ពលរដ្ឋ​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ពោធិ៍សាត់​រឿង​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក

ដោយ ជិន ជេដ្ឋា
2017-02-07
Share
តុលាការ ពោធិ៍សាត់ ៦២០ សាលាដំបូង​ខេត្ត​ពោធិ៍សាត់។ រូបថត​ឆ្នាំ​២០១៤
RFA/Chin Chetha

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៥​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ធ្វើ​ស្រែ​ប្រាំង​លើ​ដី​វាល​ទំនាប​ក្បែរ​បឹង​ទន្លេសាប ត្រូវ​បាន​ដោះលែង​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។ ចំណែក​ពលរដ្ឋ ៤​នាក់​ដែល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ជាមួយ​គ្នា​នោះ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ រង់ចាំ​នីតិវិធី​តុលាការ។

អ្នក​ភូមិ​នៃ​ឃុំ​ចក និង​ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ចំនួន ៥​នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត ដែល​ធ្លាប់​ចូល​ទៅ​ធ្វើ​ស្រែ​ប្រាំង​ក្បែរ​មាត់​ទន្លេ​ក្នុង​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ តាម​មាត្រា​២៥៩ នៃ​ច្បាប់​ភូមិបាល ខណៈ​ពលរដ្ឋ​ខ្លះ​ថា​ពួក​គេ​បាន​អាស្រ័យ​លើ​ដី​នោះ​រយៈពេល ១៦ ទៅ ២០​ឆ្នាំ​ហើយ។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ឡុង ជាប ថ្លែង​ថា តុលាការ​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​ដោយ​ពុំ​មាន​សម្ពាធ​អន្តរាគមន៍​ពី​អ្នក​ណា​នោះ​ទេ។ ការ​សម្រេច​ដោះលែង​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម ៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ពេល​នេះ ក៏​ព្រោះ​តែ​ស្ត្រី​រូប​នោះ​មាន​ជំងឺ និង​ទើប​ឆ្លង​ទន្លេ​រួច«បាទ! ម្នាក់​ត្រូវ​ដោះលែង​ដោយសារ​គាត់​កូន​ខ្ចី។ នីតិវិធី​ខាង​ខ្ញុំ​អត់​មាន​ទៅ​ស្អី​ទេ! ខាង​ខ្ញុំ​ត្រូវ​ដើរ​តាម​នីតិវិធី​ដែល​ច្បាប់​បាន​កំណត់ ថា​ត្រូវ​ធ្វើ​ម៉េច ធ្វើ​ទៅ​តាម​នីតិវិធី​បន្ត​ទៀត ហើយ​លោក​សួរ​ថា ចរចា (អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត និង​តំណាង​ពលរដ្ឋ) ខ្ញុំ​អត់​ដឹង​ផង»

ច្បាប់​ភូមិបាល​មាត្រា​២៥៩ ចែង​ថា ការ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ទៅ​ដល់ ៥០​លាន​រៀល។

ពលរដ្ឋ​ម្នាក់​ដែល​ទើប​ដើរ​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ លោកស្រី ស៊ិន សរ មាន​ប្រសាសន៍​ថា រយៈពេល ១០​ឆ្នាំ​ហើយ​ដែល​រូប​គាត់ និង​ប្ដី​បាន​ចូល​ធ្វើ​ស្រែ​នៅ​ក្បែរ​ទន្លេ​ក្នុង​ទឹក​ដី​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ឋិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឃុំ​ត្រពាំងចាន់ ដែល​លោកស្រី​រស់នៅ​នោះ មិន​ដែល​ឃើញ​ស្លាក ឬ​បង្គោល​របស់​មន្ទីរ​បរិស្ថាន​បោះ​កំណត់​ព្រំ​ដី ដើម្បី​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ទេ«ខ្ញុំ​ឮ​តែ​គេ​ហាមឃាត់ ប៉ុន្តែ​ខ្ញុំ​អត់​ដែល​ជួប​ប្រទះ។ ខ្ញុំ​មាន​យល់​យ៉ាង​ម៉េច! បើ​ប្រជាជន​រាប់​រយ​នាក់​ទៅ​ធ្វើ ហើយ​គេ​ចាប់​គ្នា​ខ្ញុំ​តែ​ប្រាំ​នាក់​ហ្នឹង​មក។ គេ​ថា​ឲ្យ​ខ្ញុំ​មក​គ្រាន់​តែ​ចុះ​កិច្ចសន្យា​ឲ្យ​គេ​ថា​ឈប់​ឲ្យ​ធ្វើ​អ៊ីចឹង។ ដល់​គេ​មិន​ឲ្យ​កិច្ចសន្យា យក​ខ្ញុំ​មក​ដាក់​ឃុំ​គ្រប់​កន្លែង»

ក្រុម​ពលរដ្ឋ​អះអាង​ថា ដី​វាល​ទំនាប​ក្បែរ​ទន្លេ​នៅ​ឃុំ​អន្សាចំបក់ ត្រូវ​ពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំងចាន់ និង​ឃុំ​ចក ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង និង​កសិករ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ សរុប​មិន​តិច ១០០​គ្រួសារ​ឡើយ បាន​ចូល​កាន់​កាប់ និង​អាស្រ័យ​ផល​លើ​ដី​វាល​ទំនាប​នោះ​រាល់​ឆ្នាំ។ ដូច្នេះ បើ​អាជ្ញាធរ​ហាមឃាត់ គួរ​តែ​ហាម​ទាំងអស់​គ្នា ហើយ​កំណត់​ទីតាំង និង​ដាក់​ស្លាក​ហាមឃាត់​ឲ្យ​ច្បាស់លាស់។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ លោក ឡាញ់ ស៊ីធន ថ្លែង​ក្នុង​សម្ដី​មួយៗ​ថា លោក​មិន​អាច​ក្ដាប់​តួលេខ​ពលរដ្ឋ​ចូល​ទៅ​ធ្វើ​ស្រែ​ប្រាំង​លើ​ដី​ទំនាប​ក្បែរ​ទន្លេ​ក្នុង​ឃុំ​របស់​លោក​បាន​ទេ ប៉ុន្តែ​ពលរដ្ឋ​ពិត​ជា​បាន​បង្កបង្កើនផល​ស្រូវ​លើ​ដី​នោះ​ច្រើន​ឆ្នាំ​មក​ហើយ​មែន។ បើ​ទោះ​ជា​អាជ្ញាធរ​ហាមឃាត់ តែ​ពលរដ្ឋ​នៅ​តែ​បន្ត​ធ្វើ​ដដែល ទើប​មាន​ការ​ឃាត់​ខ្លួន​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ខេត្ត«ខ្ញុំ​មិន​ទាន់​បាន​ឆែក​ផង ព្រោះ​ភូមិ-ឃុំ​របស់​ខ្ញុំ​វា​មាន​ពីរ​ផ្នែក មួយ​នៅ​លើ មួយ​ទៀត​នៅ​ផ្ទៃ​ទឹក មាន​អាស្រ័យ​ផល​យូរ​ហើយ​តាំង​ពី​ចុះ (បែក​របប​ខ្មែរ​ក្រហម​ឆ្នាំ​១៩៧៩) មាន​មួយ​កន្លែង​ធ្លាប់​ធ្វើ​តាំង​ពី​អើយ​មក តែ​មួយ​ចំនួន​ទើប​រុក​រាន»

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា ដែន​អភិរក្ស​តំបន់​បី​ក្នុង​ខេត្ត​ពោធិ៍សាត់ រង​ការ​កាប់​បំផ្លាញ​ក្រោយ​ឆ្នាំ​២០១១ រហូត​មក ដូចជា​នៅ​ចំណុច​កោះ​ទន្លាក្រាស់ ឋិត​នៅ​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ និង​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ក្បែរ​នោះ​សរុប ៣៣០​ហិកតារ ត្រូវ​ពលរដ្ឋ​រស់នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង និង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​កាប់​រុក​រាន និង​បាញ់​ថ្នាំ​គីមី​ឲ្យ​ព្រៃ​លិច​ទឹក​ងាប់​នៅ​រដូវ​ប្រាំង ដើម្បី​យក​ដី​ទៅ​បង្កបង្កើនផល​ស្រូវ​ប្រាំង​ជា​រៀង​រាល់​ឆ្នាំ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ជាង ៦​សែន​ហិកតារ (៦៤៧.៤០៦​ហិកតារ) នៅ​ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេសាប​ចំនួន​៦ រួម​មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល