ជប៉ុនផ្តល់បទពិសោធន៍ដល់កម្ពុជាពីការអភិវឌ្ឍលំនៅឋានសាធារណ:សម្រាប់អ្នកក្រីក្រ
2015.05.03
ប្រទេសជប៉ុន បានផ្តល់បទពិសោធន៍ជាច្រើនពីការអភិវឌ្ឍលំនៅឋានសាធារណៈរបស់ប្រទេសខ្លួនដល់ប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងភ្នំពេញ មានគម្រោងសាងសង់លំនៅឋានសាធារណៈសម្រាប់អ្នកក្រីក្រ។ គម្រោងនេះដែរ ត្រូវបានសង្គមស៊ីវិលសាទរផង និងព្រួយបារម្ភផងពីការអភិវឌ្ឍមិនមានតម្លាភាព។
ការងារលំនៅឋានសាធារណៈរបស់ប្រទេសជប៉ុន សម្រាប់ពលរដ្ឋមានប្រាក់ចំណូលមធ្យម និងទាប និងការគ្រប់គ្រងប្រព័ន្ធបច្ចេកទេសលំនៅឋាន បានក្លាយជាមេរៀនដ៏សំខាន់ក្នុងដំណើរទស្សនកិច្ច ៣ថ្ងៃក្នុងទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន របស់គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា ដែលដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ឹម ឈុនលឹម។
មិនតែប៉ុណ្ណោះ គណៈប្រតិភូកម្ពុជា ក៏បានទៅពិនិត្យមើលដល់ទីកន្លែងនូវគម្រោងសំណង់លំនៅឋានសាធារណៈ ដែលបានធ្វើឡើងដោយស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដោយវិស័យឯកជន។
ការដកស្រង់បទពិសោធន៍នេះ គឺបន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្រកាសពីគម្រោងសាងសង់ និងអភិវឌ្ឍលំនៅឋានក្នុងតម្លៃសមរម្យ ដើម្បីដាក់លក់ និងជួលដល់ប្រជាពលរដ្ឋដែលឋិតក្រោមខ្សែបន្ទាត់ក្រីក្រ ដែលមានចំនួន ១៨ភាគរយនៃពលរដ្ឋកម្ពុជា សរុប។
លោក អ៊ី សារ៉ុម ជាប្រធានសម្របសម្រួលកម្មវិធីនៃអង្គការសមាគមធាងត្នោត មានប្រសាសន៍ថា នេះជាជំហានល្អមួយ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍ ប៉ុន្តែយ៉ាងណាក៏ដោយ លោកទាមទារឲ្យមានការចូលរួមមតិយោបល់ពីសង្គមស៊ីវិល និងប្រជាពលរដ្ឋផងដែរ៖ «សម្រាប់បញ្ហានេះ តម្រូវឲ្យរដ្ឋាភិបាល ជាពិសេសសាលារាជធានីភ្នំពេញ ត្រូវតែអនុញ្ញាតឲ្យមានការចូលរួមជាគំនិត និងយោបល់ពីសង្គមស៊ីវិល និងពីប្រជាពលរដ្ឋផងដែរ ដើម្បីកុំឲ្យគម្រោងដែលអភិវឌ្ឍទៅនៅថ្ងៃអនាគត គឺធ្វើដោយពុំបានចំណេញដល់ប្រជាពលរដ្ឋ»។
ព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២ ឧសភា បានស្រង់ប្រសាសន៍ លោក អ៊ឹម ឈុនលឹម ថា នៅក្រោយពេលដែលការរៀបចំប្រព័ន្ធគ្រប់គ្រងលំនៅឋានសាធារណៈនៅកម្ពុជា បានសម្រេចជាកិច្ចព្រមព្រៀងហើយ នោះនឹងអាចឈានទៅដល់ការអនុវត្តគម្រោងលំនៅឋានសាធារណៈជាការសាកល្បង។
យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី មិនអាចសុំបញ្ជាក់បន្ថែមពីពេលវេលាជាក់លាក់ និងខ្ទង់ចំណាយពីគម្រោងសាងសង់លំនៅឋានសម្រាប់ពលរដ្ឋក្រីក្របានឡើយ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព នៅតែព្រួយបារម្ភពីការប្រព្រឹត្តអំពើពុករលួយនៅក្នុងដំណើរការនៃការដាក់លក់ ឬជួលលំនៅឋានសាធារណៈនេះដល់ពលរដ្ឋក្រីក្រ។ លោកថា គម្រោងនេះវាពិតជាល្អណាស់ ប៉ុន្តែការអនុវត្តវិញអាចមិនសូវមានប្រសិទ្ធភាពក្នុងការជួយអ្នកក្រីក្រពិតប្រាកដបាន ហើយអ្នកមានលទ្ធភាពនៅតែឆ្លៀតឱកាស៖ «ខ្ញុំគិតថា គំនិតដែលរដ្ឋបានគិត ក្រសួងរៀបចំដែនដី បានគិតនេះ គឺជាគំនិតល្អ ប៉ុន្តែការអនុវត្តដែលជាប្រការធ្វើឲ្យខ្ញុំព្រួយបារម្ភ ចំពោះបញ្ហាការលក់ឲ្យប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ឬក៏យ៉ាងណា»។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនោះ រដ្ឋាភិបាលជប៉ុន ក៏បានបង្ហាញការគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា តាមសំណូមពររបស់លោករដ្ឋមន្ត្រី អ៊ឹម ឈុនលឹម លើការងារសំខាន់ៗចំនួន៣។ ទី១ ការងាររៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនរបស់រាជធានីភ្នំពេញ។ ទី២ ការរៀបចំលំនៅឋានសាធារណៈរបស់កម្ពុជា និងទី៣ ការរៀបចំកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស។
គណៈប្រតិភូកម្ពុជា នៅទីក្រុងតូក្យូ ក៏បានស្តាប់របាយការណ៍របស់ក្រុមហ៊ុន យូរីកា ម៉ូមេ ជាក្រុមហ៊ុនរថភ្លើងអាកាសបើកបរដោយស្វ័យប្រវត្តិ ជាប្រភេទរថភ្លើងសមស្របក្នុងការប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង។ ប្រភេទរថភ្លើងនេះ ជាករណីអាចបញ្ចូលក្នុងការសិក្សាប្លង់មេអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនរបស់រាជធានីភ្នំពេញ ដែលអង្គការចៃកា (JICA) បានសិក្សាកន្លងមក៕