ពលរដ្ឋ​និង​សង្គម​ស៊ីវិល​សាទរ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​វាយ​កម្ទេច​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ

ដោយ ដែន អយុធ្យា
2016.02.07
វាយ​របង​ថ្ម​ឆ្នេរ​ឯករាជ្យ ព្រះសីហនុ ២០១៦ ៨៥៥ របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ វាយ​កម្ទេច​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

ថ្នាក់​ដឹក​នាំ​ក្រុង និង​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​មូលដ្ឋាន​នេះ កំពុង​ចុះ​អនុវត្ត​ខ្លឹមសារ​នៃ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា របស់​រាជ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ដាក់​ជូន​សាធារណជន​ប្រើប្រាស់​ឆ្នេរ​ដូច​ដើម​វិញ។

មន្ត្រី​សង្គម​ស៊ីវិល និង​ភ្ញៀវ​ទេសចរ សាទរ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​របស់​រាជ​រដ្ឋាភិបាល និង​ឈាន​ដល់​វាយ​កម្ទេច​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​មួយ​ចំនួន ដែល​ក្រុមហ៊ុន និង​បុគ្គល​មួយ​ចំនួន​រំលោភ​ធ្វើ​កម្មសិទ្ធិ ហើយ​ហ៊ុមព័ទ្ធ​ទុក​ចោល​ជាង ១០​ឆ្នាំ​មិន​ឲ្យ​មនុស្ស​ដើរ​ឆ្លង​កាត់។

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ខេត្ត​នេះ ដោយ​បាន​ចុះ​រុះរើ​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ​ទាំង​ស្រុង និង​បាន​សម្អាត​បរិស្ថាន​ទីតាំង​នេះ​ដាក់​ជូន​សាធារណជន​ចូល​ទៅ​កម្សាន្ត​ជា​ស្ថាពរ​ហើយ។

លោក​បន្ត​ថា របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ បាន​វាយ​កម្ទេច​ទាំង​ស្រុង​នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែ​កុម្ភៈ ហើយ​ភ្ញៀវ​ទេសចរ ឬ​ប្រជាពលរដ្ឋ​អាច​ចេញ​ចូល​ទៅ​កម្សាន្ត ឬ​ហាត់​ប្រាណ​ជា​ធម្មតា​យ៉ាង​រីករាយ។ ជាង​នេះ​ទៀត ឆ្នេរ​ឯករាជ្យ​ដែល​កន្លង​មក​បាន​គ្រប់គ្រង​ដោយ​ម្ចាស់​សណ្ឋាគារ​ឯករាជ្យ ឬ​សណ្ឋាគារ ៧​ជាន់ ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ទូទៅ​អាច​ចេញ​ចូល​ទីតាំង​នេះ និង​ទុក​ទីតាំង​នេះ​សម្រាប់​តែ​ភ្ញៀវ​ចូល​ស្នាក់នៅ​សណ្ឋាគារ​នេះ អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​នេះ​ទម្លាក់​ស្លាក​ចេញ និង​ដាក់​ជូន​សាធារណជន​ប្រើប្រាស់​ជា​ធម្មតា​ឡើង​វិញ។

ចំណែក​សំណង់​រឹងមាំ​មួយ​ចំនួន​ដែល​កំពុង​បុក​គ្រឹះ និង​កំពុង​សាងសង់​នៅ​តាម​ឆ្នេរ​នេះ អាជ្ញាធរ​កំពុង​រង់ចាំ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ថា​គួរ​រក្សា​ទុក ឬ​វាយ​កម្ទេច​ចោល ដើម្បី​រំដោះ​ឆ្នេរ​នេះ​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ដាក់​ជូន​សាធារណជន​អាច​ចេញ​ចូល​ទៅ​កម្សាន្ត​ឲ្យ​បាន​ទូលំទូលាយ។

ទាក់ទិន​សំណង់​រឹងមាំ​នេះ លោក អ៊ី សុខឡេង សង្កត់​ធ្ងន់​ថា ជា​គំនិត​របស់​លោក គឺ​សំណង់​រឹងមាំ​ដែល​កំពុង​បុក​គ្រឹះ និង​កំពុង​សាងសង់ ត្រូវ​តែ​វាយ​កម្ទេច​ចោល ព្រោះ​សំណង់​ទាំង​នោះ​បាន​សង់​នៅ​ជាប់​ឆ្នេរ​សមុទ្រ និង​ប៉ះពាល់​ដល់​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​របស់​រាជ​រដ្ឋាភិបាល៖ «ពាក់ព័ន្ធ​ដី​ឆ្នេរ​សមុទ្រ​របស់​រដ្ឋ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ឯកជន​ធ្វើ​កម្មសិទ្ធិ គឺ​ខ្ញុំ​បាន​សំណូមពរ​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​ក្រុម​ការងារ​អភិវឌ្ឍន៍​ឆ្នេរ​ថ្មីៗ​នេះ។ ខ្ញុំ​បាន​ស្នើ​នៅ​ក្នុង​អង្គ​ប្រជុំ​នានា​ទាំង​កិច្ច​ប្រជុំ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​ហូត​ឆ្នេរ​ទាំង​នោះ​ពី​កម្មសិទ្ធិ​ឯកជន មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ ក្នុង​នោះ ខ្ញុំ​ក៏​បាន​ស្នើ​ទៅ​អង្គ​ប្រជុំ ឲ្យ​វាយ​កម្ទេច​ចោល​អគារ ឬ​សំណង់​រឹងមាំ​ផ្សេងៗ​ដែល​សង់​នៅ​តាម​ឆ្នេរ​ឯករាជ្យ​ថែម​ទៀត។ បញ្ហា​នេះ ខ្ញុំ​បាន​តស៊ូ​មតិ និង​ទាមទារ​ជា​បន្តបន្ទាប់​នៅ​ក្នុង​អង្គ​ប្រជុំ ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​យក​ដី​ឆ្នេរ​សមុទ្រ​ពី​កម្មសិទ្ធិ​ឯកជន​សម្រាប់​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ឬ​ដាក់​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ អាច​ចេញ​ចូល​ទៅ​កម្សាន្ត​តាម​ឆ្នេរ​នីមួយៗ​ឲ្យ​បាន​ទូលំទូលាយ និង​ផ្តល់​ភាព​រីករាយ​ដល់​សាធារណជន​ទូទៅ​ឡើង​វិញ»

លោក​បន្ថែម​ថា បន្ទាប់​ពី​ក្រុមហ៊ុន​បាន​វាយ​កម្ទេច​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ​រាប​ដល់​ដី​នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែ​កុម្ភៈ សាលា​ក្រុង​ក៏​បាន​ដាក់​កម្មករ​ឲ្យ​ចុះ​សម្អាត​បរិស្ថាន ដោយ​កាត់​ស្មៅ ដាក់​ធុង​សំរាម និង​បង្គន់​អនាម័យ​ចល័ត​នៅ​តាម​ឆ្នេរ​នេះ​ឲ្យ​មាន​សោភណភាព និង​ប្រកាស​ដល់​សាធារណជន ពិសេស​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​ទៅ​កម្សាន្ត​ឆ្នេរ​ឯករាជ្យ​ដែល​ទើប​វាយ​កម្ទេច​របង​ហ៊ុមព័ទ្ធ​ពេល​នេះ៖ «យើង​បាន​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​បាន​មួយ​ជំហាន​រួច​ហើយ ដោយ​បាន​វាយ​កម្ទេច​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ​ចោល​ទាំង​ស្រុង នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែ​កុម្ភៈ។ ហើយ​អាជ្ញាធរ​ក្រុង និង​ខេត្ត ក៏​បាន​ដាក់​កម្មករ​ដើម្បី​សម្អាត​បរិស្ថាន​ឆ្នេរ​ឯករាជ្យ​ដែល​រំដោះ​បាន​នេះ ដោយ​កាត់​ស្មៅ ឈូស​ពង្រាប​ដី ស្ថិត​ក្នុង​បរិវេណ​ឆ្នេរ​ឯករាជ្យ ឲ្យ​មាន​អនាម័យ និង​សោភណភាព ហើយ​បើក​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​កម្សាន្ត ឬ​ហាត់​ប្រាណ ជាដើម។ ជាង​នេះ ក៏​ដើម្បី​លើក​មុខ​មាត់ ឬ​សោភណភាព​ក្រុង​ព្រះសីហនុ ឲ្យ​បាន​ប្រសើរ​ឡើង​ថែម​ទៀត»

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ ពិសេស​រាជ​រដ្ឋាភិបាល ត្រូវ​ចុះ​អនុវត្ត​ការងារ​អភិវឌ្ឍន៍​ឆ្នេរ​ឲ្យ​មាន​ប្រសិទ្ធភាព​រវាង​ក្រុមហ៊ុន អ្នក​មាន​អំណាច និង​ពលរដ្ឋ​សាមញ្ញ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​សាទរ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​របស់​រដ្ឋាភិបាល ដែល​ឈាន​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​វាយ​កម្ទេច​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ ដាក់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឆ្នេរ​នេះ​ឡើង​វិញ។ អ្នកស្រី​សំណូមពរ​ដល់​រដ្ឋាភិបាល ក៏​ត្រូវ​វាយ​កម្ទេច​សំណង់​រឹងមាំ​ដែល​កំពុង​បន្ត​សាងសង់ និង​កំពុង​បុក​គ្រឹះ​នៅ​តាម​បណ្តោយ​ឆ្នេរ​នេះ​ថែម​ទៀត ព្រោះ​សំណង់​ទាំង​នេះ​សង់​នៅ​លើ​ចំណី​ឆ្នេរ​សមុទ្រ ផ្ទុយ​ពី​សេចក្តី​សម្រេច​នៃ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​របស់​រដ្ឋាភិបាល​បាន​ដាក់​ចេញ៖ «បើ​និយាយ​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​ពី​ឆ្នេរ​មាន​ចម្ងាយ ៥០​ម៉ែត្រ មិន​ត្រូវ​ឲ្យ​មាន​សំណង់​រឹងមាំ​សង់​នៅ​តាម​ឆ្នេរ​សមុទ្រ​នោះ គឺ​មិន​គួរ​ឲ្យ​មាន​សំណង់​រឹងមាំ​បន្ត​សង់ និង​បុក​គ្រឹះ​នៅ​តាម​មាត់​សមុទ្រ​នោះ​ទេ។ បញ្ហា​នេះ ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​រឹត​បន្តឹង ឬ​សើរើ​ទៅ​លើ​ការ​ផ្តល់​សម្បទាន​ដី​ចំណី​ឆ្នេរ​សមុទ្រ​ទៅ​ឲ្យ​ក្រុមហ៊ុន ឬ​ឯកជន​កន្លង​មក ដែល​ទាក់ទង​ការ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ជា​ថ្មី​ឡើង​វិញ»

អ្នកស្រី ជៀប សុធារី បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​ជំរុញ​ឲ្យ​មាន​សកម្មភាព​បើក​របង​ថ្ម ឬ​របង​ដែក​ដែល​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល បាន​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ជាច្រើន​ទីតាំង​ទៀត មាន​ឆ្នេរ​នៅ​ទល់​មុខ​ព្រះរាជ​ដំណាក់ ឆ្នេរ​ហាវ៉ៃ ឆ្នេរ​កោះពស់ ឆ្នេរ​កំពេញ ឆ្នេរ​សុខា ឬ​ឆ្នេរ​ចេញ​ចូល​តាម​សណ្ឋាគារ​សុខា ឆ្នេរ​អារីស្តុន និង​ឆ្នេរ​អូរត្រេះ ជាដើម ឲ្យ​មាន​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ចូល​តាម​ប្រប​មាត់​សមុទ្រ​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​ដូច​ពេល​មុន​វិញ៖ «បើ​សិន​ជា​រដ្ឋាភិបាល​មិន​អនុវត្ត​វាយ​កម្ទេច​សំណង់​រឹងមាំ​កំពុង​សង់ និង​កំពុង​បុក​គ្រឹះ​នៅ​តាម​ឆ្នេរ​ឯករាជ្យ​ចោល​ទេ យើង​ឃើញ​ថា សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ដាក់​ចេញ​កាល​ពី​ឆ្នាំ​២០១៥ ដែល​កំណត់​ថា ចម្ងាយ​ពី​ឆ្នេរ​សមុទ្រ ៥០​ម៉ែត្រ ត្រូវ​ដាក់​ជា​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ មិន​ត្រូវ​ឲ្យ​មាន​សំណង់​រឹងមាំ​សង់​តាម​ឆ្នេរ​សមុទ្រ គឺ​បាន​អនុវត្ត​ផ្ទុយ​ស្រឡះ​ពី​គ្នា បើ​សិន​ជា​រដ្ឋាភិបាល​មិន​វាយ​កម្ទេច​សំណង់​រឹងមាំ និង​បើក​របង​បិទ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ចោល​ឲ្យ​អស់​ទេ»

ស្រដៀង​គ្នា​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) លោក ប៊ួន ណារិទ្ធិ ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ដែល​អាជ្ញាធរ​ចុះ​វាយ​កម្ទេច​របង​ថ្ម​នៅ​ឆ្នេរ​ឯករាជ្យ បាន​គាំទ្រ​សកម្មភាព​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រុះរើ​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ពេល​នេះ ប៉ុន្តែ​លោក​ស្នើ​ដល់​រដ្ឋាភិបាល ត្រូវ​រុះរើ​របង​ថ្ម​ដែល​ហ៊ុមព័ទ្ធ​ឆ្នេរ​ជាច្រើន​ទៀត​មិន​ឲ្យ​មនុស្ស​ដើរ​ឆ្លង​កាត់ និង​គ្មាន​ការ​អភិវឌ្ឍ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។ ជាង​នេះ​ទៀត អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ក៏​គួរ​អន្តរាគមន៍​បើក​ស្ពាន​ឆ្លង​កាត់​ទៅ​កោះពស់ មាន​ឈ្មោះ មរតក​តេជោ ដើម្បី​ដាក់​ជូន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ស្ពាន​នេះ ព្រោះ​ស្ពាន​នេះ​ខាង​ភាគី​ក្រុមហ៊ុន មិន​បើក​ឲ្យ​ពលរដ្ឋ​ដើរ​ឆ្លង​កាត់​ទេ​រហូត​មក​ដល់​ពេល​នេះ៖ «យើង​ឃើញ​សកម្មភាព​នៃ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល គឺ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ចាប់​ផ្ដើម​អនុវត្ត​ជាក់ស្តែង​ជា​បណ្ដើរៗ​ហើយ​ពេល​នេះ អាជ្ញាធរ​បាន​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ​ចោល​ទាំង​ស្រុង និង​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​សម្អាត​បរិស្ថាន​ឆ្នេរ​ឯករាជ្យ​នេះ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​ដាក់​ជូន​សាធារណជន​ប្រើប្រាស់ ឬ​ចេញ​ចូល​ទៅ​កម្សាន្ត​ឆ្នេរ​នេះ​ជា​ស្ថាពរ​រួច​ហើយ នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខែ​កុម្ភៈ។ ប៉ុន្តែ​ចំពោះ​សំណង់​រឹងមាំ​ដែល​កំពុង​សាងសង់​នៅ​តាម​ឆ្នេរ​ឯករាជ្យ​នេះ ថា​តើ​រដ្ឋាភិបាល​នឹង​មាន​វិធានការ​បែប​ណា ដើម្បី​ឆ្លើយ​តប​សេចក្តី​សម្រេច​នៃ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ចម្ងាយ ៥០​ម៉ែត្រ មិន​ឲ្យ​មាន​សំណង់​រឹងមាំ ដោយ​រៀបចំ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ និង​ផ្តល់​ជូន​សាធារណជន​ទូទៅ​ចូល​ទៅ​កម្សាន្ត​ឲ្យ​បាន​ទូលំទូលាយ គឺ​សំណង់​ទាំង​នេះ​មិន​គួរ​រដ្ឋាភិបាល ទុក​ឲ្យ​មាន​សកម្មភាព​បន្ត​សាងសង់​ទៀត​ទេ ត្រូវ​តែ​វាយ​កម្ទេច​ចោល​ដូច​របង​ថ្ម​ហ៊ុមព័ទ្ធ​ដែរ»

ទាក់ទិន​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​នេះ​ដែរ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ឆ្នេរ​ឯករាជ្យ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៦ ខែ​កុម្ភៈ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ចុះ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ខេត្ត​នេះ​ឲ្យ​មាន​សោភណភាព​ជា​បណ្ដើរៗ និង​ចុះ​អនុវត្ត​សកម្មភាព​កែលំអ​ឆ្នេរ​នេះ​ជា​បន្តបន្ទាប់។ លោក​ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ ទាំង​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​ចូលរួម​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ជាមួយ​រាជ​រដ្ឋាភិបាល​ឲ្យ​បាន​ទាំងអស់​គ្នា។

ទោះ​យ៉ាង​ណា លោក យន្ត មីន មិន​បាន​បញ្ជាក់​ថា តើ​រដ្ឋាភិបាល​មាន​ផែនការ​វាយ​កម្ទេច​សំណង់​រឹងមាំ​ដែល​សង់​នៅ​ជាប់​ឆ្នេរ​សមុទ្រ ឬ​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ ក្រៅ​ពី​ឆ្នេរ​ឯករាជ្យ​នៅ​ពេល​ណា​ទៀត​ទេ ព្រោះ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់​ជាតិ​ជា​មុន​សិន៖ «តាម​ផែនការ​ថ្នាក់​ជាតិ​ក្នុង​ការងារ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ គឺ​ត្រូវ​រៀបចំ​ឆ្នេរ​ឲ្យ​បាន​ស្អាត និង​មាន​របៀប​រៀបរយ​ល្អ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ជា​ការ​កសាង​កេរ្តិ៍​ឈ្មោះ​ថា ជា​ឆ្នេរ​ស្រស់​ស្អាត​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក។ ដូច្នេះ អាជ្ញាធរ​ខិតខំ​ធ្វើ​យ៉ាង​ណា​រៀបចំ​ថែរក្សា និង​សម្អាត​បរិស្ថាន​ឲ្យ​មាន​អនាម័យ និង​សោភណភាព។ ចំណែក​រាល់​ការ​សំណង់​រឹងមាំ​ដែល​សង់​នៅ​តាម​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ ថា​តើ​ត្រូវ​វាយ​កម្ទេច​ចោល ឬ​បែប​ណា នៅ​ពេល​ណា​ឲ្យ​ពិត​ប្រាកដ​នោះ អាជ្ញាធរ​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ ព្រោះ​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​ពី​រាជ​រដ្ឋាភិបាល ឬ​ថ្នាក់​ជាតិ​ជា​មុន​សិន​លើ​ករណី​នេះ។ ប៉ុន្តែ​ជាទូទៅ គោលដៅ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គឺ​ខិតខំ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ឲ្យ​មាន​សោភណភាព​ឲ្យ​ស្រប​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ដោយ​កំណត់​ចម្ងាយ​ពី​ឆ្នេរ​សមុទ្រ​ចំនួន ៥០​ម៉ែត្រ គឺ​ត្រូវ​រៀបចំ​ឲ្យ​មាន​របៀប​រៀបរយ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ផ្តល់​ជូន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ចេញ​ចូល​កម្សាន្ត​មាន​ភាព​សប្បាយ​រីករាយ»

ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់​មន្ត្រី​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ថ្នាក់​ដឹក​នាំ​នៅ​តាម​មន្ទីរ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​ដឹក​នាំ​មន្ត្រី​ក្នុង​ស្ថាប័ន​នីមួយៗ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ឆ្នេរ​ឯករាជ្យ ដែល​មាន​សកម្មភាព​វាយ​កម្ទេច​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។ ថ្នាក់​ដឹក​នាំ​ទាំង​នោះ មាន​ដូចជា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ ប្រធាន​មន្ទីរ​បរិស្ថាន និង​មន្ទីរ​សាធារណការ ជាដើម។

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា មាន​ប្រវែង​សរុប ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង​៤ នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។