សហគមន៍​មាន​ជម្លោះ​ដី​នៅ​បុរីកីឡា​លែង​ហ៊ាន​ចាក​ចេញ​​ពី​ផ្ទះ​ព្រោះ​ខ្លាច​អាជ្ញាធរ​វាយ​កម្ទេច

ដោយ វ៉ែន សុមេធ
2017-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។
ក្រុម​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo provided

សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​បុរីកីឡា រក្សា​ជំហរ​មិន​ចាក​ចេញ​ពី​ផ្ទះ​ឡើយ បើ​ទោះ​ជា​ពួកគាត់​ប្រឈមមុខ​នឹង​អំពើ​ហិង្សា​ពី​ក្រុម​អាជ្ញាធរ នៅ​ថ្ងៃ​ផុត​ឱសានវាទ​យ៉ាង​ណា​ក៏ដោយ។ ខណៈ​ដែល​ថ្ងៃ​ឱសានវាទ​ខិត​ជិត​មក​ដល់ ក្រុម​ស្ត្រី​នៅ​ក្នុង​សហគមន៍ ចាប់​ផ្ដើម​លែង​ហ៊ាន​ចេញ​ពី​ផ្ទះ​ទៅ​ប្រកប​របរ​រក​ស៊ី​ហើយ ដើម្បី​នៅ​ការពារ​ផ្ទះសម្បែង​របស់​ពួកគេ។

​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បុរីកីឡា ប្រាប់​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ដល់​ក្រោយ​ថ្ងៃ​ឱសានវាទ ពួកគាត់​នឹង​នៅ​ក្នុង​ផ្ទះ​រហូត ដើម្បី​ការពារ​ផ្ទះ ព្រោះ​ខ្លាច​អាជ្ញាធរ​មក​កម្ទេច​ចោល​ទៀត។ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​បុរីកីឡា អ្នកស្រី សោម សុមាលី អះអាង​ថា អ្នក​មាន​ជម្លោះ​ទាំង ១១​គ្រួសារ​ដែល​នៅ​សល់ ប្ដេជ្ញា​តស៊ូ​ដាក់​ជីវិត​ដើម្បី​ការពារ​ផ្ទះ​សម្បែង។ អ្នកស្រី​ថា ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​បុរីកីឡា មិន​ព្រម​ទទួល​យក​គោលការណ៍​របស់​សាលាក្រុង​ភ្នំពេញ ដែល​កំហិត​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​ឯ​ភូមិ​អណ្ដូង ខណ្ឌ​សែនសុខ ជាយ​រាជធានី​ភ្នំពេញ និង​លុយ ៣.០០០​ដុល្លារ​នោះ​ទេ។

​អ្នកស្រី សោម សុមាលី៖ «ភ័យ​ព្រួយ​ដែរ ហើយ​ណា​មួយ​ខ្ញុំ​នឹក​ឃើញ​ថា កូន​ខ្ញុំ​ពោះ​ធំ​គ្រប់​ខែ គ្នា​កូន​ដំបូង​ផង ហើយ​ណា​មួយ ប្រសិន​ក្រោយ​ថ្ងៃ​ឱសានវាទ​ហ្នឹង​គេ​មក​ឈូស​ឆាយ​ផ្ដួល​អគារ​ចាស់​ហ្នឹង ឧទាហរណ៍​គេ​ចាប់​គេ​អី​ខ្ញុំ​ហ្នឹង ខ្ញុំ​ពិបាក​ចិត្ត​តែ​រឿង​កូន​ហ្នឹង។ … ពួក​ខ្ញុំ​ទាល់តែ​បាន​ផ្ទះ​នៅ​បុរីកីឡា ទើប​ពួក​ខ្ញុំ​ទទួល​យក​បាន ព្រោះ​កិច្ច​សន្យា​របស់​សម្ដេច​នៅ​បុរីកីឡា ហើយ​ដល់​ពេល​គាត់ (សាលាក្រុង) ឲ្យ​ពួក​ខ្ញុំ ៣.០០០​ដុល្លារ ទៅ​ភូមិ​អណ្ដូង ខ្ញុំ​មិន​អាច​ទទួល​យក​បាន អ៊ីចឹង​ពួក​ខ្ញុំ​គោរព​តែ​កិច្ចសន្យា​របស់​សម្ដេច​តែ​មួយ​គត់»

​អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កំណត់​រយៈពេល​ចុង​ក្រោយ​នៃ​ការ​ទទួល​ដោះស្រាយ​សំណង​គោលនយោបាយ​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​សហគមន៍​បុរីកីឡា ដោយ​ទុក​រយៈពេល ២​សប្ដាហ៍ គឺ​ត្រឹម​ថ្ងៃ​ទី​២២ ខែ​ធ្នូ ហើយ​ថា ពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន ត្រូវ​ទៅ​ទទួល​យក​សំណង​ជា​កំហិត។ ផុត​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមាន​អនុវត្ត​វិធានការ​រដ្ឋបាល និង​ប្រើប្រាស់​យន្តការ​តុលាការ​ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​ផលប្រយោជន៍ និង​ថែម​ទាំង​បញ្ឈប់​រាល់​ការ​ដោះស្រាយ​សំណង ដោយសារ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាត់​ទុក​ថា ពលរដ្ឋ​ទាំង​នោះ​បោះបង់​សិទ្ធិ​ក្នុង​ការ​ទទួល​យក​សំណង​គោលនយោបាយ​របស់​ខ្លួន។

​រី​ឯ​សហគមន៍​មាន​ជម្លោះដីធ្លី​វិញ ហៅ​ទង្វើ​របស់​សាលាក្រុង​ថា ជា​ការ​សម្លាប់​ពលរដ្ឋ​ក្រីក្រ​ដែល​ជា​ម្ចាស់​ដី ហើយ​បច្ចុប្បន្ន​ម្ចាស់​ដី​ទាំង​នោះ​កំពុង​ប្រឈម​មុខ​ជីវភាព​ទីទ័លក្រ ដោយសារ​ម្ចាស់​ដី​ខ្លះ​ធ្លាក់​ខ្លួន​រស់​នៅ​តាម​សំយាក​ផ្ទះ​គេ និង​នៅ​ក្រោម​ជណ្ដើរ​អគារ ដោយ​អ្នក​ខ្លះ​ប្រកប​មុខ​របរ​រើស​អេតចាយ បេះ​ត្រកួន ឬ​ស៊ី​ឈ្នួល​បោក​ខោអាវ​ជាដើម ដើម្បី​យក​លុយ​ផ្គត់ផ្គង់​កូន​ឲ្យ​បាន​ទៅ​សាលារៀន។

​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា​នេះ បាន​អូស​បន្លាយ​ចាប់​ពី​ឆ្នាំ​២០០៣ មក គឺ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) ទទួល​បាន​សម្បទាន​ដី​សង្គមកិច្ច​នៅ​សហគមន៍​បុរីកីឡា ដើម្បី​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម។ តាម​កិច្ចសន្យា ក្រុមហ៊ុន​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​សាងសង់​លំនៅឋាន​ចំនួន ១០​អគារ នៅ​លើដី​ទីតាំង​នោះ​សម្រាប់​ពលរដ្ឋ​ជិត ១.៨០០​គ្រួសារ​រស់​នៅ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន​នេះ​សង់​បាន​តែ ៨​អគារ​ប៉ុណ្ណោះ ជា​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ចំនួន ៣៨០​គ្រួសារ​ពុំ​ទទួល​បាន​សំណង​ត្រឹមត្រូវ។

កាល​ពី​ឆ្នាំ​២០១២ ផ្ទះសម្បែង និង​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ ដែល​មិន​ព្រម​ចាក​ចេញ ត្រូវ​បាន​បំផ្លិចបំផ្លាញ​អស់។ ទំនាស់​ដីធ្លី​នៅ​បុរីកីឡា​នេះ កាន់​តែ​ខ្លាំង​ឡើងៗ បន្ត​រហូត​ដល់​ឆ្នាំ​២០១៤ ទើប​មាន​ការ​ពិភាក្សា​ជា​ច្រើន​លើក​ច្រើន​សា​រវាង​ប្រជាពលរដ្ឋ​រងគ្រោះ​រាប់​រយ​គ្រួសារ និង​សាលាក្រុង។ បន្ទាប់​មក​ពលរដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​សុខចិត្ត​ទទួល​យក​សំណង​ជា​ថ្នូរ​ការ​ចាក​ចេញ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ចំនួន ១១​គ្រួសារ​ទៅ​បន្ត​រស់​នៅ​ក្នុង​អគារ​មួយ​ជិត​លំនៅឋាន​របស់​ខ្លួន​រង់ចាំ​សំណង​សមរម្យ។

​នៅ​ក្នុង​កំឡុង​ពេល​ឱសានវាទ (៨-២២ ខែ​ធ្នូ) ក្រុម​សហគមន៍​បុរីកីឡា បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ម្ដង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ និង​ម្ដង​ទៀត​នៅ​មុខ​ភូមិគ្រឹះ​របស់​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច គឺ​អ្នកស្រី ស៊ុយ សុផាន កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ និង​ប្រឆាំង​ឱសានវាទ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ការ​តវ៉ា​ទាំង​នោះ មិន​ទទួល​បាន​ដំណោះស្រាយ​បែប​ណា​នោះ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣៤ អំពាវ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្ដល់​សំណង​សមរម្យ​ជូន​ដល់​ពលរដ្ឋ​នៅ​បុរីកីឡា ដែល​នៅ​សេសសល់​ចំនួន ១១​គ្រួសារ ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​លំនៅឋាន​របស់​ពួក​គាត់។ សេចក្ដី​ថ្លែងការណ៍​ចុះ​កាល​ពី​ថ្ងៃ​ពុធ ទី​២០ ខែ​ធ្នូ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​សម្ដែង​ក្ដី​បារម្ភ​ក្រោយ​ពេល​ដែល​សាលាក្រុង​បាន​ដាក់​ឱសានវាទ​បង្ខំ​ឲ្យ​ពលរដ្ឋ​ជាង ១០​គ្រួសារ​នោះ ត្រូវ​យល់​ព្រម​ទទួល​សំណង​នៅ​ត្រឹម​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧។

​អ្នក​សម្របសម្រួល​កំណែ​ទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត មើល​ឃើញ​ថា សាលាក្រុង​ភ្នំពេញ បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​បុរីកីឡា បាន​ល្អ​ចាប់​ពី​ជាង ៩០​ភាគរយ មក​សល់​ត្រឹម ១០​ភាគរយ ពោល​គឺ​តាំង​ពី​ជម្លោះ ១៥៤​គ្រួសារ រហូត​នៅ​សល់​ត្រឹម ១១​គ្រួសារ។ ដូច្នេះ​សាលាក្រុង​គួរ​តែ​រក​វិធី​ចរចា​គ្នា ដើម្បី​រក​បាន​ដំណោះស្រាយ​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត ជៀសវាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា។

លោក វណ្ណ សូផាត៖ «ជា​អ្វី​ដែល​ខ្ញុំ​សង្កេត​មើល អ្នក​ដែល​ដើរ​តួ​សំខាន់ ភាគី​ដែល​ដើរ​តួ​សំខាន់ គឺ​សាលា​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ។ ចំណែក​ក្រុមហ៊ុន​ហ្នឹង គឺ​ថា វា​អាស្រ័យ​ទៅ​លើ​សាលា​រាជធានី​ភ្នំពេញ ថា​គួរ​តែ​ដោះស្រាយ​ជាមួយ​គាត់​យ៉ាង​ម៉េចៗ អា​ហ្នឹង​គឺ​ជា​កាតព្វកិច្ច​របស់​សាលា​រាជធានី​ភ្នំពេញ និយាយ​ជាមួយ​ក្រុមហ៊ុន​បន្ត​ទៀត»

​សហគមន៍​រង​គ្រោះ​ដីធ្លី​នៅ​បុរីកីឡា អះអាង​ថា ពួកគាត់​គ្រោង​នឹង​ធ្វើ​ញត្តិ​ដាក់​តាម​ស្ថានទូត ប្រសិនបើ​ការ​ទាមទារ​របស់​ពួកគាត់​នៅ​សាលា​ក្រុង​ភ្នំពេញ និង​មុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន មិន​ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយ​ឲ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល