អ្នក​បុរីកីឡា​ដែល​តវ៉ា​មុខ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន រង​ការ​គំរាម​ចាប់​ខ្លួន​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ

ដោយ តាំង សារ៉ាដា
2018.03.22
អ្នក​បុរីកីឡា​តវ៉ា​មុខ​ផ្ទះ ស៊ុយ សុផាន ២០១៧ ១៤៤០ អ្នក​បុរីកីឡា​អង្គុយ​តវ៉ា​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច នៅ​តំបន់​បុរីកីឡា អះអាង​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​កោះហៅ​អ្នកស្រី​ទៅ​គំរាម​ឲ្យ​បញ្ឈប់​សកម្មភាព​តវ៉ា​ទាមទារ​ដីធ្លី ពី​មុខ​ភូមិគ្រឹះ​របស់​ឈ្មួញ​ដី​ក្នុង​របប​លោក ហ៊ុន សែន តទៅ​ទៀត ព្រោះ​ការ​ធ្វើ​បែបនេះ ជា​ការ​អុកឡុក បាត់បង់​សណ្ដាប់ធ្នាប់ និង​ធ្វើ​ឲ្យ​បាត់បង់​ភ្ញៀវ​ទេសចរណ៍។ សង្គម​ស៊ីវិល ហៅ​ការ​កោះ​ហៅ ជនរងគ្រោះ​ដីធ្លី ជា​ការ​គំរាមកំហែង​តាម​ផ្លូវ​ច្បាប់។

ពលរដ្ឋ​ម្នាក់​ដែល​អះអាង​ថា មិន​ទាន់​ទទួល​បាន​សំណង​ពី​ការ​ឈូស​កម្ទេច​ផ្ទះ គឺ​អ្នកស្រី ភោគ សុភីន ប្រាប់​ថា មន្ត្រី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​របស់​ក្រសួងមហាផ្ទៃ ដែល​មិន​ព្រម​ប្រាប់​ឈ្មោះ បាន​ព្រមាន​ឃុំ​ខ្លួន​អ្នកស្រី បើ​នៅ​បន្ត​ការ​តវ៉ា​ស្វែងរក​ដំណោះស្រាយ៖ «ស្រែក​ឲ្យ​គាត់ តវ៉ា​ឲ្យ​គាត់​ចេញ​មក​ដោះស្រាយ​ឲ្យ​ខ្ញុំ។ ខ្ញុំ​គ្មាន​ទៅ​អុកឡុក បាត់បង់​សណ្ដាប់ធ្នាប់ ភ្ញៀវ​ទេសចរណ៍ ដូច​គេ​ចោទ​ខ្ញុំ​ហ្នឹង​ណា។ គេ​ថា ឲ្យ​ខ្ញុំ បង​ឯង​ធ្វើ​អ៊ីចឹង​ដឹង​ខុសច្បាប់​ទេ ប្រទេស​យើង​កំពុង​ជឿនលឿន ធ្វើ​អ៊ីចឹង​ភ្ញៀវ​ទេសចរណ៍​មើល​មក គេ​មើល​មក​មិន​សមរម្យ ស្អីៗ​អ៊ីចឹង​ណា។ គេ​ថា ឲ្យ​ខ្ញុំ​ច្រើន​ណាស់​អូន គេ​ស្ដី​គេ​ថា​ឲ្យ​ខ្ញុំ។ ប៉ុន្តែ ដល់ពេល​ខ្ញុំ​បក​ទៅវិញ ខ្ញុំ​គ្មាន​ថា​អី​និយាយ​ច្រើន​ទេ គ្រាន់តែ​ថា ខ្ញុំ​ធ្វើ​ហ្នឹង តើ​ខ្ញុំ​ខុស​មែន បាត់បង់​សណ្ដាប់ធ្នាប់​មែន ចុះ​លោក​ឯង​ទៅ​ឈូស​ផ្ទះ​ខ្ញុំ​មិន​ខ្លាច​បាត់បង់​សណ្ដាប់ធ្នាប់​ទេ​អី? ផ្ទះ​ខ្ញុំ​នៅ​សុខៗ​ទៅ​ឈូស​ឡើង​គ​គំនរ​អីវ៉ាន់​ខ្ញុំ មិន​ឲ្យ​ទៅ​រើស​ទៀត យក​អាអិច ទៅ​ចូក​ទៀត ទាល់តែ​ខ្ញុំ​ឡើងលើ​អាអិច​ហ្នឹង ឲ្យ​ចូក ចូក​ទាំង​ខ្ញុំ​ទៅ ទើប​ខ្ញុំ​រើស​អីវ៉ាន់​បាន​ខ្លះ។ តាមពិត​ចូក​ឡើង​ខ្ទេច​ហ្មង​ផ្ទះ​ខ្ញុំ»

ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច គឺ​អ្នកស្រី ស៊ុយ សុផាន ដែល​ពលរដ្ឋ​តែង​ស្រែក​ជេរ ដាក់​បណ្ដាសា​រាល់​សប្ដាហ៍ ដោយសារតែ​ពួកគេ​ចោទ​ថា ជា​ឈ្មួញ​ទុច្ចរិត​ប្លន់​ដី និង​កម្ទេច​ផ្ទះ​របស់​ពួកគេ។ ពួកគេ​អះអាង​ថា អ្នកស្រី ស៊ុយ សុផាន បាន​ប្ដឹង​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា​ម្នាក់ គឺ អ្នកស្រី ភោគ សុភីន អាយុ ៤៥ឆ្នាំ។

ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ លោក សុខ ខេមរិន្ទ បាន​ចេញ​លិខិត​កោះហៅ លោកស្រី ភោគ សុភីន។ ក្នុង​លិខិត​កោះ​របស់​លោក សុខ ខេមរិន្ទ មិន​បាន​បញ្ជាក់​ថា ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បុរី​កីឡា ត្រូវ​បាន​ប្ដឹង​ពី​បទ​អ្វី​ទេ ដោយ​គ្រាន់​បង្គាប់​ឲ្យ អ្នកស្រី ភោគ សុភីន ចូលខ្លួន​តាម​ពេល​កំណត់។

ក្នុង​ពេល​ដែល​អ្នកស្រី ភោគ សុភីន ចូល​ទៅ​ឆ្លើយ​បំភ្លឺ នៅ​ក្នុង​នាយកដ្ឋាន​ព្រហ្មទណ្ឌ មាន​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា ជាច្រើន​នាក់ នៅ​ក្រៅ​ក្រសួងមហាផ្ទៃ ដើម្បី​គាំទ្រ​អ្នកមាន​ជម្លោះដីធ្លី​ដូចគ្នា។ អ្នកស្រី ភោគ សុភី​ន ប្រាប់​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ស្ដី​ឲ្យ​អ្នកស្រី ថា បាន​ដឹកនាំ​កម្លាំង​ទៅ​តវ៉ា​មុខ​ក្រសួង​មហាផ្ទៃ៖ «គេ​ថា​បង​ឯង នាំ​កម្លាំង​មក​ធ្វើបាតុកម្ម​មុខក្រសួង​មហាផ្ទៃ​ទៀត បង​ឯង​ដឹង​ខុស​ទេ ថា​អ៊ីចឹង​ណា ថា​ខ្ញុំ​នឹង​នាំ​កម្លាំង​មក គេ​ហៅ​ម្នាក់ឯង គេ​ហៅ​ម្នាក់ឯង​បែរជា​ខ្ញុំ​នឹង​នាំ​កម្លាំង​មក​ធ្វើបាតុកម្ម នៅ​ក្រសួងមហាផ្ទៃ​ទៀត។ ខ្ញុំ​ថា យី​ខ្ញុំ​មិន​នាំ​កម្លាំង​ទេ គេ​មក​គាំទ្រ​ខ្ញុំ អ្នក​រងគ្រោះ​ដូចគ្នា ដីធ្លី​ដូចគ្នា បឹងកក់ បុរី​កីឡា​ហ្នឹង គេ​មក​គាំទ្រ​ខ្ញុំ​ទេ ខ្ញុំ​មិន​នាំ​កម្លាំង​មក​ធ្វើបាតុកម្ម​មុន​ក្រសួងមហាផ្ទៃ​ទេ ហៅ​ម្នាក់ឯង​មែន ប៉ុន្តែ​លើ​លោក​នោះ​វា​មាន​ទេ ឈូស​ផ្ទះ​ខ្ញុំ​ហើយ មក​ប្ដឹង​ខ្ញុំ​ដាក់ទោស​ព្រហ្មទណ្ឌ។ លោក​ឯង​ដេក​លើ​ច្បាប់ អង្គុយ​លើ​ច្បាប់ លោក​ឯង​មាន​ដែរ​ឬ​អី តើ​ទោស​ព្រហ្មទណ្ឌ​ហ្នឹង តើ​ខ្ញុំ​ទៅ​ប្លន់​អ្នកណា ខ្ញុំ​សួរ​អ៊ីចឹង​ទៅ ថា​ឲ្យ​វិញ មួយ​ពីរ ៗ គេ​ក៏​ឲ្យ​ខ្ញុំ​ចេញ​មក»

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ហៅ​ការ​កោះ​ហៅ​អ្នកមាន​ជម្លោះដីធ្លី ជា​រូបភាព​នៃ​ការ​គំរាមកំហែង ដល់​ពលរដ្ឋ​នៅ​បុរី​កីឡា។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ឲ្យ​អាជ្ញាធរ និង​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីមិច ដែល​រង​ការ​ចោទ​ថា ដណ្ដើម​ដី​ពលរដ្ឋ ដោះស្រាយ​ដោយ​សន្តិវិធី និង​ព្យាយាម​បញ្ចប់​ដើម្បី​ទំនាស់​ឲ្យ​បាន​ឆាប់។ លោក វណ្ណ សូផាត យល់ថា បើ​ពលរដ្ឋ​ទទួល​បាន​សំណង​សមរម្យ ដែល​អាច​ទទួល​យក​បាន ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រកស៊ី ហើយ​គ្មាន​ពេល​ឯណា​ទៅ​រក​រឿង​ម្ចាស់​ក្រុមហ៊ុន​ទេ៖ «រឿង​ហ្នឹង​គឺជា​ការ​គំរាមកំហែង តាមរយៈ​ការ​កោះហៅ អាហ្នឹង​ជា​ការ​គំរាមកំហែង​តាម​ផ្លូវ​ច្បាប់។ ពី​ដើម​មក​ក៏​មាន​អ៊ីចឹង​ដែរ សូម្បីតែ​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ព្រមាន​អ៊ីចឹង​ដែរ ថា​បើ​គាត់​មិន​ព្រម​ទទួល​យក​ដំណោះស្រាយ មិន​ព្រម​ទទួល​យក​អី​ហ្នឹង គេ​នឹង​ចាត់វិធានការ​រដ្ឋបាល អាហ្នឹង​វា​សុទ្ធ​តែ​ជា​ការ​ព្រមាន​គាត់​ហើយ មិន​អាច​យើង​ថា អា​ហ្នឹង​ជា​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​បានទេ​អាហ្នឹង។ អ៊ីចឹង​ពី​ដើម​មក គឺថា គោលបំណង​របស់​អាជ្ញាធរ នឹង​ប្រជាពលរដ្ឋ យើង​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី កុំ​ឲ្យ​មាន​ការ​គំរាមកំហែង កុំ​ឲ្យ​មានការ​ប្រើ​អំពី​ហិង្សា​អី​ដាក់គ្នា​តទៅទៀត។ ប៉ុ ដែ​រហូតមកដល់​បច្ចុប្បន្ន​នេះ ការ​ដោះស្រាយ​មិនទាន់​ចប់ បែរជា​មានការ​ប្រើ​ប្រព័ន្ធ​តុលាការ ឬមួយ​ក៏​ការ​កោះហៅ កោះ​អី​នេះ»

បើ​ទោះ​ជា​មានការ​គំរាមកំហែង ថា នឹង​ចាប់ខ្លួន ឬ​បញ្ជូន​ទៅ​តុលាការ ប៉ុន្តែ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បុរី​កីឡា អះអាង​ថា នៅតែ​បន្ដ​ទៅ​តវ៉ា​មុខ​ភូមិគ្រឹះ​អ្នកស្រី ស៊ុយ សុផាន ជា​បន្ត ដោយ​មិន​ខ្លាច ព្រោះ​ពួកគេ យល់ថា អ្នក​ដែល​ឈូស​កម្ទេច​ផ្ទះ និង​ដណ្ដើម​ដី​របស់​ពួកគេ ទើប​ជា​អ្នក​ខុសច្បាប់។ ពលរដ្ឋ​នៅ​បុរី​កីឡា អស់សំណើច​នឹង​អាជ្ញាធរ ដែល​ចោទ​ថា ការ​ទាមទារ​ដី​មកវិញ ពី​សំណាក់​ពលរដ្ឋ ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់ និង​បាត់បង់​ភ្ញៀវ​ទេសចរណ៍។ ពួកគាត់​ចោទសួរ​ថា តើ​ការ​ឈូស​កម្ទេច​ផ្ទះ ពួកគាត់​ជា​រូបភាព​ល្អ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឬ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។