សង្គម​ស៊ីវិល​ស្នើសុំ​ឲ្យ​មានការ​កែទម្រង់​អភិបាលកិច្ច​ដីធ្លី​និង​ធនធានធម្មជាតិ

ដោយ អ៊ុក សាវបូរី
2014.11.24
ជម្លោះ​ដីធ្លី​ឡពាង កំពង់ឆ្នាំង ៦១០ ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង និង​ក្រុម​កម្មករ​ស៊ី​ឈ្នួល​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Chin Chetha

ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​កំពុង​រស់នៅ​អាស្រ័យ​ផល ក្នុង​តំបន់​នោះ ហើយ​វា​បាន​ធ្វើ​ឲ្យ បាត់បង់​នូវ​ធនធានធម្មជាតិ​។​ទាំងនេះ​ជា ក្ដី​បារម្ភ​របស់​សង្គម​ស៊ីវិល ដែល​មិន​អាច​ឲ្យ​ធនធាន​ទាំងនោះ បន្ត​បាត់បង់​ទៀត ហើយ​ទាមទារ​ឲ្យ​មាន​ការ​តស៊ូ​មតិ​ថ្នាក់​ជាតិ ឲ្យ​មានការ​កែទម្រង់ អភិបាលកិច្ច​ដីធ្លី និង​ធនធានធម្មជាតិ ដោយ​ចូលរួម​ធ្វើការ​រួមគ្នា​រវាង តំណាង​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ តំណាង​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ តំណាង​សហគមន៍ យុវជន និង​អ្នក​តាក់តែង​ច្បាប់ ជាដើម។

សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​មានការ​កែ​ទម្រង់ អភិបាល​កិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ ខណៈ​ការសិក្សា បាន​រក​ឃើញ​ថា ការ​ផ្ដល់​ដី​សង្គមកិច្ច បាន​ប៉ះពាល់​ដល់​អ្នក​រស់​នៅ​ផ្ទាល់​ផង ហើយ​បាត់បង់​ធនធាន ធម្មជាតិ​ផង ក្រោម​ការ​ឈូស​ឆាយ ដើម្បី​អភិវឌ្ឍន៍​តំបន់​ដី​សម្បទាន​នោះ។

នាយក​ប្រតិបត្តិ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែង​ថា​អង្គការ​នេះ​ផ្ដួចផ្ដើម​ឲ្យ​មានការ​ពិភាក្សា ដើម្បី​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៨ ក្រោម​ប្រធានបទ «ធ្វើការ​រួមគ្នា ដើម្បី​ជំរុញ​កំណែ​ទម្រង់​ប្រកប​ដោយ​ប្រសិទ្ធភាព លើ​អភិបាលកិច្ច​ដីធ្លី និង​ធនធាន ធម្មជាតិ​នៅ​កម្ពុជា » នា​ថ្ងៃ​២៥​ខែ​វិច្ឆិកា ដើម្បី​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ថែទាំ​ធនធានធម្មជាតិ និង​ដោះស្រាយ​ឲ្យ​ចប់​សព្វ​គ្រប់ ជម្លោះ​ដី​កើត​ចេញ​ពី​ការ​វិនិយោគ«ឲ្យ​មាន​កំណែទម្រង់​ស៊ីជម្រៅ ទៅលើ​អភិបាលកិច្ច​ដីធ្លី ហើយ​និង​ធនធានធម្មជាតិ ក្នុង​ការ​ឆ្លើយតប​នូវ​សេចក្ដី​ត្រូវ​ការ​ពិតប្រាកដ​របស់​ប្រជាជន ដែល​គាត់​កំពុង​ជួបប្រទះ ជាពិសេស ទាក់ទង​នឹង​ជម្លោះដីធ្លី ហើយ និង​បទល្មើស​ព្រៃឈើ ហើយ​ជំរុញ ឲ្យ​មានការ​ទទួល​ស្គាល់ ចុះបញ្ជី​ជា​ផ្លូវការ​ទាក់ទង​នឹង​សហគមន៍​ព្រៃឈើ សហគមន៍​តំបន់​ការពារ សហគមន៍​អេកូ​ទេសចរណ៍ សហគមន៍​នេសាទ ហើយ​និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច»

ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ថ្លែង​ថា ក្រោម​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ច្រើន​ឆ្នាំ​មកនេះ មាន​ជម្លោះ ដណ្ដើម​កាន់កាប់​ដី កើត​ឡើង​ច្រើន ហើយ​ធនធានធម្មជាតិ​ជាច្រើន ក៏​បាត់បង់​និង​គ្មាន​ការថែទាំ«ព្រោះ​យើង​ចង់​ឲ្យ​ប្រជាជន​នៅក្នុង​ស្រុក ជា​អ្នកធ្វើ​សកម្មភាព​សេដ្ឋកិច្ច ជា​អ្នកធ្វើ​ការអភិវឌ្ឍន៍​ដោយផ្ទាល់ ហើយ​រដ្ឋាភិបាល ជា​អ្នកសម្របសម្រួល ឲ្យ​មាន​ទីផ្សារ​សំរាប់​ប្រជាពលរដ្ឋ ក្នុង​ការ លក់ទំនិញ កសិផល របស់គេ​ទៅវិញ នេះ​គឺ​ជា​អ្វីដែល​យើង​ចង់បាន​កន្លងមក»

មន្ត្រី​ក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធ ថ្លែង​ថា រាល់​ការ​វិនិយោគ​តែងតែ​កែទម្រង់​បរិស្ថាន។ ប៉ុន្តែ​បើ​ទុក​បរិស្ថាន ឲ្យ​នៅ​បែប​ធម្មជាតិ មិន​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ទេ​នោះ ក៏​មិនល្អ​ដែរ«វា​ប៉ះពាល់​ធ្វើ​ឲ្យ​ល្អ ប៉ះពាល់​វិជ្ជមាន ប៉ះពាល់​អវិជ្ជមាន នេះ​សំខាន់​លើ​ការគ្រប់គ្រង»

ប្រធាន​ផ្នែក​ដីធ្លី របស់​សមាគម​អាដហុក លោក ឡាត់ គី ថ្លែង​ថា តាម​ការសិក្សា​របស់​សមាគម​ដោយ យោង​ឯកសារ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រក​ឃើញ​ទំហំ​ដី ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន ជាតិ​និង​អន្តរជាតិ វិនិយោគ ចាប់​តាំងពី​ឆ្នាំ​១៩៩៦ មកដល់​ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ជាង​២​លាន ៦​សែន ហិកតារ ផ្ដល់​ទៅ​ក្រុម​ហ៊ុន ចំនួន​១១៧ ស្នើសុំ​វិនិយោគ«ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ គឺ​យើង​ឃើញ​ប្រមាណ​ជាង ២ លាន ៦សែន​ហិកតារ ដែល​យើង​បាន​សិក្សា​អំពី​ទំហំ​ដី ដែល​បានផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ នេះ​គឺជា​ទំហំ​ដែល​យើងខ្ញុំ បាន​សិក្សា​ស្រាវជ្រាវ ហើយ​ដែល​យើង​កំពុងតែបន្ត​សិក្សា​ស្រាវជ្រាវ អំពី​ផលប៉ះពាល់​ទាំងអស់​នឹង»

អាជ្ញាធរ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង លោក អន ភារក្ស អះអាង​ថា ការ​អភិវឌ្ឍ​នៅ​ក្នុង​ស្រុក​នោះ​មាន​ក្រុមហ៊ុន​ចិន​ចំនួន​២ កំពុង​វិនិយោគ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស។ ក្រុមហ៊ុន​ចិន​នោះ​បាន​ធ្វើ​ឲ្យ​មូលដ្ឋាន​ក្នុងស្រុក​បុទុមសាគរ មានការ​រស់នៅ​ប្រមូល​ផ្ដុំ មាន​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ពិសេស​ពលរដ្ឋ នៅ​ទីនោះ​មានការ​ងារ​ធ្វើ ទោះបី​មាន​ជម្លោះ​ដី​តិចតួច បាន​កើត​ឡើង​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។