តុលាការ​ខេត្ត​ព្រះសីហនុ​ចោទ​ប្រកាន់​ពលរដ្ឋ​ពលរដ្ឋ ៦​នាក់ ពី​បទ​រុករាន​កាប់​ឆ្ការ​ដី​ព្រៃ និង​ប្រើ​ហិង្សា

ដោយ មួង ណារ៉េត
2020-01-19
Share
បញ្ហាដី​ស្មាច់ដែង 011520 រូបភាព​នៃ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០។
ប្រភព៖ ពលរដ្ឋ

តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ចោទប្រកាន់​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ៦​នាក់ ក្នុង​ករណី​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ពី​បទ​កាប់​គាស់​រុករាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ និង​រារាំង បង្ក​គ្រោះថ្នាក់​របួស​ស្នាម​លើ​មន្ត្រី​អនុវត្ត​ច្បាប់​។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដំណើរ​រឿង​នេះ​សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំងនោះ​ជា​ពលរដ្ឋ​ចាញ់បោក​គេ និង​អ្នក​ខ្លះ​ទៀត ជា​អ្នកស៊ីឈ្នួល​មើលថែ​ដី​ឱ្យ​គេ​ប៉ុណ្ណោះ។

ពលរដ្ឋ​ដែល​រង​ការចោទប្រកាន់​ពី​តុលាការ ទាំង ៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បណ្ដេញ​ចេញពី​លំនៅឋាន កាលពី​ថ្ងៃទី​១៥ មករា ដោយ​សមត្ថកិច្ច​ចោទប្រកាន់​ពួកគាត់​ថា បាន​កាប់​ទន្ទ្រាន​រុករាន​យក​ដី​ព្រៃ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ ”​រាម​”​។

ក្នុង​ពេល​នោះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ពលរដ្ឋ​ទាំងអស់​ចំនួន ៧​នាក់ ប៉ុន្តែ​តុលាការ​បាន​ដោះលែង​ពលរដ្ឋ​ម្នាក់​វិញ ក្រោយ​រក​ឃើញ​ថា ស្ត្រី​រូប​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា​ថា ក្រោយ​តុលាការ​ចោទ​ប្រកាន់​ចៅក្រម​ស៊ើបសួរ​បាន​បន្ត​សាកសួរ​ពលរដ្ឋ​ទាំងនោះ​បន្ថែម។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា អ្នកស្រី​ក៏បាន​សាកសួរ​ពលរដ្ឋ​ទាំង​នោះ​បាន​ខ្លះៗ​ដែរ ហើយ​ពលរដ្ឋ​បាន​ប្រាប់​អ្នកស្រី​ថា ពួកគេ​ចូល​មក​រស់នៅ​ទីនោះ​ដោយមាន​មនុស្ស​ជួល​ពួកគេ​ឱ្យ​មក​ចាំ​ដី និង​ប្រាប់​ថា បើ​ចង់បាន​ដី​ឱ្យ​កាប់ឆ្ការ​ព្រៃ​យក​ដី​នោះ​ចុះ ហើយ​អ្នកខ្លះ​គ្រាន់តែ​មក​លក់ដូរ​ក្នុង​តំបន់​នោះ​ប៉ុណ្ណោះ​។ អ្នកស្រី​សង្កេត​ឃើញ​ទៀត​ថា ពលរដ្ឋ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​នោះ ជា​ពលរដ្ឋ​មាន​អាយុ​ច្រើន និង​មិន​សម​មាន​កម្លាំង​អាច​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​បាន​នោះ​ទេ៖ «យើង​សួរ​ទៅ​ពួកគាត់​ភាគច្រើន​ចាញ់បោក​គេ គេ​ហៅ​មក​ចាំ​ដី ចាំផ្ទះ​ឱ្យ​គេ​ហើយ​អ្នក​ខ្លះ​ទៀត​គាត់​រកស៊ី​លក់ដូរ​នៅ​កំពង់ធំ​ទេ ប៉ុន្តែ​គេ​ហៅ​គាត់​ថា មក​រក​ស៊ី​នៅ​ភូមិ​នេះ ទៅ​មនុស្ស​ច្រើន​ហើយ​អត់​មាន​អ្នកណា​លក់ដូរ​អ៊ីចឹង»

អ្នក​សម្របសម្រួល​សមាគម អាដហុក រូប​នេះ​មានប្រសាសន៍​ទៀត​ថា បើ​តាម​សម្តី​ពលរដ្ឋ ជន​ដៃដល់​ជា​យុវជន ដែល​បាន​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​នោះ ពួកគេ​បាន​រត់ឡើង​ភ្នំ​គេច​ខ្លួន​បាត់​អស់​ហើយ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ទៅ​តុលាការ​ថា គួរ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​ពលរដ្ឋ ឬ​អនុញ្ញាត​ឱ្យ​ពល​អាច​នៅ​ក្រៅ​ឃុំ៖ «ពួកគាត់​សុទ្ធតែ​ធ្វើការ​ស្នើសុំ​អត់​ចង់បាន​អី​ទាំងអស់​គាត់​សុខចិត្ត​ឱ្យ​ទាំងអស់​គាត់​សុំ​ត្រឡប់​ទៅ​ខេត្ត​ទៅផ្ទះ​សម្បែង​គាត់​វិញ​ទាំងអស់»

អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​តុលាការ​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​ទទួល​ការហៅ​ចូល​។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា វិធានការ​របស់​អាជ្ញាធរ​ខេត្ត​លើ​ក្រុម​ពលរដ្ឋ​ទាំងនោះ គឺ​ដើម្បី​ការពារ​ដី​រដ្ឋ។ លោក​ថា ពលរដ្ឋ​ទាំងនោះ​ទើប​ចូល​រស់នៅ​ទីនោះ កាលពី​អំឡុង​ឆ្នាំ​២០១៦ ជា​ពលរដ្ឋ​ចំណូល​ថ្មី ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​រស់នៅ​លើ​ដី​នោះ​បាន​ឡើយ៖ «ចូល​មក​ថ្មីៗ​អ៊ីចឹង​ហើយ គាត់​ថា​គាត់​មក​នៅ​យូរ​ហើយ​អ៊ីចឹង​ខុសគ្នា អ្នក​ដែល​នៅ​យូរ​គេ​បាន​កាត់​ឆ្វៀល​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ហើយ​អស់ហើយ អាជ្ញាធរ​យើង​អត់​មាន​ធ្វើ​អី​រំលោភ​សិទ្ធិ​ពលរដ្ឋ​គឺ​យើង​ធ្វើ​ទី​មួយ​ទៅតាម​ទិដ្ឋភាព​ផ្លូវច្បាប់ ទី​២​ក៏​យើង​មើល​ដែរ​ប្រជាពលរដ្ឋ​ដែល​គាត់​ក្រីក្រ​ពិតប្រាកដ»

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចោទ​ពលរដ្ឋ​ទាំងនោះ​ថា បាន​ប្រើ​ហិង្សា ដោយ​ប្រើប្រាស់​កាំភ្លើង​ច្នៃ កាំបិត ពូថៅ ដំបង ដុំ​ថ្ម ជំ​ពាម​កៅស៊ូ និង​ដប​សាំង បាញ់ វាយ កាប់ និង​គប់​បណ្តាល​ឱ្យ​សមត្ថកិច្ច​ចំនួន ៣​នាក់​រង​របួស​ធ្ងន់ ក្នុង​ពេល​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​ទាំងនោះ កាលពី​ថ្ងៃ​ទី​១៥ ខែមករា​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចោទ​ក្រុម​ពលរដ្ឋ​ថា​បាន​ចូល​ទៅ​កាប់​ទន្ទ្រាន​រុករាន​យក​ដីព្រៃ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ ”​រាម​” ត្រង់​ចំណុច​ខាងលិច​ក្បាល​ព្រែក​កោះខ្យង ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ហៅ​តំបន់​នេះ​ថា ជា​តំបន់​ជ្រលង​ភ្នំ​ត្បែង​។ សមត្ថកិច្ច​ព្រមាន​ថា កំពុង​តាម​រក​ចាប់​ពលរដ្ឋ​បន្ថែម​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។