ប្រជាពលរដ្ឋ​មួយ​គ្រួសារ​អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​មណ្ឌលគិរី​ផ្ដល់​យុត្តិធម៌

ដោយ រដ្ឋា វិសាល
2017-05-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រស់ បេន រស់​នៅ​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​ផ្ដល់​យុត្តិធម៌​ឲ្យ​កូនប្រសា​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។ រូបថត​អាដហុក ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៧
លោក រស់ បេន រស់​នៅ​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​ផ្ដល់​យុត្តិធម៌​ឲ្យ​កូនប្រសា​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។ រូបថត​អាដហុក ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៧
រូបថត​អាដហុក

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អំពាវនាវ​សុំ​ឲ្យ​ចៅក្រម​សាលាដំបូង​ខេត្ត​ស៊ើបអង្កេត​ផ្ដល់​យុត្តិធម៌​ករណី​កូនប្រសា​គាត់​ពីរ​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទ​ថា កាប់​រាន​ព្រៃ​យក​ដី​ខុស​ច្បាប់។ បច្ចុប្បន្ន​ជន​ជាប់​ចោទ​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​អស់​រយៈពេល ៨​ខែ​ហើយ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ឧសភា នៅ​ការិយាល័យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី ខណៈ​ឪពុក​ក្មេក​ជនជាប់ចោទ​ស្វែង​រក​កិច្ច​ប្រឹក្សា​ផ្នែក​ច្បាប់​ពី​មន្ត្រី​សិទ្ធិ​​មនុស្ស។

ពលរដ្ឋ​ចំណាក​ស្រុក​ពី​ខេត្ត​ត្បូងឃ្មុំ រស់​នៅ​ភូមិ​ពូគង់ គឺ​លោក រស់ បេន រៀបរាប់​ថា កូនប្រសា​របស់​គាត់​កំពុង​ជាប់​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​ដោយសារ​បាន​ទិញ​ដី​ពី​អ្នក​ភូមិ​ជាមួយ​គ្នា ក៏ប៉ុន្តែ​គ្រា​ម្ចាស់​ដី​នាំ​កូន​គាត់​ទៅ​កាប់ឆ្ការ​ព្រំ​ដី ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​អស់​គ្នា ក៏ប៉ុន្តែ​អ្នក​លក់​ដី​ត្រូវ​បាន​ដោះលែង​វិញ​ រី​ឯ​កូនប្រសា​របស់​គាត់​តុលាការ​បាន​បន្ត​ឃុំ​ខ្លួន។

លោក​បន្ត​ថា ដី​នោះ​កូន​របស់​គាត់​រស់​​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ទិញ​ពី​ឈ្មោះ សន គា និង​ភរិយា​ឈ្មោះ អ៊ុច អ៊ុយ រស់​នៅ​ភូមិ​ពូគង់ ចំនួន ១៥​ហិកតារ គិត​ជា​ប្រាក់ ៥​ពាន់​ដុល្លារ ហើយ​បាន​ប្រគល់​ប្រាក់​គ្រប់​ចំនួន​ទៅ​ឲ្យ​ម្ចាស់​ដី​ទើប​ម្ចាស់​ដី​នាំ​ទៅ​វាស់វែង​កំណត់​ព្រំ​ដើម្បី​ធ្វើ​លិខិត​ស្នាម​ទិញ​លក់​ដី និង​មាន​សាក្សី​ដឹង​ឮ ប៉ុន្តែ​មន្ត្រី​អយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​កូនប្រសា​គាត់ និង​ម្ចាស់​ដី ប៉ុន្តែ​មក​អ្នកលក់​ដី​បាន​​ដោះលែង​វិញ​ក្រោយ​ការ​ចាប់​ខ្លួន​នោះ៖ «គ្រាន់​ចូល​ភ្លាម​គេ​ចាប់​ភ្លាម មិន​ទាន់​បាន​កាប់​ឯ​ណា អត់​បាន​កាប់​ទទេ​សោះ។ សុំ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង អ្នក​លក់​គេ​រួច​ខ្លួន​ទៅ​ហើយ»

សាក្សី​មួយ​រូប​គឺ​លោក ជឹម ប៊ូង ដែល​បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​បញ្ជាក់​ថា ជនជាប់ចោទ​ពិត​ជា​អ្នក​ទិញ​ដី និង​ប្រគល់​ប្រាក់​នៅ​ចំពោះ​មុខ​សាក្សី​មុន​នឹង​ម្ចាស់​ដី​នាំ​ទៅ​កំណត់​ព្រំ​ដី។ លោក​ថា ការ​ដោះលែង​អ្នក​លក់​ដី​ពិត​ជា​មិន​យុត្តិធម៌​ដល់​ជនជាប់ចោទ​ដែល​មិន​បាន​កាប់​រាន​ព្រៃ​នោះ​ទេ តែ​ត្រូវ​អ្នក​លក់​ដី​បោកប្រាស់​កាប់​រាន​ដី​ព្រៃ​មក​លក់​ឲ្យ​ជនជាប់ចោទ៖ «ចំពោះ សន គា ចំពោះ អ៊ុច អ៊ុយ បែរ​ជា​អត់​មាន​ទោសពៃរ៍​ទៅ​ជា​រួចខ្លួន​ទៅ​ហើយ​សម្រាប់​អ្នក​ទៅ​មិន​​ទាន់​កាប់​មើល​ឲ្យ​ស្គាល់​ដី​ទៅ​ជា​ជាប់​ឃុំ​ដដែល»

ជន​ជាប់​ចោទ​មាន​ឈ្មោះ លឹម យត និង ផេង សុភ័ក្ត ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦ រហូត​បច្ចុប្បន្ន​មាន​រយៈពេល ៨​ខែ​ហើយ គ្រា​ដែល​ចៅក្រម​ស៊ើបសួរ​ក្នុង​រឿង​ក្តី​នេះ​បាន​បន្ត​នីតិវិធី​ស៊ើប​អង្កេត។

​ទាក់ទិន​រឿង​ក្តី​នេះ អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស បញ្ជាក់​ថា ជា​គោលការណ៍​ចៅក្រម​សាលាដំបូង​គឺ​ជា​អ្នក​សម្រេច​រឿង​ក្តី​ដោយ​ឈរ​លើ​ក្រម​សីលធម៌ និង​ច្បាប់។លោក​ថា រឿង​ក្តី​នេះ​ឋិត​ក្នុង​នីតិវិធី​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើបសួរ។ ហេតុនេះ​គ្រួសារ​ជន​​ជាប់ចោទ​អាច​ទាក់ទង​មក​រដ្ឋបាល​សាលាដំបូង​ដើម្បី​ដាក់​ភស្តុតាង ឬ​សាក្សី​បន្ថែម​ប្រសិន​យល់​ថា ​រឿង​ក្តី​នេះ​មាន​ទាក់ទិន​ប្រការ​អ្វី​ផ្សេង​ទៀត​ដើម្បី​ចៅក្រម​ស៊ើបសួរ​មាន​អង្គហេតុ​គ្រប់គ្រាន់​ដើម្បី​​បញ្ចប់​ការ​ស៊ើបសួរ​រឿង​ក្តី​នេះ៖ «មិន​អាច​ទេ បើ​យើង​ពិនិត្យ​ទៅ​គ្មាន​ការ​កាប់​រាន ដី​ទិញ​ដូរ​ត្រឹមត្រូវ ដី​ដែល​គេ​លក់​ឲ្យ​គាត់​ត្រឹមត្រូវ​ ​ប្រហែល​គេ​មិន​អាច​ឃុំខ្លួន​គាត់​ទេ»

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី កត់សំគាល់​ថា រឿង​ក្តី​មាន​ពាក់ព័ន្ធ​អ្នក​ទិញ​ដី និង​អ្នក​លក់​ដី ហេតុ​នេះ​ការ​សម្រេច​ដោះលែង​អ្នក​លក់​ដី​គឺ​ជា​ចំណុច​ដែល​ភាគី​អ្នក​ទិញ​ដី​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌។ លោក​ថា ជនរងគ្រោះ​គួរ​មាន​មេធាវី​ការពារ​រឿង​ក្តី​នេះ៖ «ខាង​តុលាការ​ក៏​ដូច​សមត្ថកិច្ច​ធ្វើ​យ៉ាង​ណា​រក​យុត្តិធម៌​ឲ្យ​គ្នា​ទាក់ទិន​ការ​ឃាត់​ខ្លួន​បណ្ដោះអាសន្ន ឬ​ក៏​វិនិច្ឆ័យ​ក្ដី​ទៅ​ថ្ងៃ​មុខ ចៀសវាង​ទទួល​ភាព​អយុត្តិធម៌»

​ទោះបីជា​យ៉ាង​នេះ​ក្តី ឪពុកក្មេក​ជនជាប់ចោទ​ទាំង​ពីរ​បាន​ដាក់​ពាក្យ​ប្ដឹង​ឈ្មោះ សន គា អ្នក​លក់​ដី​ទៅ​អយ្យការ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ វិញ ពី​បទ​ឆបោក​ប្រាក់ ៥​ពាន់​ដុល្លារ​​ទាក់ទិន​ការ​លក់​ដី​ព្រៃ​របស់​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល