ក្រុម​ស្ត្រី​មក​ពី​៣​សហគមន៍​ស្នើ​ក្រសួង​ដែនដី​ជំរុញ​ឲ្យ​សាលា​ក្រុង​ដោះស្រាយ​ជម្លោះ​ដីធ្លី

ដោយ រាជ វិញ្ញូ
2017-02-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​សហគមន៍​ដីធ្លី​បឹងកក់ បុរីកីឡា និង​អេស.អូ.អេស (SOS) មក​តវ៉ា​នៅ​មុខ​សាលារាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Ou Banung
ពលរដ្ឋ​សហគមន៍​ដីធ្លី​បឹងកក់ បុរីកីឡា និង​អេស.អូ.អេស (SOS) មក​តវ៉ា​នៅ​មុខ​សាលារាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Ou Banung
RFA/Ou Banung

ក្រុម​ស្ត្រី​សហគមន៍​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មក​ពី​តំបន់​បុរីកីឡា បឹងកក់ ព្រម​ទាំង​ស្ត្រី​មក​ពី​សហគមន៍​អេស.អូ.អេស (SOS) បាន​លើក​គ្នា​តវ៉ា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្ត​ជំរុញ​បន្ថែម​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពួក​គាត់​ឲ្យ​បាន​ចប់​សព្វគ្រប់។ ការ​លើក​គ្នា​តវ៉ា​ជា​ថ្មី​នេះ ដោយសារ​ក្រុម​ស្ត្រី​រងគ្រោះ​ចោទ​ប្រកាន់​សាលា​រាជធានី​ភ្នំពេញ ថា​កុហក​ពួក​គាត់​មិន​ព្រម​ដោះស្រាយ​ផល​ប៉ះពាល់​តាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​គ្នា។

ការ​តវ៉ា​របស់​ក្រុម​ស្ត្រី​បឹងកក់ និង​បុរីកីឡា ដែល​មាន​ក្ដី​សង្ឃឹម​ថា អាច​សំណូមពរ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ចេញ​មុខ​ផ្ទាល់​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់ គឺ​មិន​សម្រេច​តាម​បំណង​ឡើយ ដ្បិត​មន្ត្រី​ក្រសួង​នេះ​បាន​ចេញ​មក​ប្រាប់​ក្រុម​តវ៉ា​ភ្លាមៗ ឲ្យ​បង្វែរ​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​វិញ ព្រោះ​សាលា​រាជធានី​ភ្នំពេញ ទើប​ជា​អ្នក​មាន​សមត្ថកិច្ច​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​ទាំងនោះ​បាន។

តំណាង​សហគមន៍​ដីធ្លី​បុរីកីឡា លោកស្រី ភោគ សុភិន ថ្លែង​ក្នុង​ពេល​តវ៉ា​ថា ពលរដ្ឋ​សហគមន៍​បុរីកីឡា​ដែល​ចង់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី គឺ​សរុប​ចំនួន ៨៤​គ្រួសារ​ទៀត ប៉ុន្តែ​រយៈពេល​កន្លង​ទៅ សាលា​រាជធានី​ភ្នំពេញ​តែង​អះអាង​ថា បញ្ហា​ដីធ្លី​នៅ​តំបន់​នេះ ទោះ​ដោះស្រាយ​យ៉ាង​ណា​ក៏​មិន​ចេះ​ចប់​ដែរ ហើយ​សាលា​រាជធានី​ភ្នំពេញ ព្យាយាម​ជានិច្ច​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​ឲ្យ​បាន​ឆាប់«បុរីកីឡា​ដែល​នៅ​សេសសល់​នេះ ដែល​គាត់​កិន​កម្ទេច​របស់​ពួក​ខ្ញុំ​ទាំង​ស្រស់ៗ ម្ដេច​គាត់​បដិសេធ​ចោល​អ៊ីចឹង ឥឡូវ​ខ្ញុំ​មក​ថ្ងៃ​ហ្នឹង​សុំ​ឲ្យ​លោក ជា សុផារ៉ា ជួយ​រក​យុត្តិធម៌​ឲ្យ​បុរីកីឡា​ដែល​សេសសល់។ ខ្ញុំ​មាន​ក្រដាស​ចេញ​ពី​ក្រសួង​ដែនដី​ទៅ​សាលា​ក្រុង​ដែរ ប៉ុន្តែ​សាលា​ក្រុង​កុហក​ពួក​ខ្ញុំ​រហូត ឲ្យ​ពួក​ខ្ញុំ​រង់ចាំ​ដល់​ណា​ទៀត»

តំណាង​រូប​នេះ​បន្ថែម​ថា ការ​តវ៉ា​ជា​ថ្មី​នេះ ដោយសារ​សាលា​រាជធានី​ភ្នំពេញ​មិន​បាន​គោរព​តាម​កិច្ចសន្យា ដែល​ថា​នឹង​កោះ​ហៅ​តំណាង​ដីធ្លី​មក​ដោះស្រាយ​នៅ​ថ្ងៃ​ទី​២ មករា កន្លង​ទៅ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​១៦ កុម្ភៈ ទៅ​ហើយ បែរ​ជា​មិន​ឃើញ​សាលា​រាជធានី​ភ្នំពេញ​កោះ​ហៅ​ដូច​អ្វី​ដែល​ខ្លួន​បាន​សន្យា​ឡើយ។

ចំណែក​តំណាង​ពលរដ្ឋ​បឹងកក់ ៧​គ្រួសារ ស្ថិត​នៅ​ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ លោកស្រី លី ចាន់ណារី ថ្លែង​ថា លោកស្រី​តែងតែ​មក​តវ៉ា​ជា​ញឹកញាប់​ចាប់​តាំង​ពី​ក្រសួង​ដែនដី បង្កើត​ឲ្យ​មាន​គណៈកម្មការ​ជំនាញ​ដោះស្រាយ​ដីធ្លី​ក្នុង​ខែ​មេសា ឆ្នាំ​២០១៦ មក ប៉ុន្តែ​ការ​តវ៉ា​ទាំងនោះ មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាំងអស់«ពលរដ្ឋ ៧​គ្រួសារ​នៅ​ភូមិ​១ ទាមទារ​តែ​ដីធ្លី​ត្រឡប់​មក​វិញ​ទេ ដែល​ក្រុមហ៊ុន​បូម​ពន្លិច​តាំង​ពី​ឆ្នាំ​២០១០ មក។ ទាមទារ​តែ​៦៣% ដែល​គាត់​ធ្លាប់​ដោះ​ឲ្យ ៦​គ្រួសារ ព្រោះ​ភូមិ​ខ្ញុំ​មាន ១៣​គ្រួសារ»

ក្រុម​ស្ត្រី​តវ៉ា​បញ្ជាក់​ថា ការ​បណ្ដោយ​ឲ្យ​បញ្ហា​ដីធ្លី​អូស​បន្លាយ​រាប់​ឆ្នាំ រឹតតែ​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល ជាពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ពួក​គាត់​ធ្លាក់​ដុនដាប ដោយសារ​រយៈពេល​កន្លង​ទៅ ពួក​គាត់​មិន​បាន​ទៅ​បំពេញ​ការងារ​ចិញ្ចឹម​ជីវិត​ដូច​ពលរដ្ឋ​សាមញ្ញ​ដទៃ​ទៀត​ឡើយ ព្រោះ​រវល់​តែ​រឿង​តវ៉ា​ដីធ្លី។ ដូច្នោះ ពួក​គាត់​សង្ឃឹម​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ផ្ដល់​ក្ដី​អាណិត​បញ្ចប់​បញ្ហា​ឲ្យ​បាន​ឆាប់។ រីឯ​អតីត​អ្នក​បឹងកក់ ដែល​ត្រូវ​បាន​ជម្លៀស​ចេញ ក៏​បាន​ចូលរួម​តវ៉ា និង​ទាមទារ​សំណង​បន្ថែម​ដែរ។

លោកស្រី ច្រាយ នីម មក​ពី​សហគមន៍​អេស.អូ.អេស (SOS) បញ្ជាក់​ថា ពលរដ្ឋ ៥​ភូមិ​មាន​ចំនួន​ជិត ៦០០​គ្រួសារ ដែល​ព្រួយ​បារម្ភ​ពី​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ ដូចជា​ភូមិ​គោកចំបក់ ភូមិ​ត្រពាំងល្វា ភូមិ​តាងួន ជាដើម គឺ​អំពាវនាវ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​អាជ្ញាធរ​ចេញ​ប្លង់​ដី​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

នៅ​សាលា​រាជធានី​ភ្នំពេញ ស្ត្រី​មាន​បញ្ហា​ដីធ្លី​ប្រហែល ៥​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ដោះស្រាយ​បញ្ហា​ដីធ្លី។ ទោះ​ជា​យ៉ាង​ណា ការ​ពិភាក្សា​ជិត ២​ម៉ោង​ត្រូវ​បាន​បញ្ចប់ ក្រុម​ស្ត្រី​តវ៉ា​បញ្ជាក់​ថា ការ​ពិភាក្សា​ដ៏​តានតឹង ពុំ​ទទួល​ផល​ប្រយោជន៍​សម្រាប់​សហគមន៍​បឹងកក់​ទាំង ៨៤​គ្រួសារ​ឡើយ ប៉ុន្តែ​សហគមន៍​បុរីកីឡា​ទាំង ៧​គ្រួសារ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ សន្យា​ដោះស្រាយ​បញ្ចប់​នៅ​ចុង​ខែ​កុម្ភៈ នេះ។

ក្រុម​ស្ត្រី​តំណាង​សហគមន៍​ដីធ្លី បុរីកីឡា បឹងកក់ និង​មក​ពី​សហគមន៍​អេស.អូ.អេស ព្រមាន​ថា ប្រសិន​បើ​សាលា​រាជធានី​ភ្នំពេញ នៅ​តែ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ទាមទារ​បែប​នេះ​ទៀត និង​មិន​គោរព​តាម​កិច្ចសន្យា ពួក​គាត់​នឹង​អាច​ប្រមូល​ផ្ដុំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល