អ្នកភូមិ​តា​ឡុង​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC ស្នើ​អាជ្ញាធរ​ឱ្យ​ដោះលែង​ពលរដ្ឋ ៤នាក់

ដោយ មួង ណារ៉េត
2021-08-05
Share
អ្នកភូមិ​តា​ឡុង​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC ស្នើ​អាជ្ញាធរ​ឱ្យ​ដោះលែង​ពលរដ្ឋ ៤នាក់ ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី នៅ​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹងខ្យាង ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ២០២១ នាំ​គ្នា​បិទ​ផ្លូវ​តវ៉ា​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) សង់​វាល​យន្តហោះ​ថ្មី ប៉ះពាល់​ដី​ពួក​គាត់។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី (OCIC)  នៅ​ស្រុក​កណ្ដាល​ស្ទឹង អះអាង​ថា អាជ្ញាធរ​ចាប់​បង្ខំ​មនុស្ស ៤នាក់ ឲ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤ថ្ងៃ ដោយ​មិន​បាន​បង្ហាញ​លទ្ធផល​សំណាក​រក​វីរុស​កូវីដ​ឲ្យ​ឃើញ​ជា​មុន​នោះ​ទេ។ ក្រុម​គ្រួសារ​ស្នើ​សុំ​អាជ្ញាធរ​ដោះលែង​ពួក​គាត់​ឲ្យ​មក​ជួប​ជុំ​គ្រួសារ​វិញ បើ​ក្រុម​គ្រូពេទ្យ​រក​មិន​ឃើញ​មាន​ផ្ទុក​វីរុស​កូវីដ១៩។

អ្នក​ភូមិ​កំពុង​តា​ឡុង ឲ្យ​ដឹង​ថា សមត្ថកិច្ច​ឃុំ​បឹងខ្យាង​ បង្ខំ​ឲ្យ​លោក ម៉ាក ម៉ៅ លោក ប៉ាង សំបូរ លោក សួង និង​កញ្ញា ឆន ចាន់​ថុល ចូល​ក្នុង​រថយន្ត​មន្ទីរ​ពេទ្យ ដើម្បី​នាំ​ខ្លួន​ទៅ​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ នៅ​វិទ្យាល័យ​កំពង់​កន្ទួត ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដោយ​សំអាង​ថា អ្នក​ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​ជំងឺ​កូវីដ១៩។ រឿង​នេះ កើត​ឡើង​ក្រោយ​ពេល​ដែល​ពួកគាត់​វិល​ត្រឡប់​មក​ពី​ដាក់​ញត្តិ​សុំ​ដំណោះស្រាយ​ដីធ្លី​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ កាល​ពី​ថ្ងៃ​ទី២ សីហា។

ភរិយា​លោក ម៉ាក ម៉ៅ គឺ​លោកស្រី ហ៊ុំ សុខែម ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី៥ សីហា​ថា ការ​ចាប់​ខ្លួន​ស្វាមី​លោក​ស្រី និង​អ្នក​ភូមិ ៣នាក់​ទៀត យក​ទៅ​ធ្វើ​ចត្តាឡីស័ក​នេះ គឺ​អាជ្ញាធរ​ចង់​គំរាម​ដល់​ពលរដ្ឋ​កុំ​ឱ្យ​ប្រមូល​ផ្ដុំ​គ្នា​ចេញ​តវ៉ា​នៅ​ទីតាំង​ដី​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី  (OCIC)  ត​ទៅ​ទៀត ព្រោះ​ការ​ដោះស្រាយ​កន្លង​មក មិន​ត្រូវ​រ៉ូវ​គ្នា​លើ​តម្លៃ​ដី​ពី ៣ដុល្លារ​ទៅ ៨ដុល្លារ ក្នុង ១ម៉ែត្រ​ការ៉េ។

ស្ត្រី​វ័យ ៤៥ឆ្នាំ ដែល​បាត់​បង់​ដី​ជាង ៨០អា​ក្នុង​ជម្លោះ​នេះ ស្នើ​សុំ​អាជ្ញាធរ​ដោះ​លែង​អ្នក​ទាំង៤ ឲ្យ​វិល​មក​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ ប្រសិន​បើ​គ្រូពេទ្យ​រក​មិន​ឃើញ​ថា ពួក​គាត់​មាន​ផ្ទុក​វីរុស​កូវីដ១៩៖ «ប្ដី​អត់​ដែល​ចេញ​តវ៉ា​អី​ញឹក​ញាប់​ទេ ហើយ​អ្នក​បី​នាក់​អត់​សូវ​ចេញ​ទៅ​ដែរ។ ទើប​តែ​ទៅ​ម្ដង​ហ្នឹង គេ​ចាប់​គាត់​ហ្មង​ទៅ។ ចាប់​ថា កូវីដ​ហ្មង។ ឥឡូវ​ ចង់​ថា​ឲ្យ​គេ​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ​សិន​ទៅ។ ១៤ថ្ងៃ​ហើយ​ គេ​អត់​ប្រលែង​ប្ដី​ខ្ញុំ​មក​វិញ​ អា​ហ្នឹង​ចាំ​គិត​ត​ទៅ​មុខ​​ទៀត»

តំណាង​ពលរដ្ឋ​ភូមិ​កំពង់​តា​ឡុង លោក ទួន វណ្ណៈ ឲ្យ​ដឹង​ថា ពលរដ្ឋ​ទាំង ៤នាក់​នោះ ចាញ់​បោក​មេ​ខ្យល់ ដែល​ចង់​បាន​កម្រៃ​ពី​ការ​ទិញ​លក់​នៅ​ព្រះលាន​យន្ត​ថ្មី ដោយ​ជន​នោះ​ប្រាប់​ពួក​គាត់​ឲ្យ​ទៅ​ដាក់​ញត្តិ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​បន្ទាយ​ទួល​ក្រសាំង ក្រុង​តាខ្មៅ ស្នើ​សុំ​តម្លៃ​ដី​លក់​ក្នុង​មួយ​ម៉ែត្រ ៦០ដុល្លារ តែ​ពេល​ទៅ​ពួកគាត់​រក​មិន​ឃើញ​ជន​នោះ​ទេ។

លោក​បញ្ជាក់​ថា អ្នក​ភូមិ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​សំណាក​ពលរដ្ឋ​ទាំង ៤នាក់ រក​មេរោគ​កូវីដ​ជា​មុន​សិន​ មុន​នឹង​នាំ​ខ្លួន​ទៅ​ធ្វើ​ទៅ​ចត្តាឡីស័ក ប៉ុន្តែ​អាជ្ញាធរ​មិន​ព្រម៖ «ពួក​ខ្ញុំ​បាន​ប្រាប់​ពួក​គាត់​ថា កុំ​ទៅ​អី​ក្នុង​កាលៈទេសៈ​ហ្នឹង។ គេ​ធ្វើ​ការ​បិទ មិន​ឲ្យ​ចេញ​ចូល​ពី​ភូមិ​ទៅ​ភូមិ​មួយ​ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ អ៊ីចឹង។ គាត់​ក៏​អត់​ស្ដាប់​ពួក​ខ្ញុំ គាត់​ជឿ​តាម​មេខ្យល់​ផ្សេង​ ដែល​គេ​ចង់​បាន​ផល​ប្រយោជន៍​របស់​គេ​នោះ ដោយ​គ្មាន​ដីធ្លី​នៅ​ទី​ហ្នឹង​ទេ។ គាត់​ចង់​បាន​កម្រៃ​ជើង​ផ្សារ​គាត់​មួយ ដើម្បី​ទាក់ទាញ​ពួក​ខ្ញុំ​ឲ្យ​ទៅ​ជាមួយ​គាត់។ តែ​ធាតុ​ពិត គាត់​បាន​ភូត​ពួកខ្ញុំ។ ពួក​ខ្ញុំ​ទៅ​ដល់​ពេល​ថ្ងៃ គាត់​រវល់​នេះ​រវល់​នោះ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ស្រុក​កណ្ដាល​ស្ទឹង លោក អ៊ូច សៅវឿន នៅ​ថ្ងៃ​ទី៥ សីហា​បាន​ទេ ដោយ​លោក​ប្រាប់​ថា ជាប់​រវល់​ប្រជុំ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី លោក​បាន​ប្រាប់​សារ​ព័ត៌មាន​វីអូឌី (VOD) ថា ការ​នាំ​ពលរដ្ឋ ៤នាក់​ទៅ​ធ្វើ​ចត្តាឡីស័ក គឺ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ ដោយ​សារ​តែ​ពួក​គាត់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​ជំងឺ​នេះ នៅ​ពេល​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​ថា​តើ​ពាក់ព័ន្ធ​បែប​ណា​នោះ​ទេ។

ទាក់​ទង​រឿង​នេះ ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក នី សុខា មាន​ប្រសាសន៍​ថា ការ​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល​ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​បម្លែង​ថ្មី​នេះ គឺ​ជា​រឿង​ល្អ ប៉ុន្តែ​អាជ្ញាធរ​គួរ​បង្ហាញ​ភាព​ច្បាស់​លាស់ ក្នុង​ករណី​នេះ ដើម្បី​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា ការ​ឃាត់​ខ្លួន​ពលរដ្ឋ​ទៅ​ធ្វើ​ចត្តាឡីស័ក​នេះ ជា​លេស​គំរាម​បំបាក់​ស្មារតី​ពួក​គាត់ មិន​ឲ្យ​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី៖ «ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់​លាស់​ថា តើ​គាត់​ពិត​មាន​ទំនាក់ទំនង ឬ​ក៏​ទៅ​ប៉ះ​ពាល់​អ្នក​មាន​បញ្ហា​កូវីដ​ ឬ​គាត់​ទៅ​ក្នុង​តំបន់​ដែល​គេ​ហាមឃាត់​យ៉ាង​ណា​នោះ ត្រូវ​ការ​ពន្យល់ ឬ​របាយការណ៍​ឲ្យ​បាន​ច្បាស់​ពី​អ្នក​ជំនាញ​ហ្នឹង។ ហើយ​ត្រូវ​មាន​ការ​ធ្វើ​តេស្ត​ឲ្យ​បាន​ស្រួលបួល បើ​សិន​ជា​យើង​ចង់​ដាក់​គាត់​ឲ្យ​នៅ​ចត្តាឡីស័ក ១៤ថ្ងៃ។ អា​ហ្នឹង​ត្រូវ​តែ​មាន។ អ៊ីចឹង! ដើម្បី​កុំ​ឲ្យ​គេ​មាន​មន្ទិល​សង្ស័យ​ ព្រោះ​រឿង​នេះ វា​ផ្ដើម​ចេញ​ពី​ការ​ទាមទារ​ដាក់​ញត្តិ​រឿង​ដីធ្លី»

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី​ (OCIC) ​របស់​ឧកញ៉ា ពុង ឃាវសែ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​សរុប ៣៣០គ្រួសារ នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល អូស​បន្លាយ​ជាង ៣ឆ្នាំ​មក​ហើយ ដោយ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​ចន្លោះ​ពី ៣ដុល្លារ​ទៅ ៨ដុល្លារ ក្នុង​ដី​១ម៉ែត្រ​ការ៉េ។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់ អូ.ស៊ី.អាយ.ស៊ី  (OCIC)  របស់​លោក ពុង ឃាវសែ ដែល​ជា​អ្នកជំនួញ​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាងសង់​ព្រះលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នៅ​ទី​នោះ។ តាម​គម្រោង ក្រុមហ៊ុន​នឹង​សាងសង់​រួចរាល់​នៅ ឆ្នាំ២០២៣។ ព្រលាន​យន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង ១.៥០០លាន​ដុល្លារ លើ​ផ្ទៃដី​ជិត ២.៦០០ហិកតារ។

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ។ ពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​នឹង​ចេញ​តវ៉ា​ជាថ្មី​ទៀត​រហូត​ដល់​មាន​ដំណោះស្រាយ​សមរម្យ ដែល​អាច​ទទួល​យក​បាន៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល