ក្រុមអតីតស្ត្រីបឹងកក់ ដែលត្រូវគេបណ្ដេញដោយបង្ខំប្រមាណ ៤០នាក់ លើកគ្នាមកស្រែកទាមទារសំណងបន្ថែមពីធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២១ កក្កដា បន្ទាប់ពីពួកគេដឹងថា ធនាគារមួយនេះបានផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ឲ្យរដ្ឋាភិបាលកម្ពុជាជាថ្មីទៀត នូវទឹកប្រាក់ប្រមាណ ១៣០លានដុល្លារសហរដ្ឋអាមេរិក។ ខណៈពួកគេលើកបដា និងស្រែកតវ៉ាមុខការិយាល័យធនាគារ មានក្រុមកងសន្តិសុខខណ្ឌដូនពេញ ដើរមកដណ្ដើមយកបដា និងដកយកឧបករណ៍បំពងសំឡេង។
តំណាងអតីតស្ត្រីនៅតំបន់បឹងកក់ កញ្ញា អ៊ឹម ស្រីទូច លើកឡើងថា ដោយសារតែទឹកប្រាក់របស់ធនាគារពិភពលោកឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីយកអភិវឌ្ឍនោះហើយ ទើបធ្វើឲ្យពួកគាត់បាត់បង់ដីធ្លី ផ្ទះសម្បែង និងមុខរបរចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃនេះ៖ «យើងមកធនាគារពិភពលោកថ្ងៃនេះ មានបំណងចង់ជួបប្រធានធនាគារពិភពលោក ដើម្បីឲ្យគាត់ឲ្យច្បាស់ពីការផ្ដល់ជំនួយរាប់រយលានដល់រដ្ឋាភិបាល ព្រោះថា លុយជាង ២០លានដុល្លារឲ្យរដ្ឋាភិបាលកាលពីឆ្នាំ២០០៦ ផង ពួកយើងប្រជាពលរដ្ឋជាង ៣ពាន់គ្រួសាររងគ្រោះ ត្រូវបាត់បង់ផ្ទះសម្បែង វេទនា ធ្លាក់ខ្លួនក្រីក្រ ហើយមិនទាន់បានដោះស្រាយភាពក្រីក្ររបស់ពួកយើង ឥឡូវឮថា ធនាគារពិភពលោក គម្រោងផ្ដល់លុយមកឲ្យប្រហែលជាង ១០០លាន។ ពួកយើងអ្នករងគ្រោះ គឺយើងបារម្ភខ្លាចថា លុយជាង ២០លានផង ពួកយើងរងគ្រោះ រាប់ម៉ឺននាក់ទៅហើយ ចុះទម្រាំជាង១០០លាន តើពលរដ្ឋខ្មែរប៉ុន្មានលាននាក់ ដែលរងគ្រោះវេទនាដូចពួកយើង»។
ទោះបីជាយ៉ាងណា ក្រុមអ្នកតវ៉ាប្រកាសជំហរថា ពួកគេនឹងបន្តការតវ៉ានេះតទៅទៀតដរាបណាពួកគាត់នៅមិនទាន់ទទួលបានសំណងបន្ថែមពីធនាគារពិភពលោក។
កាលពីថ្ងៃទី៩ ខែមិថុនា ធនាគារពិភពលោកសម្រេចផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ដល់រដ្ឋាភិបាលកម្ពុជា ចំនួន ១៣០លានដុល្លារ ដោយត្រូវអនុវត្តលើគម្រោងចំនួន៤។ គម្រោងទាំងនោះផ្ដោតលើ ការលើកកម្ពស់គុណភាពសុខភាព គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ គម្រោងគ្រប់គ្រងផ្លូវថ្នល់ទី២ ដើម្បីធ្វើឲ្យកាន់តែប្រសើរលើផ្លូវជាតិក្នុងខេត្តកំពត ព្រះសីហនុ ត្បូងឃ្មុំ និងក្រចេះ គម្រោងបែងចែកដីសម្រាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ជូនសម្រាប់សេវាបណ្ដុះបណ្ដាលវិស័យកសិកម្មដល់ប្រជាជនក្នុងសហគមន៍ចំនួន ១៤ នៅ ៥ខេត្ត ដែលមានប្រជាជនច្រើនជាង ៥ពាន់គ្រួសារ។
ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ទាំងនេះ នាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក អ៊ូលរិច ហ្សាចៅ (Ulrich Zachau) រំពឹងថា ការផ្ដល់ហិរញ្ញប្បទាននេះ នឹងជួយចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រដែលរស់ពឹងផ្អែកនឹងកសិកម្ម និងនេសាទនៅកម្ពុជា កាន់តែប្រសើរឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។