អ្នក​មាន​បញ្ហា​ដីធ្លី​៤​សហគមន៍​តវ៉ា​នៅ​ក្រសួង​ដែន​ដី​រក​អន្តរាគមន៍

ដោយ ឡេង ម៉ាលី
2017-06-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​មក​ពី​សហគមន៍​មាន​បញ្ហា​ដីធ្លី​៤ ដើរ​ចេញ​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោយ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Leng Maly
ពលរដ្ឋ​មក​ពី​សហគមន៍​មាន​បញ្ហា​ដីធ្លី​៤ ដើរ​ចេញ​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោយ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Leng Maly
RFA/Leng Maly

ពលរដ្ឋ​ជាង ៣០​នាក់ មក​ពី​សហគមន៍​មាន​បញ្ហា​ដីធ្លី​ចំនួន​៤ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ដោយ​ស្រែក​ទាមទារ​ឲ្យ​លោក​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់។ ប៉ុន្តែ​ការ​តវ៉ា​នេះ​ធ្វើ​ទៅ​បាន​បន្តិច អ្នក​ភូមិ​ក៏​រំសាយ​វិញ ព្រោះ​មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រាប់​ពួក​គាត់​ថា ក្រសួង​បាន​បញ្ជូន​ករណី​នេះ​ទៅ​សាលា​រាជធានី​ភ្នំពេញ វិញ​ហើយ។

អ្នក​បឹងកក់​ម្នាក់ ក្នុង​ចំណោម​អ្នក​បឹងកក់ ដែល​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ ៧​គ្រួសារ គឺ​លោកស្រី ហុង សុខខេង មាន​ប្រសាសន៍​ថា ពួក​លោកស្រី​នឹង​រង់ចាំ​រហូត​ដល់​ចុង​ខែ ទើប​ទៅ​សួរ​សាលា​រាជធានី​ភ្នំពេញ៖ «គេ​ឲ្យ​យើង​ទៅ​តាម​ដាន​នៅ​ក្រុង តែ​ខ្ញុំ​បដិសេធ​វិញ។ អម្បាញ់មិញ​ថា ខ្ញុំ​អត់​ទាន់​ទៅ​សួរ​ទេ ព្រោះ​នៅ​អភិបាល​ចាស់។ ខ្ញុំ​ចាំ​ដល់​អភិបាល​ថ្មី ខ្ញុំ​នឹង​ទៅ​សួរ ព្រោះ​លទ្ធផល​ដែល​រដ្ឋសភា​ស៊ីញេ​ចូល​ដែនដី ដែនដី​គេ​បាន​ផ្ញើ​យក​ទៅ​ឲ្យ​ក្រុង​អ្នក​ដោះស្រាយ។ អ៊ីចឹង​ខ្ញុំ​ផុត​ថ្ងៃ​ទី​២៨ មិថុនា គេ​ប្រកាស​ឯកឧត្ដម ឃួង ស្រេង ឡើង​ថ្មី បាន​ខ្ញុំ​នឹង​តស៊ូ​មតិ​ទៅ​សួរ​ចៅហ្វាយ​ក្រុង​ថ្មី​ទៀត តើ​គាត់​មាន​លទ្ធផល​យ៉ាង​ណា ដែល​ក្រដាស​ខាង​រដ្ឋសភា​បញ្ជូន​មក​ដែនដី ឥឡូវ​ដែនដី​បាន​បញ្ជូន​សំណុំរឿង​ហ្នឹង​យក​ទៅ​ឲ្យ​ទៀត។ តើ​គាត់​មាន​សមត្ថភាព​ដោះស្រាយ​ឲ្យ​ខ្ញុំ ឬ​គាត់​បង្វិល​សំណុំ​រឿង​ហ្នឹង​យក​មក​ឲ្យ​ដែនដី​ដោះ​ឲ្យ​ពួក​ខ្ញុំ​វិញ?»

ក្រុម​លោកស្រី ហុង សុខខេង ធ្លាប់​បដិសេធ​ការ​ដោះស្រាយ​របស់​អភិបាល​ចាស់ លោក ប៉ា សុជាតិវង្ស ដែល​សម្រេច​ប្រគល់​ដី​ឲ្យ​ពួក​គាត់ ១០% នៃ​ដី​ពួក​គាត់​ធ្លាប់​កាន់កាប់។ ពួក​គាត់​ចង់​បាន ៥៣% នៃ​ទំហំ​ដី​ចាស់​នោះ។

អ្នក​ភូមិ​ទាំង​នេះ ធ្លាប់​រក​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ ក្រសួង​ព្រះបរមរាជវាំង ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា ជា​បន្តបន្ទាប់ កាល​ពី​ខែ​មីនា និង​ខែ​ឧសភា។ ការ​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​ដើម្បី​តាមដាន​ញត្តិ​របស់​ពួក​គាត់ ដែល​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ចារ​បញ្ជូន​​ករណី​អ្នក​បឹងកក់ សេសសល់ ៧​គ្រួសារ ទៅ​ឲ្យ​ក្រសួង​ដែនដី ដោះស្រាយ។

អ្នក​ភូមិ​ទាំង​នេះ មក​ពី​សហគមន៍​បុរីកីឡា ៣ មករា សហគមន៍​ព្រះលាន​យន្តហោះ អេស.អូ.អេស (SOS) អតីត​អ្នក​សហគមន៍​បឹងកក់ និង​អ្នក​បឹងកក់ ៧​គ្រួសារ ដែល​មិន​ទាន់​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល