ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នៅខេត្ត​កំពង់​ស្ពឺ​​រវាង​ប្រជា​ពលរដ្ឋ​និង​ក្រុម​ហ៊ុន​ស៊ីធីម៉ាត

ជម្លោះ​ដី​ធ្លី​ចាប់​ផ្តើម​កម្រើក​ឡើង​វិញ​ទៀត​ហើយ​ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៥​នេះ​។ ជម្លោះ​​ភាគ​ច្រើន​កើត​មាន​នៅ​តំបន់​ប្រជាពលរដ្ឋ​ក្រីក្រ​រស់​នៅ​ ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​។
ដោយ សេក បណ្ឌិត
2013.11.04
Share on WhatsApp
Share on WhatsApp

 

ប្រជា​ពលរដ្ឋ​នៅឃុំ​យាអង្គ​ ស្ថិត​នៅ​តំបន់​ភ្នំ​ព្រះ​ ឬ​ចំណុច​ចាក់​អង្ករ​ ស្រុក​ថ្ពង​ ខេត្ត​កំពង់ស្ពឺ​ ចាប់​ពី​ពេល​បោះឆ្នោត​បាន​បញ្ចប់​ ពួក​គាត់​ហាក់​មិន​សូវ​មាន​ពេល​ធ្វើការ​រក​ស៊ី​ពេញ​ដៃ​ពេញ​ជើង​នោះ​ទេ​។ ប្រការ​ទាំង​នេះ​ ដោយសារ​ក្រុម​ហ៊ុន​ ស៊ីធីម៉ាត​ (City Mart)​ បាន​បញ្ចេញ​សកម្មភាព​ឈូសឆាយ​ដី​នៅ​តំបន់​នោះ​ជា​ថ្មី​ ដែល​ពលរដ្ឋ​អះអាង​ថា ​បាន​បំពាន​លើ​ដី​ស្រែ​ចំការ​របស់​ពួកគាត់​។

ស្រ្តី​អ្នក​ភូមិ​ម្នាក់​ ឈ្មោះ​ ផូ ផា​ រស់​នៅ​ភូមិ​ពាណិជ្ជ​ ឃុំ​យាអង្គ​ ឲ្យ​ដឹង​ថា​ ដី​អ្នកស្រី​មាន​ប្រមាណ​ ៤​ហិកតារ​ បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩៦​ មក​ ប៉ុន្តែ​ការ​កាប់​គាស់​ដោយ​ដៃ​ធ្វើ​ចំការ​ស្រែ​មិន​បាន​ពេញ​ទាំង​អស់​នោះ​ទេ​។ អ្នកស្រី​បន្ត​ទាំង​ទឹកភ្នែក​ថា​ សព្វ​ថ្ងៃ​ដី​គាត់​ និង​អ្នកភូមិ​ដទៃ​ទៀត​ត្រូវ​ក្រុម​ហ៊ុន​ប្រើ​គ្រឿង​ចក្រ​ឈូសឆាយ​រំលោភ​យក​ បើ​ទោះ​ជា​ដី​ខ្លះ​មាន​ប្លង់​កម្ម​សិទ្ធិ​ មាន​ប័ណ្ណ​សម្គាល់​ ដែល​ក្រុម​និស្សិត​បាន​ចុះ​វាស់វែង​រួច​ហើយ​ក្តី​៖ «ហើយ​ដល់​តែ​ពេល​ឈូសឆាយ​ដី​ខ្ញុំ​ ខ្ញុំ​ឃាត់​វា​ដេញ​ឲ្យ​ខ្ញុំ​ទៅ​ប្តឹង​ ខ្ញុំ​មាន​ទៅ​ប្តឹង​អ្នកណា​ ខ្ញុំ​មាន​តែ​ការ​ប្តឹង​អស់​លោក​សម្តេច​នាយក​ គាត់​បញ្ជូន​យុវវជន​ស្ម័គ្រ​ចិត្ត​វាស់ដី​ជូន​ប្រជាពលរដ្ឋ​ ហើយ​ក្រុមហ៊ុន​ហ្នឹង​​ថា​និស្សិត​ស៊ី​សំណូក​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើការ​វាស់វែង​មិន​ត្រឹមត្រូវ​ មិន​យុត្តិធម៌​ ហើយ​បើក​អាត្រាក់​រក​ជាន់​ពួកខ្ញុំ​ទៀត​ តៃកុង​អត់​ហ៊ាន​បើក​ ដល់​អ៊ីចឹង​ទាហាន​ឡើង​បើក​ភ្លាម​ជាន់​ប្រជាជន​ខ្ញុំ​តែ​ម្តង​»

អ្នក​ភូមិ​ដែល​កំពុង​មាន​ជម្លោះ​ជា​មួយ​ក្រុមហ៊ុន​ និង​មាន​បញ្ហា​ប្រឈម​ច្រើន​ជាង​គេ​ គឺ​ភូមិ​ពាណិជ្ជ​ មាន​ប្រមាណ ​២០០​គ្រួសារ​ និង​ភូមិ​ប្រមាណ​ ៦​ផ្សេង​ទៀត​ប៉ះពាល់​មួយភាគ​។  ក្រៅ​ពី​របរ​ធ្វើ​ស្រែ​ ពលរដ្ឋ​ទី​នោះ​បាន​ដាំ​ដំណាំ​រួមផ្សំ​ ដូចជា​ពោត​ សណ្តែក​ ចេក​ អំពៅ​ ដំឡូង​ និង​ដំណាំ​រយៈ​ពេល​វែង​ មាន​ដូង​ ស្វាយ​ ជាដើម​នោះ​ទើប​នឹង​ចាប់​ផ្តើម​មិនទាន់​បាន​ផលពេញ​លេញ​នៅ​ឡើយ​។

ក្រៅ​ពី​ប្រឈម​នឹង​ការ​បាត់បង់​ដី​ធ្លី​បង្ក​បង្កើន​ផល​ ទី​វាល​ឃ្វាល​គោ​ពួកគាត់​ក៏​បាន​បាត់បង់​សិទ្ធិ​សេរីភាព​ ដោយសារ​ផ្លូវ​ចេញ​ពី​ភូមិ​ត្រូវ​ ក្រុមហ៊ុន​ប្រើប្រាស់​កម្លាំង​ទាហាន​ការពារ​ដាក់​បារាស់​ឃាំង​ផ្លូវ​ចូល​ភូមិ​។  ក្រុម​អ្នក​ភូមិ​ឲ្យ​ដឹង​ថា​ ពួកគាត់​ត្រូវ​ទាហាន​ការពារ​ឲ្យ​ក្រុមហ៊ុន​ជេរ​ប្រមាថ​និង​បាញ់​គំរាម​ បើ​ការ​ចេញ​ចូល​នោះ​ពុំ​បាន​សុំ​ការ​អនុញ្ញាត​ និង​ពុំ​បាន​បិទ​របាំង​ហាមឃាត់​នោះ​ត្រឹមត្រូវ​៖ «ឥឡូវ​ហ្នឹង​ វា​គាប​សង្កត់​ អ្នក​ណា​មក​ក៏​បើក​ អ្នក​ណា​មក​ក៏​បិទ​ អត់​បិទ​បាញ់​ បើ​អត់​បាញ់​ត្រូវ​ជេរ​ម្រាយ​ពី​មុន​មក​អត់​ដែល​មាន​ទេ​ទើប​តែ​មាន​ឥឡូវ​ ប្រជាជន​ធុញថប់​ណាស់​ឥឡូវ​ហ្នឹង​»

អ្នក​ភូមិ​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​រាល់​ការ​លំបាក​ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ​៖ «សូម​សំណូមពរ​ឲ្យ​អង្គការ​ចុះ​មក​ជួយ​ប្រជាពលរដ្ឋ​ខ្ញុំ​ នៅ​ឃុំ​យាអង្គ​ ភូមិ​ពាណិជ្ជ​ ខេត្ត​កំពង់ស្ពឺ​ នៅ​ចំណុច​ចាក់អង្ករ​ មាន​ទុក្ខ​លំបាក​ខ្លាំង​ណាស់​ ប្រជាពលរដ្ឋ​ខ្ញុំ​អស់​ទឹក​អស់​ដី​អាលីង​ហើយ​ ខ្ញុំ​រស់​នៅ​ទៅ​មុខ​ទៀត​អត់​បាន​ ប្រជាពលរដ្ឋ​ខ្ញុំ​រស់​នៅ​មាន​គោ​មាន​ជ្រូក​ ឥឡូវ​ហ្នឹង​អត់​មាន​កន្លែង​មើល​គោ​ទេ​ ក្រុមហ៊ុន​វា​យក​ទាហាន​មក​ប្លន់​ដី​ប្រជាពលរដ្ឋ ​ក្រុមហ៊ុន​ស៊ីធីម៉ាត​ខ្ញុំ​ថា​ ក្រុម​នេះ​ផ្តាច់ការ​បំពាន​ដី​ប្រជាពលរដ្ឋ​ យក​ទាហាន​ឲ្យ​មក​ប្លន់​ដី​ឲ្យ​ខ្លួន​ឯង​ ខ្ញុំ​អត់​ដែល​ឃើញ​ទេ​ ខ្ញុំ​ធ្លាប់​ឃើញ​ទាហាន​នៅ​ព្រះ​វិហារ​ ការពារ​ទឹកដី​ឲ្យ​ប្រជាពលរដ្ឋ​ ដឹង​អី​មក​យក​ដី​ប្រជាពលរដ្ឋ​ឲ្យ​ក្រុមហ៊ុន​ ខ្ញុំ​អត់​ដែល​ឃើញ​ទេ​ ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ណាស់​»

យ៉ាងណាក្តី​ រាល់​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ ក្រុម​ទាហាន​មក​ពី​វីរៈ​៨៥​ ជើង​គោក​ និង​អ្នក​គ្រប់គ្រង​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ឲ្យ​ក្រុមហ៊ុន​ ស៊ីធីម៉ាត​ បដិសេធ​ថា​ ជា​ការ​អត្ថាធិប្បាយ​ផ្ទុយ​ពី​ការ​ពិត​។  អ្នក​គ្រប់គ្រង​គ្រឿង​ចក្រ​ និង​ការ​ឈូសឆាយ​ដី​ លោក​ គង់ ច័ន្ទណា​ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ ទី​០១​ វិច្ឆិកា​ ថា​ ប្រជាពលរដ្ឋ​ដែល​តវ៉ា​នោះ​ ទើប​នឹង​មក​នៅ​ថ្មី​ ចំណែក​ក្រុមហ៊ុន​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​លើ​ការ​ឈូសឆាយ​ទៅ​តាម​ប្លង់​ដី​ ដែល​ក្រុមហ៊ុន​ទទួល​បាន​ដើម្បី​អភិវឌ្ឍន៍​ដាំ​ដើម​កាស្យា​៖ «ហើយ​ហេតុ​អី​បាន​ដាំ​កូន​កាស្យា​ គឺ​គិត​ដល់​សត្វ​ព្រៃ​ទៀត​ បង​ឃើញ​នៅ​កំពង់ស្ពឺ​ កាលណា​ខ្ញុំ​អភិវឌ្ឍ​កូន​កាស្យា​បាន​សម្រេច​ដំណាំ​កសិ-​ឧស្សាហកម្ម​ហ្នឹង​ សត្វ​ព្រៃ​ក៏​មក​រស់​នៅ​ក្នុង​កាស្យា​ខ្ញុំ​ដែរ​»​

ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ​ដី​ក្រុមហ៊ុន​នោះ​មាន​ទំហំ​ប៉ុណ្ណា​ ជា​ប្រភេទ​ដី​សម្បទាន​សេដ្ឋកិច្ច​ ឬ​ទិញ​ដូរ​ពី​ខាង​ណា​មួយ​នោះ​ទេ​។

បំភ្លឺ​ចំពោះ​បញ្ហា​នេះ​ អភិបាល​ស្រុក​ថ្ពង​ លោក​ ងួន លាញ់​ មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន​ ស៊ីធីម៉ាត​ ទទួល​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ នៅ​តំបន់​នោះ​ចំនួន ​៩​ពាន់​ហិកតារ​ ស្ថិត​ក្នុង​ឃុំ​៤​ ក្នុង​ស្រុកថ្ពង​។  ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​ទំនាស់​វិញ​ អាជ្ញាធរ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ ហើយ​បាន​ចុះ​ដោះស្រាយ​ជា​បន្ត​បន្ទាប់​៖ «យើង​កំពុង​តែ​ស្រាវជ្រាវ​មើល​តើ​ក្រុមហ៊ុន​ហ្នឹង​បាន​ធ្វើ​តាម​ស...​ហើយ​ឬ​នៅ​? ឬ​គាត់​មាន​ឯកសារ​ណា​យោង​ តាម​ពិត​ព្រឹក​មិញ​នេះ​ ខាង​ស្រុក​បាន​ប្រជុំ​ដោះស្រាយ​មួយ​ជំហាន​ហើយ​ ថា​តើ​បងប្អូន​ប្រជាពលរដ្ឋ​ថា ​អ៊ីចឹង​តើ​គាត់​មាន​អំណះអំណាង​អី​

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាណិជ្ជ​ ឃុំ​យាអង្គ​ លោក​ លីវ សារ៉ុម​ ឲ្យ​ដឹង​ថា​ អ្នក​ភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ​សើរើ​ឡើង​វិញ​នូវ​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ ដែល​បាន​ដាក់​កាល​ពី​ឆ្នាំ​២០០៨​ ពាក់ព័ន្ធ​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​នោះ​ សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ រដ្ឋាភិបាល​ដក​កងទ័ព​ចេញ​ពី​តំបន់​ភូមិ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ និង​សុំ​ឲ្យ​លប់​បំបាត់​បារាស់​រាំង​ផ្លូវ​ចូល​ភូមិ​ទាំងអស់​នោះ​ចេញ​៖ «ទី​មួយ​ទៀត​នោះ​ គឺ​ព្រៃ​សហគមន៍​ប្រជាពលរដ្ឋ​ទាមទារ​ ដែល​អាជ្ញាធរ​បាន​កាត់​ឲ្យ​ហើយ​ ហេតុ​អី​បាន​ឲ្យ​ក្រុម​ហ៊ុន​ឈូសឆាយ​ទៀត​ ពី​មុន​ដី​នេះ​នៅ​ព្រៃ​ទាំងអស់​ ហើយ​ទុក្ខ​លំបាក​របស់​ប្រជាជន​ ទី​មួយ​គោ​ ឥឡូវ​អត់​មាន​កន្លែង​ឃ្វាល​គោ​ អនុ​ផល​ព្រៃឈើ​ដូច​ជា​ផ្សិត​ ប្រជាពល​រដ្ឋ​អត់​ម្ហូប​ គាត់​ដើរ​ដក​ផ្សិត​ក៏​បាន​រស់​ដែរ​ ទី៣ ​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​ពី​មុន​គាត់​អាស្រ័យ​ផល​នឹង​អនុផល​ព្រៃឈើ​នេះ​ ឥឡូវ​គាត់​អត់​មាន​បាន​ទទួល​អី​ទៀត​ទេ​»

អ្នក​ភូមិ​ព្រមាន​ថា​ បើ​ពុំ​មាន​ការ​ដោះស្រាយ​លើ​ចំណុច​ទាំងអស់​នេះ​ទេ​ ពលរដ្ឋ​នឹង​នាំ​គ្នា​ទៅ​ធ្វើ​បាតុ​កម្ម​ដើរ​ទៅ​មុខ​សាលា​ស្រុក​ សាលា​ខេត្ត​ ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​។

ទាក់ទង​បញ្ហា​នេះ​ មន្រ្តី​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ លោក​ រដ្ឋា វី​ មាន​ប្រសាសន៍​ថា​ នឹង​ចុះ​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់​ នឹង​ត្រៀម​ជំនួយ​ផ្នែក​ច្បាប់​ បើ​សិន​ជា​មាន​ការ​ចាំបាច់​៖ «ហើយ​ខ្ញុំ​នឹង​ជួយ​អន្តរាគមន៍​ជូន​ពួក​គាត់​ បើ​ពួក​គាត់​ត្រូវការ​មេធាវី​ការពារ​ ខាង​ខ្ញុំ​នឹង​ផ្តល់​មេធាវី​ជូន​ បើ​សិន​គាត់​ត្រូវការ​ប្តឹង​ឡើង​តុលាការ​»

កាល​ពី​យប់​ថ្ងៃ​សុក្រ​ ទី​០១​ វិច្ឆិកា​ ផ្ទះ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣​ខ្នង​ ស្ថិត​នៅ​ភូមិ​ពាណិជ្ជ​ ឃុំ​យាអង្គ​ ស្រុក​ថ្ពង​ ខេត្ត​កំពង់ស្ពឺ​ ជា​តំបន់​ដែល​កំពុង​មាន​ជម្លោះ​នោះ​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ដុត​បំផ្លាញ​។  រហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​ពុំ​ទាន់​ស្វែង​រក​មុខ​ជន​ដៃ​ដល់​ ក្នុង​ករណី​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​ នៅ​តំបន់​នោះ​ឃើញ​នៅ​ឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ជួប​អ្នក​គាំទ្រ នៅ​បុរី​ញូវយ៉ក ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។