ក្រោយ​ការ​បណ្ដេញ​ចេញ​ជិត​៦​ឆ្នាំ ពលរដ្ឋ​បុរីកីឡា​ប្រឈម​ការ​បណ្ដេញ​ចេញ​ជា​ថ្មី

ដោយ មួង ណារ៉េត
2017-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​សមត្ថកិច្ច​ចុះ​បំបែក​អតីត​អ្នក​បុរីកីឡា ដែល​ព្យាយាម​ចូល​ទៅ​រស់​នៅ​អគារ​ចាស់​ឡើង​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។
កម្លាំង​សមត្ថកិច្ច​ចុះ​បំបែក​អតីត​អ្នក​បុរីកីឡា ដែល​ព្យាយាម​ចូល​ទៅ​រស់​នៅ​អគារ​ចាស់​ឡើង​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

ពលរដ្ឋ​សហគមន៍​បុរីកីឡា ដែល​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ បណ្ដេញ​ចេញ​ពី​លំនៅឋាន​យ៉ាង​ហិង្សា​កាល​ពី​ជាង​ប្រាំ​មុន ពេល​នេះ​ពួកគេ​ប្រឈម​កា​បណ្ដេញ​ជា​ថ្មី​ម្តង​ទៀត ប្រសិនបើ​មិន​ទទួល​យក​សំណង​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex)  ក្រោម​ការ​ចាត់​ចែង​របស់​សាលាក្រុង​ភ្នំពេញ។ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​លំនៅឋាន​ព្រមាន​ថា បើ​អាជ្ញាធរ​បណ្ដេញ​ពលរដ្ឋ​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​ធ្នូ នេះ​មែន នោះ​វា​ជា​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

​ពលរដ្ឋ​បុរីកីឡា​ទាំង ១១​គ្រួសារ អាច​នឹង​ប្រឈម​ការ​បណ្ដេញ​ចេញ​ដោយ​ហិង្សា នៅ​ថ្ងៃ​សៅរ៍ ទី​២៣ នេះ ដែល​ជា​ថ្ងៃ​ឱសានវាទ​របស់​សាលា​ក្រុង​ភ្នំពេញ កំណត់​ឲ្យ​ទទួល​យក​សំណង​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​បុរីកីឡា បាន​ចូល​មក​ដល់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ។

​តំណាង​ពលរដ្ឋ​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន ឲ្យ​ដឹង​ថា លោកស្រី​និង​ពលរដ្ឋ​បុរីកីឡា ១០​គ្រួសារ​ផ្សេង​ទៀត មិន​ទទួល​យក​សំណង​ដែល​សាលាក្រុង​គ្រោង​ផ្ដល់​ឲ្យ​នោះ​ទេ។ លោកស្រី​ព្រមាន​ថា បើ​មាន​ការ​បណ្ដេញ​ក្រុម​ពលរដ្ឋ​ចេញ​ទីលំនៅ​ឋាន​មែន​នោះ នឹង​ផ្ទុះ​ហិង្សា​ខ្លាំង ព្រោះ​ក្រៅ​ពី​ក្រុម​ពលរដ្ឋ​បុរីកីឡា​ទាំង ១១​គ្រួសារ ពលរដ្ឋ​បុរីកីឡា​ជិត ១០០​គ្រួសារ​ផ្សេង​ទៀត នឹង​រួមគ្នា​ប្រឆាំង​ការ​បណ្ដេញ​នោះ៖ «»។

​អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា  បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កំណត់​ត្រឹម​ថ្ងៃ​ទី​២២ ខែ​ធ្នូ តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច ត្រូវ​ទៅ​ទទួល​យក​សំណង​ជា​កំហិត។ លោក​ព្រមាន​ថា ផុត​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​ប្រើប្រាស់​យន្តការ​តុលាការ ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​ផល​ប្រយោជន៍ និង​ថែម​ទាំង​បញ្ឈប់​រាល់​ការ​ដោះស្រាយ​សំណង ដោយសារ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាត់​ទុក​ថា ពលរដ្ឋ​ទាំង​នោះ​បោះបង់​សិទ្ធិ​ក្នុង​ការ​ទទួល​យក​សំណង​គោលនយោបាយ​របស់​ខ្លួន។

​ទោះ​យ៉ាង​នេះ​ក្តី នៅ​ពេល​ដល់​ថ្ងៃ​កំណត់​នៃ​ការ​ព្រមាន​របស់​លោក គឺ​ថ្ងៃ​ទី​២២ ខែ​ធ្នូ លោក មាន ចាន់យ៉ាដា បដិសេធ​មិន​ប្រាប់​វិធានការ​របស់​ក្រុង ថា​នឹង​អនុវត្ត​យ៉ាង​ណា​លើ​ពលរដ្ឋ​បុរីកីឡា នោះ​ឡើយ។

ប្រធាន​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ និយាយ​ថា ប្រសិនបើ​អាជ្ញាធរ​ចង់​បណ្ដេញ​ក្រុម​ពលរដ្ឋ​បុរីកីឡា គឺ​ជា​រឿង​ស្រួល​ណាស់  ព្រោះ​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​នេះ កំពុង​ដាក់​គំនាប​លើ​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស សិទ្ធិ​លំនៅឋាន និង​អ្នក​សារព័ត៌មាន​ឯករាជ្យ។ ប៉ុន្តែ​លោក​និយាយ​ថា បើ​មានការ​បណ្ដេញ​ពលរដ្ឋ​បុរីកីឡា ដោយ​ហិង្សា​ជា​ថ្មី​ម្តង​ទៀត រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន គឺ​ស្មើ​នឹង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​លើ​ពលរដ្ឋ​របស់​ខ្លួន៖ «»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក។ Photo: RFA

សាលាក្រុង​ភ្នំពេញ ផ្ដល់​សំណង​ដល់​ពលរដ្ឋ​ទាំង ១១​គ្រួសារ ដែល​កំហិត​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​ឯ​ភូមិ​អណ្ដូង ខណ្ឌ​សែនសុខ ជាយ​រាជធានី​ភ្នំពេញ និង​លុយ ៣.០០០​ដុល្លារ។ ពលរដ្ឋ​ហៅ​ទង្វើ​របស់​សាលាក្រុង​ថា ជា​ការ​សម្លាប់​ពលរដ្ឋ​ក្រីក្រ​ដែល​ជា​ម្ចាស់​ដី ហើយ​បច្ចុប្បន្ន​ម្ចាស់​ដី​ទាំង​នោះ​កំពុង​ប្រឈម​មុខ​ជីវភាព​ទីទ័លក្រ ព្រោះ​សំណង​ប៉ុណ្ណឹង នឹង​ធ្វើ​ឲ្យ​ពួកគាត់​កាន់​តែ​លំបាក​វេទនា​ថែម​ទៀត។

​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា​នេះ បាន​អូស​បន្លាយ​ចាប់​ពី​ឆ្នាំ​២០០៣ មក គឺ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ផានអ៊ីម៉ិច ទទួល​បាន​សម្បទាន​ដី​សង្គមកិច្ច​នៅ​សហគមន៍​បុរីកីឡា ដើម្បី​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម។ តាម​កិច្ចសន្យា​ក្រុមហ៊ុន​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​សាងសង់​លំនៅឋាន​ចំនួន ១០​អគារ នៅ​លើ​ដី​ទីតាំង​នោះ​សម្រាប់​ពលរដ្ឋ​ជិត ១.៨០០​គ្រួសារ​រស់​នៅ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន​នេះ​សង់​បាន​តែ ៨​អគារ​ប៉ុណ្ណោះ ជា​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ចំនួន ៣៨០​គ្រួសារ ពុំ​ទទួល​បាន​សំណង​ត្រឹមត្រូវ។

​កាល​ពី​ឆ្នាំ​២០១២ ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ ដែល​មិន​ព្រម​ចាក​ចេញ ត្រូវ​បាន​បំផ្លិចបំផ្លាញ​អស់។ ទំនាស់​ដីធ្លី​នៅ​បុរីកីឡា​នេះ កាន់​តែ​ខ្លាំង​ឡើងៗ​បន្ត​រហូត​ដល់​ឆ្នាំ​២០១៤ ទើប​មាន​ការ​ពិភាក្សា​ជា​ច្រើន​លើក​ច្រើន​សា​រវាង​ប្រជាពលរដ្ឋ​រងគ្រោះ​រាប់​រយ​គ្រួសារ និង​សាលាក្រុង។ បន្ទាប់​មក​ពលរដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​សុខ​ចិត្ត​ទទួល​យក​សំណង​ជា​ថ្នូរ​ការ​ចាកចេញ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ចំនួន ១១​គ្រួសារ​ទៅ​បន្ត​រស់​នៅ​ក្នុង​អគារ​មួយ​ជិត​លំនៅឋាន​របស់​ខ្លួន​រង់ចាំ​សំណង​សមរម្យ។

​ក្រោយ​ការ​បណ្ដេញ​ចេញ​ដោយ​ហិង្សា​ជិត ៦​ឆ្នាំ​មក​នេះ ក្រុម​ពលរដ្ឋ​បុរីកីឡា ដែល​ក្រាញននៀល​មិន​ព្រម​ចាក​ចេញ​ពី​អគារ ស៊ូទ្រាំ​រស់​នៅ​លើ​គំនរ​សំរាម​សំណង់​អគារ​ចាស់​បែកបាក់ និង​សំយ៉ាប​ផ្ទះ​របស់​ក្រុម​ពលរដ្ឋ​បុរីកីឡា ដែល​ទទួល​បាន​សំណង។ ព្រោះ​តែ​ពាក្យ​អភិវឌ្ឍន៍​មួយ​ម៉ាត់​ធ្វើ​ឲ្យ​ក្រុម​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​ដោយ​បង្ខំ បាត់បង់​មុខ​របរ ធ្លាក់​ខ្លួន​ដើរ​រើស​អេតចាយ សុំទាន ឬ​ដើរ​ស៊ី​ឈ្នួល​បោក​ខោអាវ​ឲ្យ​គេ។

​សព្វថ្ងៃ​ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​ជម្លៀស​ទៅ​រស់​នៅ​ភ្នំ​បាត កន្លែង​ដែល​ពួកគេ​រស់នៅ​កណ្ដាល​ព្រៃភ្នំ និង​គ្មាន​ដី​ទំនេរ ឲ្យ​ពួកគេ​បង្កបង្កើនផល​ឡើយ។ ក្រុម​ពលរដ្ឋ​លើក​ឡើង​ថា ពួកគេ​ចង់​បាន​សំណង​បន្ថែម​ជា​ទឹក​ប្រាក់​ចំនួន​មួយ​ម៉ឺន​ដុល្លារ និង​ចង់​បាន​ទីតាំង​ថ្មី​ដែល​នៅ​ក្បែរ​ក្រុង​ភ្នំពេញ។ អតីត​ពលរដ្ឋ​បុរីកីឡា ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំ​បាត ត្រង់​ចំណុច​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ប្រមាណ ១៤០​គ្រួសារ កាល​ពី​ឆ្នាំ​២០១២។

​ទីតាំង​ដែល​ជម្លៀស​ពលរដ្ឋ​ទៅ​រស់​នៅ​​ទី​នោះ មាន​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ព្រះ​រាជ្យទ្រព្យ ដែល​ជា​តំបន់​ទេសចរណ៍។ ប៉ុន្តែ​ពលរដ្ឋ​គ្មាន​លទ្ធភាព​ទៅ​​ប្រកប​របរ​នៅ​ក្នុង​តំបន់​មួយ​នេះ​នោះ​ទេ ព្រោះ​ពួកគេ​គ្មាន​ដើម​ទុន។

អតីត​អ្នក​បុរីកីឡា រស់​នៅ​តំបន់​ភ្នំបាត លោកស្រី សាន សារ៉ុម ដើរ​ស៊ី​ឈ្នួល​បោក​ខោអាវ​ឲ្យ​អ្នក​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។
អតីត​អ្នក​បុរីកីឡា រស់​នៅ​តំបន់​ភ្នំបាត លោកស្រី សាន សារ៉ុម ដើរ​ស៊ី​ឈ្នួល​បោក​ខោអាវ​ឲ្យ​អ្នក​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA

​លោកស្រី រង់ សំណាង កំពុង​មាន​ជំងឺ ស្ថិត​ក្នុង​ទឹក​មុខ​ស្លេកស្លាំង ហើម​ដៃ​ហើម​ជើង​ដែល​កំពុង​រស់​នៅ​តំបន់​ភ្នំ​បាត ប្រាប់​ថា ដោយសារ​លោកស្រី​ខ្វះ​លុយ​សម្រាល​កូន និង​ខ្វះខាត​ក្នុង​ការ​រស់​នៅ ត្រូវ​បង្ខំ​ចិត្ត​កាត់​សក់​ក្បាល​លក់។ លោកស្រី​ថា តាំង​ពី​មក​រស់​នៅ​​ទី​នោះ​បាន ៥​ឆ្នាំ លោកស្រី​ទើប​កាត់​សក់​លក់​បាន​ពីរ​ដង​ប៉ុណ្ណោះ ដោយ​លក់​ម្ដង​បាន​លុយ​ពី ៧​ម៉ឺន ទៅ ៨​ម៉ឺន​រៀល។ លោកស្រី​បញ្ជាក់​ថា  ដោយសារ​លោកស្រី​ចាក​ចេញ​ពី​បុរីកីឡា ទើប​ជួប​ការ​លំបាក​បែប​នេះ៖ «»។

​ចំណែក​អតីត​ពលរដ្ឋ​បុរីកីឡា លោកស្រី សាន សារ៉ុម ដែល​អាជ្ញាធរ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ភ្នំ​បាត​ដែរ បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ទី​នោះ ដើម្បី​ដើរ​សុំ​ជ្រក​តាម​សំ​យ៉ាប់​ផ្ទះ​គេ​នៅ​ភ្នំពេញ ក្នុង​តំបន់​បុរីកីឡា ដែល​សព្វថ្ងៃ​ស៊ីឈ្នួល​បោក​ខោអាវ​ឲ្យ​គេ និង​ដើរ​រើស​អេតចាយ។ លោកស្រី​ប្រាប់​អាស៊ីសេរី ថា នៅ​ភ្នំ​បាត ដែល​ក្រុម​អាជ្ញាធរ​យក​ក្រុម​លោកស្រី​ទៅ​ចាក់ចោល​ទី​នោះ មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ទេ។ ពលរដ្ឋ​ចោទ​ប្រកាន់​ថា អាជ្ញាធរ និង​ក្រុមហ៊ុន​បោក​បញ្ឆោត​ឲ្យ​លោកស្រី​ទៅ​រស់​នៅ​ភ្នំ​បាត ដោយ​សន្យា​ថា នឹង​អភិវឌ្ឍ​តំបន់​នោះ​ដើម្បី​ឲ្យ​ក្រុម​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ ប៉ុន្តែ​រយៈពេល​ប្រាំ​ឆ្នាំ​មក​នេះ អាជ្ញាធរ​មិន​បាន​ធ្វើ​ដូច​ការ​អះអាង​ឡើយ៖ «»។

​ការ​លំបាក​វេទនា​របស់​អតីត​ពលរដ្ឋ​បុរីកីឡា ទាំង​នោះ​ហើយ ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង ១១​គ្រួសារ ស៊ូ​ស្លាប់​រស់​នៅ​អគារ​បាក់បែក​នៅ​បុរីកីឡា មិន​ព្រម​ចាក​ចេញ បើ​ទោះ​ជា​អាជ្ញាធរ​ក្រុង​ភ្នំពេញ ព្រមាន​យ៉ាង​ណា​ក្តី។

ពលរដ្ឋ​រស់​នៅ​តំបន់​បុរីកីឡា ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បណ្ដេញ​ចេញ និង​ឈូសឆាយ​លំនៅឋាន​ដើម្បី​យក​ដី​តំបន់​នោះ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច អភិវឌ្ឍ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២។

​កិច្ច​សន្យា​សាងសង់​អគារ​រវាង​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​ពលរដ្ឋ​បុរីកីឡា កាល​ពី​ខែ​មករា ឆ្នាំ​២០០៤ មាន​ស្នាម​ផ្ដិត​មេដៃ​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​ស្នាម​ផ្ដិត​មេដៃ​តំណាង​សហគមន៍​បុរីកីឡា រួម​មាន​ទាំង​អតីត​ចៅហ្វាយ​ក្រុង​ភ្នំពេញ លោក កែប ជុតិម៉ា ជា​សាក្សី ព្រមព្រៀង​គ្នា​ថា ក្រុមហ៊ុន​ត្រូវ​សង់​អគារ​ចំនួន ១០​ខ្នង អោយ​ទៅ​អ្នក​ភូមិ​បុរីកីឡា រស់​នៅ។ ជា​ថ្នូរ​នឹង​ការ​សាងសង់​នេះ ក្រុមហ៊ុន​ផានអ៊ីម៉ិច ទទួល​បាន​ដី​ទំហំ​ជាង ២​ហិកតារ​កន្លះ​ពី​រដ្ឋ​សម្រាប់​សាងសង់​ផ្ទះល្វែង​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដដែល​នោះ។

​បើ​ទោះ​ជា​កិច្ច​សន្យា​នេះ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ដែល​ក្រុមហ៊ុន​ត្រូវ​សង់​អោយ​បាន ១០​អគារ​ក៏ដោយ ប៉ុន្តែ​ក្រោយ​ពេល​សង់​បាន​តែ ៨​អគារ ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​ប្រកាស​ថា ខាតបង់​ជាង ៣​លាន​ដុល្លារ​អាមេរិក នាំ​អោយ​មិន​អាច​សាងសង់ ២​ខ្នង​ទៀត​បាន​ឡើយ។ គ្មាន​ការ​ត្រួត​ពិនិត្យ​ណា​មួយ​ពី​សមត្ថកិច្ច​រដ្ឋ ឬ​តុលាការ​ដើម្បី​បញ្ជាក់​ថា ក្រុមហ៊ុន​ពិត​ជា​មាន​ការ​ខាតបង់​មែន ឬ​ទេ។

​ក្រុម​អ្នក​ច្បាប់ និង​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ដែល​បាន​តាមដាន​បញ្ហា​នេះ សុទ្ធតែ​អះអាង​ថា ក្រុមហ៊ុន​ផានអ៊ីម៉ិច ជា​អ្នក​បំពាន​ច្បាប់​ក្នុង​វិវាទ​ដីធ្លី​សហគមន៍​បុរីកីឡា។

​អ្នកស្រី ស៊ុយ សុផាន ជា​ឈ្មួញ​រក​ស៊ី​ដី​ល្បី​ឈ្មោះ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា រំលោភ​បំពាន​ដី​ពលរដ្ឋ​នោះ សូម្បី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ក៏​ធ្លាប់​សារភាព​ថា លោក​ធ្លាប់​ចាញ់​បោក​អ្នកស្រី ស៊ុយ សុផាន ដែរ។ លោក​ថា  កាល​ពី​លោក​នៅ​ធ្វើ​អភិបាល​ក្រុង​ភ្នំពេញ ដោយ​កាល​នោះ​អ្នកស្រី ស៊ុយ សុផាន សន្យា​ថា នឹង​ជួសជុល​ផ្លូវ​នៅ​ម្តុំ​ផ្សារ​ធំថ្មី ជា​ថ្នូរ​នឹង​ការ​យក​លុយ​ថ្លៃ​ភាស៊ី​ផ្សារ​ធំថ្មី ប៉ុន្តែ​អ្នកស្រី​មិន​ជួសជុល​ផ្លូវ​នោះ​ឡើយ។

​ប្រធាន​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ថា សាលាក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន គួរ​ដោះស្រាយ​វិបត្តិ​ដីធ្លី​តំបន់​បុរីកីឡា ឲ្យ​ដូច​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​អគារ​ប៊ូឌីង កាល​ពី​ពេល​ថ្មី"នេះ គឺ​ពលរដ្ឋ​ចាក​ចេញ​ពី​​អគារ​ទាំង​ញញឹម និង​គ្មាន​ការ​តវ៉ា​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ដី ភ្នំពេញអីឡូវចុះថោកហើយ ឬ ?
៣០០០ ដុល្លារ យកទៅធ្វើអីបាន អីឡូវនេះ !

Dec 22, 2017 11:32 PM

គេហទំព័រ​ទាំងមូល