ក្រសួង​ដែនដី​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ការិយាល័យ​សមាជិក​រដ្ឋសភា​អាមេរិក

ដោយ សុជីវី
2015-08-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ កាន់​បដា​​តវ៉ា​នៅ​ក្រោម​ដើម​ពោធិ៍ ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ នា​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។
ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ កាន់​បដា​​តវ៉ា​នៅ​ក្រោម​ដើម​ពោធិ៍ ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ នា​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Morm Moniroth

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រតិកម្ម​នឹង​ការិយាល័យ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស នៃ​រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក ដែល​ថា កម្ពុជា ខកខាន​មិន​បាន​ធានា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

ក្រសួង​រៀបចំ​ដែនដី បាន​សំអាង​លើ​បទដ្ឋាន​ច្បាប់​មួយ​ចំនួន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​សិទ្ធិ​របស់​ពលរដ្ឋ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញ​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ក្រសួង​បញ្ជាក់​ថា មក​ដល់​ពេល​នេះ កម្ពុជា មាន​បទដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ។

ការ​បញ្ជាក់​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ការ​ឆ្លើយ​តប​នឹង​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ដែល​ដក​ស្រង់​ការ​លើក​ឡើង​របស់​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​រដ្ឋសភា​នៃ​សហរដ្ឋ​អាមេរិក លោក អេដ រ៉យស៍ (Ed Royce) ដែល​ថា កម្ពុជា ខកខាន​មិន​បាន​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​ពលរដ្ឋ​របស់​ខ្លួន ជាពិសេស​សិទ្ធិ​ក្នុង​ការ​ធានា​នូវ​អចលនទ្រព្យ ការ​បង្កើន​ប្រាក់​ចំណូល និង​ការ​ចូលរួម​ដោយ​សេរី​ខាង​ផ្នែក​សេដ្ឋកិច្ច។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត មាន​ប្រសាសន៍​ថា រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​រដ្ឋ ដែល​ធានា​សិទ្ធិ​ពលរដ្ឋ។ លើស​ពី​នេះ ក៏​មាន​គោល​នយោបាយ​ដីធ្លី មាន​ច្បាប់​ភូមិបាល មាន​អនុក្រឹត្យ​ជាច្រើន ដែល​ចែង​ពី​កម្មសិទ្ធិ​ដីធ្លី និង​ឯកសារ​ណែនាំ​បច្ចេកទេស សម្រាប់​បម្រើ​ឲ្យ​ការ​ចុះ​បញ្ជី។ លោក សេង ឡូត បន្ត​ថា ក្នុង​ការ​អនុវត្ត​វិញ មក​ដល់​ពេល​នេះ​មាន​ក្បាល​ដី​ជាច្រើន​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​ស្រប​ច្បាប់។ លោក​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ប្រធាន​គណៈកម្មាធិការ​រដ្ឋសភា​នៃ​សហរដ្ឋ​អាមេរិក៖ «ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​កន្លង​មក យើង​ផ្តល់​បាន ៤​លាន​ក្បាល​ដី​ហើយ។ ក្នុង​ការ​ប៉ាន់​ប្រមាណ​សរុប​សម្រាប់​ប្រទេស​កម្ពុជា យើង​មាន​ប្រហែល ៧​លាន​ក្បាល​ដី​ដែល​ត្រូវ​ចុះ​បញ្ជី ហើយ​ការ​ចុះ​បញ្ជី​នេះ​មាន​រូបភាព គឺ​ការ​ចុះ​បញ្ជី​ជា​ប្រព័ន្ធ បាន​ន័យ​ថា យើង​ធ្វើ​តាម​ភូមិ​ឃុំ​សង្កាត់​ទាំងអស់​ដែល​រាជ​រដ្ឋាភិបាល​គាំទ្រ​ការ​ចុះ​បញ្ជី​ហ្នឹង​ជូន​ពលរដ្ឋ ហើយ​និង​មួយ​ទៀត ជា​ការ​ចុះ​បញ្ជី​ដាច់​ដោយ​ដុំ»

កាល​ពី​ថ្ងៃ​ពុធ ទី​១២ សីហា ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ភាព​ខ្វះខាត​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ដែល​នាំ​ឲ្យ​ពលរដ្ឋ​របស់​ប្រទេស​នេះ តែង​រងគ្រោះ​ឥត​ឈប់​ឈរ​ពី​ករណី​រំលោភ​ដីធ្លី ជា​បញ្ហា​ដែល​នាំ​ឲ្យ​កម្ពុជា មាន​ការ​អភិវឌ្ឍ​យឺត។ គណៈកម្មាធិការ​នេះ នឹង​បើក​សវនាការ​ពិនិត្យ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២១ សីហា ដើម្បី​ស្ដាប់​សាក្សី​ជាច្រើន​នាក់​នៃ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​រំលោភ​ដីធ្លី ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ជីវិត​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា និង​ហ្វីលីពីន។ សវនាការ នឹង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទាំង​នោះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី ក៏​បាន​រិះគន់​របាយការណ៍​ដីធ្លី​របស់​សមាគម​អាដហុក (Adhoc) ថា​ពុំ​មាន​មូលដ្ឋាន មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​លម្អៀង។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត មាន​ប្រសាសន៍​ថា តួលេខ​ជម្លោះ​ដីធ្លី​របស់​សមាគម​នេះ ខ្ពស់​ខុស​គ្នា​ខ្លាំង​ពី​របាយការណ៍​របស់​រដ្ឋាភិបាល៖ «តួលេខ​គាត់​ធំ​ពេក កាល​ណា​ធំ​ពេក​ផ្សាយ​ទៅ​វា​អាច​ប៉ះពាល់​ដល់​លទ្ធផល​ដ៏​ធំធេង ដែល​ក្រសួង​ក៏​ដូច​រដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​កន្លង​មក។ ម្យ៉ាង​ទៀត ក៏​ប៉ះពាល់​ដល់​កិត្តិយស​នៃ​ជាតិ​របស់​យើង​ដែរ ដែល​ថា​ជាតិ​យើង​ហ្នឹង​មាន​ទំនាស់​ដីធ្លី​ច្រើន​ក៏​មិន​ល្អ​ដែរ។ តួលេខ​នេះ គឺ​ក្រសួង​មាន​ច្បាស់លាស់​ណាស់ គឺ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យើង​នៅ​សល់​តែ​ប្រហែល ៨០០​ទំនាស់​ទេ ដែល​ត្រូវ​បន្ត​ដោះស្រាយ»

មន្ត្រី​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក លោក ឡាត់ គី មាន​ប្រសាសន៍​ថា សមាគម​ពុំ​ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខូច​មុខ​មាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ របាយការណ៍​របស់​អាដហុក ពឹង​ផ្អែក​លើ​ព័ត៌មាន​ពិត​ជាក់លាក់។ លោក​បន្ត​ថា អាដហុក ប្រាថ្នា​សុំ​ឲ្យ​តែ​ពលរដ្ឋ​ទទួល​បាន​ដំណោះស្រាយ​សមរម្យ និង​យុត្តិធម៌។

របាយការណ៍​របស់​អាដហុក ដែល​មាន​ចំណង​ជើង​ថា "ដី​របស់​នរណា?" បង្ហាញ​ថា រយៈពេល ៦​ខែ​ឆ្នាំ​២០១៥ អាដហុក ទទួល​បាន ៦៦​បណ្ដឹង​ក្នុង​បញ្ហា​ដីធ្លី គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​ទេ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤។ ការ​ដោះស្រាយ​បញ្ហា​ដីធ្លី តែង​ជួប​ការ​លំបាក ឬ​មិន​អាច​ដោះស្រាយ​បាន​ក្នុង​ករណី​ជម្លោះ​ជាមួយ​អ្នក​មាន​លុយ និង​មាន​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ច្បាប់និងព្រៃ

Aug 18, 2015 09:19 AM

អ្នក​អាន​អនាមិក

ចងបានច្បាប់ស្រុក នាំម៉ាពូជន៏ ម៉ាបក្សលោកឯងទៅនៅ​អាមេរិក​ទៅ​ងាប់ហើយស្មានតែសម្តេចអង្វលោកឯងអី អស់ខ្មែរអោយយួនមក​នៅពេញ​ស្រុក​​តាស្អែកក៏បានដែរ ងាប់ហើយ។

Aug 19, 2015 12:15 AM

អ្នក​អាន​អនាមិក

ជយោ! វៀតណាម-វៀតណាម!

Aug 19, 2015 05:59 AM

គេហទំព័រ​ទាំងមូល