ពលរដ្ឋ​ស្រុក​រមាសហែក​តវ៉ា​សុំ​កាន់​កាប់​ដីធ្លី​ដែល​រដ្ឋ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឥណ្ឌា

ដោយ ថា កិត្យា
2016.12.28
ផែនទី​ខេត្ត​ស្វាយរៀង ៨៥៥ ផែនទី​ខេត្ត​ស្វាយរៀង។
Photo: RFA

ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ឡើង​វិញ ក្នុង​បំណង​ទាមទារ​កាន់​កាប់​ដី​ដែល​រដ្ឋាភិបាល​បាន​សម្បទាន​ឲ្យ​ក្រុមហ៊ុន​របស់​ឥណ្ឌា ដាំ​អំពៅ​តាំង​ពី​ឆ្នាំ​២០១០ សម្រាប់​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​ខណៈ​ដែល​ពួក​គាត់​នាំ​គ្នា​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ដែល​ចូល​ទៅ​ឈូស​ឆាយ​ដី​ជម្លោះ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ។

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិល និង​នៅ​ឃុំ​គគីរ ប្រមាណ ៤៤០​គ្រួសារ ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជាមួយ​ក្រុមហ៊ុន អិន.ខេ.វី (NKV) ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដាំ​អំពៅ​លើ​ដី​របស់​រដ្ឋ​ទំហំ​ប្រមាណ​ជិត ៧០០​ហិកតារ បាន​ចាប់​ផ្ដើម​កក្រើក​ឡើង​វិញ ខណៈ​ដែល​ក្រុមហ៊ុន​បាន​ប្រើ​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដី​ជម្លោះ​នោះ។

តំណាង​ប្រជាពលរដ្ឋ គឺ​លោកស្រី ម៉ន ស៊ីណា លើក​ឡើង​ថា ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​បាន​នាំ​គ្នា​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នៅ​លើ​ដី​ទំនាស់​នោះ ប៉ុន្តែ​ពុំ​មាន​អំពើ​ហិង្សា​កើត​ឡើង​ឡើយ ទោះ​បី​ជា​មាន​ប៉ូលិស​បាន​ឈរ​ជើង​ការពារ​ក្រុមហ៊ុន​ក្តី។

លោកស្រី​បន្ត​ថា ពលរដ្ឋ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូស​ឆាយ​សិន ដើម្បី​ជជែក​ដោះស្រាយ​ឲ្យ​ចប់​ចុង​ចប់​ដើម ព្រោះ​ថា ពលរដ្ឋ​មាន​ជំហរ​ចង់​បាន​ដី​នោះ​យក​មក​កាន់​កាប់​សម្រាប់​បង្កបង្កើនផល​ចិញ្ចឹម ព្រោះ​បច្ចុប្បន្ន​នេះ ជីវភាព​ពួក​គាត់​កាន់​តែ​ធ្លាក់​ដុនដាប ហើយ​អ្នក​ខ្លះ​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស៖ «ចង់​ឲ្យ​ថ្នាក់​លើ​ដោះស្រាយ​ដី​ឲ្យ​ពលរដ្ឋ​វិញ ព្រោះ​ពលរដ្ឋ​ក្រ គ្មាន​ដី​បង្កបង្កើនផល»

អ្នក​ភូមិ​រៀបរាប់​ថា ដី​នោះ​ពួក​គាត់​ធ្លាប់​ដាំ​ដុះ​អាស្រ័យ​ផល​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៤ ក្រោយ​មក​អាជ្ញាធរ​យក​ដី​នោះ​ទៅ​រក្សា​ទុក​ក្រោម​ហេតុផល​ថា ជា​សម្បត្តិ​របស់​រដ្ឋ។ ក្រោយ​មក​ទៀត អ្នក​ភូមិ​បាន​នាំ​គ្នា​តវ៉ា​កាន់​កាប់​លើ​ដី​នោះ​វិញ​ជា​បន្តបន្ទាប់។ លុះ​ដល់​ចុង​ឆ្នាំ​២០១០ អាជ្ញាធរ​បាន​សម្បទាន​ដី​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន អិន.ខេ.វី របស់​ឥណ្ឌា ក្នុង​រូបភាព​ដាំ​អំពៅ ប៉ុន្តែ​ក្រុមហ៊ុន​នោះ​បាន​បាត់​ខ្លួន​ទៅ​វិញ និង​ទើប​តែ​ឃើញ​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ​វិញ​នៅ​ក្នុង​សប្ដាហ៍​នេះ។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ក្រុមហ៊ុន​ឥណ្ឌា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ។ ចំណែក​អភិបាល​ស្រុក​រមាសហែក និង​អភិបាល​ខេត្ត​ស្វាយរៀង អាស៊ីសេរី ក៏​ពុំ​អាច​ទាក់ទង​បាន​ដែរ។

ទាក់ទិន​បញ្ហា​នេះ​ដែរ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៊ូពិនណារ័ត្ន ដែល​តាមដាន​ករណី​នេះ​មាន​ប្រសាសន៍​ថា កន្លង​មក​រឿង​ដីធ្លី​នេះ​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ហើយ ប៉ុន្តែ​បាន​ផ្ទុះ​ឡើង​វិញ​ក្រោយ​ឮ​ដំណឹង​ថា រដ្ឋ​ចង់​ដក​យក​ដី​នោះ​មក​គ្រប់គ្រង​វិញ បន្ទាប់​ពី​ឃើញ​ក្រុមហ៊ុន​ឥណ្ឌា ក្ស័យ​ធន ពុំ​ឃើញ​ធ្វើ​អ្វី​ឡើយ។ លោក នុត ប៊ូពិនណារ័ត្ន បន្ត​ទៀត​ថា បើ​តាម​ព័ត៌មាន​ពី​សាលា​ខេត្ត គឺ​ក្រុមហ៊ុន​ឥណ្ឌា ដែល​ក្ស័យ​ធន បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឥណ្ឌា មួយ​ទៀត ដើម្បី​ដាំ​ដំឡូងមី​ម្តង ព្រោះ​ថា​កិច្ចសន្យា​វិនិយោគ​រវាង​ក្រុមហ៊ុន​ឥណ្ឌា និង​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​ផុត​កុងត្រា ដូច្នេះ​ហើយ​ទើប​ឃើញ​មាន​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ក្នុង​សប្ដាហ៍​នេះ បណ្ដាល​ឲ្យ​ពលរដ្ឋ​ចេញ​តវ៉ា​ជា​ថ្មី។

លោក នុត ប៊ូពិនណារ័ត្ន ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត គួរ​តែ​ចុះ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ឲ្យ​បាន​ឆាប់៖ «ប្រសិន​បើ​មាន​ការ​ផ្ទេរ​អី​ត្រឹមត្រូវ​មែន ខាង​ខេត្ត​ត្រូវ​តែ​ចុះ​ទៅ​កន្លែង​កើត​ហេតុ ដើម្បី​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ហេតុផល​ទាំងអស់​នេះ ដើម្បី​ជ្រាប​ពី​ហេតុផល​ក្រុមហ៊ុន​ថ្មី​មក​ធ្វើ​នេះ គេ​មាន​ឯកសារ គេ​មាន​ផ្លូវ​ច្បាប់​អី​ខ្លះ ដើម្បី​ឲ្យ​គាត់​យល់ ហើយ​ឈប់​តវ៉ា»

ផ្ទៃដី​ជិត ៧០០​ហិកតារ ដែល​អ្នក​ភូមិ​តវ៉ា​នោះ ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ គឺ​ភូមិ​រមាសហែក ភូមិ​ស្រែឫស្សី ភូមិ​អំពិល ភូមិ​ស្រែពពេល ភូមិ​កំពង់ត្របែក ស្ថិត​ក្នុង​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ អ្នក​ភូមិ​កំពុង​ជ្រួល​ច្របល់​ជា​ថ្មី ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​ដី​សម្បទាន​នោះ​មក​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ចិញ្ចឹម​ជីវិត​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។