អ្នក​មាន​បញ្ហា​ដី​នៅ​​បឹងកក់​និង​បុរីកីឡា​ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ជួប​នាយករដ្ឋមន្ត្រី

ដោយ ឡេង ម៉ាលី
2017-02-14
Share
សន្តិសុខ​រារាំង​អ្នក​បឹងកក់ ៨៥៥ ២០១៧ កម្លាំង​សន្តិសុខ​រារាំង​អ្នក​មាន​បញ្ហា​ដី​នៅ​បឹងកក់ និង​បុរីកីឡា មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​ជូន​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

ក្រុម​អ្នក​ភូមិ​បឹងកក់ ប្រើ​ថ្ងៃ​នៃ​ទិវា​ក្ដី​ស្រឡាញ់ ហែ​ញត្តិ​ទាមទារ​របស់​ពួក​គាត់​ទៅ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ។ ប៉ុន្តែ​ការ​ប៉ុនប៉ង​របស់​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ រារាំង។

ក្រុម​អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​នៅ​បឹងកក់ រាជធានី​ភ្នំពេញ ប្រមាណ ២០​នាក់ និង​រ៉ឺម៉ក​ម៉ូតូ​ពីរ​គ្រឿង ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ រារាំង​នៅ​ច្រក​ចេញ​ពី​ភូមិ​ត្រង់​ចំណុច​វិហារ​ឥស្លាម។ ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​សន្តិសុខ​ប្រាប់​ហេតុផល​ថា ការ​មិន​ឲ្យ​ទៅ​នេះ ព្រោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់​រវល់​ជួប​ភ្ញៀវ។ ជំនួស​ការ​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ហែ​ញត្តិ​ទៅ​ជូន​លោក​នាយករដ្ឋមន្ត្រី នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នោះ មន្ត្រី​ខណ្ឌ​ដូនពេញ បាន​អញ្ជើញ​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី គឺ​លោក គង់ ចំរើន មក​ទទួល​ញត្តិ​ដល់​ទី​កន្លែង​អ្នក​ភូមិ​រស់​នៅ​ក្នុង​សហគមន៍​បឹងកក់។

ក្រោយ​ពេល​ទទួល​ញត្តិ​របស់​អ្នក​ភូមិ​ហើយ លោក គង់ ចំរើន មិន​មាន​ប្រសាសន៍​ច្រើន​អំពី​ចំណាត់​ការ​របស់​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​លើ​ញត្តិ​នេះ​យ៉ាង​ណា​ទេ ដោយ​លោក​ប្រាប់ ​ថា លោក​មាន​ការងារ​រវល់​ផ្សេង​ទៀត។ ប៉ុន្តែ​លោក​បញ្ជាក់​ខ្លី​ថា លោក​នឹង​យក​ញត្តិ​របស់​អ្នក​បឹងកក់​នេះ ទៅ​ជូន​លោក​នាយករដ្ឋមន្ត្រី។

តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី បូវ សោភា ប្រគល់​ញត្តិ​ជូន​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៧។ RFA/Leng Maly
តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី បូវ សោភា ប្រគល់​ញត្តិ​ជូន​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៧។ RFA/Leng Maly
RFA/Leng Maly

ទោះ​ជា​យ៉ាង​នេះ​ក្ដី តំណាង​អ្នក​ភូមិ​បឹងកក់ គឺ​លោកស្រី បូវ សោភា ថ្លែង​ថា ការ​ប៉ុនប៉ង​របស់​អ្នក​ភូមិ​ដែល​ចង់​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​នេះ​ជា​លើក​ទី​បី​ហើយ ហើយ​នៅ​តែ​មិន​បាន​ជួប​ដដែល។ លោកស្រី​មិន​សង្ឃឹម​ថា ញត្តិ​របស់​ពួក​អ្នកភូមិ​ពេល​នេះ នឹង​មិន​បាន​ទៅ​ដល់​ដៃ​លោក​នាយករដ្ឋមន្ត្រី​ដដែល«តែ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម គឺ​ប្រព័ន្ធ​ព័ត៌មាន​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គាត់​តែង​តែ​តាមដាន​បញ្ហា​នៅ​ក្នុង​សង្គម​ទាំងអស់។ អ៊ីចឹង​ខ្ញុំ​ជឿជាក់​ថា គាត់​ប្រហែល​ជា​មិន​បិទ​បាំង ឬ​ក៏​មិន​មើល​ឃើញ​ដូច​ទង្វើ​ពី​មុន​មក ដែល​គាត់​មិន​បាន​ចាប់​អារម្មណ៍​ពី​ព័ត៌មាន​ទេ។ ខ្ញុំ​ជឿជាក់​ថា អ្វី​ទៅ​ដល់​គាត់ គឺ​ព័ត៌មាន​នៅ​ថ្ងៃ​នេះ គឺ​សណ្ដាប់ធ្នាប់ ឬ​ក៏​កូន​ចៅ​គាត់​ព្យាយាម​បំបាត់​ព័ត៌មាន​មិន​ឲ្យ​ទៅ​ដល់​ដៃ​គាត់​ប៉ុណ្ណោះ»

ញត្តិ​ដែល​ពួក​លោកស្រី​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ មាន​អម​ដោយ​ដីកា​របស់​សាលា​ដំបូង​មួយ​ចំនួន​ដែល​បាន​ចេញ​កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៦ និង​ខែ​មករា ឆ្នាំ​២០១៧ កោះ​ហៅ​ពួក​អ្នកស្រី​ទៅ​បំភ្លឺ​រឿង​ហេតុ​ហិង្សា ក្នុង​ពេល​តវ៉ា​កាល​ពី​ឆ្នាំ​២០១៣។ ក្នុង​ញត្តិ​នេះ ក៏​មាន​ដីកា​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​មករា ដាក់​លោកស្រី ង៉ែត ឃុន ហៅ យាយ ម៉ាំមី ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ពី​បទ​ហិង្សា​ដោយ​ចេតនា ដែល​ហាម​ឃាត់​មិន​ឲ្យ​ចេញ​ក្រៅ​ដែនដី​កំណត់ ឬ​ផ្លាស់​ប្ដូរ​ទី​លំនៅ។ លោកស្រី បូវ សោភា ហៅ​ការ​សម្រេច​នេះ ជា​ការ​យក​ស​ធ្វើ​ជា​ខ្មៅ«គាត់​ត្រូវ​វាយ​ឲ្យ​បែក​ក្បាល តែ​អ្នក​ដែល​វាយ​គាត់​ប្ដឹង​គាត់ តែ​បែរ​ជា​មាន​ការ​ចោទ​គាត់​ជា​ជន​ដៃ​ដល់​ទៅ​វិញ ហើយ​នេះ​វា​ជា​រឿង​ស​ទៅ​ជា​ខ្មៅ ខ្មៅ​ទៅ​ជា​ស អាក្រក់​ទៅ​ជា​ល្អ។ សម្រាប់​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម​ទៅ​លើ​ប្រព័ន្ធ​តុលាការ ហើយ​និង​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​មិន​មាន​អង្គ​ណា​មួយ​គោរព​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ទាំងអស់​នេះ​ទេ។ ក្នុង​ញត្តិ​នោះ​មួយ​ទៀត គឺ​ពួក​ខ្ញុំ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ដោះលែង​អ្នកស្រី ទេព វន្នី ហើយ​ចំណុច​ទី​បី គឺ​ចង់​ឲ្យ​គាត់​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ ព្រោះ​គាត់​មាន​តួនាទី​សំខាន់​ណាស់ ដែល​បញ្ចប់​រឿង​ដីធ្លី​នៅ​តំបន់​បឹងកក់​បាន ព្រោះ​វា​ជា​អនុក្រឹត្យ​របស់​គាត់ ព្រោះ​គាត់​ជា​អ្នក​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់»

ក្នុង​ពេល​ដែល​អាជ្ញាធរ​រារាំង​អ្នក​បឹងកក់ មិន​ឲ្យ​ហែ​ញត្តិ​ក្ដី​ចេញ​ពី​ភូមិ​នោះ មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ទេ។ ប៉ុន្តែ​មាន​ការ​ប៉ះ​សម្ដី​គ្នា​តឹង​សរសៃ​ក​ពេល​ដែល​អ្នក​ភូមិ​ឮ​ថា មន្ត្រី​អាជ្ញាធរ​ម្នាក់​ជេរ​ពួក​គាត់។ ចុង​ក្រោយ​ពួក​គាត់​លើក​បដា​តវ៉ា​នៅ​ទី​នោះ ហើយ​បំបែក​គ្នា​វិញ ក្រោយ​ពេល​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ទទួល​ញត្តិ​របស់​ពួក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល