមានជម្លោះនោះ។
លោកស្រី យ៉ោម បុប្ឆា៖ «មានអ្នកភូមិឡពាង ស្នាក់នៅបឹងកក់នោះ ក៏លិចអង្ករដែរ ឥឡូវនៅបឹងកក់ ទាំងមូលហ្នឹងក៏លិចដែរ យើងកំពុងតែបារម្ភខ្លាចសត្វក្អែប ពស់អី បារម្ភជាងគេ គឺភ្លើង (ឆ្លងអគ្គិសនី) ព្រោះឥឡូវកំពុងលិចត្រឹមចង្កេះ។ ទ្រព្យសម្បត្តិអង្ករ សៀវភៅកូនរៀនក៏លិច ឥឡូវកំពុងជន់លិចកាន់តែខ្លាំង»។
ជុំវិញការចោទប្រកាន់ថា អាជ្ញាធរបិទច្រកលូទឹកស្អុយនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានច្រានចោល និងអះអាងថា អាជ្ញាធរបានរៀបចំម៉ាស៊ីនបូមទឹកជាច្រើនចេញពីតំបន់លិចលង់មួយចំនួននៅរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា មិនមែនតែតំបន់បឹងកក់ទេដែលលិចលង់ នៅតាមតំបន់ទំនាបមួយចំនួនក្នុងក្រុងភ្នំពេញ ក៏លិចលង់ធ្ងន់ធ្ងរដែរ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង ទឹកហូរមិនទាន់។
យ៉ាងណាអ្នកភូមិរស់នៅតំបន់បឹងកក់ នៅតែបន្តលើកគ្នាទៅតវ៉ានៅមុខសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃដដែល ដើម្បីទាមទារឲ្យអាជ្ញាធរបើកមាត់លូទឹកស្អុយនោះ។ តាមការអះអាងរបស់អ្នកភូមិ អាជ្ញាធរបានអះអាងថា បានបើកមាត់លូទឹកស្អុយដើម្បីបង្ហូរទឹកចេញពីតំបន់បឹងកក់នោះហើយ។ ប៉ុន្តែផ្ទុយទៅវិញ ទឹកនៅតំបន់បឹងកក់ រឹតតែជន់លិចជាងមុនថែមទៀត គឺផ្ទះអ្នកខ្លះលិចដល់ត្រឹមចង្កេះ ហើយខ្លះលិចត្រឹមក៕