តំណាងអ្នកភូមិឡពាងខេត្តកំពង់ឆ្នាំងគ្រោងប្ដឹងមន្ត្រីសុរិយោដីពីរនាក់ចោទធ្វើប្លង់ដីមិនត្រឹមត្រូវ

តំណាងអ្នកភូមិឡពាង និងបឹងកក់ នៃឃុំតាជេស ស្រុកកំពង់ត្រឡាច គ្រោងដាក់លិខិតសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ និងព្រះមហាក្សត្រ ដើម្បីមានចំណាត់ការប្រឆាំងនឹងមន្ត្រីសុរិយោដីពីររូប ដែលពួកគេអះអាងថា បានធ្វើប្លង់ដីមិនត្រឹមត្រូវបង្កឲ្យមានជម្លោះ។ គម្រោងនេះ បន្ទាប់ពីសាលាដំបូងខេត្តកំពង់ឆ្នាំង និងសាលាឧទ្ធរណ៍ តម្កល់រឿងទុកឥតចាត់ការ។
តំណាង និងក្រុមអ្នកភូមិដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ថា ពលរដ្ឋនឹងកាន់លិខិតចូលស្ថាប័នទាំងពីរនៅដើមសប្ដាហ៍ទីបួននៃខែកញ្ញា ឆ្នាំ២០១៦។ ពួកគេថា បណ្ដឹងប្រឆាំងនឹងមន្ត្រីសុរិយោដី និងភូមិបាលស្រុកកំពង់ត្រឡាច ឈ្មោះ អេង ណារិទ្ធិ និងឈ្មោះ ម៉ិល ចន្ថា ដែលប្ដឹងកាលពីឆ្នាំ២០១៤ មិនត្រូវបានព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញាចាត់ការទេ។
តំណាងពលរដ្ឋមានបញ្ហាដីធ្លីនៅភូមិឡពាង លោក រាជ សីម៉ា មានប្រសាសន៍ថា ដើមបណ្ដឹងទាំងបីនាក់នឹងសាកល្បងដាក់បណ្ដឹងប្រឆាំងនឹងមន្ត្រីសុរិយោដីទៅតុលាការកំពូលទៀត ក្រែងគេទទួលបណ្ដឹង និងចាត់ការរកយុត្តិធម៌ជូនអ្នកភូមិរងគ្រោះដីធ្លី។ លោកថា បើតុលាការមិនទទួលបណ្ដឹងដោយសម្អាងថាខុសនីតិវិធីនោះ ពួកគេនឹងដាក់លិខិតចូលក្រសួងយុត្តិធម៌ និងព្រះមហាក្សត្រ៖ «ប៉ុន្តែបើសិនជាតុលាការនេះអត់ចាត់ការទេ ខ្ញុំនឹងប្ដឹងនៅអាណត្តិគណបក្សក្រោយជាប់ឆ្នោត ព្រោះខ្ញុំគិតថា តុលាការសព្វថ្ងៃជាតុលាការរបស់អ្នកមានលុយមានអំណាច»។
ចំណែកតំណាងពលរដ្ឋមានបញ្ហាដីធ្លីនៅភូមិបឹងកក់ លោក សៀង ហេង បញ្ជាក់ថា ការបន្តប្ដឹងតវ៉ាជុំវិញរឿងដីធ្លីនេះ ក៏ព្រោះតែលោកចង់បង្ហាញពីភាពមិនប្រក្រតីនៃការធ្វើប្លង់ដីដោយមន្ត្រីជំនាញកាលពីឆ្នាំ២០០៦។ លោកថា លោកនឹងចូលរួមធ្វើជាតំណាងដើមបណ្ដឹងជាមួយពលរដ្ឋចំនួនពីរនាក់ផ្សេងទៀត គឺលោក រាជ សីម៉ា និងលោក ហុង ដារ៉ូ ដើម្បីសើរើរកខុសត្រូវជុំវិញរឿងនេះ៖ «ប្ដឹងទៅលើបញ្ហាប្លង់ហ្នឹង! ជាផលប្រយោជន៍គឺខាងខ្ញុំ និងពលរដ្ឋចង់បញ្ជាក់ថា ជាដីពលរដ្ឋមិនទាន់បានដោះស្រាយ ឬទិញលក់អីចប់ពីពលរដ្ឋ ហើយគាត់យកទៅធ្វើប្លង់ក្ដោបយកទាំងអស់»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងមន្ត្រីសុរិយោដី លោក អេង ណារិទ្ធិ និងលោក ម៉ិល ចន្ថា ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះបានទេនៅថ្ងៃទី១១ ខែកញ្ញា។ ប៉ុន្តែអភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ចេង ញ៉ាន់ ធ្លាប់បញ្ជាក់ថា ដីរបស់ក្រុមហ៊ុនមានប្លង់រឹងដែលបានធ្វើប្លង់ឡើងដោយស្របច្បាប់ ទើបការតវ៉ាណាមួយរបស់ក្រុមពលរដ្ឋលំបាកនឹងដោះស្រាយ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា តាមនីតិវិធីដែលសំណុំរឿងរបស់តំណាងដើមបណ្ដឹងទាំងបីរូបមិនទាន់បានចូលដល់ដៃចៅក្រមស៊ើបសួរ នោះដើមបណ្ដឹងមិនអាចបន្តដាក់បណ្ដឹងទៅតុលាការកំពូលទៀតទេ ព្រោះព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញាបានតម្កល់រឿងទុកឥតចាត់ការហើយ។ ប៉ុន្តែលោកគាំទ្រពលរដ្ឋដែលចេះរកខុសត្រូវតាមផ្លូវច្បាប់៖ «បាទ! កន្លែងនេះយើងងឿងឆ្ងល់បន្តិចដែរទាក់ទងនឹងរឿងដីនៅតំបន់ឡពាង ព្រោះនៅក្នុងប្រទេសកម្ពុជា យើងអត់ដែលឃើញមានដីណាមានជាង ១០០ប័ណ្ណ ហើយប័ណ្ណនីមួយៗមានទំហំ ៥ហិកតារស្មើគ្នា ហើយមិនដឹងគេធ្វើយ៉ាងម៉េចបានជាម្ចាស់ដីហ្នឹងទទួលបានដី ៥ហិកតារដូចគ្នាដើម្បីលក់ឲ្យក្រុមហ៊ុន»។
ទាក់ទងនឹងជម្លោះដីធ្លីរវាងពលរដ្ឋជាច្រើនគ្រួសារនៅឃុំតាជេស ស្រុកកំពង់ត្រឡាច នេះ ភាគីក្រុមហ៊ុន និងអាជ្ញាធរ ធ្លាប់ប្រើវិធានការក្ដៅផង ត្រជាក់ផង និងពេលខ្លះលួងលោមដើម្បីសម្របសម្រួលបញ្ចប់ជម្លោះជាមួយពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមានពលរដ្ឋប្រមាណ ១៥គ្រួសារទៀតនៅក្រាញននៀលតវ៉ាមិនព្រមទទួលយកគោលនយោបាយដោះស្រាយរបស់ភាគីក្រុមហ៊ុននៅឡើយ៕