អ្នក​ច្បាប់ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រតិកម្ម​ចំពោះ​ការ​បង្ក្រាប​បង្ហូរ​ឈាម​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ

អ្នកស្រី ស្ងួន អមរា
2018.03.09
តវ៉ា ដីធ្លី ក្រចេះ ៦២២ សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។
Photo screenshot

ព្រឹត្តិការណ៍​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់​កងកម្លាំង​អាជ្ញាធរ​ចម្រុះ ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​បិទផ្លូវ រឿង​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​មេមត់ នៅ​ភូមិ ២​ធ្នូ ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ប្រតិកម្ម និង​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់​របស់​អាជ្ញាធរ ហើយ​ការ​គេច​ពី​ការ​ទទួល​ខុសត្រូវ ដូច​ករណី​កន្លង​មក។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា ប្រសិន​បើ​ករណី​នេះ ពិត​ជា​មាន​ពលរដ្ឋ​ស្លាប់ និង​របួស​មែន​នោះ វា​គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​អាជ្ញាធរ ត្រូវ​តែ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់ ព្រោះ​អាជ្ញាធរ សុទ្ធតែ​ជា​អ្នក​មាន​អាវុធ​ក្នុង​ដៃ ដូច្នេះ​ពេល​មាន​ហេតុការណ៍​អ្វី​កើត​ឡើង មិន​ចាំបាច់​ផ្ទុះ​អាវុធ ឬ​ក៏​បាញ់​ពលរដ្ឋ​ឡើយ។ «សំឡេង»

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ជា​ទូទៅ​ថា អាជ្ញាធរ​មាន​សិទ្ធិ​បង្ក្រាប​បាតុករ ប្រសិន​បើ​បាតុកម្ម ក្លាយ​ទៅ​ជា​អំពើ​ហិង្សា។ ប៉ុន្តែ​យ៉ាង​ណា​ក្ដី អាជ្ញាធរ​មិន​អាច​ប្រើ​កាំភ្លើង ដែល​ជា​កម្លាំង​ស្លាប់​រស់​ជាមួយ​ប្រជាពលរដ្ឋ​បាន​ឡើយ លុះត្រាតែ​ការ​ប្រើ​ហិង្សា​របស់​ប្រជាជន​អាច​គំរាម​កំហែង​អាយុ​ជីវិត​របស់​សមត្ថកិច្ច។ «សំឡេង»

លោក​មេធាវី សុក សំអឿន បន្ថែម​ថា ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ប្រជា ពលរដ្ឋ​នោះ អាជ្ញាធរ​គួរ​តែ​អត់ធ្មត់​ឲ្យ​បាន​ច្រើន ហើយ​គួរ​តែ​ស្វែងយល់​អំពី​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់ និង​គួរ​តែ​យក និង​ប្រើប្រាស់​ឧបករណ៍​ណា​ដែល​មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ។

ក្នុង​ការ​បង្ក្រាប​បាតុកម្ម​បិទ​ផ្លូវ​នោះ សាក្សី​ជា​ច្រើន​អះអាង​ថា មាន​កង​កម្លាំង​ចម្រុះ​រាប់​សិប​នាក់ ក្នុង​នោះ​មាន​ទាំង​នគរបាល និង​ទាហាន ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ដែល​ដឹកនាំ​ដោយ​អភិបាលរង និង​ព្រះរាជអាជ្ញា​រង​ខេត្ត។

អ្នក​ច្បាប់​ម្នាក់​អះអាង​ប្រាប់​អាស៊ី​សេរី​ថា តាម​ផ្លូវ​ច្បាប់ គឺ​ព្រះរាជអាជ្ញា​មាន​សិទ្ធិ​ដឹកនាំ​កម្លាំង​ប៉ូលិស ដែល​ជា​នគរបាល​យុត្តិធម៌ ចុះ​អនុវត្ត​ការងារ។ ប៉ុន្តែ​ចំពោះ​ទាហាន​ដែល​ចូលរួម​បង្ក្រាប​បាតុករ​ដែរ​នោះ អាច​មាន​បញ្ហា​ផ្លូវ​ច្បាប់​ដែរ។ ទន្ទឹម​គ្នា​នេះ មេធាវី​រូប​នេះ ជំរុញ​ឲ្យ​ជន​រងគ្រោះ ចេញ​មុខ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ទាមទារ​រក​យុត្តិធម៌ ប្រសិន​បើ​ពួក​គាត់​យល់​ថា ការ​បង្ក​របួស​ស្នាម​នោះ ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់។ «សំឡេង»

តាម​សម្តី​ប្រជាពលរដ្ឋ និង​លោក​មេឃុំ ២​ធ្នូ​នោះ គឺ​កម្លាំង​សមត្ថកិច្ច បាន​ព្យាយាម​ប្រើ​អំពើ​ហិង្សា លើ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ដូច​ជា​ដុត​បំផ្លាញ​ផ្ទះ​ពលរដ្ឋ និង​កាប់​បំផ្លាញ​ផល​ដំណាំ​ជា​ដើម ដែល​មិន​ឃើញ​មាន​ការ​ចុះ​សម្របសម្រួល​ដោះស្រាយ​តាម​បែប​សន្តិវិធី​នោះ​ទេ។ ការ​ដោះស្រាយ​តាម​របៀប​ហិង្សា​នេះ​ហើយ ទើប​ពលរដ្ឋ​នាំ​គ្នា​ងើប​តវ៉ា​ប្រឆាំង​វិញ។

លោក វណ្ណ សូផាត សង្កេត​ឃើញ​ថា កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល ដែល​ថា ព្យាយាម​ដោះស្រាយ​ចំពោះ​ជម្លោះ​ដីធ្លី​ដោយ​សន្តិវិធី។ ដូច្នេះ​អាជ្ញាធរ​នៅ​ខេត្ត​ក្រចេះ និង​នៅ​ខេត្ត​ផ្សេងៗ ទៀត ត្រូវ​ខំ​ព្យាយាម​អត់ធ្មត់​ដោះស្រាយ​ដោយ​សន្តិវិធី ពោល​គឺ​មិន​ត្រូវ​ប្រើ​ហិង្សា​មាន​របួស​ស្នាម និង​ស្លាប់​នោះ​ទេ។ «សំឡេង»

ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន នេះ មាន​បញ្ហា​ជម្លោះ​ដីធ្លី​ជា​ច្រើន បាន​កើត​ឡើង​រវាង​អ្នក​មាន​អំណាច អ្នក​មាន​លុយ ជាមួយ​នឹង​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​នៅ​ភ្នំពេញ និង​នៅ​តាម​ខេត្ត។ ជម្លោះ​ដីធ្លី​ភាគ​ច្រើន គឺ​អាជ្ញាធរ​តែងតែ​បណ្ដេញ​ដោយ​ហិង្សា មាន​ទាំង​ដុត​ផ្ទះ ប្រើ​គ្រឿង​ចក្រ​កម្ទេច​ផ្ទះ វាយដំ​ប្រជាពលរដ្ឋ ចាប់​ពលរដ្ឋ​ដាក់​គុក និង​បាញ់​សម្លាប់​ជាដើម នៅ​ពេល​ពួក​គេ​តវ៉ា​រក​ដំណោះស្រាយ​សមរម្យ។ នៅ​ពេល​ពលរដ្ឋ​ប្ដឹង​ទៅ​តុលាការ មាន​សំណុំរឿង​ដីធ្លី​ភាគ​ច្រើន គឺ​ពលរដ្ឋ​ជា​អ្នក​ចាញ់​ក្ដី។

កាល​ពី​ឆ្នាំ ២០១២ នៅ​ខេត្ត​ក្រចេះ ក៏​មាន​អំពើ​ហិង្សា​បង្ក្រាប​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដែរ។ កាល​នោះ សមត្ថកិច្ច​បាន​បាញ់​បណ្ដាល​កុមារី​អាយុ ១៤​ឆ្នាំ​ម្នាក់​ស្លាប់។ ក្រោយ​ការ​បង្ក្រាប​ដោយ​ហិង្សា​មក អាជ្ញាធរ​របប​លោក ហ៊ុន សែន អះអាង​ថា អាជ្ញាធរ​ចាំបាច់​បង្ក្រាប​ដោយ​ហិង្សា ពីព្រោះ​ពលរដ្ឋ​ចង់​បង្កើត​តំបន់​អបគមន៍។

អ្នកច្បាប់ និង​មន្ត្រី​សិទ្ធិមនុស្ស ក៏​អំពាវនាវ​ដែរ​ថា ប្រសិនបើ​ករណី​នេះ​ជា​ការ​ពិត ហើយ​គ្មាន​ការ​ស្រាវជ្រាវ និង​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ប្រព្រឹត្ត​នោះ​ទេ នឹង​ធ្វើ​ឲ្យ​មាន​អំពើ​និទណ្ឌភាព​​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​កើន​ឡើង ហើយ​សំណុំរឿង​នេះ ក៏​មិន​ខុស​ពី​សំណុំរឿង​ជា​ច្រើន​ផ្សេង​ទៀត​ដែរ ដែល​ពលរដ្ឋ​បាន​ត្រឹមតែ​រង​គ្រោះ និង​ស្រែក​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។