អ្នក​បុរីកីឡា​ដែល​មិន​ទាន់​ទទួល​សំណង​បង្ហាញ​ឯកសារ​ភស្តុតាង​ទៅ​មន្ត្រី​សាលា​ក្រុង

ដោយ ទេព សុរ៉ាវី
2014-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​រាជធានី​និង​អ្នក​ភូមិ​បុរី​កីឡា​ធ្វើ​វេទិកា​សាធារណៈ​បញ្ចប់​បញ្ហា​ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ នៅ​មហោស្រព​ចេនឡា ថ្ងៃ​ទី​១២ សីហា ឆ្នាំ ២០១៤។
សាលា​រាជធានី​និង​អ្នក​ភូមិ​បុរី​កីឡា​ធ្វើ​វេទិកា​សាធារណៈ​បញ្ចប់​បញ្ហា​ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ នៅ​មហោស្រព​ចេនឡា ថ្ងៃ​ទី​១២ សីហា ឆ្នាំ ២០១៤។
RFA/Tep Soravy

ពលរដ្ឋ​នៅ​បុរីកីឡា មិន​ទាន់​ទទួល​សំណង​កន្លង​មក បាន​បង្ហាញ​ឯកសារ​ភស្តុតាង​ជាច្រើន​នៅ​ចំពោះ​មុខ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ក្នុង​វេទិកា​សាធារណៈ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​មហោស្រព​ចេនឡា នៅ​ថ្ងៃ​ទី​១២ សីហា។

វេទិកា​ពេញ​មួយ​ថ្ងៃ​នេះ តម្រូវ​ឲ្យ​ពលរដ្ឋ​ជាង ១០០​គ្រួសារ ដែល​អះអាង​ថា ជា​អ្នក​មាន​ទីលំនៅ​ក្នុង​ប្លុក​បុរីកីឡា មាន​ឱកាស​ឡើង​ណែនាំ​ខ្លួន និង​បង្ហាញ​ឯកសារ​ម្តង​ម្នាក់ៗ រួច​ប្រគល់​ឯកសារ​នោះ​ទៅ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​សម្រាប់​វាយ​តម្លៃ។

វេទិកា​សាធារណៈ​លើក​ដំបូង​នេះ ត្រូវ​បាន លោក ឃួង ស្រេង អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ធ្វើ​ឡើង​ដើម្បី​បញ្ចប់​បញ្ហា​ជម្លោះ​ដី​ដ៏​រ៉ាំរ៉ៃ​រវាង​សហគមន៍​បុរីកីឡា ជាមួយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (PanImex)។ លោក​ថ្លែង​ថា វេទិកា​នេះ​នឹង​អាច​ឈាន​ដល់​ការ​បញ្ចប់​ជម្លោះ​បាន​ដោយ​តម្លាភាព ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន៖ «វេទិកា​នេះ​ធ្វើ​ឡើង​ដើម្បី​សម្អាត​បញ្ហា​ដែល​កើត​ឡើង​នៅ​បុរីកីឡា ធ្វើ​ឲ្យ​មាន​សុក្រឹតភាព តម្លាភាព ដើម្បី​ស្វែង​រក​ឲ្យ​ដឹង​នូវ​ចំនួន​ពិត​ប្រាកដ ដែល​គ្រួសារ​មាន​លក្ខណៈ​ គ្រប់គ្រាន់​ទទួល​ដីធ្លី ដើម្បី​បញ្ចប់​ការ​តវ៉ា​លំនៅឋាន​ដែល​នៅ​សេសសល់»

លោក​អភិបាល​រង​បន្ត​ថា ចំពោះ​គ្រួសារ​ណា​ដែល​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​យក​ដី ឬ​ ផ្ទះ​នោះ សាលា​រាជធានី​នៅ​នឹង​រក​កន្លែង​ផ្សេង​ឲ្យ​នៅ​បាន​សមរម្យ តែ​លោក​មិន​បាន​ប្រាប់​ទីតាំង​កន្លែង​ថ្មី​នោះ​ទេ។

រយៈពេល​២​ឆ្នាំ​កន្លះ​ហើយ ពោល គឺ​ចាប់​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២ មក អ្នក​ភូមិ​បុរីកីឡា ចំនួន ៣៨៤​គ្រួសារ ត្រូវ​បាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដាក់​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន ទៅ​ឈូស​ឆាយ​ផ្ទះ​របស់​ពួក​គាត់។ អាជ្ញាធរ​បាន​ដឹក​អ្នក​បុរីកីឡា ខ្លះ ទៅ​ទម្លាក់​ចោល​នៅ​ទួលសំបូរ និង​ភ្នំ​បាត ដែល​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ។ សព្វថ្ងៃ​មាន​អ្នក​បុរីកីឡា ១៥៤​គ្រួសារ នៅ​មិន​ទាន់​ទទួល​សំណង បន្ត​ក្រាញ​រស់នៅ​បុរីកីឡា លើ​គំនរ​សំរាម​ក្រោម​កៅស៊ូ​តង់​ក្តៅ និង​ក្រោម​ជណ្ដើរ​អគារ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច សង់​អគារ​ស្នាក់ ២​បន្ថែម​ទៀត​តាម​កិច្ច​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល