សមត្ថកិច្ច​បញ្ជូន​ខ្លួន​អតិថិជន​បុរី​ពិភព​ថ្មី​ម្នាក់​ទៅ​តុលាការ

ដោយ សុ ជីវី
2024.04.09
សមត្ថកិច្ច​បញ្ជូន​ខ្លួន​អតិថិជន​បុរី​ពិភព​ថ្មី​ម្នាក់​ទៅ​តុលាការ លោក អេង ប្រុស អតិថិជន​បុរី​ពិភព​ថ្មី​ម្នាក់​ ដៃ​ជាប់​ខ្នោះ ពេល​នគរបាល​នាំមក​តុលាការ នៅ​ថ្ងៃ​ទី៩ ខែមេសា ឆ្នាំ២០២៤។
រូប៖ ពីពលរដ្ឋ

អតិថិជន​បុរី​ពិភពថ្មី​អះអាង​ថា​សមត្ថកិច្ច បាន​បញ្ជូន​អតិថិជន​បុរី​ពិភព​ថ្មី​ម្នាក់​គឺ លោក អេង ប្រុស ដែល​តែងតែ​ចេញ​មុខ​តវ៉ា​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ដោយ​មិនទាន់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​បញ្ចប់​វិវាទ​មួយ​នេះ ដើម្បី​កុំ​ឲ្យ​បញ្ហា​កើត​ឡើង​កាន់​តែ​ធំ។

អតិថិជន​បុរី​ពិភព​ថ្មី​ខណ្ឌ​ដង្កោ លោកស្រី ជាង បញ្ញា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៩ ខែមេសា ថា​សមត្ថកិច្ច​បាន​បញ្ជូន​លោក អេង ប្រុស ទៅ​តុលាការ និង​យក​មក​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃ​ទី៩ ខែ​មេសា។ លោកស្រី​មិន​ទាន់​ដឹង​ថា តើ​តុលាការ​ចោទ​ប្រកាន់​លោក អេង ប្រុស ពី​បទ​អ្វី​នៅ​ឡើយ ប៉ុន្តែ​លោក​ស្រី​ថា លោក អេង ប្រុស មិន​មាន​កំហុស​អ្វី​នោះ​ទេ គ្រាន់​តែ​លោក​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​និង​បាន​ព្យាយាម​មិន​ឲ្យ​សន្តិសុខ​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ជា​អតិថិជន​តែ​ប៉ុណ្ណោះ។

លោកស្រី ជាង បញ្ញា៖ «យើង​អត់​ទាន់​ដឹង​ថា គេ​បញ្ជូន​គាត់​ទៅ​តុលាការ ដើម្បី​គេ​សួរ ឬ​យ៉ាង​ម៉េច យើង​អត់​ទាន់​ដឹង​ច្បាស់ នៅ​ពេល​ដែល​ខ្ញុំ​ជួប​គាត់​ព្រឹក​មិញ គេ​មិន​ទាន់​ហៅ​គាត់​ទៅ​សួរនាំ​នោះ​ទេ។ អំពាវនាវ​សុំ​ឲ្យ​ដោះលែង​គាត់​មក​វិញ ព្រោះ​គាត់​អត់​មាន​ទោស​អត់​មាន​កំហុស​អ្វី​ទាំង​អស់»

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា និង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បានទេ នៅ​ថ្ងៃ​ទី៩ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ក្រុម​អតិថិជន​បុរី​ពិភព​ថ្មី សាខា​កួរស្រូវ២ ខណ្ឌ​ដង្កោ និង​ខណ្ឌ​កំបូល ប្រមាណ ៧០នាក់​បាន​ជួបជុំ​ដាក់​ពាក្យ​ប្ដឹង​ម្ចាស់​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​អំពី​បទ​មាន​ចេតនា​បើក​ឡាន​បុក​ពលរដ្ឋ ដែល​កំពុង​ឈរ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី សាខា​កួរស្រូវ២។ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​អតិថិជន​បុរី​ពិភព​ថ្មី​ចំនួន ៥នាក់។ ភ្លាមៗ នោះ ក្រុម​អតិថិជន​បុរី​ពិភព​ថ្មី​នាំ​គ្នា​សម្រុក​ទៅ​ផ្ទះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ទាំង​កណ្ដាល​យប់​ដោយ​អ្នក​ខ្លះ​ស្រែក​ទ្រហោយំ​សុំ​អង្វរ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​កិច្ច​អន្តរាគមន៍​ដោះលែង​សមាជិក​របស់​ពួកគេ​មកវិញ ប៉ុន្តែ​សមត្ថកិច្ច​បាន​ដោះលែង​ពលរដ្ឋ​ចំនួន ៤នាក់​ប៉ុណ្ណោះ ចំណែក លោក អេង ប្រុស បន្ត​ឃាត់​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តែ​ម្នាក់​ឯង។

ទាក់ទិន​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ(LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​ព្រួយបារម្ភ​ខ្លាច​បញ្ហា​នេះ បន្ត​អូស​បន្លាយ​និង​មាន​ការ​ចាប់​ពលរដ្ឋ​ខ្លួន​បន្ត​ទៀត។ លោក​ថា ក្រសួង ពាក់ព័ន្ធ​ គួរ​ធ្វើការ​សម្រួល​សម្រួល​រវាង​ភាគី​អតិថិជន និង​ភាគី​ក្រុមហ៊ុន ស្វែង​រក​ដំណោះស្រាយ​រួម​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា មិន​គួរ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​ប្ដឹងផ្ដល់​និង​ប្រើប្រាស់​ហិង្សា​ទៅ​លើ​គ្នា​បែប​នេះ​នោះ​ទេ។

លោក អំ សំអាត៖ «យើង​ជា​អង្គការ​សង្គម​ស៊ី​វិល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស យើង​ចង់​ឃើញ​ការ​ដោះស្រាយ​មួយ​ប្រកប​ដោយ​តម្លាភាព ដោយ​សន្តិវិធី ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា ដើម្បី​បញ្ចៀស​បញ្ហា​ដែល​កើត​ឡើង​ទាំង​អំពើ​ហិង្សា ទាំង​ការ​ចាប់ខ្លួន ទាំង​ការ​ប្ដឹងផ្ដល់»

កន្លង​ទៅ​ក្រុម​អតិថិជន​រង​គ្រោះ​ពី​ការ​បង់​រំលស់​ផ្ទះ​ពី​អ្នកឧកញ៉ា ហុង ពីវ ជាង ២០០នាក់ តែងតែ​ដាក់​ញត្តិ​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួកគាត់ ដែល​ធ្វើ​ឱ្យ​អតិថិជន​មួយ​ចំនួន​ធ្លាក់​ខ្លួន​ក្រីក្រ បាត់បង់​ផ្ទះសម្បែង និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក។ អ្នកឧកញ៉ា ហុង ពីវ ក្រៅ​ពី​ជា​ម្ចាស់​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ហើយ​នោះ លោក​ក៏​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​សមាគម​ឧកញ៉ា​កម្ពុជា ដែល​ត្រូវ​បាន លោក ហ៊ុន សែន តែងតាំង​កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ២០២៣។ ជាង​នេះ​ទៀត​អ្នក​ឧកញ៉ា​រូប​នេះ តែងតែ​បរិច្ចាគ​លុយ​រាប់​សែន​ដុល្លារ​ដល់​កាកបាទ​ក្រហម​កម្ពុជា​ដែល​មាន​ប្រពន្ធ​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ជា​ប្រធាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។