អភិបាលខណ្ឌ​៧​មករា​កោះ​ហៅ​ពលរដ្ឋ​បុរី​កីឡា​១១​គ្រួសារ​ដែល​ប្រឈម​បណ្ដេញ​ចេញ

ដោយ មាន ឫទ្ធិ
2017-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន (ឆ្វេង) រ៉ាយរ៉ាប់​ប្រាប់​ក្រុម​កង​សន្តិសុខ​ខណ្ឌ​៧មករា ពេល​រឹប​អូស​សម្ភារៈ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/San Sel
តំណាង​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន (ឆ្វេង) រ៉ាយរ៉ាប់​ប្រាប់​ក្រុម​កង​សន្តិសុខ​ខណ្ឌ​៧មករា ពេល​រឹប​អូស​សម្ភារៈ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/San Sel
RFA/San Sel

អភិបាលខណ្ឌ​៧​មករា លោក លីម សុភា បាន​ចេញ​លិខិត​កោះ​ហៅ​ពលរដ្ឋ​បុរី​កីឡា​ទាំង​១១​គ្រួសារ​ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ និង​ពលរដ្ឋ​បុរី​កីឡា​ផ្សេងទៀត​ឲ្យ​ទៅ​ជួប​ប្រជុំ នៅ​សាលា​ខណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ធ្នូ នេះ។

ការ​កោះ​ហៅ​របស់​អភិបាល​ខណ្ឌ​៧មករា​នៅ​ពេល​នេះ ខណៈ​ក្រុម​ពលរដ្ឋ​បុរី​កីឡា​ទាំង ១១​គ្រួសារ​ដែល​មិនទាន់​ទទួល​បាន​សំណង មិន​យល់ព្រម​ទទួល​យក​សំណង​ដ៏​តិច​តិច​ដែល​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) ផ្ដល់​ឲ្យ​ពួកគេ​តាមរយៈ​សាលាក្រុង​ភ្នំពេញ។

តំណាង​ពលរដ្ឋ​សហគមន៍​បុរីកីឡា អ្នកស្រី ស ស៊ន ឲ្យ​អាស៊ីសេរី ដឹង​ថា ក្រុម​ពលរដ្ឋ​សហគមន៍​បុរីកីឡា នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ ទៅតាម​ការ​កោះ​ហៅ​នេះ។ អ្នកស្រី ស ស៊ន បង្ហាញ​ក្ដី​រំពឹង​ថា​សាលាក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច នឹង​ផ្ដល់​សំណង​សមរម្យ​ជូន ដល់​ក្រុម​របស់​អ្នកស្រី។

អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​ចេញ​សេចក្ដីជូនដំណឹង​កំណត់​ត្រឹម​ថ្ងៃ​ទី​២២ ខែ​ធ្នូ តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​មិនទាន់​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច ត្រូវ​ទៅ​ទទួល​យក​សំណង​ជា​កំហិត។

លោក​ព្រមាន​ថា ផុត​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​ប្រើប្រាស់​យន្តការ​តុលាការ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ផលប្រយោជន៍ និង​ថែម​ទាំង​បញ្ឈប់​រាល់​ការ​ដោះស្រាយ​សំណង។ អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​ចាត់​ទុក​ពលរដ្ឋ​ទាំងនោះ​បោះបង់​សិទ្ធិ​ក្នុង​ការ​ទទួលយក​សំណង​គោលនយោបាយ​របស់​ខ្លួន។

ចំណែក​ប្រធាន​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ និយាយ​ថា បើ​មាន​ការ​បណ្ដេញ​ពលរដ្ឋ​បុរីកីឡា ដោយ​ហិង្សា​ជាថ្មី​ម្ដង​ទៀត រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន គឺជា​អ្នក​ប្រព្រឹត្ត​បទឧក្រិដ្ឋ​លើ​ពលរដ្ឋ​របស់​ខ្លួន។

កាលពី​ឆ្នាំ​២០១២ ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ ដែល​មិន​ព្រម​ចាក​ចេញ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​អស់។ ក្រុម​ពលរដ្ឋ​ដែល​នៅ​សេសសល់​ពី​ការ​បណ្ដេញ​ចេញ បន្ត​រស់នៅ​ក្នុង​អគារ​បាក់បែក​ជាមួយ​គំនរ​សំរាម​ជិត​៦​ឆ្នាំ​មក​ហើយ ដើម្បី​រង់ចាំ​ទទួល​បាន​សំណង​សមរម្យ​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល