អ្នកមាន​ជម្លោះ​ដីធ្លី​រំពឹង​ថា លោក ជា សុផារ៉ា អាច​ពន្លឿន​​ការ​ដោះ​ស្រាយ​​បញ្ហា​​នេះ​​ដល់​​​ពួក​គេ

ដោយ ថន ថារ៉ូ
2018-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​​ក្រោយ​កិច្ចប្រជុំ​ នាទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧។
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​​ក្រោយ​កិច្ចប្រជុំ​ នាទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

របប​ក្រុងភ្នំពេញ​សម្រេច បង្កើត​សមាសភាព​ថ្មី​១​ក្រុម​ទៀត នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​បញ្ហា​ដីធ្លី ដោយ​តែងតាំង លោក ជា សុផារ៉ា ធ្វើជា​ប្រធាន​នៃ​ស្ថាប័នរដ្ឋ​មួយ​នេះ បន្ថែម​លើ​មុខតំណែង​សព្វថ្ងៃ ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី។ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​រំពឹង​ថា ការតែងតាំង​មុខតំណែង​ថ្មី​ឲ្យ​លោក ជា សុផារ៉ា នៅ​ពេល​បច្ចុប្បន្ន​នេះ អាច​នឹង​ពន្លឿន​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​កាន់តែ​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព។

សមាសភាព​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​ទើប​បង្កើត​ឡើង​ថ្មី​នេះ មាន​សមាជិក ២២​រូប ដែល​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គលេខាធិការ មកពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ១៨រួម​ទាំង​អភិបាល​រាជធានី​-​ខេត្ត ក៏​ជា​សមាជិក​នៃ​អាជ្ញាធរ​​ដោះ​ស្រាយ​​វិវាទ​ដីធ្លី​នេះ​ដែរ។ តាម​អនុក្រឹត្យ​ដែល​ចេញ​ដោយ​របប​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី១៣ ធ្នូ សម្រេច​តែងតាំង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​នៃ​អាជ្ញាធរ​ជាតិ​មួយ​នេះ អម​ដោយ​ទេសរដ្ឋមន្ត្រី លោក ឃុន ហាំង ជា​អនុប្រធាន​ប្រចាំការ។

ក្រៅពី​សមាសភាព​នេះ របប​ក្រុងភ្នំពេញ ក៏បាន​បង្កើត​សមាសភាព​មួយ ដែល​មាន​សមាជិក​ចំនួន ២៥ រូប​ផ្សេងទៀត ជា​អគ្គលេខាធិការ អគ្គ​លេខាធិការរង និង​ជា​សមាជិក​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ។

ទាក់ទង​នឹង​ការ​ទទួល​បាន​មុខតំណែង​ថ្មី​បន្ថែម​នេះ តំណាង​សហគមន៍​ជ្រោយ​ចង្វារ លោក ជា សុផាត រំពឹង​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ធ្វើជា​ប្រធាន​នេះ នឹង​អាច​ជួយ​ដោះស្រាយ​បញ្ចប់​​បញ្ហា​ដីធ្លី​ជូន​ពួកគាត់ ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​អ្នកឧកញ៉ា ពុង ខៀវសែ ជាង ៦​ឆ្នាំ​មក​ហើយ៖ «ខ្ញុំ​ជឿជាក់​ថា ចំណាត់​ការ​ថ្មី ប្រហែលជា​នឹង​មាន​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួក​ខ្ញុំ។ ខ្ញុំ​ជឿជាក់​ថា ឯកឧត្ដម​ទេសរដ្ឋមន្ត្រី មុខជា​គាត់​ឲ្យ​អាជ្ញាធរ​ជាតិ ដែល​ទើបនឹង​បង្កើត​ថ្មី​ហ្នឹង ឲ្យ​ក្រុម​ជំនាញ​ចុះ ដើម្បី​រៀបចំ ដោះស្រាយ​ផល​ប៉ះពាល់​របស់​ពួក​ខ្ញុំ នៅ​ជ្រោយ​ចង្វារ​ហ្នឹង​ឲ្យ​បាន។ ឥឡូវនេះ ពួក​ខ្ញុំ​នៅ​ជិត ៨២​គ្រួសារ ដី​នៅ​ជិត ១០០​ហិកតារ​ទៀត សង្ឃឹម​ថា ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ឯកឧត្ដម​ដែល​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ថ្មី រក​វិធី​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ»

មន្ត្រី​សម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​ពេល​លោក ជា សុផារ៉ា ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ការងារ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ជូន​ពលរដ្ឋ គឺ​ទទួលជោគជ័យ​ច្រើន ដូចជា​នៅ​ខេត្ត​កោះកុង​ជាដើម។ ថ្វីត្បិតតែ​លោក ជា សុផារ៉ា ត្រូវ​បាន​បន្ថែម​មុខតំណែង​ថ្មី​នេះ​ក៏ដោយ លោក វណ្ណ សូផាត មិនទាន់​អាច​កំណត់​យ៉ាង​នៅឡើយ​ទេ ចំពោះ​ប្រសិទ្ធភាព​នៃ​សមាសភាព ថា​តើ​នឹង​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី​បាន​កម្រិត​ណា​នោះ គឺ​ត្រូវ​តាមដាន​ចំណាត់ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ជាតិ​មួយ​នេះ​ជា​មុន​សិន។

លោក វណ្ណ សូផាត យល់ថា​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព របប​ក្រុងភ្នំពេញ​គួរ​ផ្ដោត​លើ​យន្តការ​ដោះស្រាយ​មួយ​ចំនួន​ដែល​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា អាច​កាត់បន្ថយ​ទំនាស់​ដីធ្លី និង​ឈាន​ទៅ​រក​ការ​លុបបំបាត់​បញ្ហា​នេះ​បាន៖ «ទី​១​ដោះស្រាយ​ឱ្យ​ទាន់​ពេលវេលា ដូចជា​នៅ​កោះកុង​អីចឹង មានការ​ដោះស្រាយ ក៏​ពិតមែន​អ៊ីចឹង ក៏ប៉ុន្តែ​ដំណើរការ​និង​នីតិវិធី​នៃ​ការ​ដោះស្រាយ​ហ្នឹង នៅ​យឺតយ៉ាវ ហើយ​ប្រជាពលរដ្ឋ ខ្លះ​គឺ​អត់​ទាន់​បាន​ដី​នៅ​កន្លែង​ណា​នៅឡើយ​ទេ។ ទី​២ ការ​ដោះស្រាយ ឱ្យ​មាន​យុត្តិធម៌ តាម​ដី​ដែល​គាត់​បាន​បាត់បង់​ហ្នឹង។ ឧបមា​ថា គាត់​មាន​ដី​៥​ហិកតារ គាត់​បាន​មក​វិញ​ពីរ​ហិកតារ ឬក៏​មិន​ដល់​ពីរ​ហិកតារ​ទេ។ ហើយ​ទី​៣ នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន គាត់​វា​អត់​បាន​ថវិកា ក៏ប៉ុន្តែ វា​អត់​បានជា​តម្លៃ​ទីផ្សារ។ ពលរដ្ឋ​ដែល​ទទួល​យក​ដំណោះស្រាយ​ជា​ថវិកា​ក្ដី ជា​ដី​ដោះដូរ​ក្ដី គឺ​គាត់​គ្មាន​ជម្រើស»

របាយការណ៍​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ឲ្យ​ដឹង​ថា បញ្ហា​ដីធ្លី​នៅ​ទូទាំង​ប្រទេស​មាន​ជាង​ ១.០០០​ករណី ដែល​មិនទាន់​ដោះស្រាយ​ចប់។ ទាក់ទង​នឹង​ចំនួន​ដីធ្លី​ដែល​កើតមានឡើង​តាម​បណ្ដា​ខេត្ត​-​ក្រុង​នេះ មន្ត្រី​សម្របសម្រួល​​គម្រោង​កំណែទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ថា មិន​មាន​តួលេខ​ច្បាស់លាស់​នោះ​ទេ ដោយហេតុថា​ការ​ចង​របស់​ក្រសួង និង​អង្គ​ការដែល​ធ្វើការ​លើ​ជម្លោះដីធ្លី​មាន​ភាព​ខុសគ្នា។​

ក្រៅពី​សមាសភាព​ដែល​ទើប​បង្កើត​ថ្មី​នេះ កាលពី​ពាក់កណ្ដាល​ខែ​តុលា ឆ្នាំ​២០១៨ របប​ក្រុងភ្នំពេញ បាន​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ ដើម្បី​ទទួល និង​ដោះស្រាយ​បណ្ដឹង​តវ៉ា​ផ្សេងៗ​នៅមុខ​ភូមិគ្រឹះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​នាយករង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ជា​ប្រធាន ព្រមទាំង​អម​ដោយ​អនុប្រធាន ៣​រូប និង​សមាជិក​ជាង ១០​រូប​ផ្សេងទៀត។

ទោះបីជា​មេដឹកនាំ​របប​ក្រុងភ្នំពេញ បង្កើត​ក្រុមការងារ​ជាច្រើន និង​ដាក់​ចេញ​ជា​យន្តការ​ជាក់លាក់​ក្នុង​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តាម​ក្រុង​-​ខេត្ត​នានា យ៉ាង​នេះ​ក្ដី ក៏ប៉ុន្តែ ចំណាត់​ការ​ទាំងនោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា មិន​ទាន់​មាន​ប្រសិទ្ធភាព​ពេញលេញ ដើម្បី ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ដែល​កើតមានឡើង​ក្នុង​ប្រទេស​កម្ពុជា បាន​ទាំងស្រុង​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល