អ្នក​តវ៉ា​រឿង​ដី​នៅ​ក្រចេះ​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន

ដោយ​ សូត សុខប្រាថ្នា
2014.04.27

អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ចេញ​មុខ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ឃុំ​ដំរីផុង ស្រុក​ឆ្នូង ខេត្ត​ក្រចេះ នៅ​ថ្ងៃ​២៦ មេសា។ ក្នុង​សំណុំ​រឿង​ដដែល​នេះ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​កើន​ឡើង​រហូត​ដល់ ៣​នាក់​ហើយ ចាប់​តាំង​ពី​ថ្ងៃ​២៥ មេសា មក។ ការ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់​ចុង​ក្រោយ​នេះ សមត្ថកិច្ច​កំណត់​មុខ​សញ្ញា​ថា បាន​បង្ក​ការ​ញុះញង់​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ឲ្យ​ចេញ​មុខ​តវ៉ា​ជាមួយ​ក្រុមហ៊ុន។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​ចេញ​មុខ​តវ៉ា​រឿង​ដីធ្លី​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​ថា បាន​ធ្វើ​សកម្មភាព​ញុះញង់ និង​បង្ក​ការ​រំខាន​ដល់​អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​ច្បាប់។ ការ​ចាប់​ឃាត់​ខ្លួន​នោះ គឺ​មាន​ប្រជាពលរដ្ឋ ៣​នាក់​ហើយ ក្នុង​នោះ​រួម​មាន​ទី​១ លោក ស៊ឹម ផល ទី​២ លោក ផា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥ មេសា និង​ទី​៣ លោក ហម លី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​២៦ មេសា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​នាំ​គ្នា​បម្រុង​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​សាលា​ស្រុក​ឆ្លូង ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រជាពលរដ្ឋ​ដែល​បាន​ចាប់​ខ្លួន​ពីរ​នាក់​ដំបូង និង​សុំ​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ពួកគាត់​កំពុង​អាស្រ័យ​ផល​នោះ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៦ មេសា ពួកគាត់​ជាច្រើន​នាក់​បម្រុង​នឹង​លើក​គ្នា​ទៅ​ធ្វើ​ការ​តវ៉ា​ដល់​អាជ្ញាធរ​ស្រុក​ដើម្បី​ធ្វើ​អន្តរាគមន៍​ឱ្យ​ដោះលែង​ចំពោះ​មនុស្ស​ពីរ​នាក់​ដែល​អាជ្ញាធរ​ចាប់​កាល​ពី​ថ្ងៃ​ទី​២៥ មេសា នោះ ប៉ុន្តែ​គម្រោង​នេះ​មិន​បាន​សម្រេច​ឡើយ ហើយ​បែរ​ជា​ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក ហម លី ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃាត់​ខ្លួន រួម​នឹង​មាន​វាយដំ​ទៀត​ផង។

ពលរដ្ឋ៖ «ព្រោះ​តែ​ប្រជាពលរដ្ឋ​អត់​មាន​ដី​ធ្វើ​បើ​ចេញ​ពី​កន្លែង​ហ្នឹង​ទៅ​ណា​មួយ​នៅ​ស្រុក​ហ្នឹង ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដំបូង​លក់​ដី​នៅ​ស្រុក​អស់​ហើយ ដើម្បី​ប្តូរ​ពី​កន្លះ​ហិកតារ​មក​យក​មួយ​ហិកតារ ពីរ​ហិកតារ បី​ហិកតារ​អ៊ីចឹង។ បើ​នៅ​ស្រុក​កន្លះ​ហិកតារ អ៊ីចឹង​ហូប​អត់​គ្រាន់​សម្រាប់​ជីវភាព​គ្រួសារ ហើយ​លក់​អី​ណោះ​បាន​សោហ៊ុយ​តិចតួច​ ហើយ​មក​អី​ណេះ​បាន​ពីរ​ហិកតារ ឬ​ក៏​បី​ហិកតារ​អ៊ីចឹង​ដើម្បី​ចិញ្ចឹម​កូន​គាត់​ប្រាំពីរ​ប្រាំបី​នាក់»

ប្រភព​ដដែល​បាន​លើក​ឡើង​ទាំង​អស់​សង្ឃឹម​ថា ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ទៅ​តវ៉ា​នោះ នៅ​ឯ​ដី​ចម្ការ​របស់​ខ្លួន គឺ​ខាង​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដំណាំ​របស់​ពួកគាត់​អស់ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​យល់​ព្រម​ទទួល​យក​សំណង់​ពី​ភាគី​ក្រុមហ៊ុន​ទៀង​ផង។ លោក​បន្ត​ទៀត​ថា អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​ណា​ក្រៅ​តែ​បង្ខំ​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​យក​សំណង់​ជា​ប្រាក់​ក្នុង​មួយ​ហិកតារ ២៥០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ផ្តិត​មេដៃ​ប្រគល់​ដី​ដែល​ពួក​គាត់​បាន​កាន់កាប់​ក្រោយ​បទបញ្ជា​សូន្យ​មួយ​ដែល​អាជ្ញាធរ​បញ្ជាក់​ថា ជា​ដី​ប៉ះពាល់​លើ​ដី​ក្រុមហ៊ុន​នោះ។ បើ​ទោះ​បី​ជា​មិន​មាន​សង្ឃឹម​ក៏ដោយ ក៏​លោក​សុំ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​គិតគូរ​ដី​ដែល​ពួកគាត់​កំពុង​តវ៉ា​នោះ ពីព្រោះ​ប្រសិនបើ​មានតែ​ដី​សម្រាប់​តួ​ផ្ទះ ពួកគាត់​ក៏​ពិបាក​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ​នោះ​ដែរ។

​ទាក់ទង​នឹង​បញ្ហា​នេះ អភិបាលរង​ខេត្ត​ក្រចេះ ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី លោក ខ័ណ្ឌ ចំណាន បាន​មាន​ប្រសាសន៍​ថា លោក ហម លី ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ គឺ​ជា​មុខសញ្ញា​ដែល​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើការ​ប្រឆាំង​នឹង​សមត្ថកិច្ច​ក្នុង​រឿង​ដីធ្លី​នៅ​ពេល​កន្លង​មក ដូចនេះ​អាជ្ញាធរ​មាន​តែ​អនុវត្ត​តាម​នីតិវិធី។

លោក ខ័ណ្ឌ ចំណាន៖ «អត់​ទេ! គាត់​មេខ្លោង​គាត់​នៅតែ​ភ្នំពេញ ហើយ​នៅ​ពេល​ដែល​យើង​បាន​ត្រួត​ពិនិត្យ​ទៅ​ថា​គាត់​ជា​ធ្វើការ​នូវ​អង្គភាព​អគ្គបញ្ជាការ​អង្គរក្ស​អ៊ីចឹង។ អ៊ីចឹង​បាន​នៅ​តាម​ផ្លូវ​គាត់​បាន​ធ្វើ​សកម្មភាព​ប្រុង​រត់​គេច​ខ្លួន​ពី​ក្នុង​រថយន្ត​សមត្ថកិច្ច ប្រើ​អំពើ​ហិង្សា​មក​កងកម្លាំង​នៅ​ក្នុង​រថយន្ត ប៉ុន្តែ​យើង​បង្ក្រាប​បាន​ទាន់​ពេល​វេលា ហើយ​ឥឡូវ​កំពុងតែ​នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ដើម្បី​កសាង​សំណុំ​រឿង»

លោក​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​នាំគ្នា​តវ៉ា​នោះ គឺ​មាន​មិន​ដល់ ១០០​គ្រួសារ​នោះ​ទេ ហើយ​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ ៣០​ភាគរយ​ហើយ​ដែល​បាន​យល់​ព្រម​ទទួល​យក​សំណង ២៥០​ដុល្លារ ក្នុង​ដី​មួយ​ហិកតារ ដើម្បី​បញ្ឈប់​ការ​តវ៉ា​នោះ ហើយ​អាជ្ញាធរ​នៅ​តែ​បន្ត​រង់ចាំ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដើម្បី​ចូល​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​នេះ។

វិធានការ​ក្ដៅ​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ គឺ​ចាប់​ផ្ដើម​នៅ​ក្រោយ​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច​ដោយ​អះអាង​ថា ចាត់​វិធានការ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ដី​ខុសច្បាប់​ឱ្យ​អស់​នៅ​ក្នុង​ឆ្នាំ​២០១៤។ចំណែក​ឯ​ប្រជាពលរដ្ឋ​បាន​រិះគន់​ថា ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​នោះ គឺ​ជា​ការ​បំបាក់​ស្មារតី​ចំពោះ​នរណា​ម្នាក់​ដែល​បាន​ចេញ​មុខ​តវ៉ា​ការពារ​ដី​របស់​ខ្លួន គឺ​តែងតែ​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ជា​មេខ្លោង និង​ជា​អ្នកដើរ​ញុះញង់​ប្រឆាំង​ទៅ​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។