សាលាក្រុងនិងសង្គមស៊ីវិលមិនទាន់ត្រូវគ្នាលើការបើកវេទិកាសាធារណៈរឿងអ្នកបុរីកីឡា
2014.04.29

ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានចំណាយពេល ៣ម៉ោង កាលពីរសៀលថ្ងៃទី២៩ មេសា ប្រជុំពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិលចំនួន ១៥ស្ថាប័ន ដើម្បីត្រៀមរៀបចំវេទិកាសាធារណៈរួមគ្នា ដោះស្រាយការទាមទារជម្រកស្នាក់នៅរបស់ពលរដ្ឋដែលនៅសេសសល់ក្នុងសហគមន៍បុរីកីឡា។ តែជាលទ្ធផល ភាគីទាំងពីរនៅមិនទាន់ត្រូវរ៉ូវគ្នាថា សម្រេចនឹងបើកវេទិកាសាធារណៈនៅពេលណានៅឡើយ។
ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បានបង្ហាញឆន្ទៈសហការជាមួយអង្គការសង្គមស៊ីវិល ដើម្បីឈានទៅធ្វើជាអាជ្ញាកណ្ដាល ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាជម្លោះនៅតំបន់បុរីកីឡា។
អភិបាលរងសាលារាជធានីភ្នំពេញ លោក អន នាង ដែលដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិល ជជែកអំពីការត្រៀមវេទិកាសាធារណៈ ថ្លែងដោយទទូចឲ្យមន្ត្រីអង្គការទាំងនោះប្រមូលទិន្នន័យនៃចំនួនពលរដ្ឋ ដែលកំពុងរស់នៅសហគមន៍បុរីកីឡាសព្វថ្ងៃ ថាពលរដ្ឋណាខ្លះជាអ្នកបុរីកីឡាពិតប្រាកដ។ លោកក៏បានឲ្យអង្គការសង្គមស៊ីវិល ជាអ្នកសម្របសម្រួលពាំនាំទៅប្រាប់ពលរដ្ឋបុរីកីឡា ពីឆន្ទៈរបស់សាលាក្រុង ចង់បញ្ចប់វិបត្តិបុរីកីឡា និងជ្រើសរើសតំណាងមកដោះស្រាយជាមួយសាលារាជធានី និងមួយទៀត គឺសាលារាជធានីភ្នំពេញ មានផែនការចង់បង្កើតវេទិកាសាធារណៈ ដើម្បីពិភាក្សាអំពីដំណោះស្រាយនៅសហគមន៍បុរីកីឡា។
មន្ត្រីព័ត៌មានក្រុមការងារពិសេសសិទ្ធិលំនៅឋាន កញ្ញា គឹម ហ៊ាង ដែលបានចូលរួមកិច្ចប្រជុំជាមួយសាលារាជធានីភ្នំពេញ ឲ្យដឹងថា ចំណុចសំខាន់ដែលក្រុមអង្គការសង្គមស៊ីវិល រួមគ្នាផ្តល់គំនិតឲ្យខាងសាលារាជធានីភ្នំពេញនោះ គឺឲ្យសាលារាជធានីភ្នំពេញ ធ្វើយ៉ាងណាជំរុញឲ្យក្រុមហ៊ុន ផាន អ៊ីម៉ិច សាងសង់អគារ ២បន្ថែមទៀតតាមការសន្យា ជូនពលរដ្ឋបុរីកីឡាដែលនៅសេសសល់៖ «សុំឲ្យរដ្ឋាភិបាលកម្ពុជា ពិសេសសាលារាជធានីភ្នំពេញ ទី១ដោះស្រាយបញ្ហាការរស់នៅរបស់ពួកគាត់ដែលកំពុងរស់នៅក្បែរគំនរសំរាម ក្រោមតង់ដែលគាត់ពិបាករស់នៅ គឺឲ្យខាងសាលាក្រុងគិតគូរពីរឿងហ្នឹងជាបន្ទាន់ ហើយនេះជាការប្រឈមរបស់ពួកគាត់ ទាក់ទងនឹងបញ្ហាសុខភាព។ ទី២ អង្គការសង្គមស៊ីវិល សុំឲ្យសាលារាជធានីភ្នំពេញគោរពតាមការទាមទារ ឬតាមកិច្ចសន្យា ដែលក្រុមហ៊ុនថាសាងសង់អគារទី៩ និងទី១០ឲ្យពលរដ្ឋបុរីកីឡា»។
កញ្ញាបន្តថា ត្បិតសាលារាជធានីភ្នំពេញនៅមិនទាន់កំណត់ផែនការច្បាស់លាស់ ពីការដោះស្រាយបញ្ហាបុរីកីឡា និងនៅមិនទាន់កំណត់ថ្ងៃធ្វើវេទិកាសាធារណៈជាក់លាក់ក៏ពិតមែន ប៉ុន្តែនេះជាសញ្ញាវិជ្ជមាន និងជាការចាប់ផ្ដើមមួយដ៏ល្អក្នុងការសហការគ្នារវាងសាលារាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល ក្នុងការដោះស្រាយវិបត្តិដីធ្លីនៅតំបន់បុរីកីឡា។
ជុំវិញបញ្ហានេះ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់ថា សាលារាជធានីភ្នំពេញ អាចនឹងមានកិច្ចប្រជុំជាមួយក្រុមអង្គការសង្គមស៊ីវិលម្តងទៀត ដើម្បីពិភាក្សាពីរឿងរៀបចំវេទិកាសាធារណៈ ដោះស្រាយបញ្ហាការទាមទារជម្រកស្នាក់នៅរបស់ពលរដ្ឋដែលសេសសល់នៅសហគមន៍បុរីកីឡា ខណៈដែលកិច្ចប្រជុំលើកនេះ ភាគីទាំង២ គឺខាងសាលារាជធានីភ្នំពេញ និងក្រុមអង្គការសង្គមស៊ីវិល នៅខ្ទាស់គំនិតគ្នាខ្លះ៖ «អត់ទាន់កំណត់គ្នាថាត្រូវធ្វើឡើងនៅពេលណានៅឡើយទេ នៅមានការខ្វែងគំនិតគ្នាមួយចំនួន ហើយភាគីខាងអង្គការសង្គមស៊ីវិល គាត់យកទៅពិភាក្សាគ្នានឹងបងប្អូនបុរីកីឡាសិន ព្រោះធម្មតាយើងត្រូវការឲ្យគាត់អះអាងថា គាត់អាចតំណាងឲ្យបងប្អូនបុរីកីឡាបានឬអត់? គាត់ថាអត់បានទេ អ៊ីចឹងបានជាត្រូវយកទៅជជែកគ្នាសិន»។
តំណាងសហគមន៍បុរីកីឡា លោកស្រី ឆាយ គឹមហ៊ន ធ្លាប់ព្រមានទៅសាលារាជធានីភ្នំពេញថា ប្រសិនបើបើកវេទិកាសាធារណៈដើម្បីតែដោះស្រាយជម្រកបណ្ដោះអាសន្នឲ្យពួកគាត់ទេនោះ គឺពលរដ្ឋបុរីកីឡាបដិសេធមិនទទួលយក។
សព្វថ្ងៃ មានប្រជាពលរដ្ឋរស់នៅបុរីកីឡា ១៥៦គ្រួសារ ដែលនៅមិនទាន់ទទួលសំណង បន្តក្រាញរស់នៅលើគំនរសំរាម ក្រោមកៅស៊ូតង់ក្តៅ និងក្រោមជណ្ដើរអគារនៅបុរីកីឡា ដើម្បីទាមទារឲ្យក្រុមហ៊ុន ផាន អ៊ីម៉ិច សង់អគារស្នាក់នៅ២បន្ថែមទៀតតាមកិច្ចសន្យា៕