សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី

ដោយ ដែន អយុធ្យា
2016.06.30
សហគមន៍​ព្រែក​ត្របែក អណ្ដូងទឹក និង​ថ្មធំ  ៨៥៥ ប្រធាន​សហគមន៍​ព្រែក​ត្របែក អណ្ដូងទឹក និង​ថ្មធំ នា​ខេត្ត​ព្រះសីហនុ លោក សេន ចន្ថា (ឆ្វេង) និង​ក្រុម​សហគមន៍​ប្រមូល​ផ្ដុំ​គ្នា​ស្នើ​ឲ្យ​អាជ្ញាធរ​ឆាប់​ផ្ដល់​កម្មសិទ្ធិ​ដី​ជូន​ពួកគាត់។
RFA/Den Ayuthyea

មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ អះអាង​ថា អាជ្ញាធរ​ខេត្ត​នេះ​យឺតយ៉ាវ​ក្នុង​ការ​ជួយ​ដោះស្រាយ​វិវាទ ឬ​កង្វល់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជាង ២០​សហគមន៍​នា​មូលដ្ឋាន​នេះ ដោយ​ទំនាស់​ខ្លះ​បាន​អូស​បន្លាយ​ពេល​ពី ៥​ឆ្នាំ​ដល់​ជិត ២០​ឆ្នាំ។

បញ្ហា​នេះ ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ជាង ២០ នា​ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​មក​មន្ត្រី​ថ្នាក់​ខេត្ត ឲ្យ​ជួយ​ពន្លឿន​ការងារ​ចុះ​វាស់​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀស​ផុត​ពី​ការ​រំលោភ​បំពាន​ពី​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន​វិនិយោគ​នានា។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី រិះគន់​ថា ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ ទោះ​តាម​ប្រព័ន្ធ​តុលាការ ឬ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ផ្សេងៗ ដូចជា​ការងារ​ចុះ​វាស់​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជាដើម​នា​មូលដ្ឋាន​នេះ​មាន​ការ​យឺតយ៉ាវ។

អ្នកស្រី​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អភិបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ពន្លឿន​សកម្មភាព​ចុះ​វាស់វែង​បែង​ចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ​ឲ្យ​បាន​ឆាប់ ព្រោះ​ពលរដ្ឋ​បាន​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា៖ «ជា​សំណូមពរ សូម​មេត្តា​ឲ្យ​ថ្នាក់​ដឹក​នាំ​មន្ត្រី​ជំនាញ​មន្ទីរ​សុរិយោដី ពិសេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សូម​ពិនិត្យ​ទៅ​លើ​ប័ណ្ណ​ភោគៈ ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​ប្រព័ន្ធ​តុលាការ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត»

អ្នកស្រី សុធារី បាន​ឲ្យ​ដឹង​ថា នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​ប្រជាពលរដ្ឋ​ចំនួន ២៥​សហគមន៍​កំពុង​មាន​ទំនាស់​ដីធ្លី ហើយ​សហគមន៍​ខ្លះ​ជាប់​បណ្ដឹង​នៅ​តុលាការ និង​សហគមន៍​ខ្លះ​ទៀត​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ដែល​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ជូន។ អ្នកស្រី ជៀប សុធារី រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដែល​យឺតយ៉ាវ​ក្នុង​សកម្មភាព​ចុះ​វាស់ ឬ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ដោយ​ទុក​ឲ្យ​កង្វល់​ប្រជាពលរដ្ឋ​បន្ត​អូស​បន្លាយ​ពេល​ចន្លោះ​ពី ៥​ឆ្នាំ​រហូត​ដល់​ជិត ២០​ឆ្នាំ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ សំណូមពរ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ក្រសួង​រៀបចំ​ដែនដី ពិសេស​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ឲ្យ​ជួយ​ពិចារណា​លើ​កង្វល់​ពលរដ្ឋ ឈាន​ដល់​ដោះស្រាយ​វិវាទ ឬ​កង្វល់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចប់​ឲ្យ​បាន​ឆាប់៖ «រឿង​ក្តី​ដែល​ខ្ញុំ​ធ្លាប់​បាន​ទទួល​ដឹង​កន្លង​មក គឺ​ខាង​ភាគី​តុលាការ​បាន​កាត់​សេចក្តី​ដោយ​ផ្អែក ឬ​សំអាង​ទៅ​លើ​ប័ណ្ណ​សម្គាល់​សិទ្ធិ ឬ​ប័ណ្ណ​ភោគៈ ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​១៩៩៣ ឆ្នាំ​១៩៩៥ និង​ឆ្នាំ​១៩៩៧ ជាដើម ហើយ​ដោយ​តុលាការ​សំអាង​ទៅ​លើ​ប័ណ្ណ​ទាំងអស់​ហ្នឹង តុលាការ​បាន​សម្រេច​ក្តី​ឲ្យ​ខាង​ភាគី​មាន​ប័ណ្ណ​ទាំង​នោះ​ឈ្នះ​ក្តី។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​ជាក់ស្តែង ឬ​កាន់​កាប់​ប្រើប្រាស់​ដី​ភោគៈ​របស់​ពួក​គាត់ តែង​បាន​ចាញ់​ក្តី»

ស្រដៀង​គ្នា​ដែរ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ខេត្ត​នេះ​ពិត​ជា​យឺតយ៉ាវ​ចុះ​វាស់​បែង​ចែក​ដី​ឈាន​ដល់​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ពិត​មែន។ លោក​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មក នៅ​ក្នុង​ចំណោម​សហគមន៍​ជាង ២០ នា​ខេត្ត​ព្រះសីហនុ គឺ​មាន​ពីរ ឬ​បី​សហគមន៍​ទេ ដែល​អាជ្ញាធរ​ខេត្ត​នេះ​ចុះ​វាស់​ដី​ត្រៀម​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ទាំង​នេះ។

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី​ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Ou Banung
តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី​ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Ou Banung
RFA/Ou Banung

ចំណែក​ទំនាស់​ដីធ្លី​ដែល​កំពុង​នៅ​ក្នុង​ដៃ​តុលាការ លោក ប៊ួន ណារិទ្ធិ អះអាង​ថា ក៏​បាន​បន្ត​អូស​បន្លាយ​ពេល​យូរ ហើយ​ភាគ​ច្រើន​នៅ​ពេល​មាន​ពាក្យ​បណ្ដឹង​នៅ​ប្រព័ន្ធ​តុលាការ​សាលា​ដំបូង​ខេត្ត​នេះ ខាង​ភាគី​មន្ត្រី​មាន​អំណាច ឈ្មួញ និង​ក្រុមហ៊ុន ជាដើម តែង​មាន​ប្រៀប​ទៅ​លើ​ភាគី​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ និង​ដាំ​ដំណាំ​នៅ​លើ​ដី​ទំនាស់​ជាក់ស្តែង។ លោក​បន្ត​ថា ការ​មាន​ប្រៀប​នៅ​ប្រព័ន្ធ​តុលាការ​នេះ គឺ​ដោយសារ​តុលាការ​កាត់​សេចក្តី​ផ្អែក​ទៅ​លើ​ភាគី​មន្ត្រី​មាន​អំណាច ឈ្មួញ និង​ក្រុមហ៊ុន​មួយ​ចំនួន​នោះ ពួក​គេ​មាន​ឯកសារ ឬ​ប្លង់​កម្មសិទ្ធិ​ចេញ​ដោយ​អាជ្ញាធរ​ជំនាញ​ស្រប​ច្បាប់ ប៉ុន្តែ​ត្រង់​ថា ប្លង់​កម្មសិទ្ធិ​ទាំង​នោះ​ចេញ​ដោយ​ការ​ឃុបឃិត ឬ​មាន​អំពើ​ពុក​រលួយ​អ្វី​មួយ​បែប​ណា​នោះ តុលាការ​មិន​បាន​ស៊ើប​អង្កេត​ទេ​កន្លង​មក៖ «សូម​ឲ្យ​អភិបាល​ខេត្ត​មាន​ផែនការ​ជាក់លាក់​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី ឬ​វិវាទ​ដីធ្លី​នៅ​តាម​សហគមន៍​ទាំងអស់​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ជាពិសេស​សហគមន៍​ដែល​មាន​ដីធ្លី​ជាប់​ពាក់ព័ន្ធ​ការ​ធ្វើ​របរ​កសិកម្ម​ធ្វើ​ស្រែ​ចម្ការ។ ដោយឡែក​សហគមន៍​នៅ​ក្នុង​ក្រុង គឺ​ភាគ​ច្រើន​កំពុង​ជាប់​បណ្ដឹង​នៅ​ប្រព័ន្ធ​តុលាការ។ ចំណែក​នៅ​តាម​ស្រុក​មួយ​ចំនួន មាន​ស្រុក​ព្រៃនប់ ជាដើម គឺ​ទំនាស់​ដីធ្លី​ភាគ​ច្រើន​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ គឺ​ទំនាស់​ទាំង​នោះ​កើត​ឡើង​ជាមួយ​អាជ្ញាធរ និង​ការ​ឃុបឃិត​គ្នា​លើ​គម្រប​ព្រៃ​ឈើ​រដ្ឋ ដែល​រដ្ឋ​សម្បទាន​ឲ្យ​ក្រុមហ៊ុន។ ដូច្នេះ​ខ្ញុំ​យល់​ថា មិន​មាន​ការ​លំបាក​អ្វី​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​ផលវិបាក​នឹង​លើក​យក​មក​ដោះស្រាយ​ទេ គឺ​ទំហំ​ដី​របស់​ប្រជា​សហគមន៍​មាន​ផ្ទៃ​ចំនួន​ប៉ុន្មាន គឺ​វាស់​ជូន​ពលរដ្ឋ​ប៉ុណ្ណឹង​ទៅ​ជា​ចប់​បាត់​ទៅ​ហើយ»

ត្រង់​ចំណុច​នេះ មន្ត្រី​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ទទូច​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ឲ្យ​ជួយ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ក្នុង​ខេត្ត​នេះ ឲ្យ​ចប់​បាន​ឆាប់​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ។

ប្រធាន​សហគមន៍​ព្រែក​ត្របែក អណ្ដូងទឹក និង​ថ្មធំ លោក សេន ចន្ថា ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​តាម​សហគមន៍​ជាង ២០ ទៀត នា​ខេត្ត​ព្រះសីហនុ។ លោក​បាន​ឲ្យ​ដឹង​ថា សហគមន៍​នេះ​មាន​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ និង​មាន​ផ្ទៃ​ដី​សរុប​ជាង ៣០០​ហិកតារ កំពុង​រង់ចាំ​រដ្ឋបាល​ខេត្ត​នេះ​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ យិះ ជៀ។ តំណាង​រូប​នេះ បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ពន្លឿន​សកម្មភាព​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​ចុះ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន យិះ ជៀ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​សង់​ផ្ទះ​រស់នៅ និង​បង្កបង្កើនផល​នៅ​លើ​ដី​ធ្លាប់​រស់នៅ​តាំង​ពី​ឆ្នាំ​១៩៩២ មក ជៀស​ផុត​ពី​ការ​គំរាម​កំហែង។

តំណាង​ពលរដ្ឋ លោក សេន ចន្ថា ហៅ​តា ឆក បាន​អះអាង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក​ដល់​ខែ​មិថុនា ឆ្នាំ​២០១៦ នេះ ក្រុមហ៊ុន​ចិន យិះ ជៀ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ តែង​មក​គំរាម​កំហែង​ពលរដ្ឋ​មិន​ឲ្យ​ជួសជុល ឬ​សង់​ផ្ទះ​ដើម្បី​ជ្រក​ទេ។ ជាក់ស្តែង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា អាជ្ញាធរ​ខេត្ត​នេះ​បាន​ចុះ​មក​ហាមឃាត់​ពលរដ្ឋ​ក្នុង​សហគមន៍​នេះ មិន​ឲ្យ​សង់​ផ្ទះ​ដើម្បី​រស់នៅ​ទេ ហើយ​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​មួយ​គ្រួសារ​ធ្វើ​កិច្ចសន្យា​រុះរើ​ជម្រក​ចេញ​ពី​ដី​ធ្លាប់​កាន់​កាប់​យូរ​ឆ្នាំ។

ត្រង់​ចំណុច​នេះ លោក សេន ចន្ថា ចោទ​ថា សកម្មភាព​របស់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ស្រុក​ព្រៃនប់ ពិសេស​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ដែល​បញ្ជា​កម្លាំង​ចុះ​ហាម​ពលរដ្ឋ​មិន​ឲ្យ​សង់​ផ្ទះ​ជ្រក​នៅ​រដូវ​ភ្លៀង​ធ្លាក់​ពេល​នេះ គឺ​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន យិះ ជៀ ហើយ​មក​គំរាម​កំហែង និង​គាប​សង្កត់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន៖ «ដី​នៅ​សហគមន៍​នេះ គឺ​ជា​ដី​ប្រជាពលរដ្ឋ​រស់នៅ​ជា​យូរ​មក​ហើយ ហើយ​ពេល​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន យិះ ជៀ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ទំហំ​ផ្ទៃ​ដី​ជាង ៣​ពាន់​ហិកតារ។ ចំណែក​ដី​របស់​សហគមន៍​ជាង ១០០​គ្រួសារ មាន​ជាង ៣០០​ហិកតារ ហើយ​ករណី​នេះ ខាង​ប្រជាពលរដ្ឋ​សហគមន៍​ព្រែក​ត្របែក អណ្ដូងទឹក និង​ថ្មធំ គឺ​បាន​ធ្វើ​បណ្ដឹង និង​ដាក់​ជូន​ស្ថាប័ន​កំពូលៗ​នៃ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​អន្តរាគមន៍​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន យិះ ជៀ មាន​ដាក់​ពាក្យ​បណ្ដឹង​ជូន​រដ្ឋសភា ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​បរិស្ថាន ដាក់​ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ។ ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា លោក អោក គឹមហ៊ន អភិបាល​រង​ស្រុក​ព្រៃនប់ បាន​ដឹក​នាំ​កម្លាំង​មក​រារាំង និង​បង្ខំ​ឲ្យ​ពលរដ្ឋ​មួយ​គ្រួសារ​ផ្ដិត​មេដៃ​រុះរើ​ផ្ទះ ដែល​សង់​នៅ​លើ​ដី​ធ្លាប់​កាន់​កាប់​យូរ​ឆ្នាំ ដោយ​អភិបាល​រង​រូប​នេះ​មាន​ទំនោរ​គាំទ្រ​សកម្មភាព​ក្រុមហ៊ុន យិះ ជៀ ហើយ​មក​គំរាម​កំហែង​ធ្វើ​បាប​ពលរដ្ឋ​របស់​ខ្លួន​ទៅ​វិញ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន ឈ្មោះ យិះ ជៀ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ព្រែក​ត្របែក អណ្ដូងទឹក និង​ថ្មធំ បាន​ទេ នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា ប៉ុន្តែ​ឯកសារ​បញ្ជាក់​ថា ក្រុមហ៊ុន យិះ ជៀ ទទួល​បាន​សិទ្ធិ​វិនិយោគ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​លើ​ដី​ជុំវិញ​តំបន់​ឧទ្យាន​ជាតិ​រាម ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ពី​រាជ​រដ្ឋាភិបាល​រយៈពេល ៩៩​ឆ្នាំ លើ​ផ្ទៃដី​ជាង ៣​ពាន់​ហិកតារ ដើម្បី​អភិវឌ្ឍ​ប្រែ​ក្លាយ​តំបន់​នេះ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​តាម​បែប​ធម្មជាតិ ប៉ុន្តែ​សកម្មភាព​របស់​ក្រុមហ៊ុន យិះ ជៀ ត្រូវ​ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​នេះ​ចោទ​ថា បាន​ជីក​កកាយ​ដី​ភ្នំ និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ដុះ​ជុំ​ជិត​នៅ​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​រាម យក​មក​សាងសង់​សំណង់​ក្រុមហ៊ុន​ថែម​ទៀត។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្លាប់​ប្ដេជ្ញា​ថា នឹង​ជួយ​ពន្លឿន​ឲ្យ​ក្រុម​ការងារ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា​នៅ​ក្នុង​មូលដ្ឋាន​នេះ ឲ្យ​ចប់​បាន​នៅ​ឆ្នាំ​២០១៦។ លោក​បន្ត​ថា ទំនាស់​ដីធ្លី​ដែល​មិន​ស្ថិត​ក្នុង​ចំណាត់​ការ​តុលាការ អាជ្ញាធរ​ខេត្ត​នេះ​នឹង​ខំ​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ទៅ​តាម​ពេលវេលា​ជាក់ស្ដែង ឲ្យ​ស្រប​តាម​សំណូមពរ​ពលរដ្ឋ។ លោក យន្ត មីន សង្កត់​ធ្ងន់​ថា ការងារ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី ឬ​ចុះ​វាស់​កាត់​ឆ្វៀល​ដីធ្លី​ឈាន​ដល់​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នានា គឺ​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​ទិសដៅ​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា លែង​ព្រួយ​បារម្ភ​ពី​ការ​រំលោភ​ដីធ្លី​កំពុង​រស់នៅ និង​ដី​បង្កបង្កើនផល​ត​ទៅ​ទៀត​នា​ថ្ងៃ​អនាគត។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជិត ២០​សហគមន៍​នា​ខេត្ត​ព្រះសីហនុ ថ្លែង​សាទរ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ចំពោះ​ការ​អះអាង​នេះ ប៉ុន្តែ​បាន​សំណូមពរ​ឲ្យ​ការ​អនុវត្ត​មាន​សកម្មភាព​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។