ពលរដ្ឋ​បុរីកីឡា​នៅ​សេសសល់​មិន​ព្រម​ទទួល​យក​សំណង​ផ្ទះ​១​ខ្នង​និង​ប្រាក់​២​ពាន់​ដុល្លារ

ដោយ សន ចាន់រដ្ឋា
2017-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​បុរីកីឡា ដែល​នៅ​សេសសល់​ដាក់​លិខិត​ទៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
ពលរដ្ឋ​បុរីកីឡា ដែល​នៅ​សេសសល់​ដាក់​លិខិត​ទៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ប្រមាណ ២០​នាក់ ប្រមូល​ផ្ដុំ​គ្នា​ដាក់​លិខិត​ទៅ​អភិបាល​រាជធានី​ភ្នំពេញ និង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​បុរីកីឡា ដែល​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ។

ការ​ជួបជុំ​គ្នា​នេះ គឺ​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​ទុក​ពេល ១​ខែ ដល់​ពលរដ្ឋ​បុរីកីឡា ដែល​នៅ​សេសសល់​ឱ្យ​ទទួល​យក​ដំណោះស្រាយ​ជា​ប្រាក់​ពីរ​ពាន់​ដុល្លារ និង​ផ្ទះ​មួយ​ខ្នង​នៅ​ភូមិ​អណ្ដូង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ។

ពលរដ្ឋ​បុរីកីឡា ២​នាក់ គឺ​លោកស្រី ង៉ូវ ណារី និង​លោកស្រី យិន ស្រ៊ីន ដែល​អះអាង​ថា តំណាង​ឱ្យ​ពលរដ្ឋ​ជាង ១០​គ្រួសារ​ដែល​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា តវ៉ា​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ទុក​ពេល​មួយ​ខែ​សម្រាប់​ពួកគេ​ឱ្យ​ទទួល​យក​ដំណោះស្រាយ​ជា​ផ្ទះ ១​ខ្នង នៅ​ភូមិ​អណ្ដូង និង​ប្រាក់ ២​ពាន់​ដុល្លារ។

​លោកស្រី ង៉ូវ ណារី អះអាង​ថា ជា​អ្នក​រស់​នៅ​បុរីកីឡា យូរយារ​ណាស់​មក​ហើយ និង​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​គួរ​តែ​ទទួល​បាន​ផ្ទះល្វែង​នៅ​ក្នុង​តំបន់​បុរីកីឡា៖ «មុន​នឹង​សាងសង់​១០​អគារ​ហ្នឹង គាត់​យក​មេដៃ​ពី​ពួក​ខ្ញុំ​ទៅ យក​ទៅ​ដល់​សម្ដេច ហ៊ុន សែន ដើម្បី​ធ្វើ​កិច្ចសន្យា​សាងសង់ ១០​អគារ​សម្រាប់​ដាក់​ពួក​ខ្ញុំ ដល់​សាលាក្រុង​បែរ​ជា​ឲ្យ​ពួក​ខ្ញុំ​ទៅ​ភូមិ​អណ្ដូង វិញ អ៊ីចឹង​គាត់​អត់​គោរព​កិច្ច​សន្យា។ ពួក​ខ្ញុំ​ត្រូវ​ការ​យុត្តិធម៌ ព្រោះ​អី​ពួក​ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់»

​ក្នុង​លិខិត​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ ពលរដ្ឋ​បាន​ចាត់​ទុក​ថា ការ​ទុក​ពេល ១​ខែ ឱ្យ​ទទួល​យក​ដំណោះស្រាយ​នេះ គឺ​ជា​ការ​គំរាមកំហែង​ពួកគេ។ ពលរដ្ឋ​ក៏​បាន​រិះគន់​សាលា​រាជធានី​ភ្នំពេញ ថា​មិន​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​របស់​ពួកគេ  និង​ទាមទារ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ ប្រគល់​សិទ្ធិ​ទៅ​ឱ្យ​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex) ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​នៅ​តំបន់​បុរីកីឡា ជា​អ្នក​ដោះស្រាយ​ជំនួស​វិញ។

ទោះ​យ៉ាង​ណា អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ឱ្យ​អាស៊ីសេរី ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ​នេះ​ថា សាលា​រាជធានី​ភ្នំពេញ នៅ​តែ​រក្សា​គោលការណ៍​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដោយ​ផ្អែក​លើ​លទ្ធផល​វាយតម្លៃ​របស់​ក្រុម​ការងារ​ចម្រុះ ដោះស្រាយ​បញ្ហា​តំបន់​បុរីកីឡា ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ៖ «ផ្ដល់​គោលនយោបាយ​ទៅ​ពួកគាត់​តាម​លទ្ធផល ទៅ​តាម​ឯកសារ​ដែល​គាត់​មាន ជាមួយ​នឹង​ប្រវត្តិ​នៃ​ការ​ស្នាក់​នៅ​របស់​គាត់»

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា  នឹង​មិន​ទទួល​ខុស​ត្រូវ​ទៀត​ទេ ចំពោះ​ពលរដ្ឋ​នៅ​សេសសល់​ចំនួន ១៥​គ្រួសារ ប្រសិនបើ​មិន​មក​ទទួល​យក​ដំណោះស្រាយ​ក្នុង​រយៈពេល ១​ខែ។

កាល​ពី​ដើម​ឆ្នាំ​២០១២ ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​របស់​ពលរដ្ឋ​នៅ​តំបន់​បុរីកីឡា ប្រមាណ​ជាង ៣០០​គ្រួសារ បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ទំហំ​ជិត ៣​ហិកតារ។ បន្ទាប់ពី​ការ​ឈូស​ឆាយ​ពលរដ្ឋ​ខ្លះ​បាន​ទទួល​សំណង​ជា​ផ្ទះ​នៅ​ក្នុង​បុរីកីឡា ខ្លះ​ទៀត​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​រស់​នៅ​ក្បែរ​ជើង​ភ្នំ​ព្រះរាជ​ទ្រព្យ ខ្លះ​ទៀត​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​រស់នៅ​ភូមិ​អណ្ដូង និង​ខ្លះ​ទៀត​ទទួល​យក​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ។

ក្រុម​ពលរដ្ឋ​ក៏​បាន​ដាក់​លិខិត​ទៅ​កាន់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​រំសាយ​នូវ​ការ​កំណត់ពេល ១​ខែ សម្រាប់​ការ​ផ្ដល់​ដំណោះស្រាយ​បញ្ហា​បុរីកីឡា របស់​សាលា​រាជធានី​ភ្នំពេញ និង​ស្នើ​ឱ្យ​លោក ជា សុផារ៉ា អន្តរាគមន៍​ទៅ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាង​ណា​ផ្ដល់​ផ្ទះ​ក្នុង​បុរីកីឡា ដល់​ពួកគេ។

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន និង​ជា​សមាជិក​ក្នុង​គណៈកម្មការ​ចម្រុះ លោក សៀ ភារម្យ ថ្លែង​ថា ក្រុម​ពលរដ្ឋ​ដែល​នៅ​សេសសល់​នេះ មាន​ខ្លះ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ពលរដ្ឋ​ដែល​ត្រូវ​ទទួល​បាន​ផ្ទះ​នៅ​ភូមិ​អណ្ដូង ហើយ​ខ្លះ​ទៀត គឺ​ត្រូវ​ទទួល​បាន​ប្រាក់ ៣​ពាន់​ដុល្លារ។ លោក សៀ ភារម្យ បញ្ជាក់​ទៀត​ថា កន្លង​មក​សាលា​រាជធានី​ភ្នំពេញ បាន​ដោះស្រាយ​បញ្ហា​បាន​ជាង ៩០​ភាគរយ​ហើយ នៅ​សល់​តិចតួច​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ទទួល ដូច្នេះ​លោក​យល់​ថា ភាគី​ទាំង​ពីរ​គួរ​តែ​ជជែក​គ្នា​ដើម្បី​រក​ចំណុច​រួម​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​សង្ខាង ដើម្បី​បញ្ចប់​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល