ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ១១គ្រួសារ​ថា តុលាការ​កាត់​ក្តី​លម្អៀង​ទៅ​រក​អ្នក​មាន​អំណាច

ដោយ ជីវិតា
2020.08.31
សាលាដំបូង​ខេត្ត​មណ្ឌលគិរី តំណាង​សហគមន៍​​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ នៅ​ខេត្ត​មណ្ឌលគិរី​ មក​ប្ដឹង​មេ​ឃុំ​ដាក់​ដាំ​ មេ​ប៉ុស្តិ៍ និង​មនុស្ស​មួយ​ក្រុម​ទៀត​ ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​​មណ្ឌលគិរី ថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ សហគមន៍

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ខេត្ត​មណ្ឌលគិរី​ ​ខកចិត្ត​ចំពោះ​តុលាការ​ខេត្ត​នេះ​ថា​ ​បាន​កាត់​ក្តី​លម្អៀង​ទៅ​រក​បុគ្គល​មានអំណាច​ ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​រវាង​អាជ្ញាធរ​ស្រុក​ ​និង​ប្រជាពលរដ្ឋ ១១គ្រួសារ។ អ្នកភូមិ​ថា បុរស​ឈ្មោះ អ៊ាង សៀវអន ធ្វើការ​នៅ​សាលាស្រុក បាន​លួច​ធ្វើ​ប្លង់​រឹង ប៉ះចំ​ដី​សមូហភាព​សហគមន៍ ដែល​ពួកគេ​អាស្រ័យផល​ជាច្រើន​ឆ្នាំ​មក​ហើយ។

ជនជាតិ​ដើម​ភាគតិច​ព្នង​ ​រស់នៅ​ភូមិ​ពុលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ​ក្រោយ​ពី​តុលាការ​ខេត្ត​មណ្ឌលគិរី​ ​ប្រកាស​សាលក្រម​ ឱ្យ​អ្នក​ភូមិ ១១គ្រួសារ ចាញ់​ក្តី​ក្នុង​សំណុំរឿង​ជម្លោះ​ដីធ្លី​ ​ដែល​អ្នកភូមិ​ចោទ​បុគ្គល​មានអំណាច​ម្នាក់​ឈ្មោះ អ៊ាង សៀវអន ថា បាន​លួច​ធ្វើ​ប្លង់​រឹង​ ​ប៉ះចំ​ដី​សមូហភាព​សហគមន៍​ក្នុង​ភូមិ​ពុលុ។

កាលពី​ថ្ងៃ​ទី២៧ ខែ​សីហា ចៅក្រម​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ញាណ សុវណ្ណ បាន​ប្រកាស​សាលក្រម​បង្គាប់​ឱ្យ​តំណាង​ពលរដ្ឋ ១១គ្រួសារ ឈ្មោះ ក្លាន ចូរ ចាញ់​ក្តី​ដោយ​ត្រូវ​ប្រគល់​ដី​ជាង ៤ហិកតារ​រុះ​រើផ្ទះ​មួយ​ខ្នង និង​ផ្តល់​សំណង ១០លាន​រៀល ជូន​ស្ត្រី​ឈ្មោះ គង់ សៀកហួរ ដែល​ត្រូវជា​ម្ដាយ​របស់​ ​លោក​ អ៊ាង សៀវអន ធ្វើការ​នៅ​សាលា​ស្រុក។ អ្នកភូមិ​ថា បុរស​ឈ្មោះ អ៊ាង សៀវអន បាន​យកឈ្មោះ​ម្ដាយ​បង្កើត គឺ​លោកស្រី គង់ សៀកហួរ ជំនួស​លោក​ធ្វើ​ជា​ដើម​បណ្តឹង​រឿង​នេះ។

តំណាង​ពលរដ្ឋ​លោក ក្លាន ចូរ ចាត់​ទុក​សាលក្រម​របស់​តុលាការ​ជា​រឿង​អយុត្តិធម៌ និង​ធ្វើបាប​ពលរដ្ឋ ១១គ្រួសារ ដែល​មាន​ជីវភាព​ពឹងផ្អែក​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ១៩៩៣ មក។ លោក​បញ្ជាក់​ថា​ ​ក្រុម​ពលរដ្ឋ ១១គ្រួសារ បាន​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ​ជិត ៣០ឆ្នាំ​មក​ហើយ មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ/ឃុំ និង​មាន​ដាំដំណាំ​កាហ្វេ ប៊ើរ ស្វាយ ចេក រួម​ទាំង​មាន​ផ្ទះ​មួយ​ខ្នង​ផង​ដែរ។ ក៏​ប៉ុន្តែ​ដី​ទាំងនោះ​ត្រូវ​បាន​លោក អ៊ាង សៀវអន លួច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​ទាំង​ស្រុង។ ពលរដ្ឋ​គ្រោង​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ៖ «គាត់ (តុលាការ) កាត់​ក្តី​លម្អៀង គាត់​អត់​បើ​ក​ដីកា​ហៅ​ ​ខ្ញុំ​ផង​។​ ​កាត់​កំបាំង​មុខ​តុលាការ​គាត់​យក​លុយ​ ​គេ​ទេ​ដឹង​ ​បាន​គាត់​កាត់​ក្តី​អ៊ីចឹង។ យក​លុយ​បាន​ឈ្នះ​ភ្លាម​អ៊ីចឹង បើ​ថា គេ​កាត់​អ៊ីចឹង​ខ្ញុំ​អត់​ព្រម​ទេ»

អាស៊ី​សេរី​ ​នៅ​មិនទាន់​អាច​ទាក់ទង​ ​ចៅក្រម​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ ​លោក​ ​ញាណ​ ​សុវណ្ណ​ ​និង​ ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​នេះ​ ​គឺ​លោក​ ​មាស​ ​ប្រុស​ ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​នៅឡើយ​ទេ​ ​នៅ​ថ្ងៃ​ទី​ ​៣​០​ ​សីហា​ ​។​ ​រីឯ​ដើម​បណ្ដឹង​លោក អ៊ាង សៀវអន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ ​ដោយសារ​ទូរសព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​ ​នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​មេឃុំ​ប៊ូ​ស្រា​ ​លោក​ ​យឺត​ ​សារឿន​ ​ទទួលស្គាល់​ថា​ ​ដី​មាន​ជម្លោះ​នោះ​ ​ជា​ដី​សមូហភាព​សហគមន៍​ភូមិ​ពុលុ ​ដែល​ពលរដ្ឋ​ ​១១គ្រួសារ បាន​កាន់កាប់​តាំងពី​ឆ្នាំ១៩៩៣ រហូត​មក។តែ​យ៉ាង​ណា​ក្តី​ ​លោក​ថា​ ​ដី​ដែល​មាន​ប្លង់​រឹង​ ​ជា​សមត្ថកិច្ច​ដោះស្រាយ​ ​របស់​តុលាការ៖ «ខ្ញុំ​បាន​បញ្ជាក់​ដី​របស់​គាត់​មែន​។​ ​ខ្ញុំ​អត់​ដឹង​ទេ​ ​ស្រេច​តែ​គេ​ទេ​ ​គ្រាន់តែ​ខ្ញុំ​បញ្ជា​កថា​ ​ដី​របស់​គាត់​ពិត​ប្រាកដ»

ជាមួយគ្នា​នេះ​ ​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​ខេត្ត​មណ្ឌលគិរី​ ​លោក​ គ្រើ​ង​ ​តុលា​ ​មើល​ឃើញ​ថា​ ​តុលាការ​មិនបាន​ស្រាវជ្រាវ​ ​និង​ស៊ើប​អង្កេត​រឿង​នេះ​ឱ្យ​គ្រប់ជ្រុងជ្រោយ​ឡើយ​។​ ​លោក​ថា​ ​ដី​នៅ​ទីនោះ​ជា​ដី​សមូហភាព​សហគមន៍​ ​ដែល​ជនជាតិ​ដើម​ភាគតិច​ស្នើសុំ​ចុះបញ្ជី​ប្រើប្រាស់​សមូហភាព​។​ ​លោក​អស់សង្ឃឹម​ចំពោះ​ការ​សម្រេច​ក្តី​នៃ​សំណុំរឿង​នេះ​ ​និង​ចាត់ទុកថា​ ​ពលរដ្ឋ​អស់​ជំនឿ​ចិត្ត​ចំពោះ​តុលាការ​ខេត្ត​មណ្ឌលគិរី៖ «យើង​គិត​ថា​ ​វា​អយុត្តិធម៌​ ​នេះ​ជា​កន្លែង​គាត់​អាស្រ័យផល​រាប់​ជា​ឆ្នាំងបាយ​របស់​គាត់​ ​អាង​មាន​លុយ​ទៅ​រំលោភ​។​ ​អាងតែ​ស្គាល់​អ្នកនេះ​ ​អ្នកនោះ។ មន្ត្រី​សាលាស្រុក​ហ្នឹង​ ​គាត់​ជា​អ្នក​រំលោភ​ ​ព្រោះ​ដី​ហ្នឹង​ ​ជា​ដី​របស់​ពលរដ្ឋ​គាត់​ធ្វើ​ចម្ការ​រាប់​ឆ្នាំ​មក​ម្ល៉េះ ក្នុង​ពេល​ឥលូវ​ហ្នឹង​ ​បែរជា​មាន​ប្លង់​ ​មានអី»

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​មណ្ឌលគិរី​លោក អ៊ាង ម៉េងលី យល់​ថា ប្រសិនបើ​មន្ត្រី​ជំនាញ​ធ្វើ​ប្លង់​រឹង ឬ​ប្លង់​កម្មសិទ្ធិ​ប៉ះចំ​ដី​សហគមន៍ ដែល​កំពុង​ស្នើសុំ​ចុះ​បញ្ជី​ ​គឺជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ។ លោក​យល់​ថា ការ​ធ្វើ​ប្លង់​រឹង​ ​ជាន់​ចំ​ដី​សហគមន៍ គឺ​ជា​រឿង​អយុត្តិធម៌​ ​និង​បង្កើត​ភាព​ស្មុគ​ស្មាញ​ច្រើន​ប៉ះ​ពាល់​ជីវភាពរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច៖ «ករណី​នេះ​ ​ខ្ញុំ​យល់​ថា ការ​ធ្វើ​ប្លង់​ជាន់​លើ​ដី​សហគមន៍ គឺ​អត់មាន​ភាព​យុត្តិធម៌​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដែល​គាត់​អាស្រ័យ​ផល​លើ​ទំនៀមទម្លាប់​ដី​របស់​គាត់​ហ្នឹង​ហើយ»

សហគមន៍​ជនជាតិ​ដើម​ភាគតិច​សង្កេត​ឃើញ​ថា អាជ្ញាធរ​ខ្លះ​បាន​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង់​រឹង​ប៉ះចំ​ដី​សមូហភាព​សហគមន៍​ ​និង​ព្រៃ​អ​ភ​រិក្ស ​ក្នុង​ខេត្ត​មណ្ឌលគិរី​នៅ​តែ​កើត​មាន​ច្រើន ដែល​ជាហេតុ​ធ្វើ​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ក្លាយ​ជា​ជនរងគ្រោះ ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ និង​បុគ្គល​មាន​អំណាច។ រីឯ​ជន​ជាតិ​ដើម​ភាគតិច​ខ្លះ​បាន​ធ្លាក់​ខ្លួន​ក្រ​តោកយ៉ាក​បណ្ដាល​ឱ្យ​កូនចៅ​បោះ​បង់​ការ​រៀន​សូត្រ​ដោយសារ​តែ​ជម្លោះ​ដីធ្លី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។