តុលាការ​សម្រេច​​ឃុំ​ខ្លួន​អភិបាល​រង​ខេត្ត​បាត់ដំបង​ម្នាក់ និង​ឧកញ៉ា សង ថន ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ

ដោយ វ៉ែន សុមេធ
2020.07.07
ស៊ូ អារ៉ាហ្វាត់ លោក ស៊ូ អារ៉ាហ្វាត់ អភិបាល​រង​ខេត្ត​បាត់ដំបង
រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​​បញ្ជូន​ អភិបាល​រង​ខេត្ត​បាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ និង​ឧកញ៉ា សង ថន ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​នៅ​រសៀល​​ថ្ងៃ​ទី៧ កក្កដា។ តុលាការ​ បាន​ចោទ​ប្រកាន់​អ្នក​ទាំង ២ចំនួន ៣បទ​ល្មើស​​ក្នុង​​រឿង​ទំនាស់​ដីធ្លី​ជា​មួយ​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​នៅ​ស្រុក​គាស់ក្រឡ។ មន្ត្រី​សិទ្ធិមនុស្ស​ យល់​ថា ​ចំណាត់​​​របស់​តុលាការ​​នេះ​ នឹង​ធ្វើ​ឱ្យ​តំណាង​ពលរដ្ឋ​ចំនួន ៧នាក់ ក្នុង​វិវាទ​ដី​នេះ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​​​នៅ​ពេល​ខាង​មុខ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ចាត់​ទុក​ចំណាត់​ការ​របស់​តុលាការ​នេះ​ថា ជា​ក្ដី​សង្ឃឹម​ថ្មី​មួយ​របស់​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​គាស់​ក្រឡ ធ្វើ​ឱ្យ​ពួកគាត់​បាន​ដី​ដាំដុះ​ដោយ​មិន​មាន​ការ​ភ័យ​ព្រួយ​ដូច​ពេល​មុន​ទៀត។ លោក​បន្ត​ថា ការ​សម្រេច​របស់​តុលាការ​នេះ​ បញ្ជាក់​ថា ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ​ជាង ៣០០​គ្រួសារ​នោះ ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ទេ ដូច្នេះ​តុលាការ​នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​តំណាង​ពលរដ្ឋ​ចំនួន ៧នាក់ ក្នុង​ពេល​ឆាប់ៗ ខាង​មុខ។ លោក​ឲ្យ​ដឹង​ទៀត​ថា កន្លង​ទៅ​​សាលា​ដំបូង​​ខេត្ត​បាត់ដំបង​បាន​ផ្ដន្ទាទោស​តំណាង​ពលរដ្ឋ​ទាំង ៧នាក់​ដាក់​គុក ១ឆ្នាំ និង​ឱ្យ​រួម​គ្នា​ផ្ដល់​ប្រាក់ ៥ពាន់​ដុល្លារ​អាមេរិក (៥.០០០) ដល់​ឧកញ៉ា សង ថន ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ៖ «ចំណាត់​ការ​នេះ​ចេញ​ពី​ថ្នាក់​ជាតិ​មក​វិញ​អីចឹង​យើង​ឃើញ​ថា​​ថ្នាក់​ក្រោម​ជាតិ​​ដូច​ជា​អត់​ហ៊ាន​ចាត់​វិធាន​ការ​អី​ទេ​រង់ចាំ​​ចំណាត់​ការ​បី​ខាង​លើក​មក​លុះត្រា​ពី​ខាង​លើ​បញ្ជា​មក​។អីចឹង​យើង​ឃើញ​ថា​ការ​ដោះស្រាយ​​​របៀប​នេះ​វា​មិន​បាន​ល្អ​ទេ យើង​ចង់​​ឱ្យ​មាន​ដំណោះ​ស្រាយ​បែប​ភ្លៀងរលឹម​យើង​មិន​ចង់​ឱ្យ​មាន​ដំណោះ​ស្រាយ​បែប​ភ្លើង​ចំបើង​​ឆេះ​តែ​មួយ​ឆាវ​ហើយ​បាត់​ទៅ​វិញ​អីចឹង​​យើង​ចង់​ឱ្យ​ចំណាត់​ការ​នេះ​វា​មាន​ជា​និរន្ត​​តែ​ម្ដង​ដោយ​មិន​បាច់​ចាំ​មាន​​បញ្ជា​ពី​ថ្នាក់​លើ​មក​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ក្រោយ​ពី​ការ​ចាប់​ខ្លួន​អភិបាល​រង​ខេត្ត​បាត់ដំបង​ម្នាក់​ និង​ឧកញ៉ា​ម្នាក់​មក​អាជ្ញាធរ​ខេត្ត​នេះ​បាន​បណ្ដាក់​គ្នា​ចុះ​ទៅ​សម្របសម្រួល​ជា​មួយ​ពលរដ្ឋ​ដល់​ទីកន្លែង​ជា​បន្តបន្ទាប់​។​​​​​​​​​​​​​​​​

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណ: បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​​​ថា អភិបាល​រង​ខេត្ត​បាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់​និង​ ឧកញ៉ា សង ថន ត្រូវ​បាន​​បញ្ជូន​​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ហើយ​​នៅ​រសៀល​ថ្ងៃ​​ទី៧ កក្កដា។​ តុលាការ ​បាន​ចោទ​លោក ស៊ូ អារ៉ា​ហ្វាត់​​ចំនួន​៣​បទ​ល្មើស​ គឺ​​ពី​បទ​បំផ្លាញ​ដោយ​ចេតនា ពី​បទ​គេង​បំបាត់​ដោយ​ទុច្ចរិត និង​ពី​បទ​ស៊ីសំណូក។ ចំណែក​ឧកញ៉ា សង ថន ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ដោយ​ចេតនា បទ​គេង​បំបាត់​ដោយ​ទុច្ចរិត។ ការ​ចោទ​ប្រកាន់​នេះ​ បន្ទាប់​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ​ឱម យ៉ិន ទៀង បាន​បញ្ជូន​អ្នក​ទាំង២ ទៅ​​តុលាការ​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ជា​មួយ​​ពលរដ្ឋ​នៅ​​ស្រុក​គាស់ក្រឡ​កាល​ពី​ថ្ងៃ​ទី៦ កក្កដា។ ចំណាក់​ការ​របស់​តុលាការ​នេះ​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣ ខែកក្កដា បានសម្រេច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​​កាត់​ឆ្វៀល​ដី​ និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​​ដល់​ពលរដ្ឋ​ដែល​កំពុង​កាន់កាប់​យូរ​មក​ហើយ លើ​ដី​របស់​ពួកគេ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ និង​គម្រប​ព្រៃឈើ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ។

អាស៊ី​សេរី​​បាន​ព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក អ៊ី រិន្ទ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​​​ជុំ​វិញ​បញ្ហា​នេះ​​​ទៀត​នៅ​ថ្ងៃ​ទី​៧​កក្កដា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​នៅ​ស្រុក​គាស់ក្រឡ​ លោក ម៉ម កាត់​ ថ្លែង​ថា ​​ពួក​លោក​ជា​ជនរងគ្រោះ​ក្នុង​រឿង​វិវាទ​ដី​នេះ​​​ធ្វើ​ឱ្យ​ជីវភាព​ចេះ​តែ​ក្រីក្រ​ ដោយសារ​​មិន​បាន​ដាំដុះ​នៅ​លើ​ដី​ទំនាស់​ឱ្យ​បាន​ពេញលេញ។ លោក​បន្ត​ថា ឧកញ៉ា សង ថន តែងតែ​រារាំង​ដល់​ការ​បង្កបង្កើន​ផល​របស់​ពួកគាត់​ជា​បន្តបន្ទាប់«ហើយ​ពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ​នេះ​សូម្បី​តែ​ជាន់​ដី​ឧកញ៉ា សង ថន​អត់​បាន​ផង​។ខ្ញុំ​ធ្លាប់​មាន​ប្រវត្តិ​​​ខ្ញុំ​មក​បេះ​ផ្លែ​កន្ទួតព្រៃ​ជូន​កាល​ក្រុម​របស់​ពួកគាត់​ហ្នឹង​មក​យក​ផ្លែ​កន្ទួតព្រៃ​ដែល​ប្រជាពលរដ្ឋ​បេះ​បាន​បន្តិចបន្តួច​ហ្នឹង​គាត់​មក​គំរាមកំហែង​​​ទៅ​ដក​ហូត​យក​អស់​ហើយ​គោក្របី​អី​​ចូល​ទៅ​កន្លែង​គាត់​អីចឹង​គាត់​ថា​គោ​របស់​គាត់​ក៏​មាន​ដែរ យំ​ស្រែក​ពេញ​ហ្នឹង​ឯង ហើយ​ដើរ​លើ​ផ្លូវ​ដែល​គាត់​កាយ​ធ្វើ​ក្រវាត់​ដី​ហ្នឹង​ជូន​កាល​គាត់​អត់​ឱ្យ​ដើរ​ទេ​។​គេ​អបអរសាទរ​ដោយសារ​បាន​រក​ឃើញ​ចំណុច​​កន្លែង​ហ្នឹង​ដែល​ត្រូវ​គន្លឹះ​ត្រូវ​ធ្វើ​​គ្រប់​បែប​យ៉ាង​នៅ​កន្លែង​ហ្នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អបអរសាទរ​មួយ​ប្រទេស»

លោក​បន្ត​ថា ​ឧកញ៉ា​រូប​នេះ​ កាន់កាប់​ដី​នៅ​ស្រុក​គាស់ក្រឡ​ជិត ១ម៉ឺន (១០.០០០) ហិកតារ ឬ​ប្រមាណ ១ ភាគ ៤ នៃ​ផ្ទៃ​​ដី​សរុប​នៅ​ក្នុង​ស្រុក​មួយ​​នេះ​ ក្នុង​នោះ​ផ្ទៃ​ដី​ប្រមាណ ១ពាន់​ហិកតារ​មាន​ទំនាស់​ជាមួយ​ពលរដ្ឋ​នៅ ភូមិ​តា​នួត​ឃុំ​ព្រះផុស និង​ភូមិ​សំរោង ឃុំ​ឆ្នាល់មាន់ ​ស្រុក​គាស់ក្រឡ​ ជាង ៣០០គ្រួសារ​ជា​មួយ​លោក​ ឧកញ៉ា សង ថន ផ្ទុះ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ២០១៥ រហូត​មក។ អ្នក​ភូមិ​ចោទ​ប្រកាន់​ឧកញ៉ា​រូប​នេះ​ថា​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ប្ដឹង​ពលរដ្ឋ​ម្ចាស់​ដី​​ទៅ​តុលាការ​ដើម្បី​រំលោភ​យក​ដី​​ទាំង​នោះ​​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។