អ្នកភូមិ​ព្រៃពាយ​ថា បក្ខពួក​ឈ្មួញ​ដី​របស់​អតីត​ទីប្រឹក្សា​លោក ហេង សំរិន យល់​ព្រម​បើក​ផ្លូវ​១ខ្សែ​បណ្ដោះអាសន្ន ឲ្យ​ចេញ​ចូល​ភូមិ​ឡើង​វិញ

ដោយ សេក បណ្ឌិត
2018.08.30
ជម្លោះ​ដីធ្លី​ត្រពាំងភ្លាំង កំពត ២០១៧ ១៤៤០ ប្រជាពលរដ្ឋ​តំណាង​ឲ្យ​ពលរដ្ឋ ១៨៩​គ្រួសារ នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ជួបជុំ​ក្នុង​បរិវេណ​សាលា​ខេត្ត​កំពត ដើម្បី​ស្នើសុំ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ចាត់​វិធានការ​លើ​ក្រុម​បង្ក​ហិង្សា នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo ADHOC
Photo ADHOC

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក ខេត្ត​កំពត ឲ្យ​ដឹង​ថា ក្រោយ​ពី​អ្នក​ភូមិ​បាន​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​នេះ មេការ​ក្រុមហ៊ុន​របស់​ឈ្មួញ​ដី បាន​យល់​ព្រម​បើក​ផ្លូវ ១​ខ្សែ​ឲ្យ​អ្នក​ភូមិ​ចេញ​ចូល​ភូមិ​វិញ​ហើយ ប៉ុន្ដែ​ពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​បើក​ផ្លូវ​ឡើង​វិញ​ទាំង​អស់។ មេឃុំ​ត្រពាំង​ភ្លាំង​ថា ករណី​នេះ អាជ្ញាធរ​ឃុំ និង​ស្រុក បាន​សម្របសម្រួល​គ្នា​បាន​ខ្លះ​ហើយ។ សង្គម​ស៊ីវិល​ថា ការ​បិទ​ផ្លូវ​សាធារណៈ ជា​រឿង​ខុស​ច្បាប់ ដែល​អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល​យុត្តិធម៌ មាន​ភារកិច្ច​អន្ដរាគមន៍​ឲ្យ​បើក​ឡើង​វិញ​ជា​បន្ទាន់។

អ្នកភូមិព្រៃពាយម្នាក់ លោក ហេង សឿន ឲ្យ​ដឹង​ថា ទម្រាំ​មាន​ការ​បើក​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង​វិញ មេការ​របស់​ឈ្មួញដី លោក អាំ ផល្លីន និង អ្នកស្រី ហ៊ាង គន្ធី និង​តំណាង​ពលរដ្ឋ​ជាង ៦០គ្រួសារ ព្រម​ទាំង​មេការ​ក្រុមហ៊ុន បាន​ឈ្លោះ​ប្រកែក​តម្លើង​សរសៃ​ក​ដាក់​គ្នា​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​អាជ្ញាធរ​ឃុំ​ត្រពាំង​ភ្លាំង និង​អាជ្ញាធរ​ស្រុក​ឈូក បាន​ចេញ​មុខ​សម្របសម្រួល​​​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី៣០ សីហា៖ «នៅប្រទូស្ដសារ៉ាយគ្នាតិច។ ខ្ញុំឥឡូវកំពុងនៅ​ចំណុច​ដែលត្រូវបើកផ្លូវ ចឹងវាមានបញ្ហា​ជាមួយ​ប្រជា​ពលរដ្ឋ​ជាមួយ​ឈ្មួញ​កណ្ដាល​ហ្នឹង។ ឥឡូវ​ប្រជាជនហ្នឹងគាត់សុំស្នើផ្លូវ៣ខ្សែឲ្យបើកទាំងអស់ ហើយ​ឥឡូវ​ឈ្មួញកណ្ដាលហ្នឹង ឲ្យ​បើក​បាន​តែ ១ បណ្ដោះអាសន្នសិន ដើម្បីឲ្យប្រជាជនឆ្លងកាត់ផ្លូវ១ខ្សែសិន។ តាម​សំណូមពរ​របស់ ប្រជាពលរដ្ឋ និង អភិបាល​ខេត្ត (កំពត) គឺផ្លូវទាំងប៉ុន្មានឲ្យបើកទាំងអស់ មិនថាចាស់ មិនថាថ្មី ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ការ​ចេញ​ចូល គឺ​គាត់​ឲ្យ​បើក​ទាំង​អស់ ហ្នឹងជាសំណូមពររបស់អភិបាលខេត្ត សំណូមរបស់​ខ្ញុំក៏​ចឹង​ដែរ។ គេ​ឆ្លើយ​តប​ឲ្យ​មួយសិន ឲ្យ​យើង​ចេញ​ចូល​បណ្ដោះអាសន្ន​សិន​ទេ តែ​បើក​ជា​ផ្លូវការ​ហ្មង​នៅ​ឡើយ​ទេ»

កាលថ្ងៃទី២៧ សីហា ពលរដ្ឋ​ចំនួន ១៨៩គ្រួសារ ក្នុង​ចំណោម ១៩៩​គ្រួសារ ដែល​រស់នៅ​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច ស្រុក​ឈូក ​បាន​នាំគ្នា​រង់ចាំ លោក​មេឃុំ​ត្រពាំង​ភ្លាំង និង​អភិបាល​ស្រុក​ឈូក ដើម្បី​សុំ​អន្តរាគមន៍​លើ​ករណី បក្ខ​ពួក​របស់​ឈ្មួញ​ដី​ចម្ការ​ម្រេច​របស់​អ្នកស្រី ហ៊ាង គន្ធី និង​លោក អាំ ផល្លីន ជា​អតីត​ទីប្រឹក្សា​របស់​លោក ហេង សំរិន បាន​បិទ​ផ្លូវ និង​កាយ​ផ្ដាច់​ផ្លូវ​សំខាន់ៗ បី​ចំណុច​បណ្ដាល​ឲ្យ​ពលរដ្ឋ មិន​អាច​ដឹក​ជញ្ជួន​ផល​ដំណាំ និង​ចូល​ទៅ​ចំការ​របស់​ពួក​គាត់​បាន។

ទំនាស់​ដីធ្លី ​រវាង​ពលរដ្ឋ​ភូមិ​ព្រៃ​ពាយ ប្ដី​ប្រពន្ធ​ឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ជា​ទំនាស់​ដ៏​រ៉ាំរ៉ៃ​ ដែល​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទោះ​ជា​ប្ដូរ​អភិបាល​ខេត្ត​កំពត ជា​ច្រើន​នាក់ ក៏​ទំនាស់​នេះ​នៅ​មិន​ទាន់​បាន​បញ្ចប់​ទៀត។ ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃ​ពាយ អះ​អាង​ថា ជា​ញឹក​ញាប់ បក្ខពួក​របស់​លោក អាំ ផល្លីន តែង​តែ​ប្រើ​អំពើ​ហិង្សា ដុត​បំផ្លាញ​ផ្ទះ​សម្បែង និង​កាប់​បំផ្លាញ​ផល​ដំ​ណាំ​​ពលរដ្ឋ​ដោយ​គ្មាន​ញញើត​ដៃ។ នៅ​ចុង​ខែ​មេសា ខុទ្ទកាល័យ​លោក ហេង សំរិន ចេញ​លិខិត​បញ្ជាក់​ថា លោក អាំ ផល្លីន និង​អ្នកស្រី ហ៊ាង គន្ធី មិន​មែន​ជា​ទីប្រឹក្សា​ទេ និង​ស្នើសុំ​សមត្ថកិច្ច​ចាត់​វិធានការ ប្រសិន​បើ​មាន​ជន​ណា​ក្លែងបន្លំ​ជា​ទីប្រឹក្សា​របស់​លោក ហេង សំរិន។

តំណាង​ពលរដ្ឋ​ភូមិ​ព្រៃ​ពាយ លោក ហេង​ សឿន បន្ដ​ថា បក្ខពួក​របស់​ឈ្មួញ​ដី លោក អាំ ផល្លីន និង​អ្នកស្រី ហ៊ាង គន្ធី បាន​នាំ​គ្នា​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​គ្រប់​រូបភាព និង​បាន​បិទ​ផ្លូវ​សាធារណៈ​ចេញ​ចូល​ភូមិ​របស់​រដ្ឋ តាំង​ពី​ឆ្នាំ​២០១៦។ ក្រោយ​មក អ្នក​ភូមិ​បាន​នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ ដើម្បី​ធ្វើ​ជា​ផ្លូវ​ចេញ​​ចូល​ពី​ភូមិ ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ឈ្មួញ​ដី​បាន​យក​គ្រឿង​ចក្រទៅ​កាយ​ផ្លូវ​ទាំង​នោះ និង​បាន​ធ្វើ​ទ្វារ​ដែក​លើ​ផ្លូវ ហើយ​ចាក់​សោរ ឈប់​ឲ្យ​អ្នក​ភូមិ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៀត។

អតីត​យុទ្ធជន​ពិការ​ជើង​រូប​នេះ អះអាង​ថា ដី​នៅ​ភូមិ​ព្រៃ​ពាយ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ឈ្មួញ​ដី​ទេ ដោយសារ​ដី​នោះ ជា​ដី​សម្បទាន​សង្គមកិច្ច ដែល​រដ្ឋ​ផ្ដល់​ឲ្យ​ពលរដ្ឋ​ចំនួន ១៩៩គ្រួសារ កាល​ពី​ឆ្នាំ​២០១១ ហើយ​ក្នុង​រយៈ​ពេល ៥ឆ្នាំ​ដំបូង ពលរដ្ឋ​គ្មាន​សិទ្ធិ​លក់​ដី​សម្បទាន​សង្គមកិច្ច​ទេ ដូច្នេះ​បើ​ទោះ​ជា​ឈ្មួញ​ដី​បាន​ប្រើ​អំពើ​ហិង្សា ឬ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​បែប​ណា ក៏​មិន​អាច​ទិញ​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ​ចែក​ឲ្យ​ពលរដ្ឋ​បាន​ដែរ។

មេ​ឃុំ​ត្រពាំង​ភ្លាំង នៃ​ស្រុក​ឈូក លោក ថាវ វណ្ណារ៉េត ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣០ សីហា​ថា អាជ្ញាធរ​កំពុង​សម្របសម្រួល​ករណី​នេះ៖ «ព្រឹក​មិញ​ខ្ញុំ​បាន​ចុះ​ទៅ​សម្របសម្រួល ព្រម​ព្រៀង​គ្នា​ខ្លះ​ហើយ។ ប៉ុន្ដែ​ឥឡូវ​សូម​អធ្យាស្រ័យ​ដោយសារ​ខ្ញុំ​ជាប់​ប្រជុំ​នៅ​សាលា​ខេត្ត​ណា»

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន ​នៃ​សមាគម​សិទ្ធិមនុស្ស អាដហុក (ADHOC)​ ​លោក ប៉ែន បុណ្ណារ៍ អះអាង​ថា សមាគមន៍​សិទ្ធិមនុស្ស អាដហុក ពិត​ជា​បាន​រក​ឃើញ​ថា ដី​សម្បទាន​សង្គមកិច្ច​នៅ​ភូមិ​ព្រៃពាយ រង​ការ​រំលោភ​បំពាន​ពី​អ្នក​មាន​អំណាច និង​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ក្រីក្រ ដើម្បី​បង្ខំ​ឲ្យ​លក់​ដី​ភូមិ ឲ្យ​ឈ្មួញ​ពិតប្រាក​ដមែន។ លោក​ថា ចំណែក​ក្នុង​ករណី​មាន​ការ​បិទ​ផ្លូវ​សាធារណៈ​របស់​ពលរដ្ឋ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​រូប​នេះ យល់​ថា អាជ្ញាធរ​មូលដ្ឋាន មាន​ថ្នាក់​ឃុំ និង​ស្រុក មិន​ចាំបាច់​សម្របសម្រួល​ទេ គួរ​តែ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ ព្រោះ​នេះ​ជា​បទ​ល្មើស​ឧក្រិដ្ឋ ហើយ​ត្រូវ​នាំ​ជន​ល្មើស កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តែម្ដង​ទៅ៖ «ក្នុង​នាម​គាត់​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ គាត់​ឃើញ​មាន​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​ទាំង​ឡាយ​ណា ដែល​ធ្វើ​ការ​រំលោភ​បំពាន​ទៅ​លើ​ប្រជា​ពលរដ្ឋ ​ទទួល​បាន​សម្បទាន​សង្គមកិច្ច ដី​ផ្លូវ​ជា​សាធារណៈ​របស់​រដ្ឋ ដែល​រដ្ឋ​ផ្ដល់​ជូន នូវ​កិច្ច​អភិវឌ្ឍន៍ ក្នុង​សម្បទាន​សង្គមកិច្ច​ហ្នឹង ក្នុង​នាម​គាត់ (អាជ្ញាធរ​ឃុំ, អាជ្ញាធរ​ស្រុក) ជា​មន្ត្រី​យុត្តិធម៌​ហ្នឹង អត់​មាន​ទៅ​សម្របសម្រួល​ទេ​បាទ ព្រោះ​វា​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។ ការ​បិទ​ផ្លូវ​សាធារណៈ​រារាំង​មិន​ឲ្យ​នរណា​ប្រើប្រាស់ វា​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។ ដូច្នេះ​ក្នុង​នាម​គាត់​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​តែ​ចាត់ការ​តាម​ផ្លូវ​ច្បាប់ នាំ​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​បិទ​ផ្លូវ​ហ្នឹង បង្ករ​សំណុំរឿង​ទៅ​តុលាការ​តែ​ម្ដង​បាទ»

អ្នក​ភូមិ​ព្រៃ​ពាយ អះអាង​ថា នឹង​នាំ​គ្នា​តវ៉ា ទាមទារ​ឲ្យ​បើក​ផ្លូវ​​ ចេញ​ចូល​ភូមិ​ទាំង​អស់​ឡើង​វិញ នៅ​ថ្ងៃ​ទី៣១ សីហា​បន្ដ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។