មន្រ្តី​អង្គការ​សហប្រជាជាតិ ​អំពាវនាវ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​បន្ទាន់​ ក្នុង​ករណី​ហិង្សា​លើ​ពលរដ្ឋ​តវ៉ា​ដីធ្លី នៅ​ខេត្ត​ក្រចេះ

ដោយ មួង ណារ៉េត
2018.03.09
រ៉ូណា ស្មីត វ៉ាន់ហ៊ី លី ៨៥៥ ២០១៦ តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) (ឆ្វេង) និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

មន្រ្តី​អង្គការ​សហប្រជាជាតិ​ និង​ មន្រ្តី​សិទ្ធិមនុស្ស​អន្តរជាតិ​ អំពាវនាវ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​បន្ទាន់ ក្នុង​ករណី​ហិង្សា​លើ​ពលរដ្ឋ​តវ៉ា​ដីធ្លី នៅ​ខេត្ត​ក្រចេះ ។ ក្រោយ​ការ​បង្ក្រាប​ដោយ​ហិង្សា​មក ពលរដ្ឋ​មួយ​ចំនួន​ បាន​សម្ងំ​លាក់​ខ្លួន​ក្នុង​ព្រៃ​ និង​ ខ្លះ​ទៀត​គេច​ខ្លួន​មួយ​រយៈ​ ព្រោះ​ភ័យ​ព្រួយ​ ពី​សុវត្ថិភាព​ ស្រប​ពេល​ដែល​អាជ្ញាធរ​បាន​ពង្រាយ​កម្លាំង​ សមត្ថកិច្ច​ឃ្លាំ​មើល​ និង​តាមដាន ហើយ​អ្នក​ភូមិ​ខ្លះ​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​ឃុំ ហៅ​មក​សួរ​នាំ ​និង​ព្រមាន​ឲ្យ​បញ្ឈប់​ផ្តល់​ព័ត៌មាន​ទៅ​អ្នក​កាសែត។

អ្នក​រាយការណ៍​ពិសេស​ របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ អ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) ​សម្តែង​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ក្រៃលែង​ ជុំវិញ​ព័ត៌មាន ​អំពី​ការ​បាញ់​ប្រហារ​ ទៅ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ជម្លោះដីធ្លី នៅ​ខេត្ត​ក្រចេះ​នេះ។ អ្នកស្រី​ស្នើ​ឲ្យ​មាន​កា​ស៊ើបអង្កេតជាបន្ទាន់​មួយ ទៅលើ​ករណីនេះ ហើយអ្នកស្រី​ក្រើន​រម្លឹក​របប​លោក ហ៊ុន សែន ឲ្យ​គោរព​សិទ្ធិមនុស្ស ព្រោះសន្តិភាព ស្ថេរភាព និង ការ​អភិវឌ្ឍ​សង្គម​ប្រកប​ដោយចីរភាព អាច​កើត​ឡើង​ទៅបាន ដោយ​មិន​អាច​ខ្វះ​ការ​គោរពសិទ្ធិមនុស្ស ជាមូលដ្ឋាន​នេះបាន​ឡើយ។​

មន្រ្តីជាន់ខ្ពស់​ផ្នែក​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ ក៏​យល់ស្រប​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជាបន្ទាន់​នេះដែរ។ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អះអាងថា ការស៊ើបអង្កេត​បន្ទាន់ មួយ គឺ​ពិតជាមានសារៈសំខាន់បំផុត ដើម្បី​រកឲ្យឃើញអ្នកដែលពាក់ព័ន្ធ ក្នុងអំពើ​ហិង្សា​នេះ។ ​លោកស្នើឲ្យ​ការ​ស៊ើបអង្កេតនោះ ត្រូវ​តែ​ធ្វើ​ឡើង​ ដោយ​ក្រុម​ឯករាជ្យ ដែលមានការ​ចូលរួម​ ពី​ខាង​ការិយាល័យ​ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ដែល​ពេលនេះ​ កំពុង​តែមាន​វត្ត​មាន ​របស់​អ្នកស្រី រ៉ូណា ស្មីត ស្រាប់។ ការស៊ើបអង្កេត​ត្រូវ​តែ​រកឲ្យ​ឃើញ ថាតើ​ហេតុ​អ្វី​បាន​ជា​កងកម្លាំង​ប្រដាប់​អាវុធ មានវត្តមាន​នៅកន្លែងតវ៉ា ដោយ​ពលរដ្ឋ​សាមញ្ញ និង ថាតើ​កងកម្លាំង​ប្រដាប់​អាវុធទាំងនោះ ទៅការពារឲ្យក្រុមហ៊ុន​ឯកជន ឬ ទៅការពារ​ក្រុម​គ្រួសារ ឬ បក្ស​ពួក​អ្នកមានអំណាច ដូច​ជា​លោក ហ៊ុន សែនជាដើមនោះ។ លោក ប្រ៊ែដ អាដាម លើក​ឡើង​បន្ថែមទៀត​ថា បើទោះបី​ជា​ពលរដ្ឋ​តវ៉ាបិទផ្លូវ ក៏អាជ្ញាធរមិនត្រូវ​បើអំពើ​ហិង្សា ​លើពួកគាត់​នោះដែរ ព្រោះពលរដ្ឋ​មាន​សិទ្ធិ​ជាមូលដ្ឋាន ក្នុងការ​តវ៉ា​ដោយ​សន្តិវិធីណាមួយ <<ទាំងនោះឯងហើយ គឺជាអ្វីដែលត្រូវ​ស៊ើបអង្កេត​រក​ឲ្យ​ឃើញនោះ! តាមពិតទៅ អាជ្ញាធររបបលោក ហ៊ុន សែន គ្មាន​ប្រវត្តិ​បើកការ​ស៊ើបអង្កេត​ណាមួយ​ដែល​ឯករាជ្យ និង គួរ​ឲ្យ​ជឿទុកចិត្ត​បាន​នោះទេ។ ដូច្នេះហើយ​ ទើប​ការ​ស៊ើបអង្កេត​នេះ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ។ បើគ្មាន​អន្តរាគមន៍ ពី​អង្គការ​សហប្រជាជាតិទេ កុំ​សង្ឃឹមថា នឹង​មាន​តម្រុយអំពី​ហេតុការណ៍ពិត​ ដែល​បាន​កើត​ឡើង​នោះឲ្យ​សោះ>>

ក្រៅពី​ប្រកែកថាគ្មាន​អំពើ​ហិង្សា​រហូត​ដល់​មានការ​ស្លាប់​មនុស្ស និង របួស​រាប់​សិបនាក់នេះ អាជ្ញាធរខ្មែរ មិន​បាន​បង្ហាញអំពីការ​បើកការ​ស៊ើបអង្កេតឯករាជ្យ​ណាមួយ​នៅឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ​ អាជ្ញាធរ​បាន​ដាក់​កម្លាំង​ សមត្ថកិច្ច​ឃ្លាំមើល​ពលរដ្ឋ ​និង​តាមដាន​ ពលរដ្ឋ​ណា​ដែល​ ផ្តល់​ព័ត៌មាន​ឲ្យ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ​ និង​អាជ្ញាធរ​ បណ្តាល​ឲ្យ​ស្លាប់ ​និង​របួស​ជា​ច្រើន​នាក់​ និង​មួយ​ចំនួន​បាត់​ខ្លួន​កាល​ពី​ថ្ងៃទី ​០៨​មីនា  ដែល​កើត​ឡើង​ជុំវិញ វិវាទ​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​ ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម​ នៅ​ឃុំ​ពីរ​ធ្នូ​ ស្រុក​ស្នូល ខែត្រ​ក្រចេះ​នេះ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត​ ដែល​រត់​គេច​ពី​គ្រាប់​កាំភ្លើង របស់​សមត្ថកិច្ច ​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃទី ០៩ មីនា​នេះ ឲ្យ​ដឹង​ថា អ្នកភូមិ ភាគ​ច្រើន​ខ្លាច​រអា​ ពី​ការ​បង្ក្រាប​ដ៏​សាហាវ​របស់​អាជ្ញាធរ ​និង​កំពុង​រត់​គេច​ខ្លួន និង​មួយ​ចំនួន​កំពុង​សម្ងំ​ក្នុង​ផ្ទះ ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់ខ្លួន។​ ពលរដ្ឋ​ដដែល​រូប​នេះ ​បាន​បញ្ជាក់​ទៀត​ថា​ មក​ទល់​ពេលនេះ​ ផ្ទះ​ពលរដ្ឋ​ប្រមាណ​ ២​រយ​ខ្នង ត្រូវ​អាជ្ញាធរ​ដុត​​កម្ទេច​ចោល​ ដោយ​លើក​ហេតុផល​ថា​ សាងសង់​លើ​ដី​របស់​ក្រុមហ៊ុន​វៀតណាម​។ លោក​ស្រី​បដិសេធ​ មិន​ផ្តល់​ព័ត៌មាន​ដល់​អាស៊ីសេរី​ ពី​តួ​លេខ​នៃ​អ្នក​ស្លាប់ និង​របួស​នោះ​ទេ​ ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​រូប​គាត់៖ «បើកាលណា​ខ្ញុំ​មាន​បទសម្ភាសន៍នេះ​ទៀត ខ្ញុំ​មិន​ដឹង​ងាប់​ឬ​រស់។ បើ​សិន​យក​ខ្ញុំ​ទៅ​ដាក់​កន្លែង​​សិទ្ធិ​នារី ដើម្បី​ឲ្យ​ខ្ញុំ​មាន​សិទ្ធិ​ឆ្លើយ ទោះមួយម៉ាត់​មួយក ក៏ខ្ញុំ​ឆ្លើយ​ត្រូវ​ដែរ»

តែយ៉ាងណា សាក្សីដែល​ឃើញ​ហេតុ​ការណ៍បាញ់ប្រហារនេះ បាន​ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី ០៨ មីនាថា  ការបង្ក្រាបនោះ បានបណ្តាលឲ្យ មានពលរដ្ឋ ស្លាប់និង រងរបួសមួយចំនួនទៀត។

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ ពី​រដ្ឋាភិបាល​ឈ្មោះ​ចម្ការកៅស៊ូ មេមត់ របស់​កូនស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ទទួល​សិទ្ធិ​វិនិយោគ​ដាំដំណាំ​ឧស្សាហកម្ម​កៅស៊ូ​ តាំង​ពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ (៩.៨៥៥) នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ សម្រាប់​កិច្ច​សន្យា​រយៈពេល ៥០​ឆ្នាំ។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វៀតណាម កាល​ពី​ឆ្នាំ​២០១៥។

មុន​ឆ្នាំ​២០០៥ ដី​សម្បទាន​សេដ្ឋកិច្ច​មេមត់ គឺជា​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រុក​ស្នួល លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ១​ម៉ឺន​ហិកតារ​ក្នុងស្រុក​ស្នួល ខែត្រ​ក្រចេះ ជាប់​ព្រំប្រទល់​ខែត្រ​មណ្ឌលគិរី។ តំបន់​នោះសម្បូរ​​ដោយព្រៃស្រោង​ និង​ជា​ជម្រក ​សត្វ​កម្រ​រស់នៅ។ តែ​នៅ​គ្រា​ដែល​មាន​វត្តមាន​ក្រុមហ៊ុន​ កូនស្រី ​លោក ហ៊ុន សែន ​តំបន់​នោះ ក្លាយ​ជា​ជម្រក​អាជីវកម្ម​ឈើ​ដ៏​កក្រើក​ បង្ក​ឲ្យ​ព្រៃ​រលាយ​ទាំងស្រុង​ ហើយ​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​វៀតណាម​ និង​មាន​ដំណាំ​កៅស៊ូ​។

សាលា​ខែត្រ​ក្រចេះ​កាល​ពី​ថ្ងៃ​ទី​ ០៨​ មីនា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ​ថា​គ្មាន​មនុស្ស​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អាជ្ញាធរ ​និង​ ពលរដ្ឋ​នោះទេ​។ ការ​ប៉ះ​ទង្គិច​នោះ​មាន​តែ​មនុស្ស​ ៩​នាក់​ ប៉ុណ្ណោះ​របួស​ ក្នុង​នោះ​៧​នាក់​ជា​សមត្ថកិច្ច។ អាជ្ញាធរ​ខែត្រ​បញ្ជាក់​ថា​ ក្នុង​ការ​ប៉ះទង្គិច​នោះ​ គឺ​ដោយសារ​ពលរដ្ឋ ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​ ៧៦ ហើយ​ក្រុម​អាជ្ញាធរ​ បាន​សម្របសម្រួល​ តែ​ពលរដ្ឋ​បដិសេធ និង​បាន​ប្រើ​ហិង្សា​លើ​ក្រុម​អាជ្ញាធរ​ ដោយ​ប្រើ​កាំបិត​ ចម្ពាម ​និង​កាំភ្លើង​កែច្នៃ​ ជា​ដើម​។​ យ៉ាង​ណា​ក្រុម​ពលរដ្ឋ​ដែល​តវ៉ា​នោះ​ បាន​ចាត់​ទុក​សេចក្តី​ជួន​ដំណឹង​ របស់​អាជ្ញាធរ​ថា​ បំផ្លើស​ការពិត​។ ពលរដ្ឋ​អះអាង​ថា​ សមត្ថកិច្ច​បាន​ដក​ហូត​ទូរស័ព្ទ​ពួកគាត់​ ដែល​ថត​បាន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ និង​ដឹក​សាកសព​ ទៅ​លាក់​ទុក​ដើម្បី​បំបាត់​ភ័ស្តុតាង​ និង​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ​។​

មេឃុំ​ពីរ​ធ្នូ ​លោក​ ប៉ឹង វិន ​អះអាង​ថា ​ពុំ​មាន​មនុស្ស​ស្លាប់ ​ក្នុង​ព្រឹត្តការណ៍​ តវ៉ា​នោះ​ទេ មាន​តែ​របួស​ ហើយ​រថយន្ត​សង្គ្រោះ​របស់​អាជ្ញាធរ​ បាន​ដឹក ជនរង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លៀមៗ។​ លោក​ថា​ អាជ្ញាធរ​ខែត្រ​បាន​ចាត់​ក្រុម​ការងារ​ ចុះ​ដោះស្រាយ​ វិវាទ​ដី​ធ្លី​នេះ​ដែរ​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ​លោក​បញ្ជាក់​ថា​ វិវាទ​ដី​ធ្លី​នេះ​ កើត​ឡើង​ដោយសារ​ពលរដ្ឋ នាំ​គ្នា​ចាប់​ដី​របស់​ក្រុមហ៊ុន​រស់នៅ ​និង​កាប់​ព្រៃ​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​ ទើប​អាជ្ញាធរ​តែងតែ​ចុះ​អនុវត្ត​ច្បាប់​៖ «គេទៅរក​ ក្រែងថា​បាត់​មនុស្ស​ បាត់​អី។ ប៉ុន្តែ ដល់​តែរក​ជាក់​ស្តែង អត់​ឃើញ​មនុស្ស។ ខ្ញុំ​ឲ្យ​ប្រជាការពារ​ទៅ​រក​ នៅតែ​រក​មិន​ឃើញមានផង។ ខ្លះ​ថា​ស្លាប់ពីរនាក់។ ខ្លះ​ថា​ស្លាប់​បី​នាក់។ អត់​ទៀង។ ដល់ទៅមើល អត់​ឃើញស្លាប់​ទេ»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក​ សឹង សែន​ករុណា​ ប្រាប់​ថា សមាគម​អាដហុក​ពុំ​ទាន់​រក​ឃើញ​ ពី​តួ​លេខ​នៃ​អ្នក​ស្លាប់ ​និង​អ្នក​របួស​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​នៅ​ឡើយ​ទេ​ ដ្បិត​អាជ្ញាធរ​និង​ពលរដ្ឋ​ កំពុង​ប្រទាញ​ ប្រទុង​គ្នា បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់ ​និង​របួស​ករណី​នេះ​។ ​តែ​យ៉ាងណា​លោក​ថា​ សមាគម​អាដហុក​ កំពុង​អង្កេត​ពី​ការ​ប្រើប្រាស់​អាវុធ​របស់​សមត្ថកិច្ច ​គឺ​សមស្រប​ តាម​ផ្លូវ​ច្បាប់​ឬ​យ៉ាងណា?​ ស្រព​ពេល​ដែល​មាន​ពលរដ្ឋ​មួយ​ចំនួន​ រង​របួស​ធ្ងន់​អំឡុង​ពេល​តវ៉ា​នោះ​។ លោក​ចាត់​ទុក​ការ​ដោះ​ស្រាយ​ប្រើ​ហិង្សា​ ពុំ​មែន​ជា​យន្តការ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ៖ «អាជ្ញាធរ​ហ្នឹង​ ត្រូវ​តែ​ធ្វើការ​បើក​ទូលាយ​ឲ្យមាន​ការ​បង្ហា​ញ​ព័ត៌មាន​ឲ្យ​ច្បាស់ការ​ ដើម្បី​ឲ្យ​យើង​ដឹង​ពី​ផល​ខូច​ខាត ឬការ​ដែលរឿង​ហ្នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ ឬ របួស​ស្នាមឬយ៉ាង​ម៉េច ឲ្យ​វា​ច្បាស់លាស់។ ដូច្នេះ​យើង​គិត​ថា​ បើ​មាន​ករណីបែបហ្នឹង​កើត​ឡើង​ ខុស​ផ្ទុយពីច្បាប់​ដូច្នេះ គួរ​តែ​ចាត់​វិធានការ​ ដើម្បី​ឲ្យ​ពួកគាត់​រាង​ចាល ឬកុំ​ឲ្យ​ស្ថានភាព​បែបហ្នឹង​កើត​ឡើង​មាន​នៅកម្ពុជាតទៅទៀត ព្រោះយើង​គិត​ថា ការ​ប្រើប្រាស់​ហិង្សា​មិនមែន​ជា​មធ្យោបាយ​ដោះស្រាយ​នោះទេ​​»

យ៉ាងណា​ក្រុម​ពលរដ្ឋ​ប្រតិកម្ម​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របប​លោក​ ហ៊ុន សែន​ ដែល​ថា​ក្រុម​ពលរដ្ឋ​ប្រើ​កាំភ្លើង​ច្នៃ​ កាំបិត ដំបង និង​ចម្ពាម​កៅស៊ូ​ ជា​ដើម តដៃ​ជាមួយ​សមត្ថកិច្ច ​ដែល​ការ​ចោទ​ដូច្នេះ​គឺជា​រឿង​មិន​ពិត​ទេ​ គឺ​សមត្ថកិច្ច ​បាន​យក​កាំភ្លើង​ បាញ់​រះ​មក​លើ​ពលរដ្ឋ​មុន​ ទើប​ពលរដ្ឋ​ទាញ​ដុំ​ថ្ម ​ជំពាម​កៅស៊ូ​ និង​ ដំបង ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។