អ្នក​បុរីកីឡា​​អះអាង​ថា​អាជ្ញាធរ​ហៅ​ពួកគាត់​ទៅ​គំរាម​មិនមែន​​រក​ដំណោះស្រាយ​ទេ

ដោយ សេក បណ្ឌិត
2017-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​បុរីកីឡា ដែល​មិន​ទាន់​ទទួល​យក​សំណង​ដើម្បី​ចាក​ចេញ លើក​បង្ហាញ​លិខិត​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អញ្ជើញ​ពួកគាត់​ឲ្យ​ទៅ​ជួប​ដើម្បី​ដោះស្រាយ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev
អ្នក​បុរីកីឡា ដែល​មិន​ទាន់​ទទួល​យក​សំណង​ដើម្បី​ចាក​ចេញ លើក​បង្ហាញ​លិខិត​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អញ្ជើញ​ពួកគាត់​ឲ្យ​ទៅ​ជួប​ដើម្បី​ដោះស្រាយ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev

សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​តំបន់​បុរីកីឡា ដែល​អាជ្ញាធរ​ដាក់​ឱសានវាទ បង្ខំ​ឲ្យ​ចាកចេញ​នោះ បាន​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ខណ្ឌ​៧​មករា ដែល​មិន​ព្រម​បន្ទន់​ឥរិយាបថ រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​ឡើយ ដោយ​គ្រាន់តែ​ទុក​ពេល​ជាង ១​សប្ដាហ៍​ទៀត​បន្ថែម​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ផ្ទះ​ដោយ​គ្មាន​សំណង​សមរម្យ។

តំណាង​សហគមន៍​បុរី​កីឡា អ្នកស្រី ង៉ូវ ណារី អះអាង​ថា អភិបាលខណ្ឌ​៧​មករា លោក លឹម សុភា មិន​បាន​ខិតខំ​រក​ដំណោះស្រាយ​ចរចា​ជាមួយ​ពលរដ្ឋ​ទាំង​១១​គ្រួសារ ដូច​លិខិត​អញ្ជើញ​នោះ​ទេ។ ផ្ទុយទៅវិញ អ្នកស្រី​ហៅ​ការ​កោះ​ហៅ​ពលរដ្ឋ ទៅ​ជួបជុំ​នៅ​សាលាខណ្ឌ​៧​មករា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ គឺជា​ការ​ហៅ​ពលរដ្ឋ​ទៅ​គំរាម​ឲ្យ​ព្រម​ទទួលយក​ឱសានវាទ​របស់​សាលាក្រុង​ភ្នំពេញ។ អ្នកស្រី​បន្ត​ថា អភិបាលខណ្ឌ​៧​មករា លោក លឹម សុភា បាន​ទុក​ពេល​ឲ្យ​អ្នកភូមិ​ជាង​មួយ​សប្ដាហ៍​ទៀត ក្នុង​ការ​ពិចារណា​រក​ដំណោះស្រាយ មុននឹង​អាជ្ញាធរ​សម្រេច​មាន​វិធានការ​ចំពោះ​សហគមន៍​ជម្លោះដីធ្លី​បុរី​កីឡា។

អភិបាលខណ្ឌ​៧​មករា លោក លឹម សុភា បាន​ចេញ​លិខិត​កោះ​ហៅ​ពលរដ្ឋ​បុរី​កីឡា​ទាំង​១១​គ្រួសារ​ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ឲ្យ​ទៅ​ជួប​ប្រជុំ​នៅ​សាលា​ខណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ធ្នូ នេះ។ ការ​កោះហៅ​របស់​អភិបាលខណ្ឌ​៧​មករា ធ្វើឡើង​នៅ​ក្រោយ​ថ្ងៃ​ផុត​ឱសានវាទ​របស់​សាលាក្រុង ដែល​បញ្ជា​ឲ្យ​ក្រុម​ពលរដ្ឋ​បុរី​កីឡា​ទាំង​១១​គ្រួសារ​ទទួល​បាន​សំណង និង​ចាក​ចេញ​ពី​ផ្ទះ ទៅ​រក​នៅ​ភូមិ​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ។

សហគមន៍​មាន​ជម្លោះដីធ្លី​បុរី​កីឡា​ថា ដំបូង​នៅ​ពេល​លឺ​ដំណឹង​ថា អភិបាលខណ្ឌ​កោះហៅ​ដើម្បី​រក​ដំណោះស្រាយ ពួកគាត់​សប្បាយចិត្ត​ណាស់ ប៉ុន្តែ ធាតុ​ពិត គឺ​ជា​រូបភាព​គំរាម​ពលរដ្ឋ​ឲ្យ​ទទួលយក​ដំណោះស្រាយ​មិន​សមរម្យ​ទៅវិញ។ ពួកគេ​ហាក់​អស់​សង្ឃឹម​ចំពោះ​អាជ្ញាធរ​ខណ្ឌ​៧​មករា​ណាស់។

អាស៊ីសេរី​នៅ​មិនទាន់​អាច​រក​ប្រភព​ទាក់ទង អភិបាលខណ្ឌ​៧​មករា លោក លឹម សុភា បានទេ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ។ ប៉ុន្តែ អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​ចេញ​សេចក្ដីជូនដំណឹង​កំណត់​ត្រឹម​ថ្ងៃ​ទី​២២ ខែ​ធ្នូ តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​មិនទាន់​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច ត្រូវ​ទៅ​ទទួលយក​សំណង​ជា​កំហិត។ ផុត​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ អភិបាលរង លោក មាន ចាន់យ៉ាដា ព្រមាន​ថា អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​ប្រើប្រាស់​យន្តការ​តុលាការ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ផលប្រយោជន៍ និង​ថែមទាំង​បញ្ឈប់​រាល់​ការ​ដោះស្រាយ​សំណង។ អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​ចាត់​ទុក​ពលរដ្ឋ​ទាំងនោះ​បោះបង់​សិទ្ធិ​ក្នុង​ការ​ទទួលយក​សំណង​គោលនយោបាយ​របស់​ខ្លួន។

មន្ត្រី​អង្កេត​ជាន់ខ្ពស់​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ដ ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ព្យាយាម​រក​ដំណោះស្រាយ​តាម​លំនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺ​លោក ជា សុផារ៉ា។ លោក​មើល​ឃើញ​ថា ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​បុរី​កីឡា រង​ទណ្ឌកម្ម​ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​ពួកគេ​ក៏​គួរ​ល្មម​ទទួល​បាន​ផ្ទះសម្បែង​សមរម្យ​សម្រាប់​ពួកគាត់​ហើយ។ «»

ជាច្រើន​ឆ្នាំ​មកនេះ ពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា អះអាង​ថា ពួកគាត់​រស់នៅ​ប្រៀប​ដូច​ជនអនាថា លើ​ដី​របស់​ខ្លួនឯង។ ពួកគាត់​ហៅ​ការ​អភិវឌ្ឍ​នោះ ជា​ការ​បំផ្លាញ​សុភមង្គល និង​អនាគត​របស់​កូនប្រុស​ស្រី​ពួកគាត់។ បើ​ទោះ​ជា​យ៉ាងណា ពលរដ្ឋ​ទាំង​១១​គ្រួសារ ប្ដេជ្ញា​ថា ពួកគាត់​នឹង​រក​ដំណោះស្រាយ​នៅ​តាម​ស្ថានទូត​នានា តាមរយៈ​ញត្តិ និង​ការ​តវ៉ា វេច​មុង ភួយ ទៅ​ដេក​តវ៉ា នៅមុខ​ភូមិគ្រឹះ​របស់​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីមិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល