សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​គ្រោង​ដាក់​ពាក្យ​ប្ដឹង​អ្នក​ឈូស​ឆាយ​យក​ដី​តំបន់​ទេសចរណ៍

ដោយ រដ្ឋា វិសាល
2017-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ជួប​ប្រជុំ​គ្នា​រៀបចំ​ពាក្យ​ប្ដឹង​ប្រជាពលរដ្ឋ​ខ្មែរ​ពីរ​គ្រួសារ ដែល​ឈូស​ឆាយ​ព្រៃ​ហ៊ុមព័ទ្ធ​ដី​តំបន់​រមណីយដ្ឋាន​សហគមន៍​អភិរក្ស យក​ធ្វើ​ជា​ដី​កម្មសិទ្ធិ។ ការ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សហគមន៍​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​សកម្មភាព​រំលោភ​យក​ដី​អភិរក្ស​នេះ​មិន​មាន​លទ្ធផល។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ថា នឹង​អន្តរាគមន៍​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ឃុំ​ដាក់ដាំ ទៅ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​អយ្យការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ក្នុង​ករណី​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​យក​ដី​តំបន់​ទឹកជ្រោះ​ជ្រៃធំ ដែល​សហគមន៍​អភិរក្ស​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ដាក់ដាំ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា សម្រេច​ចិត្ត​នៅ​សាលា​ប្រជុំ​ភូមិ​ពូលេះ ថា​មិន​បន្ត​រង់ចាំ​ដំណោះស្រាយ​តាម​រយៈ​អាជ្ញាធរ​ស្រុក ដែល​អ្នក​ភូមិ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ហ៊ុមព័ទ្ធ​យក​ដី​អភិរក្ស ហើយ​ប្រគល់​ដី​នោះ​មក​ឲ្យ​សហគមន៍​គ្រប់គ្រង​តាម​លក្ខណៈ​ប្រពៃណី​វិញ គ្រា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​ខេត្ត​ស្វាយរៀង បាន​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​កាល​ពី​ដើម​ឆ្នាំ​២០១៧ ដោយ​សំអាង​ថា ដី​នោះ​មាន​លិខិត​បញ្ជាក់​ពី​អតីត​អាជ្ញាធរ​ឃុំ ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​នោះ បន្ទាប់​មក​ដី​ត្រូវ​បាន​លក់​បន្ត​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា ក្រោយ​ពី​ការ​ចុះ​អង្កេត​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ សមាគម​លោក​រក​ឃើញ​ថា ដី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាន់​កាប់​ឋិត​ក្នុង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​របស់​សហគមន៍ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ប្រគល់​តំបន់​នោះ​ទៅ​ឲ្យ​សហគមន៍​អភិរក្ស។ លោក​បន្ត​ថា តំណាង​សហគមន៍​គ្រប់​ភូមិ បាន​ឯកភាព​គ្នា​ឲ្យ​សមាគម​លោក​ជួយ​អន្តរាគមន៍​ពាក្យ​បណ្ដឹង​ពួក​គេ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ជួយ​ដោះស្រាយ​បញ្ឈប់​ការ​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​ខុស​ច្បាប់៖ «ដោយសារ​គាត់​មិន​មាន​លទ្ធភាព​ជួយ​ការងារ​ហ្នឹង​បាន​ច្រើន គាត់​ឲ្យ​យើង​ជួយ​អន្តរាគមន៍។ គោល​ជំហរ​របស់​សហគមន៍ គាត់​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​មាន​សមត្ថកិច្ច​ដក​ហូត​ដី មិន​មែន​តែ​ដី​ពីរ​គ្រួសារ​ទេ ដី​អ្នក​ណា​ក៏ដោយ ឲ្យ​តែ​នៅ​ក្នុង​បរិវេណ​ទឹកជ្រោះ​ជ្រៃធំ ត្រូវ​ដក​យក​វិញ​ទាំងអស់»

តំបន់​ទឹក​ធ្លាក់​ជ្រៃធំ មាន​ផ្ទៃដី​ប្រមាណ ៤​ហិកតារ ឋិត​នៅ​ក្នុង​ភូមិ​ពូលេះ ជា​តំបន់​ទឹកជ្រោះ​ធម្មជាតិ​ដែល​មន្ទីរ​បរិស្ថាន និង​មន្ទីរ​ទេសចរណ៍ ប្រគល់​ឲ្យ​សហគមន៍​ឃុំ​ដាក់ដាំ អភិរក្ស​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​ខ្នាត​តូច។ ចាប់​ពី​ខែ​កុម្ភៈ រហូត​បច្ចុប្បន្ន ជនជាតិ​ខ្មែរ​ចំណាក​ស្រុក​ពីរ​គ្រួសារ ដែល​រស់នៅ​ក្នុង​ឃុំ​នេះ បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី​ជាង ២​ហិកតារ​យក​ជា​កម្មសិទ្ធិ​ឯកជន ក៏ប៉ុន្តែ​សហគមន៍​បាន​នាំ​គ្នា​ទៅ​រារាំង​មិន​ឲ្យ​ឈូស​ឆាយ​បន្ត និង​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ស្រុក ឲ្យ​ជួយ​ដោះស្រាយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​សុំ​បញ្ជាក់​ការ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា។

ទាក់ទិន​ករណី​នេះ មេ​ឃុំ​ដាក់ដាំ លោក សម វ៉ាន្នី កត់​សម្គាល់​ថា អាជ្ញាធរ​ឃុំ​បាន​កោះ​ហៅ​ភាគី​ចុង​ចោទ គឺ​លោក កេត សាមេន និង​លោក កេត វុឌ្ឍី មក​ដោះស្រាយ​បញ្ហា​ពីរ​លើក​កន្លង​ទៅ​នេះ ប៉ុន្តែ​មិន​បាន​លទ្ធផល ដោយសារ​តែ​ភាគី​ចុង​ចោទ​មិន​យល់ព្រម​ប្រគល់​ដី​នោះ​ឲ្យ​សហគមន៍​អភិរក្ស​វិញ។ លោក​ទទួល​ស្គាល់​ថា ដី​ដែល​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​ចូល​ទៅ​កាន់​កាប់​ឋិត​ក្នុង​បង្គោល​ព្រំ​កំណត់​តំបន់​ទឹកជ្រោះ​ដែល​សហគមន៍​គ្រប់គ្រង ហេតុ​នេះ​លោក​បាន​បញ្ជូន​រឿង​នេះ​ទៅ​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ​បន្ត៖ «គាត់​ថា​ទិញ​ពី​គេ ប៉ុន្តែ​ឯកសារ​ទិញ​លក់​អត់​មាន​ទេ អត់​មាន​ផ្ទេរ​ទេ លិខិត​កាន់​កាប់​របស់​មេ​ឃុំ​ចាស់​ទេ។ ដី​តំបន់​ទេសចរណ៍​គេ​ដាក់​ព្រំ​អស់​ហើយ តើ​គាត់​នៅ​តែ​រំលោភ​យក»

ចំណែក​អភិបាល​ស្រុក​អូររាំង លោក ឆេង ទន់ណារី បញ្ជាក់​ថា ឯកសារ​ប្រគល់​ដីធ្លី​នេះ​ធ្វើ​ឡើង​កាល​ពី​ជំនាន់​អតីត​មេ​ឃុំ​ចាស់ ហេតុ​នេះ​អាជ្ញាធរ​ត្រូវការ​ពេលវេលា​ស្រាវជ្រាវ​រឿង​នេះ មុន​នឹង​ដោះស្រាយ​បញ្ហា​ជូន​សហគមន៍។ លោក​ថា សហគមន៍​គួរ​អត់ធ្មត់​ទុក​ពេល​ឲ្យ​អាជ្ញាធរ​ស្រុក បន្ត​ដោះស្រាយ​បញ្ហា គ្រា​ដែល​អាជ្ញាធរ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ជា​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​នេះ៖ «ដោះ​មិន​ចេញ​ទេ ទៅ​តាម​ចិត្ត​គាត់​ចង់​បាន ស្អែក​ម៉េច​បាន​រឿង​កើត​មក​យូរ​ហើយ យើង​មាន​នីតិវិធី​ច្រើន ការងារ​មិន​មែន​មាន​តែ​មួយ​ឯណា

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ទទួល​ស្គាល់​ថា តំបន់​ទឹកជ្រោះ​ជ្រៃធំ​ជា​តំបន់​រមណីយដ្ឋាន​ទឹក​ធ្លាក់ បាន​ចុះ​បញ្ជី​ប្រគល់​ជា​តំបន់​ទេសចរណ៍​របស់​ខេត្ត ប៉ុន្តែ​បាន​ប្រគល់​ទៅ​ឲ្យ​សហគមន៍​ថែរក្សា និង​ស្វែងរក​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី លោក ងិន សុវិមាន កត់​សម្គាល់​ថា តំបន់​ទឹកជ្រោះ​ជ្រៃធំ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​បោះ​បង្គោល​សម្គាល់​ព្រំ​ដី​ជាក់លាក់ ហេតុ​នេះ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ទីតាំង​ទំនាស់​បាន​ត្រឹមត្រូវ ទើប​អាច​កំណត់​បញ្ហា​បាន៖ «យើង​ត្រូវ​សិក្សា​ផ្លូវ​ច្បាប់​បន្ថែម​ទៀត។ យើង​មើល​ទីតាំង ព្រោះ​ពី​មុន​យើង​បោះ​ព្រំ​ហើយ តើ​វា​ចូល​ក្នុង​ប្លង់​នោះ​យ៉ាង​ម៉េច

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍ លោក ទើយ ធិ បញ្ជាក់​ថា សហគមន៍​ឯកភាព​គ្នា​រួច​ហើយ​ថា នឹង​ដាក់​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់ ដើម្បី​បញ្ឈប់​ការ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ដី​តំបន់​ទឹកជ្រោះ​តទៅទៀត។ លោក​ថា អ្នក​ឈូស​ឆាយ​ដី​ត្រូវ​ទទួល​ខុស​ត្រូវ​ពី​ការ​ឈូស​ឆាយ​ដី​តំបន់​អភិរក្ស​ទេសចរណ៍៖ «ប្ដឹង​ហ្នឹង​ដើម្បី​ដក​ដី​ឲ្យ​សហគមន៍​វិញ ព្រោះ​ដី​នេះ​ដី​សមូហភាព​សហគមន៍ ដី​ទឹក​ធ្លាក់ មិន​អាច​ប្រគល់​ឲ្យ​អ្នក​ណា​បាន​ទេ។ ឃុំ​ហៅ​ពីរ​ដង​ហើយ ហៅ​អ្នក​សាមី​ខ្លួន តែ​គេ​អត់​ព្រមព្រៀង​ទេ»

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ដី​តំបន់​រមណីយដ្ឋាន​ជ្រៃធំ គឺ​ជា​តំបន់​ព្រៃ​ដើម​ស្រល់ ដែល​អ្នក​ភូមិ​អភិរក្ស​សម្រាប់​យក​ប្រភព​ទឹក​ពី​ជ្រោះ​ធម្មជាតិ ប្រើប្រាស់​ក្នុង​សហគមន៍​ចំនួន​បី​ភូមិ​នៅ​តំបន់​ក្បែរ​នោះ។ លើស​ពី​នោះ​ទៀត ដី​តំបន់​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ចូល​ទៅ​តាំង​លំនៅឋាន ប៉ុន្តែ​មិន​ទាន់​កាប់​រាន​ព្រៃ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល