ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី បន្ត​ឈូស​ឆាយ​ដីធ្លី​ប្រជាពលរដ្ឋ​ដែល​រង​ពី​គម្រោង​វាល​យន្ត​ហោះ​ភ្នំពេញ​ថ្មី

ដោយ សន ចាន់រដ្ឋា
2021.12.22
ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី បន្ត​ឈូស​ឆាយ​ដីធ្លី​ប្រជាពលរដ្ឋ​ដែល​រង​ពី​គម្រោង​វាល​យន្ត​ហោះ​ភ្នំពេញ​ថ្មី វាលយន្តហោះ​ថ្មី​ក្នុង​ខេត្ត​កណ្ដាល សាងសង់​ដោយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ដែល​ពលរដ្ឋតវ៉ារាល់ថ្ងៃ ព្រោះ​ប៉ះពាល់​ដី​ពួក​គាត់ ហើយ​មិន​បានផ្ដល់​សំណង​សមរម្យ។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ដែល​ទទួល​បាន​សិទ្ធិ​សាង​សង់​វាលយន្តហោះ​ថ្មី​ក្នុង​ខេត្ត​កណ្ដាល នៅ​តែ​បន្ត​ប្រើ​គ្រឿង​ចក្រ​គាស់​កាយ​ផ្លូវ​ទំនប់​ និង​ឈូស​ឆាយ​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ ដោយ​ព្រមាន​ចាប់​ខ្លួន​អ្នកភូមិ ដែល​ហ៊ាន​ថត​សកម្មភាព​របស់​ពួក​គេ។ ពលរដ្ឋ​អះអាង​ថា ពួកគាត់​មិន​ជំទាស់​នឹង​ការ​សាងសង់​របស់​ក្រុមហ៊ុន​ទេ តែ​ស្នើ​សុំ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ ដោយ​ផ្ដល់​សំណង​មួយ​ដែល​អាច​ទទួល​បាន។

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ចំនួន ៣ឃុំ ក្នុង​ខេត្ត​កណ្ដាល និង ១ឃុំ​ក្នុង​ខេត្ត​តាកែវ ជាមួយ​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវសែ ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​ដោះ​ស្រាយ​នៅ​ឡើយ ខណៈ​ខាង​ក្រុមហ៊ុន​នៅ​បន្ត​សកម្មភាព​រំលោភ​យក​ដីធ្លី​ពួក​គាត់ ដោយ​គ្មាន​ផ្ដល់​សំណង​សមរម្យ​ណា​មួយ​ឡើយ។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​កំពង់​តាឡុង លោក ប៉ៅ សុភាព ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២២ ធ្នូ​ថា រយៈ​ពេល​២​ថ្ងៃ​នេះ ​ក្រុមហ៊ុន​ឈូស​ឆាយ​ដីធ្លី​ ហួស​ផ្លូវ​ទំនប់ ៩០ ចូល​ដល់​ដី​លំនៅឋាន​ពលរដ្ឋ ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​ពាក្យ​សំដី​គ្នា​ រវាង​ក្រុម​កម្មករ និង​អ្នក​ភូមិ។

លោក​បន្ត​ថា អភិបាល​ស្រុក​កណ្ដាល​ស្ទឹង លោក អ៊ូច សៅវឿន មិន​បាន​ឈប់​រថយន្ត ចុះ​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ នៅ​ទី​តាំង​ដី​មាន​ទំនាស់​ទេ បែរ​ជា​ធ្វើ​ដំណើរ​ជិះ​ចូល​ទៅ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​ទៅ​វិញ។

លោក​សោកស្ដាយ​នឹង​ទង្វើ​របស់​អាជ្ញាធរ​ដែល​បន្ត​អូស​បន្លាយ​វិវាទ​នេះ ដោយ​ពន្លឿន​ដំណោះស្រាយ​ជូន​ពលរដ្ឋ បែរ​បើក​ដៃ​ឲ្យ​ភាគី​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត៖ «គេ​អត់​មាន​លទ្ធផល​អ្វី​ទេ។ បើ​ស្រុក​គេ​ចង់​ជួប​យើង​ គេ​និយាយ​ល្អ។ បើ​យើង​តេ​ទៅ​សួរ​គេ​ គេ​ថា រវល់។ ម្សិល​មិញ​ប្រាប់​បង​ប្អូន​ខ្ញុំ​ហ្នឹង តេ​ទៅ​ចៅហ្វាយ​ស្រុក​ គាត់​ឆ្លើយ​ថា គាត់​រវល់​ប្រជុំ។ គាត់​បិទ​ហើយ ចប់។ ដំណោះស្រាយ​ខាង​អាជ្ញាធរ ដូច​អត់មាន​អ្វី​ចេញ​ហ្មង។ អត់​មាន​អី​ជា​សាច់​ដុំ​ កំភួន​ អី​ទេ!»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​តំណាង​ក្រុមហ៊ុន OCIC នៅ​វាល​យន្តហោះ​ភ្នំពេញ​ថ្មី លោក ជូ កុកសាយ អភិបាល​ស្រុក​កណ្ដាល​ស្ទឹង លោក អ៊ូច សៅវឿន ហើយ​នឹង​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ បាន​ទេ នៅ​ថ្ងៃ​ទី២២ ធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត សង្កេត​ឃើញ​ថា វិវាទ​ដីធ្លី​មួយ​នេះ នៅ​តែ​មិន​មាន​អាជ្ញាធរ ឬ​ស្ថាប័ន​រដ្ឋ​ណា ហ៊ាន​ចេញ​មុខ​ពន្លឿន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ក្រៅ​ពី​ប្រាប់​ឲ្យ​ពលរដ្ឋ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ តម្លៃ ៨ដុល្លារ ក្នុង ១ម៉ែត្រ​ការ៉េ។

លោក​បន្ត​ថា បញ្ហា​ដែល​អាជ្ញាធរ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ មិន​អាច​ហ៊ាន​អារ​កាត់​ដោះ​ស្រាយ​រឿង​នេះ​បាន ដោយ​សារ​តែ​រដ្ឋាភិបាល គឺ​ជា​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​អូ.ស៊ី.អាយ.​ស៊ី​ ធ្វើ​ការ​សាង​សង់​វាលយន្តហោះ​មួយ​នេះ។

លោក​យល់​ថា រដ្ឋាភិបាល​គួរ​ពន្លឿន​ដំណោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ ដោយ​ផ្ដល់​សំណង​សមរម្យ​ណាមួយ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ដើម្បី​គាត់​យក​ប្រាក់​ទៅ​ទិញ​ដី​នៅ​តំបន់​ផ្សេង​រស់​នៅ ព្រោះ​ពលរដ្ឋ​មិន​ដែល​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ម្ដង​ណា​ឡើយ៖ «ធ្វើ​អ៊ីចឹង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ គាត់​រងគ្រោះ ហើយ​បន្តិច​ទៀត​ទៅ គាត់​រក​ដី​នៅ​អត់​បាន​ទេ។ មិន​ដឹង​ជា​គាត់​ទៅ​នៅ​កន្លែង​ណា។ អា​ហ្នឹង! វា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កាន់​តែ​ឈឺ​ក្បាល ដោយ​សារ​កំណើន​នៃ​ភាព​ក្រី​ក្រ។ ហើយ​បើ​សិន​ជា​មាន​ការ​ព្រងើយ​កន្តើយ​មិន​មាន​ការ​ដោះ​ស្រាយ​ទេ ខ្ញុំ​ឃើញ​ថា បញ្ហា​ហ្នឹង កាន់​តែ​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត សម្រាប់​យុវជន​ជំនាន់​ក្រោយ។ ជាពិសេស​សម្រាប់​កូន​ចៅ​របស់​ថ្នាក់​ដឹកនាំ​ទាំង​អស់ ដែល​ត្រូវ​ក្លាយ​ជា​អ្នក​ដឹកនាំ​ថ្ងៃ​ក្រោយ​ទៀត វា​នឹង​ទទួល​ទម្ងន់​រង​អំពី​អ្នក​ដឹកនាំ​ជំនាន់​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី៩ ខែធ្នូ​កន្លង​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ទស្សនកិច្ច​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​វាលយន្តហោះ​ថ្មី ក្នុង​ខេត្ត​កណ្ដាល ប៉ុន្តែ​លោក​មិន​បាន​លើក​ឡើង​ជា​សាធារណៈ​អំពី​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​របស់​រដ្ឋាភិបាល នៅ​ក្នុង​តំបន់​នោះ​ទេ។

ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួក​គាត់​តែង​តែ​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី ក្រសួង​មហាផ្ទៃ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី និង​មន្ទីរ​រដ្ឋសភា យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ គ្មាន​ស្ថាប័ន​រដ្ឋ​ណា​មួយ ហៅ​តំណាង​ពួក​គាត់​ទៅ​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន​នោះ​ទេ។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ជាមួយ​នឹង​ប្រជាពលរដ្ឋ​សរុប ៣៣០គ្រួសារ នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ​អូស​បន្លាយ​ជាង ៣ឆ្នាំ​មក​ហើយ ដោយ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​ចន្លោះ​ពី ៣ដុល្លារ​ទៅ ៨ដុល្លារ ក្នុង​ដី​ ១ម៉ែត្រ​ការ៉េ។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​លោក ពុង ឃាវសែ ដែល​ជា​អ្នកជំនួញ​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាងសង់​វាលយន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នៅ​ទី​នោះ។ តាម​គម្រោង​ក្រុមហ៊ុន​នឹង​សាងសង់​រួចរាល់​ នៅឆ្នាំ២០២៣។ វាលយន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ១.៥០០លាន​ដុល្លារ លើ​ផ្ទៃដី ២.៦០០ហិកតារ។

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ។ ពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​នៅ​បន្ត​ការ​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ​សមរម្យ ដែល​អាច​ទទួល​យក​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។