អាជ្ញាធរខេត្តពោធិ៍សាត់ឈូសឆាយផ្ទះប្រជាពលរដ្ឋដែលមានជម្លោះជាមួយឧកញ៉ាទ្រីភាព
2014.11.23
អាជ្ញាធរមិនទាន់ដោះលែង ស្ត្រីវ័យ៤០ឆ្នាំម្នាក់ ដែលត្រូវចាប់ខ្លួន ដោយសារតែចេញមុខការពារផ្ទះសម្បែង និងផលដំណាំរបស់ខ្លួន នៅអំឡុងពេលកម្លាំងសមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ ចុះរុះរើផ្ទះ និងខ្ទមរបស់ប្រជាពលរដ្ឋចំនួន១១ខ្នង នៅចំណុចអូរដើមគរ និងផ្លូវកណ្ដាល នៃភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង កាលពីថ្ងៃទី២២ ខែវិច្ឆិកា នៅឡើយ។ ចំណែកពលរដ្ឋជាច្រើននាក់ទៀត កំពុងរស់នៅដោយគ្មានជម្រក និងខ្លះសុំផ្ទះបងប្អូនរស់នៅបណ្ដោះអាសន្ន ដើម្បីរង់ចាំឲ្យមន្ត្រីរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយជូនពួកគាត់។
ក្រុមពលរដ្ឋអះអាងថា សកម្មភាពចុះឈូសឆាយកម្ទេចផ្ទះសម្បែង និងខ្ទមរបស់ពលរដ្ឋដោយកម្លាំងសមត្ថកិច្ចចម្រុះរបស់អាជ្ញាធរ ធ្វើឡើងក្នុងរូបភាពព្រៃផ្សៃ និងផ្ដាច់ការ។ ក្រុមសមត្ថកិច្ចបានគំរាមចាប់ចងពលរដ្ឋ ប្រសិនបើមាននរណាម្នាក់ហ៊ានចេញមុខការពារដីរបស់ខ្លួនធ្លាប់រស់នៅ និងទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានតាំងពីឆ្នាំ២០០០ មកនោះ។ ពូកគេបន្ថែមថា ក្រោយក្រុមហ៊ុន អឹម ឌី អេស (MDS) ចូលមកអភិវឌ្ឍន៍នៅឆ្នាំ២០១០ ស្រាប់តែអាជ្ញាធរ និងមន្ត្រីបរិស្ថានរកលេសថា ពលរដ្ឋរស់នៅលើដីព្រៃរដ្ឋ ឬដែនអភិរក្សរបស់បរិស្ថាន ដោយអាជ្ញាធរមានចេតនាយកដីនោះទៅប្រគល់ឲ្យក្រុមហ៊ុន។
ប្រជាពលរដ្ឋម្នាក់ដែលប្រពន្ធត្រូវសមត្ថកិច្ចចាប់ខ្លួន ទៅឃុំនៅប៉ុស្តិ៍ការពារព្រំដែនខ្មែរ-ថៃលេខ៨២៥ គឺលោក ឃួន ផល្គុន មានប្រសាសន៍នៅថ្ងៃទី២៣ ខែវិច្ឆិកា ថារហូតមកដល់ពេលនេះប្រពន្ធរបស់លោកឈ្មោះ សុខ ដា អាយុ៤០ឆ្នាំ មិនទាន់បានដោះលែងនៅឡើយ។ លោកថាសមត្ថកិច្ចបានគំរាមបញ្ជូនប្រពន្ធរបស់លោកទៅថ្នាក់លើបន្តទៀត ប្រសិនបើលោកនៅតែមិនព្រមផ្ដិតមេដៃលើកិច្ចសន្យាដែលអាជ្ញាធរតម្រូវឲ្យធ្វើនោះ៖ «គេឲ្យទៅកន្លែងមេឃុំថាឲ្យខ្ញុំហ្នឹងផ្ដិតមេដៃ ហើយគេសរសេរនៅក្នុងហ្នឹងថាប្រពន្ធជនល្មើសកាប់រុករានដីព្រៃរបស់រដ្ឋ ហើយឲ្យខ្ញុំផ្ដិតមេដៃហើយថាឲ្យខ្ញុំធ្វើម៉េចពន្យល់ប្រពន្ធកុំឲ្យធ្វើល្មើសអីចឹងទៀត ហើយខ្ញុំអត់ព្រមផ្ដិតមេដៃផង ព្រោះប្រពន្ធខ្ញុំធ្វើល្មើសអីផង»។
ចំណែកពលរដ្ឋម្នាក់ទៀតអ្នកស្រី វ៉ាន់ ស្រីមុំ ថ្លែងបញ្ជាក់ថា អាជ្ញាធរបានបញ្ជាឲ្យគ្រឿងចក្រឈូសកម្ទេចផ្ទះទំហំ៤ គុណនឹង៥ ប្រក់ស័ង្កសី បាំងជញ្ជាំងក្ដាររបស់អ្នកស្រី ហើយបានប្រមូលអីវ៉ាន់ទៅដាក់ប៉ុស្តិ៍ការពារព្រំដែនទាំងអស់។ អ្នកស្រីចង់ទៅយកអីវ៉ាន់នោះវិញ ប៉ុន្តែអាជ្ញាធរតម្រូវឲ្យផ្ដិតមេដៃលើកិច្ចសន្យាមិនឲ្យចូលទៅរស់នៅ ឬដាំដុះលើដីដែលបានឈូសឆាយនោះវិញ ប៉ុន្តែអ្នកស្រីមិនព្រមឡើយ ពីព្រោះដីនោះបានកាន់កាប់ និងដាំដំណាំជាច្រើនឆ្នាំមកហើយ៖ «ដីហ្នឹងដីរបស់ខ្ញុំពិតប្រាកដហ្មងមានតាំងពីបង្កាន់ដៃ មានភូមិឃុំទទួលស្គាល់។ លិខិតកាន់កាប់ភូមិឃុំ និងសុរិយោដីនៅស្រុកហ្នឹងតែម្ដងវាធ្វើឲ្យខ្ញុំមួយសន្លឹកសុទ្ធតែ២០០ដុល្លារសងបំណុលគេមិនទាន់រួចផងអ្នកក្រក្រីនោះ។ ហើយវាចោទខ្ញុំចោទខ្ញុំសុទ្ធថា ពួកអានាធិបតេយ្យអីចឹងមានតែពួកគាត់អានាធិបតេយ្យធ្វើប្លង់សុទ្ធតែ២០០ដុល្លារ។ ឥឡូវហ្នឹងអត់មានទៅណាទេកំពុងសុំផ្ទះបងប្អូនក្បែរស្នាក់ហើយចាំមើលគេដោះស្រាយយ៉ាងម៉េចសូមលោកពូជួយចាក់ផ្សាយឮដល់រដ្ឋាភិបាលដោះស្រាយឲ្យខ្ញុំផង»។
ឆ្លើយតបបញ្ហានេះអភិបាលរង និងជាមន្ត្រីនាំពាក្យសាលាខេត្តពោធិ៍សាត់លោក កើត ឆែ ថ្លែងថា ស្ត្រីម្នាក់ដែលត្រូវចាប់ខ្លួនពីបទជេរប្រមាថមន្ត្រីរាជការ និងកាប់រានដីព្រៃរបស់រដ្ឋនោះ នឹងត្រូវបញ្ជូនមកតុលាការ ហើយគ្រួសារគាត់អាចរកមេធាវីតតាំងតាមផ្លូវច្បាប់ ប៉ុន្តែក្នុងនាមអាជ្ញាធរបានព្យាយាមសម្របសម្រួលឲ្យគ្រួសារគាត់ផ្ដិតមេដៃលើកិច្ចបញ្ចប់បញ្ហាដែរ តែគាត់មិនធ្វើតាម៖ «ខ្ញុំបានព្យាយាមជាមួយព្រះរាជអាជ្ញា ដើម្បីឲ្យគ្រួសាររបស់គាត់មានអ្នកធានាមួយ ហើយត្រូវធ្វើកិច្ចសន្យាបញ្ឈប់ការជេរមន្ត្រីរាជការ និងបញ្ឈប់ការរានដីរដ្ឋ ដើម្បីយើងបើកផ្លូវតាមផ្លូវតុលាការ ប៉ុន្តែថាគាត់អត់ព្រមយើងអត់មានវិធានការអីក្រៅពីធ្វើការតាមផ្លូវច្បាប់»។
ចំពោះរឿងដីធ្លីវិញលោក កើត ឆែ ថ្លែងបញ្ជាក់ថា ប្រសិនបើពលរដ្ឋមានលិខិតកាន់កាប់ដីនៅតំបន់នោះដូចការអះអាងមែន ម្ល៉េះសមក្បាលដីរបស់ពួកគាត់ត្រូវគេវាស់វែងជូនតាមបទបញ្ជាលេខ០១ របស់រដ្ឋាភិបាលរួចអស់ហើយ ប៉ុន្តែពួកគាត់បានទៅកាប់រានដីព្រៃក្រោយបញ្ជា០១។ លោកថា បើគ្រួសារណាពុំមានដីពិតប្រាកដ ឬមានលិខិតស្នាមហើយមិនត្រូវបានគេវាស់វែងជូននោះ អាជ្ញាធររង់ចាំដោះស្រាយជាមួយពួកគាត់។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់លោក អេង ឈុនហាន ដែលបានចុះពិនិត្យមើលដល់ទីតាំងរុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនោះផ្ទាល់ យល់ថា ការចាប់ខ្លួនខ្លួនស្ត្រីម្នាក់ទៅឃុំខ្លួនក្នុងសកម្មភាពការពារទ្រព្យសម្បត្តិរបស់ខ្លួននេះ គឺមិនសមហេតុផលឡើយ ហើយអង្គការលីកាដូនឹងផ្ដល់មេធាវីជូនគាត់ប្រសិនបើសំណុំរឿងដល់តុលាការ។
យ៉ាងណាក្រុមពលរដ្ឋបដិសេធមិនទទួលយកការដោះដូរ ឬយកដីសម្បទានសង្គមកិច្ចឡើយ ដោយអះអាងថា ពួកគាត់មានដីស្រាប់ មិនចាំបាច់អ្វីរដ្ឋាភិបាលត្រូវផ្ដល់ដីសម្បទានសង្គមកិច្ចនៅកន្លែងផ្សេងនោះទេ។ ម្ចាស់ផ្ទះនិងខ្ទមទាំង១១ខ្នង ដែលបានឈូសកម្ទេចនោះមាន៦គ្រួសារ ធ្លាប់បានដាក់ពាក្យបណ្ដឹងផ្លូវការជាមួយពលរដ្ឋក្នុងភូមិសង្គមថ្មី នៃឃុំថ្មដាចំនួន២៦គ្រួសារផ្សេងទៀត ប្រឆាំងនឹងក្រុមហ៊ុន អឹម ឌី អេស របស់លោកឧកញ៉ា ទ្រី ភាព ដែលឈូសឆាយប៉ះពាល់លើដីពួកគាត់ ទៅអាជ្ញាធរស្រុក និងខេត្តឲ្យជួយដោះស្រាយជិត៥ឆ្នាំមកហើយ ប៉ុន្តែគ្មានដំណោះស្រាយអ្វីឡើយ៕