សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ព្រមាន​ប្ដឹង​អ្នក​រំលោភ​ឈូស​ឆាយ​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ​ជា​ថ្មី

ដោយ រដ្ឋា វិសាល
2017-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឿងចក្រ​ឈូស​ឆាយ​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ដែល​អាជ្ញាធរ​កាត់​ទុក​សម្រាប់​សាងសង់​វិទ្យាស្ថាន​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេង​កាត ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។
គ្រឿងចក្រ​ឈូស​ឆាយ​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ ដែល​អាជ្ញាធរ​កាត់​ទុក​សម្រាប់​សាងសង់​វិទ្យាស្ថាន​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេង​កាត ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី ព្រមាន​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ​ក្រោយ​ពេល​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ ត្រូវ​បាន​គេ​ឈូស​ឆាយ​ជា​ថ្មី​ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​បុគ្គល។ មន្ត្រី​អភិរក្ស​ភ្នំ​ដោះ​ក្រមុំ​អះអាង​ថា ការ​ប៉ុនប៉ង​យក​ដី​ភ្នំ​ដោះ​ក្រមុំ​នេះ គឺ​រំលោភ​ទៅ​លើ​សេចក្ដី​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​សម្រេច​រក្សាទុក​ដី​ភ្នំ​ដោះ​ក្រមុំ ជា​តំបន់​វប្បធម៌​បូជនីយកិច្ច​ជនជាតិ​ដើម​ភាគតិច។

ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ប្រមាណ ៤​ហិកតារ​នៅ​ខាង​កើត​ជើងភ្នំ​ដោះ​ក្រមុំ ជា​ថ្មី​ទៀត បើ​ទោះ​បី​ជា​អាជ្ញាធរ​ខេត្ត​បាន​ឯកភាព​​ជាមួយ​សហគមន៍​រក្សា​ដី​តំបន់​នោះ​ជា​តំបន់​បូជនីយកិច្ច​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ព្នង​ក៏ដោយ។

​តំណាង​សហគមន៍ លោក ក្រើង តុលា បញ្ជាក់​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ថា​តំណាង​សហគមន៍​ប្រមាណ ១០​នាក់ បាន​រារាំង​គ្រឿងចក្រ​កាល​ពី​ដើម​សប្ដាហ៍ ហើយ​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ដើម្បី​សហគមន៍​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​កោះ​ហៅ​អ្នក​ឈូស​ឆាយ​ទៅ​សាកសួរ​ពី​ករណី​នេះ។ លោក​ថា អ្នក​ឈូស​ឆាយ​មិន​ប្រាប់​ពី​អត្តសញ្ញាណ​នោះ​ទេ ក៏ប៉ុន្តែ​ពួកគេ​សំអាង​ថា មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​កាល​ពី​ឆ្នាំ​២០០៤ អនុញ្ញាត​ឲ្យ​ដី​តំបន់​នោះ​ទៅ​ពួកគេ៖ «យើង​មាន​ជំហរ​ដាច់ខាត គឺ​យើង​មិន​ឲ្យ​គាត់​ធ្វើ​ទេ ដោយសារ​យោង​លិខិត​ដក​ហូត​របស់​ខេត្ត ដោយសារ​យើង​មាន ស.ជ.ណ ចេញ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី»

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ក្រុង និង​ស្រុក​ចំនួន​៥ ក្នុង​ខេត្ត​មណ្ឌលគិរី រួម​ទាំង​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​ឯកភាព​គ្នា​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដី​តំបន់​​ភ្នំ​ដោះ​ក្រមុំ ដើម្បី​អភិរក្ស​ភ្នំ​នេះ​ទុក​ជា​តំបន់​បូជនីយកិច្ច​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​មណ្ឌលគិរី លោក ស្រី ទូច មាន​ប្រសាសន៍​ថា មន្ទីរ​ជំនាញ​បាន​ណែនាំ​ប្រជាពលរដ្ឋ​ដែល​ឈូស​ឆាយ​ដី​ឲ្យ​បញ្ឈប់​សកម្មភាព​ជា​បណ្ដោះអាសន្ន រង់ចាំ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​នេះ ពីព្រោះ​លិខិត​គ្រប់គ្រង​ដី​ដែល​អ្នក​ឈូស​ឆាយ​ដី​យក​ជា​សំអាង​គឺ​ហួស​សុពលភាព​​ប្រើប្រាស់៖ «គាត់​យល់​ព្រម​គាត់​មក​ជួប​ខ្ញុំ​ព្រឹក​មិញ សុំ​អង្វរ​ខ្ញុំ​ថា ខ្ញុំ​គ្មាន​សិទ្ធិ​ទេ​រឿង​ហ្នឹង សុទ្ធ​តែ​រឿង​ឯកសារ​ទាំង​អស់​គ្នា ហើយ​ចាំ​ដោះស្រាយ​យ៉ាង​ណា​នោះ មាន​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច មាន​អាជ្ញាធរ​ខេត្ត មាន​ក្រសួង​វប្បធម៌»

​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី សម្រេច​លប់​ចោល​គម្រោង​អភិវឌ្ឍន៍​នានា នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ បន្ទាប់​ពី​សហគមន៍​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ នាំ​គ្នា​តវ៉ា​ទៅ​នឹង​ការ​ឈូស​ឆាយ​ដី​តំបន់​ភ្នំ​ដើម្បី​រៀបចំ​គម្រោង​សាងសង់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ស្រាវជ្រាវ​រ៉ែ​ថាមពល និង​ប្រេងកាត​លើក​ដំបូង​នៅ​ក្នុង​ខេត្ត​ដាច់ស្រយាល​មួយ​នេះ។

អភិបាល​ក្រុង​សែនមនោរម្យ លោក ឡុង វិបុល បញ្ជាក់​ដែរ​ថា អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​មោឃភាព​លិខិត​កាន់​កាប់​ដី​ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​នោះ​រួច​ហើយ ហេតុ​នេះ​អាជ្ញាធរ​ក្រុង​បាន​ណែនាំ​ឲ្យ​អ្នក​ឈូស​ឆាយ​ដី​ដក​ថយ​ពី​ដី​នោះ​ដើម្បី​រក្សា​ស្ថានភាព​ដី​ភ្នំ​ដោះ​ក្រមុំ​ដូច​ធម្មតា។ លោ​កថា​អាជ្ញាធរ​ក្រុង​​រង់ចាំ​ក្រសួង​វប្បធម៌​ចាត់​មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ និង​សហគមន៍​ចុះ​កំណត់​បរិវេណ​ដី​ភ្នំ​ដោះក្រមុំ ឡើង​វិញ៖ «ការពារ​ហ្នឹង​គឺ​ចង់​ឲ្យ​នៅ​តែ​ប៉ុណ្ណឹង អត់​ចង់​ឲ្យ​អ្នក​ណា​មក​ប៉ះពាល់​ទៀត​ទេ។ ម្ចាស់​ថ្មី​ដែល​គាត់​មក​​ទៀត គាត់​ថា​ដី​គាត់ អ៊ីចឹង​យើង​បាន​ណែនាំ​ឲ្យ​គាត់​ថយ​ទៅ​វិញ ចរចា​ដោយ​សន្តិវិធី​ថា យើង​មិន​​ចង់​ឲ្យ​មាន​ការ​ប៉ះពាល់​ត​ទៅ​ទៀត​ទេ»

ភ្នំ​ដោះ​ក្រមុំ​មាន​ទីតាំងនៅ​កណ្ដាល​ក្រុង​សែនមនោរម្យ ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម។កាល​ពី​ឆ្នាំ​២០០៤ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចេញ​សេចក្ដី​សម្រេច​ចាត់​ទុក​តំបន់​ភ្នំ​នេះ​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច មាន​ទំហំ​ដី​ជាង ១០២​ហិកតារ រហូត​បច្ចុប្បន្ន​ផ្ទៃដី​ភ្នំ​ដោះ​ក្រមុំ​នៅ​សល់​ប្រមាណ​តែ ៧០​ហិកតារ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រជាពលរដ្ឋ និង​មន្ទីរ​ស្ថាប័ន​ជំនាញ​ជុំវិញ​ខេត្ត​ចូល​ទៅ​កាន់​​កាប់​ដី​នោះ។

តាម​ការ​គ្រោង​ទុក​ក្រសួង​វប្បធម៌ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​នឹង​បង្កើត​គណៈកម្មការ​ជំនាញ​ចុះ​វាស់វែង​បោះ​បង្គោល​ព្រំ​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ ឡើង​វិញ នៅ​មុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ស្របតាម​កិច្ច​ព្រមព្រៀង​ធ្វើ​ឡើង​ជាមួយ​តំណាង​សហគមន៍​កាល​ពី​ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល