សហគមន៍​ភ្នំបាត​រំពឹង​ថា​អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់​ក្នុង​ពេល​ឆាប់ៗ

ដោយ ឡេង ម៉ាលី
2017-03-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​សហគមន៍​ភ្នំបាត នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដាក់​ញត្តិ​ទាមទារ​រក​សំណង​បន្ថែម​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧។
ពលរដ្ឋ​សហគមន៍​ភ្នំបាត នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដាក់​ញត្តិ​ទាមទារ​រក​សំណង​បន្ថែម​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

ពលរដ្ឋ​សហគមន៍​ភ្នំបាត នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល បន្ត​នាំ​គ្នា​មក​ទាមទារ​រក​សំណង​បន្ថែម​នៅ​តាម​ស្ថាប័ន​នានា នៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា រំពឹង​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​ក្នុង​ពេល​ឆាប់ៗ។

តំណាង​ពលរដ្ឋ​សហគមន៍​ភ្នំ​បាត ចំនួន ១៤០​គ្រួសារ អ្នកស្រី គឹម សារ៉ាន់ មាន​ប្រសាសន៍​ក្រោយ​ពេល​ជួប​មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា ថា ញត្តិ​ស្ដីពី​បញ្ហា​ដីធ្លី​របស់​ពួក​លោកស្រី នឹង​ត្រូវ​បញ្ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ខ្ញុំ​ទៅ​សួរ​អម្បាញ់មិញ​តាម​ចំណារ​ដីកា​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម​ហ្នឹង គាត់​ឲ្យ​ទៅ​បន្ទប់​លេខ ៦១៥ ហើយ​គាត់​ថា ស៊ីញេ​បញ្ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​លោក​នាយករដ្ឋមន្ត្រី​ត្រឡប់​មក​វិញ នឹង​ដាក់​ទៅ​សាលា​ខេត្ត និង​បញ្ជា​ឲ្យ​ដោះស្រាយ​ឲ្យ​ពួក​បង។ អ៊ីចឹង​ខ្ញុំ​មាន​សង្ឃឹម​បន្តិចបន្តួច​ដែរ ដែល​គាត់​និយាយ។ រឿង​ដោះស្រាយ ឬ​មិន​ដោះស្រាយ​មិន​ដឹង​ទេ ប៉ុន្តែ​គាត់​និយាយ​អ៊ីចឹង​ខ្ញុំ​ជឿ ខ្ញុំ​មាន​ទឹក​ចិត្ត​ខ្លះ។ មិន​មែន ១០០% ទេ មាន​ទឹក​ចិត្ត​ខ្លះ។ ប៉ុន្តែ​សូម​សម្ដេច​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​អត់​ណាស់។ អ៊ីចឹង​ឲ្យ​ដូច​ពាក្យ​គាត់​និយាយ​ចុះ»

ក្រុម​អ្នកស្រី គឹម សារ៉ាន់ ជា​អតីត​អ្នក​រស់​នៅ​ក្នុង​បុរីកីឡា ដែល​ត្រូវ​បាន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) ឈូស​ឆាយ​ផ្ទះ និង​ដឹក​ទៅ​ដាក់​ឲ្យ​រស់​ឯ​សហគមន៍​ភ្នំ​បាត ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ដើម​ឆ្នាំ​២០១២។ ពួក​គាត់​អះអាង​ថា ពួក​គាត់​ត្រូវ​បាន​គេ​ដឹក​ទៅ​ចាក់​ចោល​នៅ​ទី​នោះ ដោយ​មិន​បាន​គិតគូរ​ផ្ដល់​សំណង និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រស់នៅ​ស្រួលបួល​ឡើយ។

តំណាង​មួយ​រូប​ទៀត គឺ​អ្នកស្រី ខៀវ ឡៃ ថ្លែង​ថា ការ​យក​ទៅ​ចាក់ចោល​បែប​នេះ គឺ​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្វះខាត​ខ្លាំង៖ «សូម​រដ្ឋាភិបាល​ចុះ​មើល​ពួក​ខ្ញុំ​ផង ពិបាក​ខ្លាំង​ណាស់។ អត់​មាន​ទឹក​អត់​មាន​ភ្លើង​សាលារៀន មន្ទីរពេទ្យ​ទេ។ សូម​ដោះស្រាយ​ពួក​ខ្ញុំ​សំណង​បន្ថែម​សម្រាប់​ដើម​ទុន​រក​ស៊ី​ផង។ ពួក​ខ្ញុំ​លំបាក​ខ្លាំង​ណាស់ ជំពាក់​គេ​កាន់​តែ​ខ្លាំង​ទៅៗ ហើយ»

ពួក​គាត់​អះអាង​ថា សព្វថ្ងៃ​ដើរ​សុំ​ទាន​គេ កាត់​សក់​ខ្លួន​ឯង​លក់ និង​ទទួល​បាន​អំណោយ​ពី​អង្គការ​មនុស្សធម៌​រដ្ឋាភិបាល​ខ្លះ។ ពួក​គាត់​ទទួល​បាន​ដី​ស្នាក់នៅ​បណ្ដោះអាសន្ន​ដែល​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ។ ក្នុង​ចំណោម​អ្នក​សហគមន៍​ភ្នំ​បាត​ទាំង​នេះ មាន​អ្នក​តវ៉ា​ចំនួន ៣០​គ្រួសារ ដូច​ជា​លោកស្រី សំ ដានី មាន​ប្រសាសន៍​ថា មិន​បាន​ទទួល​អ្វី​ទាំង​អស់ ព្រោះ​ត្រូវ​ក្រុមហ៊ុន​ចាត់​ទុក​ថា មិន​មែន​ជា​អ្នក​បុរី​កីឡា៖ «ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទៅ​ប្រឈម​មុខ​ពួក​ខ្ញុំ​ហ្នឹង ព្រោះ​អី​ឲ្យ​គាត់​ចង្អុល​ថា អ្នក​នេះ​ពិត អ្នក​នេះ​មិន​ពិត។ ខ្ញុំ​ចង់​បាន​តែ​ប៉ុណ្ណឹង ព្រោះ​អី​ប្ដី​ខ្ញុំ​ស្លាប់​ទៅ​ហើយ។ ឲ្យ​គាត់​ដោះ​តាម​ឯកសារ​ទៅ បើ​គាត់​ថា​មិន​ពិត»

ក្នុង​ញត្តិ​ដែល​អ្នក​សហគមន៍​ភ្នំបាត កំពុង​ទាមទារ មាន​ពីរ​ចំណុច គឺ​ទី​មួយ ចង់​បាន​ផ្ទះ​រស់នៅ នៅ​ភូមិ​អណ្ដូង ១​បន្ទប់ និង​ប្រាក់ ៥​ពាន់​ដុល្លារ ទី​ពីរ ប្រសិន​បើ​ឲ្យ​គាត់​រស់នៅ​ក្នុង​សហគមន៍​ភ្នំបាត ដដែល ពួក​គាត់​ទាមទារ​សំណង ១​ម៉ឺន​ដុល្លារ។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​អ្នក​នៅ​ភ្នំបាត​នេះ មិន​អាច​ត្រឡប់​ក្រោយ​វិញ​ទេ ហើយ​សាលា​រាជធានី​នឹង​អភិវឌ្ឍន៍​សហគមន៍​នេះ៖ «នៅ​ភ្នំ​បាត​ហើយ អា​នេះ​ការ​ដោះស្រាយ​បញ្ហា គឺ​មិន​អាច​ត្រឡប់​ក្រោយ​វិញ​បាន​ទេ។ (ខ្ញុំ) ចង់​ជម្រាប​ជូន​ថា រឿង​ភ្នំ​បាត គឺ​យើង​បាន​ទទួល​នូវ​សំណូមពរ​របស់​គាត់ ហើយ​សាលា​រាជធានី​នឹង​គិតគូរ​នៅ​ក្នុង​រូបភាព​ជា​សហគមន៍​ក្រីក្រ​ជូន​ទៅ​ដល់​គាត់ ក្នុង​ការ​ចុះ​ទៅ​អភិវឌ្ឍន៍​សហគមន៍​ហ្នឹង»

ការ​រំពឹង​អំពី​ដំណោះស្រាយ​របស់​អ្នក​សហគមន៍​ភ្នំបាត នៅ​ថ្ងៃ​ទី​២២ មីនា គឺ​ជា​ការ​ទទួល​បាន​ចម្លើយ​ពី​ក្រសួង​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បន្ទាប់​ពី​ពួក​គាត់​បាន​ដាក់​ញត្តិ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។ នៅ​ថ្ងៃ​ដដែល​នេះ ពួក​គាត់​ក៏​បាន​ដាក់​ញត្តិ​នៅ​គណៈកម្មការ​ទី​១០ រដ្ឋសភា ព្រម​ទាំង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល