ពលរដ្ឋ​​ខេត្តព្រះវិហារ​ជាង ៦០គ្រួសារ ខក​ចិត្ត​នឹង​អាជ្ញាធរ ដែល​មិន​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់

ដោយ ឡេង ម៉ាលី
2022.03.15
ពលរដ្ឋ​​ខេត្តព្រះវិហារ​ជាង ៦០គ្រួសារ ខក​ចិត្ត​នឹង​អាជ្ញាធរ ដែល​មិន​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់ (រូបឯកសារ កាលពី ៣ឆ្នាំមុន) ផ្ទះ និង​ដី​អ្នក​ភូមិ​ នៅ​ឃុំ​ម្លូ​ព្រៃ​១ ស្រុកឆែប ខេត្តព្រះវិហារ ដែល​មាន​ទំនាស់​ភាគ​ច្រើន ឋិតនៅ​ជាប់​ផ្លូវ​ជាតិ​លេខ ៩ ទល់​មុខ​ក្រុមហ៊ុន​ស្ករ​អំពៅចិន ហេងហ្វូ (Hengfu Group Sugar Industry)។
រូបភាព​ពលរដ្ឋឱ្យកាល​ពី​ថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០២២

ពលរដ្ឋ ៦២គ្រួសាររស់នៅខេត្តព្រះវិហារ ខក​ចិត្ត​នឹង​អាជ្ញាធរ​មិន​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី របស់​ពួក​គាត់ ដែល​អូស​បន្លាយ​ពេល​ជាង ១០ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ថា ជម្លោះ​ដីធ្លី​នេះ អាជ្ញាធរ​កំពុង​ដោះ​ស្រាយ​ជូន​ពលរដ្ឋ។

ពលរដ្ឋរស់នៅ​ភូមិពោធិ៍​ទាប ឃុំ​ម្លូ​ព្រៃ​មួយ ស្រុកឆែប ហាក់​នឿយណាយ ក្នុង​ការ​រង់ចាំ ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ ខណៈ​វិវាទ​ដីធ្លី​នេះ បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

តំណាងពលរដ្ឋ លោក ជា សំអឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី ១៤ មីនា​ថា អ្នក​ភូមិ​ភាគ​ច្រើន មាន​ដី​ប្រភេទ​លំនៅឋាន ក្នុង​មួយ​គ្រួសារ ក្បាល ៨ ម៉ែត្រ ដល់​ជាង ១០ម៉ែត្រ បណ្តោយ ជិត ១០០ម៉ែត្រ នៅ​ជាប់​ផ្លូវ​ជាតិ​លេខ ៩ ទល់​មុខ​ក្រុមហ៊ុន​ស្ករ​អំពៅចិន ហេង ហ្វូ (Hengfu Group Sugar Industry)

លោក​ថា អ្នក​ភូមិ បាន​កាន់កាប់​ដី​នេះ តាំង​ពី​ឆ្នាំ២០០៥ ដោយ​មាន​ការ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ/ឃុំ ហើយ ហើយ​រហូត​ដល់​ឆ្នាំ ២០១២ ក្រុម​និស្សិត​ស្ម័គ្រចិត្ត របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាស់វែង​ដីធ្លី​ទាំង​នេះ ដោយ​ផ្តល់​សលាកបត្រ (លិខិត​ទទួល​ប្លង់​រឹង) ជូន​ពលរដ្ឋ ក៏​ប៉ុន្តែ​ពួក​គាត់ នៅ​ពុំ​ទាន់​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ថា ការ​ពន្យារ​ពេល មិន​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​នេះ បណ្ដាល​ឱ្យ​ពលរដ្ឋ​ជួប​ការ​លំបាក ខាត​បង់​ពេល​វេលា ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «បាន​ដាក់​ពាក្យ​ស្នើ​សុំ​រដ្ឋាភិបាល ​សាលាស្រុក​ និង​អភិបាលខេត្ត​ជួយ​ដោះស្រាយ​ជួយ​ពលរដ្ឋ​ក៏​អត់​។ ​ដោះ​ដូរៗ ​ឮ​សូរ​តែ​មាត់ ​តែ​មិន​ធ្វើ​ផ្លូវ​ឱ្យ​គេ​។ ពលរដ្ឋ​រស់​នៅ​ភូមិ​ពោធិ៍​ទាប​នេះ ​ពិបាក​ណាស់​»។

តំណាង​ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា ជម្លោះ​ដីធ្លី​នេះ​កើត​ឡើង ដោយ​សារ​តែ​អាជ្ញាធរ ដក​ហូត​ដី​របស់​ពួក​គាត់ ដោយ​មិន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់​ជាង ១០ឆ្នាំ​មក​ហើយ។ រីឯ​ពលរដ្ឋ​ជាង ៦០គ្រួសារ បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​នេះ ពី​អាជ្ញាធរ​មូលដ្ឋាន ដល់​ថ្នាក់​ជាតិ ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​ពុំ​ទទួល​លទ្ធផល​ឡើយ មក​ទល់​ពេល​នេះ។

ឆ្លើយ​តប​រឿង​នេះ អភិបាល​ស្រុក​ឆែប លោក សុខ សាន្តតារា មានប្រសាសន៍ថា ដីធ្លី​ដែល​ពលរដ្ឋ​បាន​ស្នើសុំ​កាន់​កាប់ ជា​ដី​របស់​រដ្ឋ ហេតុ​នេះ​អាជ្ញាធរ​បាន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពួក​គាត់ នៅ​ទីតាំង​ផ្សេង។ លោក​បញ្ជាក់​ថា អាជ្ញាធរ​គ្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពួក​គាត់​ទាំង​នោះ ក្នុង​មួយ​គ្រួសារ​ទំហំ ក្បាល​ដី ២០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ នៅ​ជិត​ទីតាំង​ចាស់ ២គីឡូ​ម៉ែត្រ ហើយ​ពលរដ្ឋ​ភាគ​ច្រើន បាន​ផ្ដិត​មេដៃ​យល់​ព្រម​អស់​ហើយ៖ «ដោះដូរ​គឺ​យើង​បាន​សង់ខ្ទម ​យើង​បាន​ធ្វើការ​សម្រប​សម្រួល​ឱ្យ​គាត់​ទៅ​នៅ​ កន្លែង​ស្រប​ច្បាប់​។​ ដី​ហ្នឹង​បងប្អូន​ដែល​គ្មាន​ដី​នៅ​ពិត​ប្រាកដ ​ដី ​១០ភាគរយ ​យើង​បែង​ចែក​ជូន​គាត់​ សម្រាប់​ធ្វើ​លំ​នៅ​ឋាន​ពិត​ប្រាកដ​។ ហើយបានបែងចែក ហើយ​គាត់​បាន​ផ្តិត​មេដៃ​ព្រមព្រៀង​អស់​ហើយ​»។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា ការ​ពន្យារ​ពេល មិន​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ នឹង​បង្ក​ប៉ះពាល់​ជីវភាព និង​សេដ្ឋកិច្ច​របស់​ពលរដ្ឋ។ លោក​ថា ទង្វើ​របស់​អាជ្ញាធរ​ខេត្តព្រះវិហារ ហាក់​ផ្គើន​នឹង​គោល​ការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ៖ «គាត់​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​បើ​មិន​ព្រម​ដោះស្រាយ​ ដីធ្លី​គាត់​ហ្នឹង​អត់​មាន​សុវត្ថិភាព​ទេ ​មិន​ដឹង​យ៉ាង​ណា​ទៅ​ថ្ងៃ​មុខ​។ ​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​គាត់ ​រក​ធ្វើ​ការ​ងារ​ណា ​ក៏​មិន​កើត​ដែរ​ ព្រោះ ​គាត់​គិត​ថា ​មនុស្ស​បើ​មាន​រឿង ​ក្នុង​ចិត្ត​ហើយ ​ធ្វើ​អ្វី​ក៏​អត់​ជ្រះ​ស្រឡះ​ដែ​រ។ ដូច្នេះ​អាជ្ញាធរ​គួរតែ​ពន្លឿន​ដោះស្រាយ​ជូន​ពួកគាត់​»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ជម្លោះ​ដីធ្លី​នេះ​អាជ្ញាធរ​គួរ​តែ​ដោះ​ស្រាយ​ជា​យូរ​មក​ហើយ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​ធ្វើ​លំនៅឋាន រស់នៅ មិន​គួរ​អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ​ដូច្នេះ​ទេ។ លោក​ថា នៅ​ខេត្ត​ព្រះវិហារ មាន​បញ្ហា​ដីធ្លី​ជា​ច្រើន​តំបន់​ទៀត នៅ​បន្ត​រាំង​ស្ទះ មិន​មាន​ដំណោះស្រាយ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល ចេញ​បទ​បញ្ជា​ជា​បន្ទាន់​មួយ ដើម្បី​សម្រាល​ការ​លំបាក​របស់​ពលរដ្ឋ​ទាំង​កាយ និង​ចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។