ប្រជាពលរដ្ឋមានលំនៅឋាននៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បានចោទក្រុមហ៊ុនថតកុន និងរីសត បេស្តខេម (Base Camp) ថាបានប្រើគ្រឿងចក្រឈូសបំផ្លាញដំណាំស្វាយចន្ទី ដែលធ្លាប់ទទួលផលជារៀងរាល់ឆ្នាំ ដើម្បីសង់ស្ទូឌីយូ (Studio) ឬបន្ទប់សម្រាប់ជួលឲ្យភ្ញៀវទេសចរសម្រាក។
មន្ត្រីសិទ្ធិមនុស្សទទួលស្គាល់ថា សកម្មភាពក្រុមហ៊ុនបេស្តខេម ពិតជាបានបំផ្លាញដំណាំស្វាយចន្ទី និងរំលោភដីចម្ការពលរដ្ឋពិតមែន។
ក្រុមប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សម្ដែងការព្រួយបារម្ភចំពោះសកម្មភាពរបស់ក្រុមហ៊ុនថតកុន និងរីសតបេស្តខេម ដែលបានប្រើគ្រឿងចក្រឈូសបំផ្លាញដំណាំស្វាយចន្ទី និងបំផ្លាញរបងហ៊ុមព័ទ្ធដីចម្ការពលរដ្ឋក្នុងភូមិសុខសាន្ត ជាច្រើនគ្រួសារ។
ពលរដ្ឋស្នើមិនបញ្ចេញឈ្មោះ បានស្នើដល់អាជ្ញាធរក្រុង និងខេត្តព្រះសីហនុ ជួយអន្តរាគមន៍បញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនថតកុន និងរីសត បេស្តខេម ដែលបានយកគ្រឿងចក្រឈូសបំផ្លាញដីចម្ការ និងបើកគ្រឿងចក្រកិនបំផ្លាញដំណាំស្វាយចន្ទីពលរដ្ឋ។ បន្ថែមលើនេះ ប្រជាពលរដ្ឋភូមិសុខសាន្ត ក៏បានស្នើដល់រដ្ឋាភិបាល ត្រូវបញ្ជូនមន្ត្រីពាក់ព័ន្ធចុះវាស់ដីផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ព្រោះបច្ចុប្បន្ននេះ ដីធ្លីរបស់ប្រជាពលរដ្ឋកំពុងប្រឈមការរំលោភបំពានពីសំណាក់ក្រុមហ៊ុនឯកជនមួយចំនួន។
ពលរដ្ឋអះអាងថា ចាប់តាំងពីថ្ងៃទី១៧ មកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ក្រុមហ៊ុនសុខសាន្ត បេស្តខេម បានប្រើគ្រឿងចក្រ ៣គ្រឿង ឈូសឆាយ និងបំផ្លាញចម្ការស្វាយចន្ទីពលរដ្ឋនៅក្នុងភូមិសុខសាន្ត អស់មួយចំនួន៖ «ខ្ញុំសូមសំណូមពរដល់សម្ដេចនាយករដ្ឋមន្ត្រី គាត់ធ្វើតាមគោលនយោបាយស្បែកខ្លារបស់គាត់ហ្នឹង ឲ្យគាត់ជួយវាស់វែងបែងចែកដីកម្មសិទ្ធិជូនពលរដ្ឋឲ្យបានឆាប់ៗ ដោយកំណត់ថា តំបន់ណារបស់ក្រុមហ៊ុន និងតំបន់ណាជារបស់ប្រជាជន»។
ទាក់ទិនបញ្ហានេះ លោក អៀ សុងឃាង ប្រធានភូមិសុខសាន្ត សង្កាត់កោះរ៉ុង ទទួលស្គាល់ថា ក្រុមហ៊ុនថតកុន និងរីសត បេស្តខេម ពិតជាបានប្រើគ្រឿងចក្រឈូសឆាយនាំឲ្យប៉ះពាល់ដល់ដីចម្ការពលរដ្ឋនៅភូមិសុខសាន្ត មួយចំនួនពិតមែន។ លោកបន្តថា ទោះក្រុមហ៊ុននេះមិនទាន់ធ្វើសកម្មភាពទ្រង់ទ្រាយធំបែបណាក្តី ក៏ប៉ុន្តែកាលពីថ្ងៃទី១៧ មកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ក្រុមហ៊ុននេះបានប្រើគ្រឿងចក្រឈូសបំផ្លាញដំណាំស្វាយចន្ទីពលរដ្ឋក្នុងមូលដ្ឋានអស់មួយចំនួន។ ហើយថា ក្រុមហ៊ុនមិនបានជូនដំណឹងពីសកម្មភាពរបស់ខ្លួនដល់អាជ្ញាធរមូលដ្ឋានទេ។
ប្រធានភូមិសុខសាន្ត រូបនេះ ស្នើដល់អាជ្ញាធរខេត្ត ឬរដ្ឋាភិបាល ជួយពិនិត្យចំពោះសកម្មភាពក្រុមហ៊ុនបេស្តខេម នាមូលដ្ឋានភូមិសុខសាន្តឲ្យបានឆាប់ ព្រោះបារម្ភខ្លាចពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ាទ្រង់ទ្រាយធំកើតឡើងនាថ្ងៃអនាគត៖ «ក្រុមហ៊ុនថតកុនមកធ្វើសកម្មភាពសាងសង់នៅលើទីធ្លាដីសាលាទាំងមូលតែម្តង។ រីឯច្បាប់ទម្លាប់អីខ្ញុំអត់ដឹងផង ព្រោះខ្ញុំអត់បានទទួលទេ។ ទន្ទឹមគ្នាហ្នឹង គាត់រុករានលើដីប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំ។ ហើយឥឡូវនេះ ក្រុមហ៊ុនកំពុងប្រើគ្រឿងចក្រឈូសឆាយដីដំណាំរបស់ពលរដ្ឋ ដែលបានអាស្រ័យផលរាល់ឆ្នាំ គឺស្វាយចន្ទី ហើយការរុករានឈូសឆាយនេះ អត់មានលិខិតស្នាមណាមួយបង្ហាញខ្ញុំជាអាជ្ញាធរមូលដ្ឋានទេ»។
ទាក់ទិនបញ្ហានេះ លោក អ៊ួង និត ចៅសង្កាត់កោះរ៉ុង និយាយថា មិនទាន់បានដឹងករណីមានគ្រឿងចក្រឈូសឆាយ ឬក៏បំផ្លាញដំណាំស្វាយចន្ទី និងរបងហ៊ុមព័ទ្ធដីចម្ការពលរដ្ឋនៅភូមិសុខសាន្ត ទេ ព្រោះប៉ុន្មានថ្ងៃមកនេះ លោកជាប់រវល់ប្រជុំនៅសាលាខេត្តព្រះសីហនុ៖ «រឿងហ្នឹងខ្ញុំដឹងថា គ្រឿងចក្រខាងថតកុនគេដឹកទៅ ក៏ប៉ុន្តែខ្ញុំមិនដឹងគេឈូសឆាយអីទេ ព្រោះខ្ញុំបានឡើងមកសាលាខេត្តប្រជុំពីរថ្ងៃហើយ។ ខ្ញុំអត់ទាន់បានដឹង អត់ទាន់បានឮ ចាំមើលខ្ញុំចុះផ្ទាល់ ព្រោះឥឡូវខ្ញុំជាប់មកប្រជុំនៅខេត្តចំនួន ២ថ្ងៃមកហើយ។ ចាំមើលខ្ញុំនឹងសរសេររបាយការណ៍ចំណាត់ការមកអភិបាលក្រុងពេលខ្ញុំចុះទៅ»។
ពលរដ្ឋភូមិសុខសាន្ត ថ្លែងថា ករណីក្រុមហ៊ុនថតកុន និងរីសត បេស្តខេម ធ្វើសកម្មភាពបង្ហិនបង្ហោចដំណាំស្វាយចន្ទី និងបំផ្លាញបង្គោលរបងបន្លាលួសនាមូលដ្ឋានភូមិសុខសាន្ត នេះ បានដាក់ពាក្យបណ្ដឹងជូនទៅលោកចៅសង្កាត់កោះរ៉ុង លោក អ៊ួង និត ដើម្បីពិនិត្យ និងជួយអន្តរាគមន៍រួចហើយ កាលពីថ្ងៃទី២៥ ខែតុលា ប៉ុន្តែមិនទាន់មានចម្លើយឆ្លើយតបបែបណាទេរហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងផលិតករក្រុមហ៊ុនថតកុន និងរីសត បេស្តខេម លោក ធារី ហ្គ្រាស (Thierry Grass) និងលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការចោទ ឬកង្វល់ពលរដ្ឋបានទេតាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ព្រោះជាប់រវល់ប្រជុំ។
បញ្ហានេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ ដែលបានចុះអង្កេតបញ្ហាដីធ្លីដល់ភូមិសុខសាន្ត បានឲ្យដឹងថា សកម្មភាពក្រុមហ៊ុនថតកុន និងរីសត បេស្តខេម ពិតជាបានបំផ្លាញដំណាំស្វាយចន្ទី និងបង្គោលរបងពលរដ្ឋពិតមែន។ លោកថា បញ្ហានេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ត្រូវមានវិធានការទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុនបេស្តខេម នៅភូមិសុខសាន្ត ជាបន្ទាន់៖ «បើសិនជាថតកុន យើងធ្វើសកម្មភាពពីការថតកុន ពីទីកន្លែងនៃការថតកុននៅក្នុងដីដែលខ្លួនបានជួល គឺធ្វើចុះ។ ប៉ុន្តែបើសិនជានៅក្នុងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ដីចម្ការដំណាំ មុននឹងកាប់បំផ្លាញ មុននឹងដកបង្គោលរបងរបស់គាត់ ត្រូវសួរដល់ម្ចាស់ដីរបស់គេឲ្យបានច្បាស់លាស់ ថានែ! ខ្ញុំសុំរុះរើប៉ុណ្ណេះប៉ុណ្ណោះ ហើយពេលចប់ខ្ញុំធ្វើសងវិញ ដោយមានកិច្ចសន្យាត្រឹមត្រូវ។ ចុះហេតុអ្វីក្រុមហ៊ុនអីក៏មានសិទ្ធិម្ល៉េះ ដែលហ៊ានទៅរុះរើបង្គោលរបងពលរដ្ឋ និងកាប់បំផ្លាញដំណាំប្រជាពលរដ្ឋ។ នេះជាទង្វើមួយដែលមិនសមនឹងគម្រោងអភិវឌ្ឍន៍នៅលើទឹកដីនេះទេ»។
យ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋបានទទូចស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ជូនមន្ត្រីជំនាញចុះវាស់ដីធ្លីផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅសង្កាត់កោះរ៉ុង ឲ្យបានឆាប់ ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្តបង្កើតរបរទទួលទាននៅលើដីកម្មសិទ្ធិរបស់ខ្លួន ដោយគ្មានការគាបសង្កត់ ឬរំលោភបំពាននាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។