អាជ្ញាធររារាំងពលរដ្ឋប្រមូលស្នាមមេដៃសុំឲ្យទប់ស្កាត់ការឈូសដីព្រៃរបស់រដ្ឋនៅពោធិ៍សាត់
2014.12.24

សកម្មភាពដើរប្រមូលស្នាមមេដៃរបស់អ្នកភូមិក្សេត្របូរី នៃឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តឲ្យទប់ស្កាត់ការឈូសឆាយដីព្រៃរបស់រដ្ឋ និងវាស់វែងដីធ្លីជូនអ្នកភូមិ ត្រូវបានរារាំងពីអាជ្ញាធរ។
តំណាងពលរដ្ឋអះអាងថា ប្រធានភូមិចោទអ្នកដើរផ្ដិតមេដៃ ថាជាមេខ្លោងបំផុលពលរដ្ឋរឿងដីធ្លី និងឲ្យប៉ូលិសដកយកឯកសារទម្រង់ផ្ដិតមេដៃនោះ។
តំណាងពលរដ្ឋពីរនាក់ ម្នាក់ឈ្មោះ សុង ណាត់ ត្រូវប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្ទ្រែ ដកយកក្រដាសផ្ដិតមេដៃ និងម្នាក់ទៀតឈ្មោះ ប៉េង ឡូញ ត្រូវប្រធានភូមិហៅទៅសួរនាំ ទាក់ទងនឹងសកម្មភាពការពារដីព្រៃ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។ ក្រុមពលរដ្ឋបញ្ជាក់ថា សកម្មភាពប្រមូលស្នាមមេដៃត្រូវផ្អាក ពេលមេភូមិឈ្មោះ វ៉ាន់ គឹមហេង រារាំង ប៉ុន្តែនឹងបន្តផ្ដិតទៀតនៅថ្ងៃទី២៥ ខែធ្នូ។
តំណាងពលរដ្ឋម្នាក់នៅភូមិក្សេត្របូរី លោក សុង ណាត់ មានប្រសាសន៍ថា ក្រុមពលរដ្ឋមានបំណងប្រមូលស្នាមមេដៃឲ្យបានច្រើន ដើម្បីប្រឆាំងសកម្មភាពបំផ្លាញព្រៃឈើក្បែរភូមិ និងការចេញប្លង់កម្មសិទ្ធិដីធ្លីមិនប្រក្រតីរបស់មន្ត្រីសុរិយោដី។ លោកថា ខ្លឹមសារញត្តិភ្ជាប់ស្នាមមេដៃនោះ គឺប្ដឹងប្រធានការិយាល័យសុរិយោដី និងភូមិបាលស្រុកភ្នំក្រវាញ ដែលចេញប្លង់ប៉ះពាល់ដីព្រៃរបស់រដ្ឋ៖ «អ្នកភូមិចង់ឲ្យទប់ស្កាត់អ្នកមានលុយ និងមានអំណាចឈូសឆាយដីព្រៃ។ ហើយដល់ពេលអ៊ីចឹងទៅ គាត់ (ប៉ូលិស) សុំយកក្រដាសហ្នឹងយកទៅបាត់ទៅ»។
សកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋនៅចំណុចចន្លោះសន្ទ្រែ និងចម្ការភ្នំ ឋិតក្នុងភូមិក្សេត្របូរី បានកើតមានទាំងយប់ទាំងថ្ងៃជាច្រើនខែមកហើយ ប៉ុន្តែគ្មានអាជ្ញាធរមានសមត្ថកិច្ចណាទប់ស្កាត់ឡើយ ដោយទីតាំងឈូសឆាយនោះសុទ្ធតែមានប្លង់កម្មសិទ្ធិឯកជន។ បញ្ហានេះ ពលរដ្ឋសង្ស័យថា ប្រធានសុរិយោដី និងភូមិបាលស្រុកភ្នំក្រវាញ លោក ព្រាប សុផាត ឃុបឃិតជាមួយឈ្មួញ និងចេញប្លង់មិនត្រឹមត្រូវ។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ លោក ព្រាប សុផាត ថ្លែងទទួលស្គាល់ថា បច្ចុប្បន្នពិតជាមានសកម្មភាពឈូសឆាយនៅតំបន់នោះមែន ប៉ុន្តែការវាស់វែង និងចេញប្លង់កម្មសិទ្ធិឯកជននៅតំបន់នោះ មានការឯកភាពពីគណៈកម្មការចុះវាស់វែង មន្ត្រីសុរិយោដី និងជំនាញពាក់ព័ន្ធជាច្រើនទៀត។ លោកថា ទីតាំងឈូសឆាយនោះ គឺជាប្រភេទដីព្រៃរេចរឹល ចំណែកដីស្រែចម្ការរបស់ពលរដ្ឋភូមិក្សេត្របូរី នៃឃុំសន្ទ្រែ ដែលធ្លាប់កាន់កាប់ និងអាស្រ័យផលនោះ ជំនាញបានវាស់វែង និងចេញប្លង់កម្មសិទ្ធិជូនជាង ៣ពាន់ក្បាលដី ហើយលោកគិតថាគ្មានពលរដ្ឋណាម្នាក់មិនបានវាស់វែងនោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានក្រុមចម្ការភ្នំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្ទ្រែ បំភ្លឺតបចំពោះការលើកឡើងរបស់តំណាងប្រជាពលរដ្ឋនេះបានទេរហូតមកដល់ល្ងាចថ្ងៃទី២៤ ខែធ្នូ។
ចំណែកឯមន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា យល់ថា ការរឹតត្បិតរបស់អាជ្ញាធរមូលដ្ឋាន គឺជាការរំលោភសិទ្ធិក្នុងការទទួលបានដំណោះស្រាយពីអាជ្ញាធរ៕